28 C
Phnom Penh

មនុស្ស​ម្នាក់ស្លាប់និង​១២នាក់ទៀត​រងរបួស​ក្នុងការ​គប់គ្រាប់បែក​​​ចូល​​​កម្មវិធីប្រគំតន្ត្រី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​និយាយ​​​ថា បុរស​​​អាយុ​​​៧០​​​ឆ្នាំម្នាក់​​​បាន​​​ស្លាប់​​​ និង​​​មនុស្ស​​​១២​​​នាក់​​​ទៀត​​​បាន​​​រង​របួស​​​ក្នុង​​​ខេត្ត​​​កំពង់ឆ្នាំង កាលពីថ្ងៃសុក្រ នៅ​​​ពេល​​​យុវ​​​ជន​​​អាយុ​​​១៨​​​ឆ្នាំម្នាក់ដែល​​​មាន​​​កំហឹង​​​បាន​​​គប់​​​គ្រាប់​​​បែក​​​មួយ​​​គ្រាប់​​​ចូល​​​ទៅ​​​ក្នុង​​​ក្រុម​​​មនុស្ស​​​នៅ​​​កម្មវិធី​​​ប្រគំតន្ត្រី​​​​​មួយ​​​ បន្ទាប់​ពី​​​មាន​​​ជម្លោះ​​​។

ជន​​​រងគ្រោះ​​​ឈ្មោះ ភោគ ខាត់ បាន​​​ស្លាប់​​​នៅមន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​កំពង់​​​ឆ្នាំង បន្ទាប់ពី​​​រង​​​របួស​​​ដោយ​​​ត្រូវ​​​អំបែង​​​គ្រាប់​​​ត្រង់​​​ពោះ និង​​​​មនុស្ស​​​បីនាក់​​​ទៀត​​​រង​​​របួស​​​ធ្ងន់​​​ ហើយ​​​ប្រាំបួន​​​នាក់​​​ផ្សេង​​​ទៀត​​​របួស​​​ស្រាល​​​។

លោក លី ប៊ុនសុង អធិការ​​​រង​​​នគរ​​​បាល​​​ស្រុក​​​ទឹក​​​ផុស បានមាន​​​ប្រសាសន៍​​​ថា “នេះជា​​​លើកទី១​​​ហើយ ដែល​​​ខ្ញុំ​​​បាន​​​ឃើញ​​​ការ​​​គប់​​​គ្រាប់​​​បែក​​​ចូល​​​ក្នុង​​​ក្រុម​​​មនុស្ស​​​នៅ​​​ពេល​​​យប់ហើយ​​​បាន​​បណ្តាលឲ្យ​​​អ្នកមក​​​ទស្សនា​​​ជាច្រើននាក់ទៀតរងរបួស​​​”។ លោក​​​បាន​​​បន្ថែម​​​ថា រថយន្តវ៉ែន​​​របស់នគរ​​​បាល​​​ដែល​​​មាន​​​សឺរ៉ែន បាន​​​ប្រញាប់​​​ប្រញាល់​​​ដឹក​​​ជន​​​រងគ្រោះ​​​ទៅកាន់​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​។

ហេតុការណ៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅម៉ោង​​​១០​​​យប់​​​ អំឡុង​​​កម្មវិធី​​​ប្រគំតន្ត្រី​​​និង​​​មាន​​​ការ​​​រំាកម្សាន្ត​​​នៅ​​​ក្នុង​​​ឃុំ​​​ជៀប ស្រុក​​​ទឹក​​​ផុស ដែល​​​រៀប​​​ចំ​​​ដោយ​​​តន្ត្រីករ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ម្នាក់​​​ឈ្មោះ ហ៊ី​​​ ហេង ដែលបាន​ទាក់​​​ទាញ​​​ក្រុម​​​យុវជន​​​មកពី​​​ភូមិ​​​ជិត​​​ខាង​​​។

ជន​​​សង្ស័យឈ្មោះ អ៊ុក ធីម មាន​​​ជម្លោះ​​​ជាមួយយុវជនមួយ​​​ក្រុម​​​​​​ ហើយ​​​បាន​​​ទៅ​​​ផ្ទះ​​​របស់​ខ្លួន​​​យក​​​គ្រាប់​​​បែក​​​មួយ​​​គ្រាប់​​​ផលិត​​​នៅ​​​ប្រទេស​​​សូវៀត ដែល​​​ខ្លួន​​​រើស​​​បាន​​​នៅ​​​ក្នុង​​​វាល​​​ស្រែ​​​មួយ​​​​​​កាល​​​ពី​បីខែមុន។

លោក ប៊ុនសុង បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​​​​ពេល​​​ជននេះ​​​ត្រឡប់​​​មកដល់​​​កន្លែង​​​ប្រគំ​តន្ត្រីវិញ​​​ បាន​​​គប់​​​គ្រាប់បែក​​​នោះ​​​ចូល​​​ទៅ​​​ក្នុង​​​ក្រុម​​​មនុស្សតែម្តង​​​។ លោក​​​ ប៊ុនសុង បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “យើង​​​ដឹង​​​ថា ការ​គប់​​​គ្រាប់​​​បែក​​​នេះ​​​គឺជា​​​ការ​​​សង​​​សឹក​​​។ រយៈ​​​ពេល​​​ពីរ​​​ម៉ោង​​​ក្រោយ​​​មក​​​ យើង​​​បាន​​​ចាប់​​​ខ្លួនជន​​​សង្ស័យ​​​រូប​​​នេះ​​​នៅ​​​ក្នុង​​​ភូមិ​​​របស់​​ជននេះ​​​ក្នុង​​​ឃុំជៀប ហើយ​​​ជន​​​សង្ស័យ​​​រូប​​​េនះ​​​បាន​​​សារភាព​​​ថា ខ្លួនពិត​​​ជា​​​បាន​​​គប់​​​គ្រាប់​​​បែក​​​នេះមែន​​​ ពីព្រោះ​​​ខ្លួន​​​ខឹង​​​នឹង​​​យុវជន​​​មួយ​​​ក្រុម​​​។

លោក ប្រាក់ វុទ្ធី ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍ថា ជន​​​សង្ស័យ​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូនទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពង់ឆ្នាំង​ហើយ​ កាលពី​ព្រឹកម្សិល​មិញ ដោយចោទ​​​ប្រកាន់​ពីបទ​​​មនុស្ស​​​ឃាត​​​ដោយ​​​ចេតនា ហើយ​​​ត្រូវ​​​បាន​​​បញ្ជូនទៅឃុំខ្លួន​​​បណ្ដោះ​​​អាសន្ន​​​។

នេះជា​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​គ្រាប់​​​បែក​​​លើកទី២​​​ហើយក្នុង​​​រយៈពេល​​​មួយ​​​សប្ដាហ៍​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ ពួក​​​ជន​​​ដៃដល់​​​ដែល​​​គេ​​​មិន​​​ស្គាល់​​​​​​ កាលពី​​​ថ្ងៃទី​​​១៧ ខែ​​​ឧសភា​​​បាន​​​គប់​​​គ្រាប់​​​បែកមួយគ្រាប់​​​ចូល​​​ក្នុង​​​ផ្ទះ​​​លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពង់ធំ ដែល​​​លោក​​​មិន​​​​​​ស្ថិត​​​ក្នុង​​​ផ្ទះទេ​​​នា​​​ពេល​​​នោះ​​​​​​។

នគរ​​​បាល​​​បាននិយាយ​​​ថា ការ​​​វាយ​​​ប្រហារ​​​នេះ​​​កើត​​​ឡើង​​​បន្ទាប់ពី​​​​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​របស់​​​លោក​​​ ណូរ៉ា ដើម្បី​​​ស៊ើប​​​អង្កេតរក​​​ក្រុម​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​តំបន់​​​។ កាលពីខែ​​​មករា ក៏មាន​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​គ្រាប់​​​បែក​​​នៅ​​​ក្នុង​​​ពិធីរៀបអាពាហ៍ពិពាហ៍​​មួយ​​​ក្នុង​​​ខេត្ត​​​កំពង់ធំដែរ​​​ ដែល​​​ពេល​​​នោះ​​​គ្រាប់បែក​​​បាន​​​ផ្ទុះ​​​នៅ​​​លើ​​​ដំបូល​​​រោងការ​​​​​​ ហើយ​​​បាន​​បាចសាចអំបែង បណ្ដាល​​​ឲ្យ​​​មនុស្ស​​​១០​​​នាក់​​​ស្លាប់​​​ និង​​​ជិត​​​៤០​​​​​​នាក់​​​ទៀតរង​​​របួស​​​៕សារុន​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស