28 C
Phnom Penh

រដ្ឋសភា​​​កោះ​​​ហៅ​​​រដ្ឋមន្ត្រី​​​ក្រសួង​​​រ៉ែ​​​និង​​​ថាមពល​​​មក​​​សាក​​​សួរ​​​អំពីការ​​​កាប់​​​ឈើ​​​នៅ​​​ទន្លេ​​​សេសាន​​​ក្រោម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​រាស្ត្រ​​​ជាន់ខ្ពស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា រដ្ឋ​​​សភា​​​បាន​​​កោះ​​​ហៅ​​​លោក​​​ ស៊ុយ សែម​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​រ៉ែ​​​និង​​​ថាម​​​ពល​​​មក​​​សាកសួរ​​​ជុំវិញ​​​ការ​​​អះអាង​​​អំពី​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នៅ​​​ជុំ​​​វិញ​​ការដ្ឋាន​​​សាងសង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​សេសាន​​ក្រោម​២ ​​ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​។

លោក​​​ ជាម យៀប​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “សម្ដេច​​​ប្រធាន​​​រដ្ឋ​​​សភា​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​លិខិត​​​អញ្ជើញ​​​លោក​​​ ស៊ុយ សែម មក​​​សាកសួរ​​​នៅ​​​ថ្ងៃ​​​ទី​​​១៩ ខែ​​​មិថុនា អំពី​​​ការ​​​កាប់​​​ឈើ​​​នៅ​​​ទំនប់​​​វារី​​​អគ្គិសនី​​​សេសាន​​​ក្រោម​​​២ និង​​​បញ្ហា​​​ផ្សេង​​​ៗ​​​ទៀត​​​។ យើង​​​បាន​​​ផ្ញើលិខិត​​​នោះ​​​ជូន​​​សម្ដេច​​​នាយក​​​រដ្ឋមន្ត្រី​​​នៅ​​​ព្រឹក​​​មិញ​​​នេះ​​​ ប៉ុន្តែ​​​សម្ដេច​​​ទើប​​​តែ​​​ត្រឡប់​​​មក​​​ពី​​​ក្រៅ​​​ប្រទេស​​​ដូច្នេះ​​​សម្ដេច​​​មិន​​​ទាន់​​​មាន​​​ពេល​​​ឆ្លើយ​​​តប​​​នៅ​​​ឡើយ​​​ទេ”។​​ លោក​​​ ជាម យៀប​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា នេះ​​​គឺ​​​ជា​​​លើ​​​ក​​​ដំបូង​​​ហើយ​​​ដែល​​​រដ្ឋ​​​សភា​​​​​កោះ​​​ហៅ​​​រដ្ឋ​​​មន្ត្រី​​​មក​​​សាក​​​សួរ​​​ក្នុង​​នីតិកាល​​​ទី​​​៥​​​នេះ។

កង្វល់​​​អំពី​​​ការ​​​កាប់​​​ឈើ​​​នៅ​​​អាង​​​ស្តុប​​​ទឹក​​​របស់​​​ទំនប់​​​វារី​​​អគ្គិសនី សេសាន​​​ ក្រោម​​​២ត្រូវ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​រដ្ឋសភា​​​ កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ ដោយ​​​លោក​​​ ឡូយ សុផាត អតីត​​​អភិបាល​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ ដែល​​​ឥឡូវ​​​នេះ​​​ជា​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​កាន់​​​អំណាច។

លោក​​​ ឡូយ សុផាត បាន​​​ប្រាប់​​​សភា​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ថា អាជ្ញាធរ​​​កំពុង​​​ចំណាយ​​​ពេល​​​វេលា​​​ និង​​​ធនធាន​​​ផ្សេង​​​ទៀត​​​ ដើម្បី​​​តាម​​​ប្រមាញ់​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​តូច​​​តាច​​​ ប៉ុន្តែ​​​ឈ្មួញ​​​កាប់​​​ឈើ​​​ធំៗ​​​កំពុង​​​គេច​​​វេស​​​ពី​​​ការ​​​ដាក់​​​ទោស​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន​​​ ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​កាប់​​​រាន​​​​​​តំបន់​​​ទំហំ​​​៣៦.០០០​​​ហិកតា​​​នៅ​​​ចំណុច​​​ប្រសព្វ​​​នៃ​​​ទន្លេ​​​សេកុង​​​ និង​​​ទន្លេ​​​សេសាន ដូចជា​​​ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​របស់​​​ឧកញ៉ា​​​ គិត​​​មេ៉ង​​​ និង​​​ក្រុមហ៊ុន​​​ថាម​​​ពល​​​អន្តរជាតិ​​​ហៃត្រូល ឡានកាង​ (Hydrolancang)​​ របស់​​​ចិន​​​នោះ​​​កំពុង​​​ធ្វើ​​​ការ​​​ត្រួត​​​ពិនិត្យការ​​​កាប់​​​ឈើ​​​នៅ​​​ខាង​​​ក្រៅ​​ដី​​​សម្បទាន​​​នេះ​​​​។

សាខា​​​របស់​​​ក្រុមហ៊ុន​​​រ៉ូយ៉ាល់គ្រុប គឺ​​​ក្រុមហ៊ុន​​​ Ang & Associates Lawyer Co.Ltd បាន​​​ទទួល​​​កិច្ច​​​សន្យា​​​​កាប់​​​រានដី​​​នេះ។ លោក​​​ ឡូយ សុផាត​​​ បាន​​​អះអាង​​​ថា ក្រុម​​​ហ៊ុន​​​នេះ​​​កំពុង​​​កាប់​​​ឈើ​​​នៅក្នុង​​​ឧទ្យាន​​​​វីរៈ​​​ជ័យ ដែល​​​ជា​​​តំបន់​​​ការ​​​ពារ​​​នៅ​​​ជិត​​​នោះ​​​ ហើយ​​​បន្ទាប់​​​មក​​​យក​​​ឈើ​​​ដែល​​​កាប់​​​រួច​​​ទាំង​​​នោះ​​​​​ទៅ​​​​ដាក់​​ក្នុង​​​តំបន់​​​សម្បទាន​​​សេសាន​​​ ដូច្នេះ​​​ហើយ​​​វា​​​ធ្វើ​​​ឲ្យ​​​គេ​​​ពិបាក​​​រក​​​ប្រភព​​​ឈឺ​​​នោះ​​​។

ការ​​​កាប់​​​ឈើ​​​បាន​​​ផ្អាក​​​ជា​​​បណ្ដោះ​​​អាសន្ន​​​កាល​​​ពី​​​ខែ​​​តុលា​​​ បន្ទាប់​​​ពី​​​មាន​​​សេចក្ដី​​​រាយការណ៍​​​ស្រដៀង​​​គ្នា​​​នេះ​​​អំពី​​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​។ លោក​​​ ជាម​​​ យៀប​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​ ហ៊ុន​​​ ណេង​​​​​​ បង​​​ប្រុស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ ត្រូវ​​​បាន​​​បញ្ជា​​​​​​ឲ្យ​​​ទៅ​​​ស៊ើប​​​អង្កេតអំពី​​​ការ​​​អះអាង​​​នេះ​​​ ប៉ុន្តែ​​​លោក​​​មិន​​​ព្រម​​​ផ្ដល់​​​ព័ត៌​​​មាន​​​លម្អិត​​​ទៀត​​​ទេ​​​។ កាល​​​ពី​​​ម្សិលមិញ​​​ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក​​​ ហ៊ុន​​​ ណេង សុំ​​​កា​​​រអត្ថាធិប្បាយ​​​បាន​​​ទេ​​​៕ គឹម​​​ហឿន

 

​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស