33 C
Phnom Penh

កសិករ​​​នៅ​​​ខេត្ត​​​ក្រចេះ​​​ត្រូវ​​​បានហាម​​​ឃាត់​​​មិន​​​ឲ្យ​​​ហែក្បួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ប្រហែល​​​២០​​០​​​នាក់​​​ដែល​​​ជាប់ពាក់ព័ន្ធ​​​ក្នុង​​​ជម្លោះ​​​ដីធ្លី​​​ជាមួយ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​​​​វៀតណាម​​​មួយ​​​នៅ​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ កាលពីម្សិលមិញ​​​ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ដើរ​​​ក្បួន​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ ដើម្បី​​​ប្រគល់​​​ញត្តិ​​​​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។

កសិករ​​​ដែល​​​ផ្ទះ​​​របស់​​​ពួកគាត់​​​នៅ​​​ក្នុង​​​ស្រុក​​​ស្នួល ត្រូវ​​​បាន​​​អាជ្ញាធរ​​​ដុត​​​កាលពី​​​ដើម​​​ខែ​​​នេះ​​​ បាន​​​និង​​​កំពុង​​​តែ​​​ស្នាក់​​​នៅ​​​ក្នុង​​​វត្ត​​​សាមគ្គីរង្សី ក្នុង​​​សង្កាត់​​​ស្ទឹង​​​មានជ័យ ជាយ​​​រាជធានីភ្នំពេញ។នៅពេល​​​ដែលពួកគាត់​​​ព្យាយាម​​​ចេញពី​​​វត្ត​​​ ពួកគាត់​​​ជួប​​​នគរ​​​បាល​​​ប្រឆាំង​​​កុបកម្ម​​​ប្រហែល​​​៤០​​​នាក់ និង​​​សន្តិសុខ​​​ខណ្ឌ​​​២០​​​នាក់​​​ ព្រមទាំង​​​លោក ហៀក ចាន់លាង អភិបាល​​​រង​​​ខណ្ឌមាន​​​ជ័យ។

លោក ចាន់លាង បានមាន​​​ប្រសាសន៍​​​ថា “ខណៈ​​​ដែល​​​ប្រទេស​​​របស់​​​យើង​​មាន​​​ការ​​​ស្ទះ​​​ចរាចរណ៍​​​ច្រើន​​​​ និង​​​ការ​​​រំខាន​​​ដល់​​​សណ្ដាប់​​​ធ្នាប់​​​សាធារណៈ​​​ យើង​​​មិន​​​អាច​​​អនុញ្ញាត​​​ឲ្យអ្នក​​​ទាំង​​​នេះ​​​ដើរ​​​ក្បួន​​​ឡើយ”។ លោក​​​បាន​បន្ថែម​​​ថា លោក​​​នឹង​​​នាំ​​​យក​​​ញត្តិ​​​ដែល​​​មាន​​​ការ​​​ទាមទារ​​​ប្រាំពីរ​​​ចំណុច​​​របស់​​​គ្រួសារ​​​ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញនេះ​​​ប្រគល់​​​ជូន​​​លោក ហ៊ុន សែន។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “នៅពេល​​​ខ្ញុំទទួល​​​បានព័ត៌មាន​​​ ខ្ញុំ​​​នឹង​​​ឆ្លើយ​​​តប​​​ទៅ​​​អស់​​​លោក​​​”។

ការ​​​ទាម​​​ទារ​​​មួយ​​​ក្នុង​​​ចំណោម​​​ការ​​​ទាម​​​ទារ​​​ប្រាំពីរ​​​ចំណុច​​​នេះគឺ​​​ថា គេ​​​ត្រូវ​​​ប្រគល់​​​ដី​​​ឲ្យ​កសិករ​វិញ។ លោក ងួន វិបុល តំណាង​​​ឲ្យ​​​អ្នក​​​ភូមិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រសិន​​​បើ​​​ការ​​​ទាម​​​ទារ​​​ទាំង​នេះ​​​មិន​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយទេនោះ អ្ន​​​ក​​​ភូមិ​​​នឹង​​​ដើរ​​​ក្បួន​​​ទៅ​​​កាន់​​​គេហដ្ឋាន​​​របស់​​​លោក​​​ ហ៊ុន សែន ដោយ​​​មិន​​​ខ្វល់​​​នឹង​​​វត្តមាន​​​នគរ​​​បាល​​​ឡើយ។ លោក វិបុល បាន​​​ឲ្យ​​​ដឹង​​​ថា  “ពួកគេ​​​បាន​​​បំផ្លាញ​​​ផ្ទះ​​​ និង​​​​ផល​ដំណាំ​​​របស់​​​យើង​​​។ យើង​​​ទុក​​​ពេល​​​ឲ្យ​​​ពួក​​​គេ​​​ប្រាំ​​​ថ្ងៃ​​​ ហើយ​​​ប្រសិន​​​បើ​​​គ្មាន​​​ការ​​​ឆ្លើយ​​​តប​​​ទេ​​​នោះ យើង​​​នឹង​​​ដើរ​​​ក្បួន​​​ទៅកាន់​​​គេហដ្ឋាន​​​របស់​​​លោក​​​នាយករដ្ឋមន្ត្រី”៕ ប៊ុននី​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស