41.3 C
Phnom Penh

តុលាការ​ចោទ​ប្រកាន់​តំណាងសហជីព​បន្ថែមទៀត​មុន​​​កិច្ច​ប្រជុំ​ជា​មួយ​ក្រុម​ហ៊ុន​ធំៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ តុលាការ​ខេត្ត​តាកែវ​បាន​ចោទ​ប្រកាន់​តំណាង​សហជីព​ប្រាំបី​នាក់​ពី​បទ​ញុះ​ញង់​ឲ្យ​កម្មករ​ចូល​រួម​ធ្វើ​កូដ​កម្ម ដោយ​ធ្វើ​ឲ្យ​ការ​ចោទ​ប្រកាន់​តំណាង​សហជីព​​កើន​ដល់​១៧​នាក់​ហើយ​នៅ​ខែ​នេះ​តែ​មួយ​។

ការ​ចាប់​ខ្លួន​តំណាង​សហជីព​​ថ្មី​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​តំណាង​សហជីព​ជាច្រើន​​នាក់​នៅ​ពេល​ថ្មី​ៗ​នេះ ​កើត​មាន​ឡើង​នៅ​​មុន​ពេល​មាន​​កិច្ច​ប្រជំុ​ជាន់​ខ្ពស់​នៅ​ថ្ងៃ​នេះ​រវាង​មន្ត្រី​រដ្ឋាភិបាល​និង​ក្រុម​ហ៊ុន​ធំៗ​ដូចជា ក្រុម​ហ៊ុន H&M និង​ក្រុមហ៊ុន​ Puma ដែល​និយាយ​ថា ពួក​គេ​មាន​កង្វល់​យ៉ាង​ខ្លាំង​អំពី​​ស្ថាន​ភាព​កាន់តែ​ធ្ងន់​ធ្ងរ​​​ទៅ​ៗ​នៃ​សិទ្ធិ​កម្មករ​នៅ​ក្នុង​ប្រទេស​នេះ។

លោក ទិន សុចិត្រា ព្រះរាជ​អាជ្ញា​រង​​​អម​​​​សាលា​ដំបូ​ង​ខេត្ត​តាកែវ​បាន​មាន​ប្រសាសន៍​ថា តំណាង​សហជីព​ប្រាំបី​នាក់​មិន​គោរព​បទ​បញ្ជា​របស់​តុលាការ​ណែ​នាំ​ឲ្យ​កម្មករ​រោង​ចក្រ​ JSD ​Textile ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “មនុស្ស​ទាំង​ប្រាំបី​នាក់​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ថ្ងៃ​ទី​២៥​ពី​បទ​ញុះ​ញង់​ឲ្យ​​មាន​ការ​ប្រព្រឹត្ត​បទ​ល្មើ​ស និង​ការ​គំរាម​​​កំហែង ហើយ​ពួកគេ​មិន​អនុវត្ត​តាម​ការ​សម្រេច​របស់​តុលាការ​ទេ​”។

ឃុត ពិសិដ្ឋ ជា​កម្មករ​នៅ​រោងចក្រ JSD បាន​និយាយ​ថា កម្មករ​ប្រហែល​១.០០០នាក់​បាន​ធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃ​ទី​២៩​ ខែ​មេសា គឺ​មួយថ្ងៃ​បន្ទាប់​ពី​រោង​ចក្រ​នេះ​បាន​បណ្តេញ​​សហការី​របស់​ពួក​គេ​ម្នាក់​ចេញ​ពី​ការ​ងារ ចំពោះ​ការ​ប្រមូល​ស្នាម​មេដៃ​ដើម្បី​​បង្កើត​សាខា​សហជីព​។

គាត់​បាន​និយាយ​ថា “យើង​បាន​ធ្វើ​កូដ​កម្ម​ភ្លាមៗ​ ពីព្រោះ​ពួកគេ​បាន​បណ្តេញ​តំណាង​របស់​យើង​ចេញ​។​ ក្រោយ​ពី​យើង​បាន​ធ្វើ​កូដ​កម្ម​ជាច្រើន​ថ្ងៃ​ និង​មិន​មាន​ដំណោះ​ស្រាយ​នោះ តំណាង​របស់​យើង​បាន​ទូរស័ព្ទ​ទៅ​សម្ព័ន្ធសហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (សីុខៅឌូ)”។

