នៅពេលដែលអ្នកភូមិ២០០នាក់មកពីខេត្តក្រចេះ ដើរចូលទៅក្នុងវត្តសាមគ្គីរង្សី ដើម្បីរកកន្លែងសុវត្ថិភាពសម្រាប់ស្នាក់នៅកាលពីដើមខែនេះ ពួកគេមិនមែនជាមនុស្សដំបូងដែលធ្វើដូច្នេះទេ។

អ្នកភូមិ ដែលអាជ្ញាធរបានដុតបំផ្លាញផ្ទះរបស់ពួកគាត់កាលពីប៉ុន្មានថ្ងៃមុននោះបានដើរតាមផ្លូវដែលមានមនុស្សច្រើនទៅកាន់វត្តដែលស្ថិតនៅជាយក្រុងភ្នំពេញនេះ។ កសិករខេត្តក្រចេះបានធ្វើដំណើរមកទីក្រុងភ្នំពេញដើម្បីសួរពីមូលហេតុអំពីការលក់ដី ដែលពួកគាត់កំពុងរស់នៅនិងធ្វើកសិកម្ម ទៅឲ្យក្រុមហ៊ុនចម្ការកៅស៊ូរបស់វៀតណាម។ ពួកគេមកស្នើសុំឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយ និងរកកន្លែងស្នាក់នៅ។
ពួកគាត់និយាយថា ពួកគាត់ត្រូវបានឲ្យចាកចេញពីវត្តចំនួនពីរមុនពេលរកកន្លែងបានស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ដែលគេល្បីថា ជាកន្លែងស្នាក់នៅសម្រាប់អ្នកប្រឆាំងនយោបាយ និងជនក្រីក្រគ្មានទីជម្រក ជាពិសេសមនុស្សមកពីកម្ពុជាក្រោម ដែលមានប្រហែល៦០ភាគរយនៃព្រះសង្ឃគង់នៅវត្តនេះ។
កាលពី១៧ឆ្នាំមុន ព្រះសង្ឃខ្មែរក្រោមមួយអង្គព្រះនាម យឿង ស៊ីន គឺជាមនុស្សដំបូងគេ ដែលបានបង្កើតវត្តសាមគ្គីរង្ស៊ី ពីព្រោះព្រះអង្គពិបាករកកន្លែងគង់នៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីបានភៀសខ្លួនពីវៀតណាមមកកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៨០។ ខ្មែរក្រោម គឺជាជនជាតិខ្មែរភាគតិចរស់នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមបច្ចុប្បន្ន ហើយជារឿយៗពួកគាត់ប្រឈមនឹងការដាក់សម្ពាធធ្ងន់ធ្ងរលើភាសា និងសាសនាព្រះពុទ្ធ ពីសំណាក់រដ្ឋាភិបាលវៀតណាម។
ព្រះតេជគុណ ស៊ាង សុវណ្ណារ៉ា ព្រះជន្ម៣៤វស្សា ជាព្រះចៅអធិការវត្តសាមគ្គីរង្សី បានមានសង្ឃដីកាថា “ព្រះតេជគុណ យឿង ស៊ីន បានភៀសខ្លួនពីការគាបសង្កត់គ្រប់ប្រភេទ ដូចជាការសួរចម្លើយ និងការធ្វើទារុណកម្មនៅកម្ពុជាក្រោម។ សូម្បីតែវត្តក៏មិនទទួលព្រះអង្គដែរ ពីព្រោះព្រះអង្គជាខ្មែរក្រោម”។
ដោយមិនមានវត្តណាមួយព្រមឲ្យព្រះអង្គគង់នៅជាអចិន្ត្រៃយ៍នោះព្រះតេជគុណ យឿង ស៊ីន ដែលបានចាប់ផ្ដើមប្រមូលបច្ច័យពីសប្បុរសជននៅក្នុងកម្ពុជា និងនៅក្រៅប្រទេស បានទិញដីមួយកន្លែងនៅជាយក្រុងក្នុងសង្កាត់ស្ទឹងមានជ័យ ហើយបានចាប់ផ្ដើមកសាងវត្តនេះ។
ព្រះតេជគុណ ស៊ាង សុវណ្ណារ៉ា បានមានសង្ឃដីកាពេលគង់នៅទីធ្លាមួយនៅកណ្ដាលអគារដែលមិនទាន់សាងសង់រួចថា “ព្រះតេជគុណ យឿង ស៊ីន បានកសាងវត្តសាមគ្គីរង្សី ដោយមិនមានការរើសអើងចំពោះឋានៈ ឬពូជសាសន៍ឡើយ។ ព្រះអង្គបានកសាងវត្តនេះសម្រាប់មនុស្សអនាថា។ ឈ្មោះវត្តនេះមានន័យថា ការបង្រួបបង្រួមក្រោមពន្លឺដ៏មានរស្មី”។
ទោះបីជាវត្តជាច្រើនបានទទួលការបរិច្ចាគពីមន្ត្រីរដ្ឋាភិបាលស្ដុកស្ដម្ភក៏ដោយ ក៏វត្តសាមគ្គីរង្សី ដែលយោងតាមព្រះសង្ឃគង់នៅវត្តនេះ បានរៃអង្គាសបច្ច័យភាគច្រើនពីសប្បុរសជនគណបក្សប្រឆាំង។
ព្រះតេជគុណ សា៊ង សុវណ្ណារ៉ា ដែលជាគ្រូសូត្រស្ដាំ រហូតដល់ព្រះចៅអធិការចាស់សុគតក្នុងឆ្នាំ២០១០បានមានសង្ឃដីកាថា “នេះគឺជាវិធីតែមួយគត់ក្នុងការទទួលបានបច្ច័យពីមនុស្សរស់នៅក្រៅប្រទេសដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យដូចយើង។យើងមិនបានទទួលការឧបត្ថម្ភពីរដ្ឋាភិបាលទេ ទោះបីជាយើងគោរពសាសនារបស់ជាតិក៏ដោយ”។
ប៉ុន្តែទោះបីជាព្រះចៅអធិការវត្តមានសង្ឃដីកាថា វត្តនេះមិនជាប់ពាក់ព័ន្ធនឹងគណបក្សណាមួយក៏ដោយ ក៏វត្តនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមនៅក្នុងពិធីជាច្រើននៅក្នុងវត្តនេះកាលពីមុន។
លោក អ៊ុំ សំអាន តំណាងរាស្ត្រជាប់ឆ្នោតគណបក្សប្រឆាំង ដែលបានចុះទៅវត្តសាមគ្គីរង្សីកាលពីម្សិលមិញ ដើម្បីជួយឧបត្ថម្ភដល់អ្នកភូមិខេត្តក្រចេះ បានមានប្រសាសន៍ថា “ខ្មែរក្រោមតស៊ូ ដើម្បីទឹកដីរបស់ខ្លួន ហើយគណបក្សសង្គ្រោះជាតិដឹងរឿងនេះ និងបានជួយវត្តនេះ”។
លោក លីវ ឡេក ដែលបាននិយាយថា គាត់ត្រូវបានបណ្ដុះបណ្ដាលដោយ CIA ចន្លោះពីឆ្នាំ១៩៦៤ ឆ្នាំ១៩៧២ ឲ្យធ្វើជាចារកម្មដើម្បីលុបបំបាត់ពួកកុម្មុយនីស្តនៅភាគខាងត្បូងប្រទេសវៀតណាមនោះ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលបានស្នាក់នៅទីនោះ។
លោក ឡេក ដែលឥឡូវនេះជាអាចារ្យវត្តមានអាយុ៧៤ឆ្នាំនៅវត្តសាមគ្គីរង្សីបាននិយាយថា គាត់និងព្រះតេជគុណ យឿង ស៊ីន បានបួសនៅវត្តជិតគ្នាក្នុងខេត្តសុកត្រាង នៅភាគខាងត្បូងប្រទេសវៀតណាម និងបានធ្វើការជាមួយគ្នាជាភ្នាក់ងារសម្ងាត់របស់ CIA។
លោក ឡេក បាននិយាយថា គាត់បានភៀសខ្លួនចេញពីប្រទេសវៀតណាមដោយសម្ងាត់នៅឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ២០១០ ដែលនៅពេលនោះគាត់បានស្នើសុំសិទ្ធិជ្រកកោន ដែលអាមេរិកបានបដិសេធ ហើយគាត់បានឮពាក្យចចាមអារា៉មថា វៀតណាមកំពុងស្វែងរកគាត់។ គាត់បាននិយាយថា គាត់មិនដែលដឹងថា មានសុវត្ថិភាពទេ ដូច្នេះនៅពេលគេហៅគាត់ឲ្យផ្លាស់ទៅនៅវត្តសាមគ្គីរង្សី គាត់ត្រូវតែទៅ។ លោក ឡេក បាននិយាយថា “មានព្រះចៅអធិការថ្មីមួយអង្គ ហើយមនុស្សជាច្រើនមានគំនិតខុសៗគ្នា ប៉ុន្តែគេបានអញ្ជើញខ្ញុំ ពីព្រោះព្រះចៅអធិការរូបនោះចង់បានខ្មែរក្រោម”។
គាត់បាននិយាយថា ការការពារវត្តនេះនិងសហគមន៍ខ្មែរក្រោម ជួយឲ្យគាត់ដឹងថាមានសុវត្ថិភាព ជាការការពារដែលបានធ្លាក់ចុះបន្តិចបន្តួចដោយសារការមកដល់របស់អ្នកភូមិខេត្តក្រចេះ និងប្រព័ន្ធផ្សព្វផ្សាយ និងស្ថានភាពសន្ដិសុខ។ គាត់បាននិយាយថា “ពីមុនមានសុវត្ថិភាព ឥឡូវនេះមិនសូវមានសុវត្ថិភាពទេ”។
ប៉ុន្តែគាត់មិនមានការអាក់អន់ចិត្តទេ ពីព្រោះអ្នកភូមិខេត្តក្រចេះបានដើរផ្លូវដូចគាត់ដែរ ហើយដើរផ្លូវដូចមិត្តភក្ដិរបស់គាត់ គឺព្រះតេជគុណ យឿង ស៊ីន កាលពីយូរហើយនោះដែរ។ គាត់បាននិយាយថា “ព្រះតេជគុណ យឿង ស៊ីន បានកសាងវត្តដើម្បីគេចវេះពីការគាបសង្កត់។ ព្រះអង្គបានកសាងវត្តនេះសម្រាប់ព្រះអង្គ និងសម្រាប់មនុស្សគ្រប់គ្នា៕ គឹមហឿន