អ្នកជំនាញច្បាប់បានលើកឡើងកាលពីម្សិលមិញថា ច្បាប់ចំនួនបីទាក់ទងប្រព័ន្ធតុលាការដែលត្រូវបានអនុម័តដោយរដ្ឋសភាឯកបក្សកាលពីថ្ងៃព្រ ហស្បតិ៍ និងថ្ងៃសុក្រ និងដែលមានបំណងធ្វើឲ្យប្រព័ន្ធតុលាការឯករាជ្យនិងមានការទទួលខុសត្រូវថែមទៀតនោះ គឺគ្រាន់តែធ្វើឲ្យស្របច្បាប់ដល់ការអនុវត្តនៅក្នុងប្រព័ន្ធតុលាការដែលមានបញ្ហាច្រើននិងអំពើពុករលួយដែលបានចាក់ឫសយ៉ាងជ្រៅរួចទៅហើយប៉ុណ្ណោះ។
ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័នតុលាការ និងច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ត្រូវបានបញ្ជូនទៅព្រឹទ្ធសភាហើយកាលពីសប្ដាហ៍មុន។
ប្រសិនបើត្រូវបានអនុម័តដោយព្រឹទ្ធសភាដែលមានសមាជិកភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជាដូចការរំពឹងទុកមែននោះ ច្បាប់ទាំងនេះនឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ និងចុងក្រោយថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ដើម្បីឡាយព្រះហស្តលេខាឲ្យក្លាយជាច្បាប់។
លោក សុក សំអឿន មេធាវីដ៏ឆ្នើមមួយរូបបានមានប្រសាសន៍ថា ការអនុម័តច្បាប់ដែលមិនអាចចៀសរួចនេះអាចធ្វើឲ្យការប្រព្រឹត្តទៅនៃប្រព័ន្ធតុលាការកាន់តែធ្ងន់ធ្ងរថែមទៀត។ លោកបានមានប្រសាសន៍ថា “ប្រព័ន្ធតុលាការនឹងមិនផ្លាស់ប្ដូរទេ ហើយស្ថាប័នទាំងអស់គឺនៅដដែល”។
លោក សុក សំអឿន បានបន្ថែមថា “ច្បាប់នេះគ្រាន់តែធ្វើឲ្យការអនុវត្តបច្ចុប្បន្នស្របច្បាប់តែប៉ុណ្ណោះ។ ពីមុន មិនមានច្បាប់ទេ ដូច្នេះ…ឥឡូវនេះ ច្បាប់នេះធ្វើឲ្យអ្វីដែលពួកគេអនុវត្តនិងអ្វីដែលពួកគេធ្វើឲ្យស្របច្បាប់តែប៉ុណ្ណោះ”។
សេចក្ដីព្រាងច្បាប់ទាំងនេះត្រូវបានរិះគន់រួចហើយចំពោះការមិនបានហាមឃាត់មិនឲ្យមានការជាប់ពាក់ព័ន្ធនយោបាយ និងធ្វើឲ្យលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានអំណាចលើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ដោយគាំទ្រការលើកឡើងរបស់លោក សុក សំអឿន គណៈកម្មការក្រុមអ្នកច្បាប់អន្តរជាតិ មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា និងអង្គការសិទ្ធិមនុស្សដទៃទៀត កាលពីម្សិលមិញក៏បានព្រមាននៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ច្បាប់ទាំងនេះនឹង “ពង្រឹងការត្រួតត្រាដែលមានស្រាប់[របស់រដ្ឋាភិបាល]ទៅលើចៅក្រម និងព្រះរាជអាជ្ញានៅក្នុងប្រទេស គំរាមកំហែងធ្ងន់ធ្ងរចំពោះនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា”។
លោក ឃីងស្លី អាបបត់ ទីប្រឹក្សាច្បាប់អន្តរជាតិនៅគណៈកម្មការក្រុមអ្នកច្បាប់អន្តរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ទាំងនេះមានមាត្រាល្អៗមួយចំនួនដើម្បីធានាឲ្យមានឯករាជភាពរបស់ចៅក្រម និងព្រះរាជអាជ្ញាស្របតាមរដ្ឋធម្មនុញ្ញ និងស្នើឲ្យចៅក្រមបំពេញការងារឯករាជ្យពីសម្ពាធ ការគំរាមកំហែង ឬការបំភិតបំភ័យពីនយោបាយ ។
ទោះជាយ៉ាងណា លោក អាបបត់ បានលើកឡើងតាមអុីម៉េលថា ការដាក់ឲ្យចៅក្រមនិងព្រះរាជអាជ្ញាស្ថិតនៅក្រោមស្ថាប័ននីតិប្រតិបត្តិទាំងស្រុង ដែលជាការបំពានបទដ្ឋានអន្តរជាតិនោះ គឺជាការគួរឲ្យបារម្ភណាស់”។ លោកបានបន្ថែមថា “យើងក៏មានការព្រួយបារម្ភដែរដោយសាររដ្ឋសភាដែលមានតែសមាជិកគណបក្សប្រជាជនកម្ពុជាបានសម្រេចអនុម័តច្បាប់ទាំងនេះដោយគ្មានការពិភាក្សាដេញដោល ព្រមទាំងបដិសេធមិនឲ្យមានការផ្តល់យោបល់ពីអង្គការសង្គមស៊ីវិល និងអ្នកជាប់ពាក់ព័ន្ធផ្សេងៗទៀតឡើយ ហេតុដូច្នេះហើយបានជាយើងស្នើឲ្យព្រឹទ្ធសភាពន្យារពេលអនុម័តច្បាប់ទាំងនេះ និងឲ្យមានការពិគ្រោះយោបល់ជាសាធារណៈ”។
ទោះជាយ៉ាងណា លោក សំ ប្រជាមានិត ប្រធានខុទ្ទកាល័យក្រសួងយុត្តិធម៌ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា ច្បាប់ទាំងនេះនឹងធានាឲ្យមានប្រព័ន្ធតុលាការ “ល្អឥតខ្ចោះ”។ លោកបានមានប្រសាសន៍ថា “ច្បាប់ទាំងនេះនឹងធ្វើឲ្យប្រព័ន្ធតុលាការល្អឥតខ្ចោះនិងប្រសើរជាងមុន ដូច្នេះប្រព័ន្ធតុលាការនឹងដំណើរការតាមវិធីល្អមួយជាមួយនឹងកំណែទម្រង់ស៊ីជម្រៅនេះ”។
កាលពីថ្ងៃអាទិត្យ លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបាននិយាយការពារការអនុម័តច្បាប់ទាំងនេះតាមរយៈសភា បើទោះណាជាសមាជិកសភាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិបន្តធ្វើពហិការក៏ដោយ។លោក ជាម យៀប បានមានប្រសាសន៍ថា “គ្មាននរណាម្នាក់មានចំណេះដឹងជាងរដ្ឋសភាទេ។ រដ្ឋសភារបស់យើង គឺជាសភាពិតប្រាកដ និងស្របច្បាប់ ដូច្នេះមិនចាំបាច់មានការពិភាក្សាដេញដោលច្រើនទេ”។
ម្យា៉ងវិញទៀត គណបក្សសង្គ្រោះជាតិបានដើរតួនាទីអសកម្មប្រឆាំងពីខាងក្រៅអំឡុងកិច្ចពិភាក្សាដេញដោលអំពីច្បាប់ទាំងនេះ ជាជំហរដែលលោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា ត្រូវបានកំណត់ដោយមេដឹកនាំគណបក្សប្រឆាំង។ លោកបានមានប្រសាសន៍ថា “និយាយតាមត្រង់ ដោយសារយើងមិនបានចូលសភាគណបក្សមិនមានការចាប់អារម្មណ៍ ឬមិនបានពិនិត្យមើលសេចក្ដីព្រាងច្បាប់ទាំងនេះឲ្យបានល្អិតល្អន់ឡើយ”។
លោក សុន ឆ័យ បានមានប្រសាសន៍ថា លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំ គណបក្សសង្គ្រោះជាតិបានផ្ដោតការយកចិត្តទុកទៅលើកន្លែងផ្សេងវិញ ហើយទន្ទឹមនឹងនេះដែរ សមាជិកសភាស្ថិតនៅគ្រប់ទីកន្លែង។ លោកបានមានប្រសាសន៍ថា “ក្នុងនាមជាគណបក្ស យើងគួរតែមានសមាជិកសភាជាប់ឆ្នោតរបស់យើងធ្វើការលើរឿងនេះ ប៉ុន្តែខ្ញុំមិនទទួលបន្ទុកសមាជិកសភាជាប់ឆ្នោតទាំងនោះឡើយ។ ខ្ញុំគិតថា អ្នកនយោបាយមួយចំនួនរង់ចាំការបញ្ជាពីថ្នាក់ដឹកនាំ។ ប៉ុន្តែយើងត្រូវធ្វើអ្វីដែលមេដឹកនាំគណបក្សចង់ឲ្យយើងធ្វើ។ វាមិនមែនជាការងាយស្រួលសម្រាប់យើងឡើយ”៕ សារុន