លោក​ ពិសិដ្ឋ​ បាន​និយាយ​ថា សហជីព​សីុ​ខៅ​ឌូ បាន​បញ្ជូន​តំណាង​របស់​ខ្លួន​ឲ្យ​មក​ចូល​រួម​កូដកម្ម​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែ​ល​ពួកគេ​ភាគ​​ច្រើន​បាន​ជួយ​ដំឡើង​ធុង​បាស​ និ​ង​ជួយ​លើក​ទឹក​ចិត្ត ហើយ​តំណាង​ប្រាំបី​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ បន្ទាប់​ពី​ចាក​ចេញ​ពី​កន្លែង​ធ្វើ​កូដកម្ម​​កាល​ពី​ថ្ងៃ​សុក្រ។ គាត់​បាន​និយាយ​ថា “ពួកគេ​មិន​បាន​ញុះ​ញង់​កម្មករ​ឲ្យ​ធ្វើ​អ្វី​ទេ។ ពួក​គេ​គ្រាន់​តែ​មក​ជួយ​យើង និង​ជួយ​រក​ដំណោះ​ស្រាយ​ឲ្យ​យើង​ប៉ុណ្ណោះ ដោយសារ​តែ​មិន​មាន​ដំណោះ​ស្រាយ​”។

មេធាវី​​ម្នាក់​តំណាង​ឲ្យ​សហជីព​នេះ​និយាយ​ថា មនុស្ស​ទាំង​ប្រាំបី​នាក់​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​ការ​ខូច​ខាត​ដោយ​ចេតនា​ផង​ដែរ​ ហើយ​ត្រូវ​បាន​ដោះ​លែង​វិញ​កាល​ពី​ល្ងាច​ម្សិលមិញ​​ដើម្បី​រង់ចាំ​បើ​ក​សវនាការ​ជំនុំ​ជម្រះ​។

លោក អាត់ ធន់ ប្រធាន​សហជីព ស៊ីខៅឌូ ដែល​កំពុង​ប្រឈម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ការ​តវ៉ា​កាល​ពី​ខែ​កញ្ញា​នៅ​រោង​ចក្រ​ អេស​អិល នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​មាន​សិទ្ធិ​ចាប់ខ្លួន​ ឬ​ចោទ​ប្រកាន់​តំណាង​របស់​លោក​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ទោះ​បី​ជា​តុលាការ​ប្រើ​វិធី​សាស្ត្រ​នេះ និង​ទោះ​បី​ជា​កម្មករ​មួយ​ចំនួន​​ត្រូវ​បាន​សម្លាប់​ ឬ​ចាប់​ដាក់​ពន្ធ​នាគារ​ក៏​ដោយ​ ក៏​កម្មករ​និង​សហជីព​នៅ​តែ​ធ្វើ​កូដ​កម្ម​ដែរ​ ប្រសិន​បើ​រោង​ចក្រ​មិន​គោរព​សិទ្ធិ​របស់​ពួកគេ”។

ការ​ចាប់​ខ្លួន​នេះ​ គឺជា​លើក​ទី​៣​ហើយ​ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​តំណាង​សហជីព​ផ្សេង​ទៀត​នៅ​ក្នុង​ស្ថាន​ភាព​ស្រដៀង​គ្នា​នៅ​ខែ​នេះ។

​ នគរបាល​ខេត្ត​កំពង់​ស្ពឺ​បាន​ចាប់​ខ្លួន​តំណាង​សហជីព​ប្រាំ​មួយ​នាក់​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា​ចំពោះ​ការ​ជួយ​កម្មករ​​ឲ្យ​ធ្វើ​កូដ​កម្ម​នៅ​រោង​ចក្រ​ស្បែក​ជើង​មួយ​កន្លែង​។ មួយ​សប្តាហ៍​ក្រោយ​មក​នគរបាល​បាន​ចាប់​ខ្លួន​តំណាង​សហជីព​បី​នាក់​ទៀត​ដែល​បាន​ចូល​រួម​ធ្វើ​កូដកម្ម​នៅ​កន្លែង​ផ្សេង​។ពួកគេ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​​​ ដូច​តំណាង​សហជីព​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​ដែរ ។

សហជីព​នៅ​ពី​ក្រោយ​ការ​ធ្វើ​កូដកម្ម ដើម្បី​ដំឡើង​ប្រាក់​ខែ និង​ប្រាក់​ឧបត្ថម្ភ​អះអាង​ថា ការ​ចាប់​ខ្លួន​ជាច្រើន​មិន​មាន​ដី​កា​​​ចាប់ខ្លួន​ទេ​ និង​ធ្វើ​ឡើង​ដើម្បី​គំរាម​​​ពួក​គេ​ឲ្យ​ឈប់​ធ្វើ​កូដ​កម្ម​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ដ៏​សំខាន់​នេះ​។

លោក​ ដេវីដ វេល នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​មជ្ឈមណ្ឌល​សាមគ្គីភាព​ដែល​ជា​អង្គការ​សិទ្ធិកម្មករ​​​នៅ​អាមេរិក​បាន​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​មនុស្ស​ជាច្រើន​នៅ​ក្នុង​រយៈ​ពេល​ពីរបី​សប្តាហ៍​មក​នេះ​ ទោះ​បី​ជា​មាន​ចំនួន​ច្រើន​ខុស​ពី​ធម្មតា​ក៏​ដោយ​ ក៏​​មិន​ទំនង​ជា​ធ្វើ​ឲ្យ​សហជីព​ភ័យ​ខ្លាច​មិន​ហ៊ាន​ធ្វើ​កូដកម្ម​ដែរ​។

​លោក វេល បាន​មាន​ប្រសាសន៍ថា ប្រសិន​បើ​មាន​អ្វី​កើត​ឡើង​ដោយ​សារ​តែ​​អស្ថិរភាព​នៅ​ក្នុង​វិស័យ​កាត់​ដេរក៏​ដោយ ក៏​ការ​ចាប​់ខ្លួន​នេះ​ពិត​ជា​អាច​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​កាន់​តែ​ច្រើន​​ពី​កម្មករ។ លោក​បាន​មាន​ប្រសាសន៍​ថា “រដ្ឋាភិបាល​ និង​រោង​ចក្រ​អះ​អាង​ថា ចង់បាន​សន្តិភាព និង​ស្ថិរភាព​ ប៉ុន្តែ ពួកគេ​កំពុង​ធ្វើ​ទាំង​ទទឹង​ទិស។ ​ឧស្សា​ហកម្ម​នេះ​ពិត​ជា​មិន​អាច​មាន​ភាព​ស្ងប់​ស្ងាត់​បាន​ទេ​”។

លោក វេល បានមាន​ប្រសាសន៍​ថា ក្រៅ​ពី​ឥទ្ធិពល​ដែល​ការ​ចាប់ខ្លួន​មនុស្ស​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​មាន​​កូដ​កម្ម​កាន់​តែ​ច្រើន​នោះ គឺ​វា​កើត​ឡើង​ចំ​ពេល​មិន​ល្អ​ទាល់តែ​សោះ​ដោយសារ​ថា នៅ​សប្តាហ៍​នេះ​ក្រុម​ហ៊ុន​ធំៗ​នឹង​ជួប​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ​មើល​ថា​តើ​ពួក​គេ​បាន​ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុងការ​ការ​ពារ​សិទ្ធិ​កម្មករ។

តំណាង​សហជីព​អន្តរ​ជាតិ​ និង​តំណាង​ក្រុម​ហ៊ុន​ធំៗ​មួយ​ចំនួន​ដែល​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា​ដូច​ជា ក្រុមហ៊ុន H&M ក្រុមហ៊ុន Gap និង​ក្រុមហ៊ុន Levi’s នឹង​ជួប​តំណាង​រដ្ឋា​ភិ​បាល​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​ ដើម្បី​ចង់​ដឹង​ពី​កង្វល់​​អំពី​សិទ្ធិ​មនុស្ស​ដែល​ពួក​​គេ​បាន​លើក​ឡើង​នៅ​ឯ​កិច្ច​ប្រជុំ​ស្រដៀង​គ្នា​នេះ​កាល​ពី​ខែ​កុម្ភៈ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អង្គការ​សិទ្ធិ​កម្មករ​ Industri ALL បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា “ថ្វីបើ​មាន​ការ​ធានា​អះអាង​ពី​រដ្ឋាភិបាល​កាល​ពី​ខែ​កុម្ភៈ​ក៏​ដោយ​ ក៏​ចាប់​តាំង​ពី​ពេល​នោះ​មក​មាន​ការ​បំភិត​បំភ័យ​ អំពើ​​ហិង្សា​ជាច្រើន និង​ការ​​ធ្លាក់​ចុះ​នៅ​ក្នុង​ការ​គោរព​ច្បាប់​ដែរ​”។

កាល​ពីដើម​ខែ​នេះ​ សហព័ន្ធ​សហជីព​អន្តរ​ជាតិ​បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណោម​ប្រទេស​អាក្រក់​បំផុត​​នៅ​ក្នុង​ពិភពលោក​ចំពោះ​ការ​គោរព​សិទ្ធិ​កម្មករ​។ នៅ​ក្នុង​ការ​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ​នេះ​ មាន​តែ​ចំណាត់​ថ្នាក់​មួយ​ប៉ុណ្ណោះ​ដែល​ទាប​ជាង​ គឺ​សម្រាប់​ប្រទេស​បួន​ដែល​មិន​មាន​ការ​គោរព​ច្បាប់​ទាល់​តែ​សោះ​ដូច​ជា សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​​​ជា​​​ដើម​​​៕​គឹមហឿន

(រាយការណ៍​បន្ថែម​ដោយ  Zsombor Peter)​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស