លោក កឹម គុណវឌ្ឍន៍ អតីតអគ្គនាយករបស់ទូរទស្សន៍ជាតិកម្ពុជា(ទទក)បានវិលត្រឡប់មកធ្វើការនៅស្ថានីយទូរទស្សន៍វិញហើយកាលពីម្សិលមិញ បន្ទាប់ពីការលាលែងពីតំណែងរបស់លោកដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈយ៉ាងព្រោងព្រាតកាលពីសប្ដាហ៍មុន។
ប៉ុន្តែគេនៅមិនច្បាស់ថាតើលោកបានវិលត្រឡប់មកវិញកាន់តួនាទីអ្វីនោះទេ ដោយបណ្ដាញព័ត៌មានក្នុងស្រុកធ្វើសេចក្ដីរាយការណ៍ថា លោកត្រឡប់មកកាន់តួនាទីចាស់របស់លោក ខណៈដែលអ្នកជំនួសលោកជាបណ្ដោះអាសន្នបានឲ្យដឹងថា ពេលនេះលោកជា “មន្ត្រីជាន់ខ្ពស់” មួយរូបនៅក្រសួងព័ត៌មាន។
គេហទំព័របណ្តាញព័ត៌មានក្នុងស្រុកបានចុះផ្សាយកាលពីម្សិលមិញ ដោយលើកឡើងពីប្រភពមិនបង្ហាញឈ្មោះមួយនៅក្នុងស្ថានីយនេះ ដោយអះអាងថា លោក គុណវឌ្ឍន៍ ត្រូវបានតែងតាំងជាអគ្គនាយកជាថ្មី។
លោក ប៉ាង ណាត អគ្គនាយកស្ដីទីនៃទូរទស្សន៍ជាតិកម្ពុជាបានបញ្ជាក់កាលពីម្សិលមិញថា អតីតចៅហ្វាយនាយរបស់លោកបានវិលត្រឡប់មកធ្វើការវិញហើយ ប៉ុន្តែបានឲ្យដឹងថា លោកឈប់គ្រប់គ្រងព័ត៌មានប្រចាំថ្ងៃទៀតហើយ។ លោកបានមានប្រសាសន៍ថា “ការិយាល័យរបស់គាត់គឺរក្សាទុកសម្រាប់គាត់។ គាត់បានលាលែងពីតួនាទីអគ្គនាយកហើយ ប៉ុន្តែគាត់នៅតែជាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងព័ត៌មាន”។
ទាំងក្រសួងព័ត៌មាន និងលោក គុណវឌ្ឍន៍ នៅតែមិននិយាយស្ដីអ្វីទាំងអស់ ចាប់តំាំងពីអគ្គនាយកដែលបម្រើការយ៉ាងយូរដែលបានជួយបង្កើតស្ថានីយនេះឡើងក្នុងឆ្នាំ១៩៨៣ បានលាលែងពីតំណែងកាលពីថ្ងៃទី១៧ ខែឧសភាមក ដែលតាមការអះអាងថា មកពីមិនបានផ្សាយបន្តផ្ទាល់នូវព្រះរាជពិធីច្រត់ព្រះនង្គ័លប្រចាំឆ្នាំ។
ទាំងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គុណវឌ្ឍន៍ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ ក៏ប៉ុន្តែអតីតអគ្គនាយក ទូរទស្សន៍ជាតិកម្ពូជារូបនេះត្រូវបានដកស្រង់សម្ដីនៅលើគេហទំព័រព័ត៌មាន ថ្មីថ្មី កាលពីម្សិលមិញ ដោយនិយាយថា លោកបានវិលត្រឡប់មកកាន់ការងាររបស់ខ្លួននៅឯស្ថានីយនេះវិញហើយ ក្នុងឋានៈជាមន្ត្រីម្នាក់នៃក្រសួងព័ត៌មាន។
លោកបានឲ្យដឹងថា “ខ្ញុំអង្គុយធ្វើការនៅក្នុងស្ថានីយទូរទស្សន៍ជាតិកម្ពុជា ក្នុងឋានៈជាមន្ត្រីធម្មតាមួយរូបប៉ុណ្ណោះនៅឯក្រសួងព័ត៌មាន មិនមែនឋានៈជាអគ្គនាយកនោះឡើយ”។ លោកបានបន្ថែមថា ” ខ្ញុំគោរពតាមសេចក្ដីសម្រេចរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានដែលឲ្យខ្ញុំឈប់សម្រាករយៈពេលមួយសប្ដាហ៍ ហើយមិនដឹងអ្វីទៀតឡើយ”។
នៅលើគេហទំព័ររបស់លោក កាលពីថ្ងៃសុក្រ លោក គុណវឌ្ឍន៍ បានសុំឲ្យអ្នកយកព័ត៌មានឈប់សរសេរអំពីការលាលែងពីតំណែងរបស់លោកពីស្ថានីយទូរទស្សន៍នេះ។ លោកបានលើកឡើងថា ” ខ្ញុំសូមឲ្យអស់លោកឈប់និយាយអំពីខ្ញុំទៀតទៅ។ សូមមេត្តាកាសែត វិទ្យុ និងហ្វេសប៊ុកអាណិតខ្ញុំផង”។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មានបានមានប្រសាសន៍ថា លោកមិនភ្ញាក់ផ្អើលទេ ប្រសិនបើអតីតអគ្គនាយករូបនេះវិលមកកាន់តួនាទីរបស់ខ្លួនវិញនោះ។ លោកបានឲ្យដឹងថា ” កាលពីដំបូង ខ្ញុំមានមោទនភាពដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋមួយនេះអាចធ្វើជាគំរូ និងបង្ហាញដល់សាធារណជនថា ខ្លួនមានការទទួលខុសត្រូវ ក៏ដោយសារតែវាជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ប្រសិនបើគាត់វិលមកវិញ”។ លោកបានមានប្រសាសន៍ថា “កន្លងមក មន្ត្រីជាច្រើនត្រូវបានដកចេញពីតួនាទីរបស់ខ្លួន បន្ទាប់ពីប្រព្រឹត្តខុស ប៉ុន្តែមិនយូរប៉ុន្មានត្រូវបានតែងតាំងឡើងវិញឲ្យកាន់តួនាទីជាន់ខ្ពស់”៕ ប៊ុននី