26 C
Phnom Penh

ដើម្បី​ទប់​ស្កាត់​ការ​លេច​ធ្លាយ​វិញ្ញាសា ក្រសួង​ប្រគល់​វិញ្ញាសា​​​ឲ្យ​គ្រូ​តែ​ម្នាក់​គ្រប់​គ្រង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​​អប់រំ​បាន​ថ្លែង​កាល​ពី​ថ្ងៃសៅរ៍​ថា វិញ្ញាសា​ប្រឡង​​​ថ្នាក់​​​ទី​​​១២​​​នឹង​​​ត្រូវ​​​ប្រគល់​​​ទៅ​​​ឲ្យ​​​គ្រូ​​​តែ​​​ម្នាក់​​​សម្រាប់​​​មុខ​​​វិជ្ជា​​​នីមួយ​​​ៗ​​​នៅ​​​ឆ្នាំ​​​នេះ​​​ ដើម្បី​​​ងាយ​​​រក​​​ប្រភព​​​លេច​​​ធ្លាយ​​​វិញ្ញាសា។

លោក ហង់ ជួន ណារ៉ុន ដែល​បាន​ថ្លែង​នៅ​ឯ​ពិធីអបអរ​ខួប​មួយ​ឆ្នាំ​នៃ​សាកល​វិទ្យាល័យ​ អាមេរិកាំងភ្នំពេញ​បាន​ព្រមាន​​គ្រូ​​បង្រៀន​ថា វិញ្ញាសា​​​ដែល​លេច​ធ្លាយ​ដល់​សិស្ស​មុន​ពេល​ប្រឡង​ត្រូវ​តាម​ដាន​គ្រូ​ទាំង​នោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​លេច​ធ្លាយ​វិញ្ញា​សា​​​ទេ​ដោយ​កំណត់​ឲ្យ​គ្រូ​តែ​ម្នាក់​ប៉ុណ្ណោះ​គ្រប់​គ្រង​ការ​ប្រឡង​​សម្រាប់​មុខ​វិជ្ជា​នីមួយៗ។ ប្រសិន​បើ​មាន​លេច​ធ្លាយ​វិញ្ញាសា​​​យើង​នឹង​ស្គាល់​អ្នក​បញ្ចេញ​វិញ្ញា​សា”។

កាល​ពី​មុន​ មាន​គ្រូ​ជាច្រើន​នៅ​ក្នុង​មណ្ឌល​ប្រឡង​នីមួយ​ៗបាន​ទទួល​វិញ្ញាសា​​​ប្រឡង​ជាច្រើន​ថ្ងៃ​មុន​ពេល​ប្រឡង​ ហើយ​ពួក​គេក៏​គ្រប់​គ្រង​សិស្ស​អំឡុង​ពេល​ប្រឡង​ផង​ដែរ​។ នៅ​ឆ្នាំ​នេះ ​មាន​តែ​គ្រូ​បង្រៀ​ន​ម្នាក់​ប៉ុណ្ណោះ​ដែល​ទទួល​វិញ្ញា​សា​​​ប្រឡង​​​​នឹង​​​ត្រូវ​ទទួល​បន្ទុក​លើ​ការ​គ្រប់​គ្រង​ ប៉ុន្តែ ក៏​មាន​អនុរក្ស​ឯករាជ្យ​ផ្សេង​ទៀត​ដែរ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញ​ថា លោក ហង់ ជួន ណារ៉ុន គួរ​តែ​ពិនិត្យ​មើល​មន្ត្រី​របស់​លោក​មុន​ពេល​ទម្លាក់​កំហុស​ទៅ​លើ​គ្រូ​បង្រៀន​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ចង់​ឲ្យ​រដ្ឋ​មន្ត្រី​រូប​នេះ​ពិនិត្យ​មើល​មន្ត្រី​ជាន់​ខ្ពស់”។ លោក​បាន​ពន្យល់​ប្រាប់​ថា ការ​លេច​ធ្លាយ​វិញ្ញាសា​មួយ​ចំនួន​អាច​ចេញ​មក​ពី​មន្ត្រី​ក្រសួង​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “យើង​ចង់​ឲ្យ​​ក្រសួង​ផ្តោត​លើ​មន្ត្រី​នៅ​មណ្ឌល​ប្រឡង​។ ការ​លេច​ធ្លាយ​វិញ្ញាសា​​​អាច​ចេញ​មក​ពី​មន្ត្រី​ទាំង​នោះ ជួន​កាល​ពួកគេ​មាន​វិញ្ញាសា​​​ប្រឡង​នៅ​ក្នុង​ឡាន​របស់​ពួកគេ​” ។

នៅ​មុន​ពេល​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​ថ្នាក់​ទី​១២​ លោក ហង់ ជួន ណារ៉ុន បាន​ធ្វើ​ការ​កែ​ទម្រង់​ជាច្រើន​ដើម្បី​លុប​បំបាត់​ការ​លួច​ចម្លង​នៅ​ពេល​ប្រឡង​ ដោយ​សង្ឃឹម​ថា​ដើម្បី​ធ្វើ​ឲ្យ​សិស្ស​មាន​សមត្ថភាព​ពិត​ប្រាកដ​ក្រោយ​ការ​សិក្សា។

ក្នុង​ចំណោម​វិធានការ​ទាំង​នេះ​ លោក ហង់ ជួន ណារ៉ុន បាន​អញ្ជើ​ញ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ឲ្យ​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​ឃ្លាំ​មើល​ឯករាជ្យ​ដើម្បី​ជួយ​ពិនិត្យ​មើល​ការ​ប្រឡង និង​បាន​សុំ​ជំនួយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​បាន​គំរាម​ចាប់​សិស្ស​ដាក់​ពន្ធនាគារ​​ផងដែរ។ នៅ​ពេល​ថ្មី​ៗ​នេះ​ លោក ហង់ ជួន ណារ៉ុន បាន​ប្រកាស​ថា អ្នក​លួច​ចម្លង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ប្រឡង​រយៈ​ពេល​ពីរ​ឆ្នាំ​។

នៅ​ពេល​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​នេះ លោក ហង់ ជួន ណារ៉ុន ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ប្រឡង​ឆ្នាំ​នេះ​ក៏​នឹង​មាន​ការ​ឆែកសិស្ស​​នៅច្រក​​​ចូល​​​​ហ្មត់​​​ចត់​​​ជាង​​​ឆ្នាំ​​​មុន​​​ផង​ដែរ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​សិស្ស​យក​ទូរស័ព្ទ​ដៃ​ ឬសម្ភារ​អេឡិច​ត្រូនិក​​ចូល​បន្ទប់​ប្រឡង​ទេ​”។ លោក​ក៏​បាន​ធ្វើ​ការ​ប្តេជ្ញា​សា​​​ជាថ្មី​ផង​ដែរ​ ចំពោះ​ការ​ហាម​ឃាត់​របស់​លោក​នៅ​ពេល​ថ្មី​ៗ​នេះ​មិន​ឲ្យ​មាន​សាកល​វិទ្យាល័យ​ថ្មី​ទៀត​ ក្រៅ​ពី​សាកល​វិទ្យាល័យ​ដែល​បង្រៀន​ផ្នែក​វិស្វកម្ម និ​ង​កសិកម្ម​។

លោក​បាន​មាន​ប្រសាសន៍​ថា “ឥឡូវ​នេះ​យើង​មាន​សាកលវិទ្យាល័យ​ចំនួន​១០៥ និង​មាន​និស្សិត​ចំនួន​២៥០.០០០នាក់​ ប៉ុន្តែ មុខ​វិជ្ជា​ដែល​ពួក​គេ​បង្រៀន​ជាង​៥០​ភាគ​រយ​គឺ​សេដ្ឋ​កិច្ច​ ពាណិជ្ជកម្ម និ​ងគ្រប់​គ្រង​​។ វិនិយោគិន​និយាយ​ថា ពួក​គេ​ត្រូវ​ការ​បុគ្គលិក​ដែល​មាន​ជំនាញ​ថ្មី​​ដូច​ជា វិស្វកម្ម និង​កសិកម្ម​”៕ គឹម​ហឿន​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស