នគរបាលបាននិយាយកាលពីម្សិលមិញថា ស្ត្រីអាយុ២១ឆ្នាំម្នាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសាររងរបួសធ្ងន់ធ្ងរបន្ទាប់ពីបុរសពីរនាក់បានស្រោចអាល់កុលលើនាងហើយដុតនៅកាស៊ីណូមួយក្នុងខេត្តកំពង់ចាម កាលពីរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃសុក្រ។
ស្ត្រីរូបនេះឈ្មោះ វឹង គឹមអេង អាយុ២១ឆ្នាំ ជាអ្នកចែកបៀនៅកាស៊ីណូ GMGស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ស្ថិតនៅតាមព្រំដែនវៀតណាម។យោងតាមលោក បែន រ័ត្ន ស្នងការនគរបាលខេត្តបានឲ្យដឹងថា បន្ទាប់ពីមានជម្លោះជាមួយមិត្តប្រុសខ្លួនឈ្មោះ រុនចំរើន អាយុ២៨ឆ្នាំជាចុងភៅនៅកាស៊ីណូនេះមក បុរសឈ្មោះ ចំរើន និងមិត្តភក្ដិឈ្មោះ ពៅ ពីដែន អាយុ២៣ឆ្នាំ បានដុតនាងនៅក្នុងបន្ទប់មួយក្នុងចំណោមបន្ទប់ដេករបស់បុគ្គលិកនៅកាស៊ីណូនេះ។
លោក បែន រ័ត្ន បានមានប្រសាសន៍ថា “បន្ទាប់ពីនាងក្រចៅដៃមិត្តប្រុសរបស់ខ្លួនមក ស្ត្រីរូបនេះត្រូវបានស្រោចអាល់កុលលើ ហើយដុតតែម្ដង។ នាងបានរងការលាកមួយកំណាត់ខ្លួនឡើងលើរហូតដល់ក្បាល។ សក់របស់នាងត្រូវបានឆេះអស់”។
លោក បែន រ័ត្ន បានមានប្រសាសន៍ថា ពីដំបូង ស្ត្រីឈ្មោះ គឹមអេង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ប៉ុន្តែដោយសាររបួសនាងធ្ងន់ធ្ងរពេក ក្រុមគ្រួសារបានបញ្ជូននាងទៅព្យាបាលបន្ថែមនៅប្រទេសវៀតណាម កាលពីល្ងាចថ្ងៃសុក្រ។
លោកបានមានប្រសាសន៍ថា “បើតាមសម្ដីក្រុមគ្រួសារនាង ពួកគាត់គ្មានសង្ឃឹមថា កូនស្រីរបស់ខ្លួនរួចផុតពីគ្រោះថ្នាក់ដល់ជីវិតឡើយ ពីព្រោះនាងពិបាកដកដង្ហើមនៅក្នុងមន្ទីរពេទ្យ”។ លោក បែនរ័ត្ន បានមានប្រសាសន៍ថា ពីដំបូង កាស៊ីណូ GMG បានព្យាយាមលាក់បាំងហេតុការណ៍នេះ ហើយមិនបានរាយការណ៍ប្រាប់នគរបាលឲ្យចុះមកពិនិត្យដល់កន្លែងកើតមានបទឧក្រិដ្ឋទេ។ លោកបានមានប្រសាសន៍ថា “កាស៊ីណូបានព្យាយាមលាក់បាំងហេតុការណ៍នេះ។
នគរបាលទទួលបានព័ត៌មាននេះពីក្រុមអ្នកភូមិដែលបានឃើញគេបញ្ជូនជនរងគ្រោះទៅប្រទេសវៀតណាម។ នគរបាលបានចាប់ខ្លួនបុរសឈ្មោះ ចំរើន និង ពីដែន នៅជិតកាស៊ីណូនេះកាលពីថ្ងៃសៅរ៍ បន្ទាប់ពីពួកគេទាំងពីរនាក់ត្រូវបានរាយការណ៍ថា បាននិយាយអំពីការវាយប្រហារនេះជាមួយក្រុមអ្នកភូមិ ដោយព្យាយាមធ្វើឲ្យអ្នកភូមិជឿថា ស្ត្រីឈ្មោះ គឹមអេង បានប៉ុនប៉ងធ្វើអត្តឃាត។លោក បែន រ័ត្ន បានមានប្រសាសន៍ថា “នគរបាលបានចោទប្រកាន់ពួកគេពីបទប៉ុនប៉ងមនុស្សឃាត”។
យោងតាមលោក ជឹម សេងហុង ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា បុរសទាំងពីរនាក់នេះកំពុងត្រូវឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក។ គេមិនអាចទាក់ទងកាស៊ីណូ GMG បានទេ៕ សារុន