30 C
Phnom Penh

សមត្ថ​កិច្ច​រារាំង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ធ្វើដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​អ្នក​ភូមិ​ដែល​មាន​វិវាទ​ដីធ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​បានមាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា​​​លោក​​​ត្រូវ​​​បា​​​ន​​​រារាំង​​​ដោយ​​​បង្ខំ​​​មិន​​​ឲ្យ​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​ក្រុម​​​អ្នកភូមិ​​​ដែ​ល​​​​​ជាប់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​នៅ​​​ខេត្ត​​​រតនគិរី បន្ទាប់ពី​​​នគរ​​​បាល​​​និង​​​កង​​​រាជ​​​អាវុធហត្ថ​​​បាន​​​បិទ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៧៨​​​A។

លោក សម រង្ស៊ី បា​​​ន​​​ធ្វើ​​​ដំណើរ​​​ដល់​​​ពាក់​​​កណ្ដាល​​​ផ្លូវ​​​ទៅកាន់​​​ខេត្ត​​​ក្រចេះ មណ្ឌល​​​គិរី​​​រតនគិរី និង​​​ខេត្ត​​​ស្ទឹង​​​ត្រែង ដើម្បីទៅជួប​​ក្រុម​​​អ្នក​​​ភូមិ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដីធ្លី​​​​​​ហើយ​​​លោកបាន​​​មាន​​​ប្រសាសន៍​​​ថា មាន​​​ការ​​​បិទ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៧៨​​​A ជាផ្លូវ​​​ដែល​​​លោក​​​ត្រូវ​​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កន្លែង​​​ដែល​​​មាន​​​វិវាទ​​​ដីធ្លីនៅ​​​ក្នុង​​​ស្រុក​​​អូរជុំ។

មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​មុន​​​ពេល​​​ថ្ងៃ​​​ត្រង់ ខ្ញុំ​​​ចង់ទៅ​​​មើល​​​តំបន់​​​ដែល​​​ប្រជា​​​ពល​​​រដ្ឋ​​​ទើប​​​តែ​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញពី​​​ដីស្រែ​​​របស់​​​ខ្លួន​​​។ វា​​​ជា​​ដី​សម្បទាន​​​ដែល​​​ត្រូវ​​​បាន​​​ផ្ដល់​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​បរទេស​​​ស្ថិតនៅចង្ងាយ​​​៣០​​​គីឡូ​​​ម៉ែត្រ​​​ពី​​​ក្រុង​​​​​​បានលុង”។ លោក​​​បានមាន​​​ប្រ​សា​សន៍ថា “យើ​​ង​​​បាន​​​ឃើញ​​​រថយន្ត​​​ដឹក​​កងរាជអាវុធហត្ថ​​​​ប្រដាប់​​​ដោយ​​​អាវុធ​​​គ្រប់​​​ដៃ​​​មកបិទ​​​ផ្លូវ​​​នេះ​​​ ហើយ​​​បើក​​​រថយន្ត​​​ដឹក​​​ឈើ​​​ពេញ​​​មក​​​បិទ​​​ផ្លូវ​។ ពួកគេ​​​មិន​​​ចង់​​​ឲ្យ​​​យើង​​​ទៅមើល​​​កន្លែង​​​ដែល​​​ពួកគេ​​​បាន​​​បណ្ដេញ​និង​​​​ធ្វើ​​​បាប​​​កសិករ​​​ ឬ​​​របៀបដែល​​​ក្រុម​​​ហ៊ុន​​​ឯកជនធ្វើ​​​ប្រតិបត្តិ​​​ការ​​​នៅ​​​ក្នុង​​​តំបន់​​​នោះឡើយ។ ពួកគេ​​​មាន​​​រឿង​​​រ៉ាវ​​​​​​លាក់​​​បាំង​​​ច្រើន​ណាស់”​។

កាលពីថ្ងៃពុធ​​​សប្ដាហ៍​​​មុន អ្នកភូមិ​​​និង​​​អាជ្ញាធរ​​​ប្រហែល​​​៤០០​​​នាក់​​​បាន​​​ប៉ះទង្គិច​​​គ្នា​​​ដោយ​​​សារ​​​​វិវាទ​​​ដីធ្លី​​​ដ៏អូស​​​បន្លាយមួយ​​​រវាង​​​ក្រុមអ្នកភូមិ និង​​​ក្រុម​​​ហ៊ុន​​​ Swift Rubber Ltd។ ផ្ទះ​​​ប្រហែល​​​២០០​​​ខ្នង​​​ត្រូវ​​​បាន​​​ឈូស​​​កម្ទេច​​​ ដោយ​​​ក្រុម​​​ហ៊ុន Swift Rubber អះអាង​​​ថា ក្រុមអ្នកភូមិ​​​បាន​​​កាន់​​​កាប់​​​ដី​​​ដោយ​​​ខុស​​​ច្បាប់លើដីសម្បទាន​​​សេដ្ឋកិច្ច​​​របស់​​​ខ្លួន​​​​​​។

លោក សម រង្ស៊ី​​​ បាន​​​មាន​​​ប្រសាសន៍​​​ពីការ​​​បិទ​​​ផ្លូវ​​​កាលពី​​​ម្សិលមិញ​​​ថា “សហសេវិក​​​របស់​​​ខ្ញុំ​​​បាន​​​សួរ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ ហើយ​​​ពួកគេ​​​បាន​​​ប្រាប់​​​ថា ពួកគេ​​​បាន​​​ទទួល​​​បញ្ជា​​​មិន​​​​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​ទៅតាម​​​ផ្លូវ​​​នោះទេ។ យើង​​​មិន​​​ដឹង​​​ថា នរណា​​​បាន​​​បញ្ជា​​​ពួកគេ​​​ឡើយ​​​”។

លោក ឆាយ ធី អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោករាប់ទៅ​​​ឃើញ​​​កង​​​រាជអាវុធ​​​ហត្ថ​​​ប្រហែល​​​៥០​​​នាក់​​​ឈរ​​​យាម​​​កន្លែង​​​​​បិទ​​​ផ្លូវ​​​នោះ។ លោក ឆាយ ធី បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​យល់​​​ថា នេះជា​​​ការ​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​ពាក់​​​ព័ន្ធ​​​នឹង​​​សេរីភាព​​​ក្នុង​​​ការ​​​ដើរ​​​ហើរ​​​ ពីព្រោះ​​​រដ្ឋធម្មនុញ្ញចែង​​​ថា ប្រជាពល​​​រដ្ឋខ្មែរ​​​គ្រប់​​​រូប​​​មាន​​​សិទ្ធិ​​​ធ្វើ​​​ដំណើរ​​​ទៅទីណា​​​ក៏បាន​​​ដែរ​​​”។ លោក​​​បាន​​​បន្ថែ​​​ម​​​ថា “អាជ្ញាធរ​​​មិនគួរ​​​រារាំង​​​គណបក្ស​​​សង្គ្រោះជាតិ​​​មិន​​​ឲ្យ​​​ទៅសួរ​​​សុខ​ទុក្ខ​​​គ្រួសារ​​​ក្រីក្រ​​​ ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​ជាមួយ​​​ក្រុម​​​ហ៊ុនឯកជន​​​ឡើយ​​​”។

លោក រ៉ាយ រ៉ៃ ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​រតនគិរី​​​បាន​​​បដិសេធ​​​ថា មិនមាន​​​ការ​​​បញ្ជាឲ្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​បិទ​​​ផ្លូវ​​​ទេ ជា​​វិធី​​​មួយ​​​ដែល​​​កាល​​​ពីសប្ដាហ៍​​​មុន​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ជា​ការ​​​ខុស​​​ច្បាប់​​​នៅ​​​ពេល​​​ដែល​​​ក្រុមអ្នកភូមិ​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដីធ្លី​​​បានធ្វើការ​​​​បិទ​​​ផ្លូវ​​​ដូច​​​គ្នា​​​នេះ​​​ដែរ។ លោក រ៉ាយ រ៉ៃ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​បាន​​​បញ្ជា​​​កង​​​រាជអាវុធ​​​ហត្ថ​​​ឲ្យ​​​ដាក់​​​របាំង​​​ផ្លូវ​​​ដើម្បីរារាំង​​​លោក សម រង្ស៊ី មិន​​​ឲ្យ​​​បន្ត​​​ដំណើរដូច​​​​​គេ​​​ចោទ​​​ប្រកាន់​យើង​​នោះទេ”។

ប៉ុន្តែ​​​លោក ឯម វុន អធិការ​​​នគរ​​​បាល​​​ក្រុង​​​បានលុង បាន​​​បញ្ជាក់​​​ថា លោក​​​បាន​​​បញ្ជូន​​​មន្ត្រី​​​កងរាជអាវុធហត្ថមួយ​​​ចំនួន​​​ឲ្យ​​​បិទ​​​ផ្លូវ​​​នេះ។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ដាក់​​​របាំង​​​ផ្លូវ​​​ដើម្បី​​​រារាំង​​​គណបក្ស​​​ប្រតិភូ​​​របស់​​​លោក​​​មិន​​​ឲ្យ​​​ធ្វើ​​​ដំណើរទៅ​​ ពីព្រោះ​​​លោក​​​បាន​​​​ប្រាប់​​​ពួកយើង​​​ថា លោក​នឹង​​​​ទៅ​​​ជួបជាមួួយ​​​អ្នក​​​គាំទ្រ​​​របស់​​​លោក​​​នៅ​​​ទីស្នាក់​​​ការ​​​គណបក្ស​​​សង្គ្រោះជាតិ និង​​​ទៅជួបជាមួយ​​​អាជីវករ​​​នៅ​​​ផ្សារ​​​បានលុង​​​តែប៉ុណ្ណោះ”។ លោក ឯម វុន បាន​​​មាន​​​ប្រសាសន៍​​​ថា គណៈប្រតិភូ​​​នេះ​​​ត្រូវ​​​បាន​​​រារាំង​​​ដើម្បី​​​សុវត្ថិភាព​​​ផ្ទាល់ខ្លួនទេ​​​៕ សារុន​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស