28 C
Phnom Penh

មនុស្សពីរនាក់ស្លាប់និង​ម្នាក់ទៀត​រងរបួសក្នុង​គ្រោះថ្នាក់ចរាចរណ៍បុកហើយ​រត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា បុរស​​​ពីរ​​​នាក់​​​បាន​​​ស្លាប់​​​ និង​​​ម្នាក់​​​ទៀត​​​រង​​​របួស​​​ធ្ងន់​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​បុក​​​ហើយ​​​រត់​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សុក្រ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​នៅពេល​​​រថយន្ត​​​រ៉េង​​​រ៉ូវើ មួយគ្រឿង​​​បាន​​​ជ្រុល​​​ទៅ​​​បុក​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​ក្នុង​​​សង្កាត់​​​ទឹ​​​កថ្លា​។ នេះ​​​ជា​​​ករណី​​​បុក​​​ហើយ​​​​​​បណ្ដាល​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​ជា​​​បន្ត​​​បន្ទាប់​​​នៅ​​​ពេល​​​ថ្មីៗ​​​នេះ​​​ ហើយ​​​ជាញឹក​​​ញាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​មន្ត្រី​​​ថ្នាក់​​​ខ្ពស់​​​។

ថាង រដ្ឋា អាយុ​​​២៣​​​ឆ្នាំ​​​បាន​​​ស្លាប់​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ ចំណែក​​​ ខ្នាត សាត អាយុ​​​៣១​​​ឆ្នាំ​​​បាន​​​ស្លាប់​​​ បន្ទាប់​​​ពី​​​បញ្ជូន​​​ទៅ​​​ដល់មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​។ យោ​​​ង​​​តាម​​​លោក ម៉ក់​​​ ហុង អធិការ​​​នគរ​បាល​​​ខណ្ឌ​​​សែន​​​សុខ​​​ បាន​​​ឲ្យដឹង​​​ថា ឡុង​​​ ស្រូយ អាយុ​​​១៨​​​ឆ្នាំ​​​បាន​​​រង​​​របួស​​​ធ្ងន់​​​​​​នៅក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍នោះ។

លោក​​​ ម៉ក់ ហុង បានមាន​​​ប្រសាសន៍​​​ថា សាក្សី​​​បាន​​​ប្រាប់​​​នគរបាល​​​ថា ទាំង​​​រថយន្តនិង​​​ម៉ូតូ​​​បើក​​​លឿន​​​ដូច​​​គ្នា​​​​​​នៅ​​​ពេល​​បុក​​​​​​គ្នា​​​ត្រង់​​​ចំណុច​​​ប្រសព្វ​​​នៃមហាវិថី​​​សហព័ន្ធ​​​រុស្ស៊ី។ លោក​​​បាន​​​បន្ថែមថា អ្នក​​​បើក​​​បរ​​​រថយន្ត​​​បាន​​​គេ​​​ចខ្លួន​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​ ហើយគេ​​​មិន​​​ទាន់​​​កំណត់​​​បាន​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​ណា​​​ម្នាក់​​​នៅ​​​ឡើយទេ​​​។ លោក ម៉ក់ ហុង បានមាន​​​ប្រសាសន៍​​​ថា “នគរបាល​​​កំពុង​​​សើុប​​​អង្កេត​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​អ្នក​​​បើក​​​បរ​​​យកមក​​​សាក​​​សួរ​​​។ យើង​​​មិន​​​ទាន់​​​មាន​​​តម្រុយ​​​ពី​​​ជន​​​សង្ស័​​​យ​​​នៅ​​​ឡើយ​​​ទេ​​​”។

លោក ស៊ុន សុវណ្ណ នាយ​​​នគរបាល​​​ចរាចរ​​​ខណ្ឌ បានមាន​​​ប្រសាសន៍​​​ថា សាក​​​សព​​​ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​ប្រគល់​​​ឲ្យ​​​ក្រុម​​​គ្រួសារ​​​ហើយនៅ​​​ក្នុង​​​ខេត្ត​​​ព្រៃ​​​វែង​​​។ លោក​​​បាន​​​មាន​​​ប្រសា​សន៍​​​​ថា ការ​​​ស្វែង​​​រក​​​ជន​​​សង្ស័យ​ជាការ​លំបាកណាស់​​​ ពីព្រោះ​​​រថ​​​យន្ត​​​បាន​​​បើក​​​ចេញ​ពី​កន្លែងកើតហេតុបាត់​​​មុន​​​​​​ពេល​​​នគរបាល​​​មក​​​ដល់​​​។ លោក សុវណ្ណ​​​ បានមាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា វា​​​លំបាក​​​ក្នុងការ​ស្វែង​​​រក​​​ជន​​​សង្ស័យ​​​ណាស់​​​  ប៉ុន្តែ នគរ​​​បាល​​​កំពុង​​​សើុប​​​អង្កេ​​​តករណី​​​នេះ​​​”។ លោក​​​បាន​​​បន្ថែមថា ការ​​​បុក​​​ហើយ​​​រត់​​​នេះ “តាម​​​​​​ធម្មតា​​​ច្រើនកើត​​​ឡើង​​​នៅពេល​​​យប់​​​”។

ក្នុ​​​ង​​​ពេ​​​លថ្មី​​​ៗ​​​នេះ មាន​​​ករណី​​​បុក​​​ហើយ​​​រត់​​​មួយ​​​ចំនួន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ក្រុម​​​មន្ត្រី​​​រដ្ឋាភិបាលដែល​​​​​គ្មាន​​​ករណីណា​​​មួយ​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​ក្នុង​​​តុលាការ​​​ឡើយ​​​។ កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ រថយន្ត​​​តូយ៉ូតា​​​ហាយ​​​ឡិនឌ័រ​​​ដែលជា​​​កម្ម​​​សិទ្ធិ​​​របស់​​​លោក​​​ស្រី លី ធីតា ប្រធាន​​​មន្ទីរ​​​សេដ្ឋ​​​កិច្ច​​​និង​​​ហិរញ្ញវត្ថុ​​​ខេត្ត​​​កំពង់​​​ចាម ​​​បាន​​​ជាប់​​​ពាក់​​ព័ន្ធ​​​ករណីបុក​​​ហើយ​​​រត់​​​ បណ្តាល​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​។ ​​​ក្នុង​​​ករណី​​​នេះ មនុស្ស​​​ពីរ​​​នាក់​​​បាន​​​ស្លាប់​​​ និង​​​ពីរ​​​នាក់​​​ទៀត​​​បាន​​​រង​​​របួស​​​។

អ្នក​​​បើក​​​បរ​​​បាន​​​គេ​​​ចខ្លួន​​​​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​ ហើយ​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ ចំណែក​​​លោក​​​ស្រី លី ធីតា ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យយក​​​រថយន្ត​​​មួយ​​​គ្រឿង​​​ទៀត​​​ជិះ​​​ធ្វើ​​​ដំណើ​​​រម​​​ក​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​បន្ទាប់​​​ពី​​​មាន​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​​នោះ​​​។

កាល​​​ពី​​​ខែ​​​មេសា លោក ឯក សុវណ្ណារ៉ា កូន​​​ប្រុស​​​របស់​​​លោក​​​ ឯក ក្រឹត អតី​​​ត​​​ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​កណ្តាល​​​ បាន​​​គេច​​​ខ្លួន​​​ពីកន្លែង​​​កើត​​​ហេតុ​​​បន្ទាប់​​​ពី​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​បណ្តាល​​​ឲ្យ​​​មនុស្សស្លាប់​​​នៅក្នុង​​​ខេត្ត​​​កណ្តាល។ បុរស​​​ម្នាក់​​​បា​​​ន​​​ស្លាប់​​​ ហើយ​​​ពីរ​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​​​​កាត់​​​ជើង​​​ឆ្វេង​​​ដូច​​​គ្នា​​​។

លោក ឯក សុវណ្ណារ៉ា បាន​​​និយាយផងដែរ​​​ថា អ្នក​​​ផ្សេង​​​ទេ​​ជាអ្នកបើក​​​រថយន្ត​​​នោះ​​​។ មិន​​​មាន​​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​អ្នក​​​បើក​​​បរ​​​រថយន​​​្ត ​​​ដែលបាន​​​​​​ផ្តល់​​​សំណង​​​ចំនួន​​​១.០០០​​​ដុល្លារ​​​ដល់​​​ក្រុម​​គ្រួសារ​​​សព និង​​​៥០០ដុល្លារ​​​​​​ក្នុង​​​ម្នាក់​​​ៗ​​​ដល់​​​អ្នក​​​ដែល​​​ត្រូវ​​​​​​កាត់​​​ជើងទំាង​​​ពីរ​​​នាក់​​​ឡើយ​​​។

លោក ជាម យៀប សមាជិក​​​សភា​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​ក្នុង​​​ការ​​​បុក​​​មនុស្ស​​​ស្លាប​​​់​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​។ លោកក៏​​​បានមាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា អ្នក​​​បើក​​​បរ​​​របស់​​​លោក​​​​ដែលត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​នោះ​​​ បានបើកចេញពី​​​កន្លែងកើ​​​តហេតុ ហើយ​​​ក្រោយ​​​មក​​​បាន​​​ផ្តល់​​​សំណង​​​ដល់​​​ជន​​​រងគ្រោះនៅ​​​ក្រៅ​​​ប្រព័ន្ធ​​​តុលាការ​​​។

កាល​​​ពី​​​ម្សិលមិញ លោក ហឹុម យ៉ាន នាយការិយាល័យ​​​នគរបាល​​​ចរាច​​​រ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​បដិសេធ​​​មិន​​​​​​ធ្វើ​​​អត្ថាធិប្បាយ​​​ថា តើ​​​មាន​​​ការ​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​បញ្ចប់​​​វប្បធម៌​​​និទណ្ឌភាព​ពាក់​ព័ន្ធ​ករណី​​​បុក​​​ហើយ​​​រត់ក្នុង​ចំណោមអ្នកមានទ្រព្យច្រើនក្នុង​ប្រទេស​កម្ពុជា​ឬយ៉ាងណា​​​នោះ​​​៕ សារុន​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស