41.3 C
Phnom Penh

ព្រះ​​​បរម​​​អដ្ឋិធាតុសម្តេច​​​ឪ​​​នឹង​​​ត្រូវ​​​តម្កល់​​​ជាមួយ​​​ព្រះ​​​អដ្ឋិធាតុ​​​នៃ​​​បុត្រី​​​​​​ព្រះ​​​អង្គ​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ​​​ មាន​​​ការ​​​ពិភាក្សា​​​អំពី​​​ការ​​​​​​រៀប​​​ចំ​​​គម្រោង​​​តម្កល់​​​ព្រះ​​​អដ្ឋិ​​​ធាតុ​​​នៃ​​​​​​ព្រះ​​​បរម​​​រតន​​​កោដ្ឋ​​​សម្តេ​ច​​ឪ នរោត្តម​​​​​​​​​ សីហនុ នៅ​​​ក្នុង​​​​​​បរិវេណ​​​ប្រាសាទ​​​ព្រះកែវ​​​មរកត​​​ ក្នុង​​​​​​​​​ព្រះ​​​បរម​​​រាជ​​​វាំង ​​​ដែល​​​ខុស​​​​​​ទំនៀម​​​​​​ទម្លាប់​​​បុរាណ​​​​​​ ដោយ​​​សារ​​​តែ​​​​​​ព្រះ​​​​​​ប​​​រម​​​អដិ្ឋ​​​ធាតុ​​​​​​នៃ​​​ព្រះ​​​មហាក្សត្រ​​​មុន​​​ៗ​​​ត្រូវ​​​បាន​​​តម្កល់​​​ក្នុង​​​ព្រះ​​​ចេតិយ​​​មួយ​​​លើកំពូល​​​ភ្នំ​​​ឧដុង្គ។

មន្ត្រី​​​ព្រះ​​​បរមរាជ​​​វាំង​​​ និង​​​មន្ត្រី​​​រដ្ឋាភិបាល​​​បាន​​​ជួប​​​ប្រជុំ​​​នៅ​​​ឯ​​​សាល​​​សន្និសីទ​​​ចតុ​​​មុខ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​ការ​​​ដង្ហែ​​​ព្រះ​​​ប​​​រម​​​អដ្ឋិធាតុ​​​សម្តេច​​​ឪ​​​ ដែល​​​បាន​​​​​​ចូល​​​ទិវង្គត​​​ក្នុង​​​ក្រុង​​​ប៉េកាំង​​​ នា​​​ខែ​​​តុលា​​​ ឆ្នាំ​​​២០១២​​​ និង​​​ដែល​​​ត្រូវ​​​បាន​​​ថ្វាយ​​​ព្រះភ្លើង​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​​​​នាខែ​​​កុម្ភៈ ឆ្នាំ​​​២០១៣​​​។

​​​ក្រោយ​​​​​​ពី​​​កិច្ច​​​ប្រជុំ​​​ដែល​​​មា​​​ន​​​ការ​​​ចូល​​​រួម​​​ពី​​​សំណាក់​​​ឧប​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ សុខ​​​ អាន ​​​ឧប​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ម៉ែន សំអន និង​​​ឧប​​​នាយក​​​រដ្ឋ​​​មន្ត្រី យឹម ឆៃលី លោក​​​ គង់​​​ សំអុល រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពិ​​​ធី​​​ដង្ហែ​​​ព្រះ​​​បរម​​​អដ្ឋិ​​​ធាតុ​​​នៃ​​​ព្រះ​​​បរម​​​រតន​​​កោដ្ឋ​​​​​​ទៅ​​​តម្កល់​​​ក្នុង​​​ព្រះ​​ចេតិយ​​​នៃ​​​​​​បរិវេណ​​​ប្រាសាទ​​​ព្រះ​​​កែវ​​​មរកត ​​​នឹង​​​ធ្វើ​​​ឡើង​​​​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ គឺ​​ថ្ងៃ​​​ទី​​​១០ ទី​​​១១ និង​​​ទី​​​១២​​​ ខែ​​​កក្កដា​​​។ [សម្តេច​​​ឪ] បាន​​​មាន​​​ព្រះ​​​រាជ​​​បន្ទូល​​​ថា បន្ទាប់​​​ពី​​​ព្រះ​​​បរម​​​អដ្ឋិធាតុ​​​របស់​​​ព្រះ​​​អង្គ​​​ត្រូវ​​​បាន​​​តម្កល់​​​​​ក្នុង​​​ព្រះ​​​បរមរាជ​​​វាំង​​​ ព្រះ​​​អង្គ​​​បាន​​​ស្នើ​​​ឲ្យ​​​ពួក​​​យើង​​​ដង្ហែ​​​ព្រះ​​​បរម​​​អដ្ឋិ​​​ធាតុ​​​​​​របស់​​​ព្រះ​​​អង្គ​​​​​ទៅ​​​កម្កល់​​​ក្នុង​​​ព្រះ​​​ចេតិយ​​​មួយ​​​ក្នុង​​​បរិវេណ​​​ប្រាសាទ​​​ព្រះកែវ​​​មរកត​​​”។

នៅ​​​ថ្ងៃ​​​ទី​​​១​​​នៃ​​​ព្រះ​​​រាជ​​​ពិធី​​​រយៈ​​​ពេល​​​បីថ្ងៃ​​​នេះ​​​ ព្រះ​​​សង្ឃ​​​នឹង​​​និមន្ត​​​​​​ប្រទាន​​​ធម៌​​​ប្រោះ​​​ព្រំ​​​និង​​​ទទួល​​​ចង្ហាន់​​​បិណ្ឌ​​​បាត​​​។ នៅ​​​ថ្ងៃ​​​ទី​​​២​​​ ព្រះ​​​អដ្ឋិធាតុ​​​នឹង​​​ត្រូវ​​​ដង្ហែ​​​តាម​​​​​​បណ្តោយ​​​មហាវិថី​​​ព្រះ​​​នរោត្តម មហាវិថី​​​ ព្រះសីហនុ និង​​​មហាវិថីសុធារស។​​​ នៅ​​​ថ្ងៃ​​​ទី​​​៣ គឺ​​​ជាថ្ងៃ​​​តម្កល់​​​ព្រះ​​​បរម​​​អដ្ឋិធាតុ​​​ នេះ​​​បើ​​​​​​យោង​​​តាម​​​ប្រសាសន៍​​​របស់​​​លោក​​​ គង់ សំអុល​​​ ។

លោក គង់ សំអុល បានមាន​​​ប្រសាសន៍​​​ទៀត​​​ថា សម្តេច​​​ឪ​​​ នរោត្តម សីហនុ បាន​​​ប្តេជ្ញា​​​ព្រះ​​​ទ័យ​​​ដោយ​​​រំឭក​​​ដាស់​​​តឿន​​​លោក “ពីរ​​​បី​​​ដង​​​” ថា ត្រូវ​​​យក​​​ព្រះ​​​អដ្ឋិធាតុ​​​ព្រះ​​​អង្គ​​​ទៅ​​​តម្កល់​​​ក្នុង​​​ព្រះ​​​ចេតិយ​​​ក្នុ​​​ងបរិវេណ​​​ប្រាសាទ​​ព្រះ​​​កែវ​​​មរកត​​​ ជាមួយ​​​ព្រះ​​​អដ្ឋិធាតុ​​​​​​នៃ​​​ព្រះ​​​បុត្រី​​​ គន្ធ​​​បុប្ផា ដែល​​​បាន​​​ចូល​​​ទិ​​​វង្គត​​​ដោយ​​​សារ​​​​​​មហារីក​​​ឈាម​​​ក្នុង​​​​​​ព្រះ​​​ជន្ម​​​៤ព្រះវស្សា ក្នុង​​​ឆ្នាំ​​​១៩៥២​​​។​​​ លោក​​​បានមាន​​​ប្រសាសន៍​​​ទៀត​​​ថា “ព្រះ​​​បរម​​​រតន​​​កោដ្ឋ​​​បាន​​​កសាង​​​ព្រះ​​​ចេតិយ​​​នេះ​​​កាល​​​ពី​​​ប្រហែល​​​៥០​​​ឆ្នាំ​​​មុន​​​ ហើយ​​​ព្រះ​​​ចេតិយ​​​នេះ​​​មាន​​​ចំណាស់​​​ណាស់​​​ទៅ​​​ហើយ ដូច្នេះ​​​យើង​​​កំពុង​​​តែ​​​ជួស​​​ជុល​​​ ហើយ​​​ការ​​​ងារ​​​ជួស​​​ជុល​​​នឹង​​​ចប់​​​រួច​​​រាល់​​​ក្នុង​​​រយៈ​​​ពេល​​​ប្រហែល​​​មួយ​​​​​ខែ​​​”។

តាម​​​ទំនៀម​​​ទម្លាប់​​​បុរាណ​​​ ​​​ព្រះ​​​បរម​​​អដ្ឋិ​​​ធាតុ​​​នៃ​​​ព្រះ​​​មហា​​​ក្សត្រ​​​ត្រូវ​​​បាន​​​បែង​​​ចែក​​​ជា​​​​​​ចំណែក​​​ គឺ​​​​​​មួយចំណែក​​​តម្កល់​​​នៅ​​​លើ​​​កំពូល​​​ភ្នំ​​​ឧដុង្គ​​​ និង​​​មួយ​​​ចំណែក​​​ទៀត​​​តម្កល់​​​ក្នុង​​​ព្រះ​​​​​​បរម​​​រាជ​​​វាំង ​​​ព្រម​​​ទាំង​​​នៅ​​​ក្នុង​​​​​​ប្រាសាទ​​​ព្រះកែវ​​​មរកត​​​ផង​​​ដែរ។ ប៉ុន្តែ កាល​​​ពី​​​ឆ្នាំ​​​មុន​​​ព្រះ​​​សារី​​​រិកធាតុ​​​នៃ​​​ព្រះ​​​ពុទ្ធ​​​ជា​​​ម្ចាស់​​​ត្រូវ​​​បាន​​​ចោ​​​រ​​​លួច​​​ពី​​​​​​ភ្នំ​​​ឧដុង្គ​​​រួម​​​ជាមួ​​​យ​​​នឹង​​​​​​ព្រះ​​​អដិ្ឋ​​​ធាតុ​​​​​​នៃ​​​ព្រះ​​​មហា​​​ក្សត្រ​​​មុន​​​ៗ​​​ផង​​​ដែរ​​​។

កាល​​​ពី​​​ម្សិលមិញ​​​ លោក គង់​​​ សំអុល ក៏​​​បាន​​​មាន​​​ប្រសាសន៍​​ដែរ​​​ថា លោក​​​សង្ឃឹម​​​ថា អាជ្ញាធរ​​​​​​រាជធានី​​​ភ្នំពេញ​​​នឹង​​​រារាំង​​​កុំ​​​ឲ្យ​​​មាន​​​អ្នក​​​រំខាន​​​ពិធី​​​នេះ​​​។ ​​​លោក​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​ដែល​​​នឹង​​​រំខាន​​​ដល់​​​ពិធី​​​នេះ​​​មិន​​​មែន​​​មាន​​​ត្រឹម​​​តែ​​​តំណាង​​​រាស្ត្រ​​​ទាំង​​​៥៥​​​រូប​​​នៃ​​​គណបក្ស​​​​ប្រឆាំ​​​ង​​​ប៉ុណ្ណោះ​​​ទេ ក៏​​​នឹង​​​មាន​​​​​​​​​ព្រះ​​​សង្ឃ​​​ឯករាជ្យ​​​​​​ និង​​​ប្រជាពល​​​រដ្ឋ​​​ដែល​​​មាន​​​វិវាទ​​​ដីធ្លីផងដែរ​​​ ដូច្នេះ​​​យើង​​​ចង់​​​ឲ្យ​​​អាជ្ញាធរ​​​រាជ​​​ធានី​​​ភ្នំពេញ​​​មេត្តា​​​គិត​​​អំពី​​​បញ្ហា​​​នេះ​​​”។

លោក​​​ សុខ អាន បាន​​​គូស​​បញ្ជាក់​​​ថា តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ទាំង​​​៥៥​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ធ្វើ​​​ព្រងើយ​​​ចំពោះ​​​ការ​​អញ្ជើញ​​​ឲ្យ​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​សម្ពោធ​​​ព្រះ​​​បរម​​​រូប​​​​​​សម្តេច​​​ឪក្នុង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។

ជាក់​​​ស្តែង​​​នៅ​​​ក្នុង​​​ករណី​​​នោះ ​​​អាជ្ញាធរ​​​​​​បាន​​​តម្រូវ​​​ឲ្យ​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ទាំង​​​៥៥​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ស្លៀក​​​សម្លៀក​​​បំ​​​ពាក់​​​​​​តំណាង​​​រាស្ត្រ​​​​​​ ហើយ​​​ដើម្បី​​​ទទួល​​​បាន​​​​​​សម្លៀ​​​ក​​​បំពាក់​​​តំណាង​​​រាស្ត្រ​​​ លុះត្រាតែ​​​ពួកគាត់​​​បញ្ចប់​​​​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូ​​​ល​​​សភា​​​របស់​​​ខ្លួន​​​នៅ​​​ពេល​​​នោះ​​​។

លោក សុខ អាន​​​ បានមាន​​​ប្រសាសន៍​​​ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​​​​​​​នេះ​​​ថា “​​​តាម​​​​​​បទ​​​ពិ​​​សោធ​​​​​​​​​​​​របស់​​​យើង​​​ យើង​​​គួរ​​​តែ​​​អញ្ជើញ​​​ពួក​​​គាត់​​​ [​​​ ឲ្យ​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​នា​​​​​​ខែ​​​កក្កដានេះ​​​]​​​ ប៉ុន្តែយើង​​​​​​ស្នើ​​​សុំ​​​ឲ្យ​​ពួក​​​គាត់​​​ មេត្តា​​​កុំ​​​​​​បង្ក​​​​​​ចលាចល​​​​​​ដូច​​​នេះ​​​ម្តង​​​ទៀត​​​”។

លោក​​​ ឃួង ស្រេង អភិបាល​​​រង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ដែល​​​​​​នឹង​​​ត្រូវ​​​​​អញ្ជើញ​​​ចូ​ល​​​រួម​​​ក្នុង​​​ពិធី​​​នេះ​​​មាន​​​ប្រហែល​​​៣.០០០នាក់​​​ ហើយ​​​បាន​​​ជំរុញ​​​ឲ្យ​​​អ្នក​​​ដែល​​​មាន​​​គម្រោង​​​ចូល​​​រួម ​​​ទុក​​​រឿង​​​នយោបាយ​​​មួយ​​​ឡែក​​​។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “សូម​​​គណបក្ស​​​ទាំង​​​អស់​​​ មេត្តា​​​រក្សា​​​ភាព​​​ស្ងៀ​​​ម​​​ស្ងាត់​​​ដើម្បី​​​ព្រះរាជ​​​ពិធី​​​នេះ​​​”៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស