ដោយក្រុមហ៊ុនស៊ីនទ្រី ដែលជាក្រុមហ៊ុនគ្រប់គ្រងការប្រមូលសំរាមក្នុងរាជធានីមិនបានដោះស្រាយបញ្ហាប្រមូលសំរាមដែលកាន់តែគរឡើងយ៉ាងខ្លាំងមិនដែលមានពីមុនមកក្នុងរាជធានីភ្នំពេញប្រកបដោយប្រសិទ្ធភាពនោះ សាលារាជធានីបានឲ្យដឹងកាលពីម្សិលមិញថា ខ្លួនកំពុងតែស្វែងរកក្រុមហ៊ុនថ្មីមួយដើម្បីឲ្យធ្វើជាដៃគូជាមួយក្រុមហ៊ុនកាណាដាដ៏ចម្រូងចម្រាសនេះ មុនពេលបញ្ហាសំរាមក្លាយជាបញ្ហាពិបាកដោះស្រាយ។
ក្នុងឆ្នាំ២០០២ក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី ទទួលបានកិច្ចសន្យារយៈពេល៥០ឆ្នាំ ដែលផ្ដល់សិទ្ធិផ្តាច់មុខក្នុងការសម្អាតក្នុងរាជធានីភ្នំពេញ ក៏ប៉ុន្តែចាប់តាំងពីនោះមក ក្រុមហ៊ុននេះត្រូវបានរិះគន់ខ្លាំងៗថា មិនមានការទទួលខុសត្រូវ បើទោះជាមានការព្រមានជាផ្លូវការផ្សេងៗ និងសូម្បីតែគម្រោងដំឡើងផ្កាយរណបសាកលថ្មីមួយ និងគម្រោងចង្អុលផែនទីតាមប្រព័ន្ធឌីជីថល ដើម្បីជួយក្រុមហ៊ុននេះដៅចំណុចចោលសំរាមក៏ដោយ។
លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ត្រូវបានដកស្រង់សម្ដីនៅលើគេហទំព័ររបស់សាលារាជធានីកាលពីម្សិលមិញថា “ក្រុមហ៊ុនស៊ីនទ្រី ទំនងជាខ្វះសមត្ថភាពក្នុងការប្រមូលនិងការគ្រប់គ្រងសំរាមឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាសំរាម សាលារាជធានីភ្នំពេញចង់បានក្រុមហ៊ុនពីរសហការគ្នាដើម្បីធ្វើឲ្យការប្រមូល និងគ្រប់គ្រងបញ្ហាសំរាមក្នុងរាជធានីប្រសើរឡើង”។
លោក អូននី បានលើកឡើងក្នុងសារនេះថា សាលារាជធានីកំពុងស្វែងរកក្រុមហ៊ុនដែលមានបទពិសោធន៍ក្នុងការគ្រប់គ្រងសំរាម ជាពិសេសក្រុមហ៊ុនដែលមានជំនាញខាងបែងចែកនិងកែច្នៃសំរាម មុនពេលសំរាមត្រូវបានចោលនៅទីចាក់សំរាម ។ លោកបានមានប្រសាសន៍ថា ទីចោលសំរាមក្នុងខណ្ឌដង្កោអាចពេញនៅឆ្នាំក្រោយ ហើយទីចាក់សំរាមថ្មីមួយនឹងត្រូវបង្កើតឡើង។
គេហទំព័ររបស់សាលារាជធានីបានរាយការណ៍ថា ក្រុមមន្ត្រីបានជួបជាមួយតំណាងរបស់ក្រុមហ៊ុនជប៉ុនមួយឈ្មោះ KouaCorporation រួចហើយ និងបានដកស្រង់សម្ដីរបស់នាយកក្រុមហ៊ុនឈ្មោះ យូស៊ូកិ អូគំ (YusukeOkum) ដោយលើកឡើងថា ក្រុមហ៊ុននេះបានធ្វើការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនហៅកាត់ថា JICA នៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ២០០៣មក។
គ្មានកំណត់ត្រាអំពីឈ្មោះក្រុមហ៊ុននេះតាមអុីនធើណិតទេ ប៉ុន្តែក្រុមហ៊ុនគ្រប់គ្រងសំរាមជប៉ុនមួយឈ្មោះ Kao Group បានសហការជាមួយនឹង JICA។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុននេះ បានឲ្យដឹងថា ខ្លួនមានជំនាញខាងកែច្នៃសំរាម និងប្រើប្រាស់ឡើងវិញដើម្បីកាត់បន្ថយចំនួនទីចាក់សំរាមចុងក្រោយ ថយចុះមកជិតដល់ចំណុចសូន្យតាមដែលអាចធ្វើទៅបាន។
កាលពីម្សិលមិញ លោកស្រី សេង សូឡាឌី មន្ត្រីកម្មវិធីផ្នែកទំនាក់ទំនងសាធារណៈនិងកិច្ចការបណ្ដុះបណ្ដាលរបស់ JICA បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីឈ្មោះក្រុមហ៊ុននេះ និងថា តើអង្គការរបស់លោកស្រីពាក់ព័ន្ធក្នុងការចរចាដែរឬអត់នោះទេ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍កាលពីម្សិលមិញដែរថា ព័ត៌មានអំពីការប្រមូលសំរាមដែលបង្ហោះនៅលើវិបសាយសាលារាជធានី គឺមានកំហុសឆ្គង។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ក្រុមហ៊ុនស៊ីនទ្រី បានទទួលសិទ្ធិផ្ដាច់មុខក្នុងការប្រមូលសំរាមក្នុងរាជធានី។
លោកបានបន្ថែមថា “តាមពិតគឺថា សាលារាជធានីភ្នំពេញកំពុងតែស្វែងរកក្រុមហ៊ុនឯកជនដែលចាប់អារម្មណ៍ធ្វើការជាមួយយើងក្នុងការគ្រប់គ្រងសំរាមនៅឯទីចាក់សំរាម។ មានន័យថា យើងត្រូវការដៃគូមួយសម្រាប់កម្មវិធីកែច្នៃសំរាម មិនមែនសហការជាមួយក្រុមហ៊ុនស៊ីនទ្រី ក្នុងការប្រមូលសំរាមឡើយ”។ លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនមួយចំនួនដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យសម្រាប់គម្រោងកែច្នៃសំរាមមានដូចជាមកពីប្រទេសបារាំង ម៉ាឡេស៊ី វៀតណាម និងជប៉ុន។
លោក ឌីម៉ង់ បានបន្ថែមថា ក្រុមហ៊ុនស៊ីនទ្រី នឹងនៅតែរងការដាក់សម្ពាធនៅឡើយដើម្បីធ្វើឲ្យសេវារបស់ខ្លួនប្រសើរឡើង ជាពិសេសបង្កើនចំនួនរថយន្តដែលមិនគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងចំនួនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនៅពេលនេះ៕ ប៊ុននី