27 C
Phnom Penh

ការនាំចេញ​ដំឡូងមី​ធ្លាក់​ចុះ​​២៤លាន​ដុល្លារ​ក្នុង​រយៈពេល​បួន​ខែ​ដំបូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​តួលេខ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​​កាល​ពីម្សិល​មិញ​បាន​ឲ្យ​ដឹងថា ​ការ​នាំ​ចេញ​​ដំឡូងមី​​បាន​ធ្លាក់​ចុះ​ប្រហែល​​២៤លាន​ដុល្លារ​ អំឡុង​​រយៈពេល​បួន​​ខែ​ដំបូង​​នៃឆ្នាំ​​២០១៤​បើ​ធៀបនឹង​​​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំមុន​។

តួលេខ​នេះបង្ហាញថា ​ចាប់តាំង​ពីខែមករា​ដល់​ខែមេសា​​ឆ្នាំនេះ ប្រទេស​កម្ពុជា​​បាន​នាំ​ចេញ​​ដំឡូង​មី​​២០៣.​៩៣៤តោន​ ​មានតម្លៃ​​ប្រហែល​១៣​លាន​ដុល្លារ​។ ​នៅក្នុងរយៈពេល​ដូច​គ្នា​កាលពីឆ្នាំមុន ​ដំឡូងមី​​២៧៣.៤១៥តោន​ គឺប្រហែល​៣៨លាន​ដុល្លារ​​ ត្រូវបាន​​នាំចេញ។

លោក រុន សុផាន់ណារ៉ា ​ប្រធាន​ការិយាល័យក្សេត្រ​សាស្ត្រ​ខេត្តបន្ទាយមាន​​ជ័យ​​បាន​មាន​ប្រសាសន៍ថា ​​ទឹកជំនន់​ដែល​ក្នុងខែ​​តុលាឆ្នាំ​​២០១៣​ ​នាំឲ្យមានការ​ថយចុះ​​​ដ៏ច្រើននេះ​។ ​លោកបានមាន​ប្រសាសន៍ថា “ការ​នាំចេញ​​ដំ​ឡូង​មី​​បាន​ធ្លាក់ចុះ​​​​នៅដើមឆ្នាំ​​នេះ ដោយ​សារ​ទឹក​​ជំនន់​​បានកើត​ឡើង​​កាល​​ពី​ខែ​​តុលា ​​ធ្វើ​ឲ្យ​​ប៉ះ​​ពាល់​ដល់​​​ចម្ការ​ដំឡូង​​​”។

លោក សុផាន់ណារ៉ា ​បាន​បន្ថែមថា ​កសិករ​នៅក្នុង​​​ខេត្តបន្ទាយមាន​ជ័យ​ ​​ជាទី​​ដែល​​មាន​ការ​ដាំដុះ​ដំឡូង​មី​​ច្រើន​ក្នុងប្រទេស​កម្ពុជា​​ ពេលនេះ​​បាន​ចាប់​ផ្តើម​ព្រួយ​បារម្ភ​​អំ​ពីការ​ប្រមូល​ផល​ដំឡូងមី​​នៅ​ឆ្នាំនេះ ​​ព្រោះ​​តែ​​ភ្លៀង​​ធ្លាក់​ខ្លាំងបន្ត​ធ្វើ​ឲ្យ​ប៉ះពាល់​ផលដំណាំ​របស់​ពួកគាត់។ លោកបានមានប្រសាសន៍ថា “យើង​មិនដឹងថា​ ​​យើង​អាច​​ប្រមូល​ផល​បាន​ដំឡូងមីចំនួន​ប៉ុន្មានទេ​​នៅ​ឆ្នាំនេះ​​​”។

​លោក ជួយ តាវ ​ជាកសិករ​នៅក្នុងស្រុក​ថ្មពួក​ ខេត្តបន្ទាយមាន​​ជ័យ​ បានមាន​ប្រសាសន៍​ថា លោក​បាន​លក់​ដំឡូងមី​ស្ងួត​​តម្លៃ​​ប្រហែល​៦៥៧រៀល​(ប្រហែល​0,១៦​​ដុល្លារ) ក្នុង​មួយ​គីឡូក្រាម​​កាល​ពីម្សិលមិញ​ ​ធ្លាក់​ថ្លៃ​ពី​ប្រហែល​៧៦៧រៀល ​(ប្រហែល​០,១៩ដុល្លារ)​ ក្នុង​មួយ​​គីឡូក្រាម​​កាល​ពីឆ្នាំមុន។ លោក តាវ ​បានមាន​ប្រសាសន៍ថា “យើងគ្មាន​ទីផ្សារ​​ផ្ទាល់​​របស់​យើងទេ​។វាអាស្រ័យ​លើ​​​​ឈ្មួញ​​កណ្តាល​​កំណត់​ថ្លៃ​ឲ្យយើង​​​”។

លោក តាវ ​បាន​ឲ្យដឹងថា លោកបាន​​​​សង្កេត​​ឃើញ​មាន​ការ​​ធ្លាក់​ចុះ​​​ក្នុង​ការ​ធ្វើ​អាជីវកម្ម​​ជាមួយ​ឈ​្មួញ​កណ្តាល​​ថៃ ហើយ​បាន​​ស្តី​បន្ទោស​​ទៅលើ​ចលាចល​នយោបាយ​​​ក្នុងប្រទេស​ថៃ​ចំពោះ​ការ​ធ្លាក់​ចុះនេះ។ ទោះជាយ៉ាងណា ​លោក សុផាន់ណារ៉ា​ ​​បានមាន​ប្រសាសន៍ថា ប្រទេស​ថៃ​គ្រាន់​​តែជា​ទីផ្សារ​តូចមួយ​​សម្រាប់​​​ដំឡូងមី​​​​របស់​កម្ពុជា​ ​ហើយវៀតណាម​ជា​​ទីផ្សារ​ធំ៕ ប៊ុននី​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស