28 C
Phnom Penh

អាជ្ញាធរ​បណ្តេញ​អ្នក​ភូមិ​រាប់​រយ​គ្រួសារ​ចេញ​ពី​ដី​របស់​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​វៀត​ណាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​ នគរ​បាល​និង​ទាហាន​ខេត្ត​មណ្ឌល​គិរី​បាន​បំផ្លាញ​ជម្រក​យ៉ាង​ហោច​ណាស់​៦០​ដែល​សាង​សង់​ដោយ​អ្នកភូមិ​​ដែល​បាន​ផ្លាស់​​មក​រស់​នៅ​លើ​ដី​ដែ​ល​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូវៀតណាម​​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​បាន​ចាប់​ខ្លួន​ប្ដីប្រពន្ធពីរ​នាក់​ដែល​តាម​ចោទ​ថា បាន​លួច​​​លក់​ដីមួយ​ចំនួន​ក្នុង​ចំណោម​ដី​របស់​គ្រួសារ​អ្នក​ភូមិ​​​​ទាំង​​​នោះ​​។

លោក វណ្ណ សារួន ដែល​ជម្រក​របស់​គាត់​ស្ថិត​ក្នុង​ចំណោម​ជម្រក​ដែល​ត្រូវ​បាន​បំផ្លាញ​កាលពីម្សិលមិញ បាន​និយាយ​ថា គ្រួសាររបស់គាត់គឺ​ជា​គ្រួសារ​មួយ​ក្នុង​ចំណោម​​អ្នក​ភូមិ​​ប្រហែល​៥០០​គ្រួសារ​ដែល​គ្មាន​ដីធ្លី​មកពី​ខេត្ត​នានា​ដែល​បាន​មក​តាំង​លំនៅ​ក្នុង​តំបន់​នេះ​កាលពី​ឆ្នាំ​២០១២។ គាត់​បាន​និយាយ​ថា ពួកគាត់​ត្រូវ​បាន​បណ្ដេញ​ចេញ​កាលពីចុង​ឆ្នាំ​នោះ ប៉ុន្តែ​ ពួកគាត់​ប្រហែល​៤០០​នាក់​បាន​ត្រឡប់​មកវិញ​កាលពី​ពីរ​បីសប្ដាហ៍​មុន​ ហើយ​បាន​សាងសង់​ជម្រក​ប្រហែល​១០០​។

គាត់​​បាន​និយាយ​ថា កាលពីម្សិលមិញ “នគរ​បាល​​ស្រុកនិង​ខេត្តជាង​១០០​នាក់​​បាន​បំផ្លាញ​ជម្រក​ទាំង​នេះ​។ ពួកគេ​បាន​បង្ខំ​ឲ្យ​ប្រជាជនចាក​ចេញពី​ដីនេះ​ ដែ​ល​អាជ្ញាធរ​អះអាង​ថា ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​វៀតណាម​សម្រាប់​ធ្វើ​ចម្ការ​កៅស៊ូ”។ លោក​ សារួន បាន​ទទួស​ស្គាល់​ថា ក្រុមអ្នកភូមិ​មិន​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​កាន់​កាប់​ដីនេះទេ ប៉ុន្តែ​បាន​អះអាង​ថា រដ្ឋាភិបាល​គួរ​គិត​ដល់​តម្រូវ​ការ​​​របស់​​​ពលរដ្ឋខ្មែរ​ក្រីក្រ​ និងអ្នក​គ្មាន​ដីធ្លី​ជា​ជាង​ផល​ប្រយោជន៍​ក្រុម​ហ៊ុន​បរទេស​។ គាត់​បាន​និយាយ​ថា ពួកគាត់​បាន​ស្នើសុំ​ដី​សម្បទាន​សង្គម​កិច្ច​ពី​អាជ្ញាធរ​ច្រើន​លើក​ច្រើន​សាមកហើយ ប៉ុន្តែ​មិន​ដែល​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ។

លោក ញ៉ែម វណ្ណី ស្នង​ការ​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍ថា ដីនេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​បា៉ស៊ីហ្វិក។ លោក​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​និ​ង​ទាហាន​គ្មាន​ជម្រើស​ក្រៅពី​បំផ្លាញ​ជម្រក​របស់​ពួកគាត់​ឡើយ ដែល​លោក​អះអាង​ថា មាន​ចំនួន​ប្រហែល​៦០​។

លោក​ វណ្ណី បាន​មាន​ប្រសាសន៍ថា ទោះជាយ៉ាង​ណា នៅ​​​តែ​​​អាច​មាន​ដី​សម្បទាន​សង្គម​កិច្ច​សម្រាប់​ពួកគាត់​។ លោក​បានមាន​ប្រសាសន៍ថា “អាជ្ញាធរ​នឹង​គិត​អំពី​ដី​សម្ប​ទាន​សង្គម​កិច្ច​សម្រាប់ពួកគាត់​ ប្រសិន​បើ​ពួកគាត់​ជា​គ្រួសារក្រីក្រ​​ពិត​ប្រាកដ ហើយពួកគាត់​មិនមាន​ដី​សម្រាប់​សាង​សង់​លំនៅដ្ឋានមែន​ ប៉ុន្តែ​អ្នកភូមិទាំង​នេះគឺ​ជា​គ្រួសារ​ថ្មី​មកពីខេត្ត​ដទៃ​ដែលដើរ​ស្វែង​រក​ដី​ ហើយ​ត្រូវ​បាន​បោកបញ្ឆោត​​​ដោយ​​​មេខ្លោង​”។

លោក វណ្ណី បាន​មាន​ប្រសាសន៍ថា មេខ្លោងគឺ​អ្នក​ស្រី​ រិទ្ធ វណ្ណី និងប្ដី​របស់​គាត់​ឈ្មោះ យុន យីម ដែល​ពួកគេ​បាន​ចាប់​ខ្លួន​នៅនឹង​កន្លែង​តែម្ដង​កាលពី​ម្សិលមិញ​ ដែល​តាម​ចោទ​ថា​បាន​​លក់​ដី​របស់​អ្នកភូមិ​ដោយ​ខុស​ច្បាប់តម្លៃ​៥០០​ដុល្លារ​ក្នុង​មួយក្បាលកាលពី​ឆ្នាំ​២០១២​។ លោក​បាន​មាន​ប្រសាសន៍ថា ប្ដីប្រពន្ធនេះ​បាន​បោកបញ្ឆោត​​​អ្នកភូមិ​ជាច្រើននាក់​ ហើយ​ថា តុលាការ​បាន​ចេញដីកា​ចាប់​ខ្លួន​តាំងពី​ពីរ​ឆ្នាំមុន​មក​ម្លេ៉ះ។

លោក សារួន ដែល​ជម្រក​របស់​គាត់​​ត្រូវ​បាន​បំផ្លាញ​កាលពីម្សិលមិញ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​លើ​ប្ដីប្រពន្ធ​នេះ ហើយ​បាន​ចាត់​​​ទុក​​វា​​​ថា ជា​លេស​ដើម្បីបណ្ដេញ​ពួកគាត់ចេញពីដី​​​នេះ៕ សារុន​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស