26 C
Phnom Penh

គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង​៨ភាគ​រយ​ក្នុង​រយៈ​ពេល​ប្រាំ​ខែ​គិត​មក​ដល់​ខែ​ឧសភា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ម្នាក់​​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា នគរបាល​​​បាន​​​កត់ត្រា​​​ចំនួន​​​អ្នក​​​ស្លាប់​​​ដោយ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​មាន​​​៩១៦​​​នាក់​​​ក្នុង​​​រយៈពេល​​​ប្រាំ​ខែ​​​ គិត​​​មកដល់​​​ខែ​​​ឧសភា​​​ គឺ​​​កើន​​​ឡើង​​​៨​​​ភាគ​​​រយ​បើ​​​ប្រៀប​ធៀ​​​ប​​​ទៅ​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។

លោក ព្រាប​​​ ច័ន្ទ​​​វិបុល​​​ ប្រធាន​​​នាយកដ្ឋាន​​​ដឹក​​​ជញ្ជូន​​​ផ្លូវ​​​គោក​​​​​​នៅ​​​ក្រសួង​​​សាធារណ​​​ការ​​​និង​​​ដឹក​​​ជញ្ជូន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ៥០​​​ភាគ​​​រយ​​​នៃ​​​អ្នកស្លាប់​​​ដោយ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​តាម​​​ដង​​​ផ្លូវ​​​បណ្តាល​​​មក​​​ពីការ​​​បើក​​​បរ​​​ក្នុង​​​ល្បឿន​​​លឿន​​​”។​ លោក​​​បាន​​​បន្ថែម​​​ថា “២០​​​ភាគ​​​រយ​​​បណ្តាល​​​មក​​​ពី​​​ការ​​​បើក​​​បរ​​​ដោយ​ស្រវឹង​​​ ហើយ​​​ភាគ​​​ច្រើន​​​គឺ​​​ដោយសារ​​​អ្នក​​​បើក​​​បរ​​​រំលោភ​​​ច្បាប់​​​ចរាចរណ៍​​​”។

លោក​​​ ព្រាប​​​ ច័ន្ទ​​​វិបុល បានមាន​​​ប្រសាសន៍​​​ថា តួលេខ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ប្រមូល​​​ចាប់​​​ពី​​​ថ្ងៃ​​​ទី​​​១១ ខែ​​​ធ្នូ​​​ឆ្នាំ​​​២០១៣​​​ដល់​​​ថ្ងៃ​​​ទី​​​១០​​​ ខែឧសភា ឆ្នាំ​​​២០១៤​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្នុង​​​រយៈ​​​ពេល​​​នេះ​​​ មាន​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ដែលគេ​បាន​រាយការណ៍ចំនួន​​​២.១០៦​​​ករណី​​​ គឺកើន​​​ឡើង​​​១១​​​ភាគ​​​រយ​​​បើ​​​ប្រៀប​​​ធៀបទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូចគ្នា​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។ លោក​​​បាន​​​បន្ថែម​​​ថា យ៉ាង​​​ហោច​​​មនុស្ស​​​៣.៤៨៦​​​នាក់​​​បាន​​​រង​​​របួស​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​នោះ​​​។ យ៉ាង​​​ហោច​​​ណាស់​​​មនុស្សបួន​​​នាក់​​​បាន​​​ស្លាប់​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​បុក​​​ហើយ​​​រត់​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ស្លាប់​​​កាល​​​ពី​​​ពេល​​ថ្មី​​​ៗនេះ។

លោក អ៊ា ចរិយា អ្នក​​​ពិគ្រោះ​​​យោបល់​​​​​​ឯករាជ្យ​​​ស្តីពី​​​សុវត្ថិភាព​​​ដង​​​ផ្លូវ​​​បាន​​​ប៉ាន់​​​ប្រមាណ​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​បុក​​​ហើយ​​​រត់​​​បណ្តាល​​​ឲ្យមនុស្ស​​​ស្លាប់​​​គឺប្រហែល​​​៤០​​​ភាគ​​​រយ​​​។ លោក​​​ អ៊ា ចរិយា អតីត​​​អ្នក​​​គ្រប់​​​គ្រង​​​កម្ម​​​វិធី​​​សុវត្ថិភាព​​​តាមដង​​​ផ្លូវ​​​នៅ​​​អង្គការ​​​ជន​​​ពិការ​​​អន្តរ​​​ជាតិ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បានមាន​​​ប្រសាសន៍​​​ថា “យើង​​បារម្ភ​​​ថា ចំនួន​​​អ្នកស្លាប់​​​ដោយ​គ្រោះថ្នាក់​​​ចរាចរណ៍កំពុងតែ​​​កើន​​​ឡើង​​​”។ លោក​​​បានថ្លែង​​​ថា “នគរបា​​​ល​​​មិន​​​បាន​​​អនុវត្ត​​​ច្បាប់​​​ទេ​​​ ពួកគេ​​​ផ្តោត​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់ច្រើនហួស​​​ទៅលើ​​​​​​ការ​​​បង្ក្រាប​​​​​បាតុកម្ម​​​​”។

លោក​​​ ចរិយា  បានមាន​​​ប្រសា​សន៍​​បន្ថែមថា មាន​​​ការ​​​យល់​​​ដឹង​​​ច្រើន​​​ជាង​​​មុន​​​ក្នុង​​​ចំណោម​​​អ្នក​​​បើក​​​បរ​​​ក្នុងការ​​រាយ​​​ការណ៍​អំពី​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​ អា​​​ចជា​​​កក្តា​​​មួយ​​​ក្នុង​​​ការ​​​កើន​​​ឡើង​​​នេះ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា ” ប៉ុន្តែ កក្តាសំខាន់​​​គឺ​​​មិន​​​មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​ និង​​​កង្វះ​​​​​សញ្ញា​សម្គាល់​​​នៅតាម​​​ផ្លូវ​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​”។

លោក ហឹុម​​​ យ៉ាន ប្រធាន​​​នាយក​​​ដ្ឋាន​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពីការ​​​កើន​​​ឡើងនៃ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ និង​​​ចំនួន​​​មនុស្ស​​​ស្លាប់​​​ដោយ​គ្រោះថ្នាក់ចរាចរណ៍ឡើយ​​​៕ សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស