35 C
Phnom Penh

បុរស​ម្នាក់​ដំគ្រាប់យក​​​ដែក​​​អេត​​​ចាយ​​​បណ្តាលឲ្យផ្ទុះ​​​ស្លាប់​​​ស្ត្រីម្នាក់ និង​​មនុស្ស​ប្រាំ​នាក់​ទៀត​​របួស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​ក្រុម​មន្ត្រី​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​​​ចំណាស់​ម្នាក់​បាន​ស្លាប់​និង​មនុស្ស​ប្រាំ​នាក់​ទៀត​រង​របួស​ដោយ​សារ​ផ្ទុះ​គ្រាប់​បេ៤០​ចាស់មួយគ្រាប់ក្នុង​ខេត្ត​កំពង់ធំ​​​កាល​ពីថ្ងៃ​សុក្រ នៅពេល​ជន​រងគ្រោះ​ម្នាក់​ក្នុ​ងចំណោម​ជន​រង​គ្រោះទាំង​នោះ​បាន​ព្យាយាម​ដំបំបែក​គ្រាប់​នោះ​យក​​​ដែក​​​លក់​ឲ្យ​អេតចាយ​។

លោកឧត្តមសេនីយ៍ត្រី​​​ ហង្ស​ ថុល មេបញ្ជាការ​​​កង​រាជអាវុធ​ហត្ថ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា អ្នកស្រី ស៊ឹម តាំ អាយុ​៧៨​ឆ្នាំ​ ដែល​បាន​អង្គុយ​ជិត​គ្រាប់​នោះ​ ​​​នៅ​​​ពេល​​​វា​​​ផ្ទុះ​បាន​​​ត្រូវ​នឹង​អំបែង​គ្រាប់​ ហើយ​​​បាន​ស្លាប់​ដោយសារ​របួស​ធ្ងន់​ធ្ងរ​តាមផ្លូវ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុងមូល​ដ្ឋាន​។

លោក​បាន​មាន​ប្រសាសន៍​ថា “អ្នកស្រី ស៊ឹម តាំ បាន​ស្លាប់​ដោយ​សារ​ត្រូវ​អំបែង​គ្រាប់​បេ៤០​​ ហើយម​នុស្ស​ប្រាំ​នាក់​ទៀតរួម​មាន​ស្ត្រីម្នាក់​ផង​ដែរបាន​រង​របួស​ធ្ងន់​។ ឥឡូវ​នេះ​ពួក​គេ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ធំ”។

លោក​ឧត្តម​សេនីយ៍​ត្រី ហង្ស ថុល បាន​មាន​ប្រសាសន៍​ថា បុរស​ក្នុង​មូល​ដ្ឋាន​ម្នាក់​បាន​ឃើញ​គ្រាប់បេ៤០​​ចាស់​នេះ​​នៅ​លើ​ចម្ការ​របស់ខ្លួន​កាលពីដើម​សប្ដាហ៍​នេះ​ ហើយ​បាន​​​អូស​​​​យក​ទៅទុក​នៅ​តូប​លក់​ទឹក​ត្នោត​របស់​ខ្លួន​ កន្លែងដែលបុរសរូបនេះ​បាន​ចាប់​ផ្ដើម​ដំ​បំបែកគ្រាប់​នោះ​យក​​​ដែក​​​ទុកលក់​ឲ្យ​អេតចាយ​។ លោកបាន​មាន​ប្រសាសន៍​ថា បុរសរូប​នេះ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ប្រាំ​នាក់​ដែល​រង​របួស​ ហើយ​គេ​បាន​ដាក់​​​កំហុស​​​លើ​​​បុរស​រូប​នេះ​ដែល​មិន​បានរាយ​ការណ៍​ទៅ​​ក្រុម​អាជ្ញាធរ​។

លោក ផាន់​​​ សុផេង ស្នង​ការ​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា “ភូមិ​សំពៅមាស​គឺ​ជា​សមរ​ភូមិ​ក្ដៅ​អំឡុង​សង្គ្រាមស៊ីវិល ដូច្នេះ​មាន​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ច្រើនណាស់​ដែល​បាន​កប់​ក្នុង​ដី​ ប៉ុន្តែ​អ្នក​ភូមិ​រូប​នេះ​ដែល​បាន​ឃើញ​គ្រាប់ហើយ​​ មិន​បាន​រាយការណ៍ទៅ​នគរ​បាល​ឬ ​មជ្ឈ​មណ្ឌល​សកម្មភាព​​កំចាត់មីន​កម្ពុជាទេ​”។

គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋខ្មែរ​ស្លាប់​ ឬរង​របួស​ជាង​៦៤.០០០​នាក់​ចាប់​តាំង​ពី​ការ​ដួលរលំ​នៃ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩ ដែល​គ្រាប់​ភាគ​ច្រើន​ត្រូវ​បាន​កប់​អំឡុង​ឆ្នាំ​ដែល​កើត​មាន​សង្គ្រាម​ស៊ីវិល​នោះ។

តួលេខ​អ្ន​ក​ស្លាប់​ឬរបួស​ប្រចាំ​ឆ្នាំ​បានធ្លាក់​ចុះគួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ប៉ុន្តែ​គ្រាប់​ចាស់ៗ​នៅតែ​បន្ត​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ឬរង​របួស​ជាង​១០០​នាក់​ក្នុង​មួយ​ឆ្នាំ​។ យោងតាម​តួលេខ​ថ្មីបំផុត​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា គ្រាប់មីននិង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ធ្វើ​ឲ្យមនុស្ស​ស្លាប់​ឬរបួស​ចំនួន​៦០​នាក់​អំឡុង​ត្រីមាស​ទី១​នៃ​ឆ្នាំនេះ គឺច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​មនុស្ស​ស្លាប់​ឬរបួស​កាលពី​ឆ្នាំ​២០១៣ សរុប​​​ដែល​​​មាន​​​តែ​​​១១១​​​នាក់​​​៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស