29 C
Phnom Penh

ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ធំៗក្នុង​​​ពិភពលោក​​​​​​ថា ស្ថានភាព​​​ចលាចល​​​ធ្វើ​​​ឲ្យ​​​វិស័យ​​​កាត់​​​ដេរ​​​ប្រឈម​​​ហានិភ័យ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ធំៗ​​​ក្នុង​​​ពិភពលោក​​​ ដែល​​​ទទួល​​​បាន​​​ការ​​​ផ្គត់​​​​​ផ្គង់​​​សម្លៀក​​​បំពាក់​​​ពី​​​ប្រទេស​​​កម្ពុជា​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​រអាក់រអួល​​​ផ្នែក​​​ផ្គត់​​​ផ្គង់​​​និង​​​ប្រតិកម្ម​​​របស់​​​អ្នក​​​ប្រើប្រាស់​​​ចំពោះ​​​ការ​​​ចាប់​​​ខ្លួន​​​ ការ​​​វាយ​​​ដំ និង​​​ការ​​​បាញ់​​​ស្លាប់​​​កម្មករ​​​កាត់​​​ដេរ​​​ អាច​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​កំណើន​​​នា​​​ពេល​​​ខាង​​​មុខ​​​ និង​​​ធ្វើឲ្យ​​​ឋានៈ​​​របស់​​​កម្ពុជា​​ក្នុង​​​នាម​​​ជា​​​​​ ទីផ្សារ​​​​​ផ្គត់​​​ផ្គង់​​​ជា​​​យុទ្ធសាស្ត្រ​​​” ប្រឈម​​​ហានិភ័យ​​​។

ការ​ព្រមាន​​​ខ្លាំងៗ​​​​​ពីសំណាក់​​​​គណៈប្រតិភូ​​​តំណាង​​​ឲ្យ​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ និង​​​សហជីព​​​កម្មករ​​​ចំនួន​​​៣០​​​ ដែល​​​មក​​​បំពេញ​​​ទស្សនកិច្ច​​​នៅ​​​កម្ពុជា​​​ រួម​​​មាន​​​ទាំង​​​ក្រុមហ៊ុន​​​ H&M និង​​​ក្រុមហ៊ុន​​​ Levi’s ផងដែរ​​​នេះ​​​ កើត​​​មាន​​​ឡើង​​​ ខណៈ​​​ពេល​​​ដែល​​​រោងចក្រ​​​នានា​​​អះអាង​​​ថា ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ភាគ​​​ច្រើន​​​បាន​​​ចាប់​​​ផ្ដើម​កាត់​​​បន្ថយ​​​ការ​​​បញ្ជា​​​ទិញ​​​​​ហើយ​​​។

ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់ ​​​និង​​​សហជីព​​​ទាំង​​​នេះ​​​​​​ធ្វើ​​​ទស្សន​​​កិច្ច​​​នៅ​​​​​​កម្ពុជា ​​​ក្រោយ​​​ពី​​​ពួក​​​គេ​​​បាន​​​មក​​​​​​​​​​​​ទីនេះ​​​ម្តង​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ពោលគឺ​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​ក្រោយ​​​ពី​​​កង​រាជអាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​ស្លាប់​​​កម្មករ​​​កាត់​​​ដេរ​​​ ដែល​​​ធ្វើ​​​កូដកម្ម​​​ទាមទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំ​​​នាក់។​​​ កម្មករ​​​និង​​​សកម្មជន​​​២៣នាក់​​​​​​ក៏​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដែរ​​​ ចំពោះ​​​ការ​​​ធ្វើ​​​ឲ្យ​​​កា​​​រ​​​តវ៉ា​​​ទាំង​​​នោះ​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​។

តំណាង​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ និង​​​សហជីព​​​ទាំង​​​នេះ​​​បាន​​​ជួប​​​ជាមួយ​​​មន្ត្រី​​​កំពូលៗ​​នៃ​​​​​​ក្រសួង​​​ការងារ​​​ និង​​​ក្រសួង​​​ពាណិជ្ជកម្ម​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ហើយ​​​បាន​​​​​​ព្រមាន​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​​​​ការណ៍​​​រួម​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ឧស្សាហកម្ម​​​នេះ​​​កំពុង​​​ស្ថិត​​ក្នុង​​​ស្ថានភាព​​​​​​មិន​​ប្រាកដ​​​ប្រជា។​​​ ពួក​​​គេ​​​បាន​​​លើក​​​ឡើង​​​ថា ដោយ​​​សារ​​​តែ​​​ប្រតិកម្ម​​​របស់​​​អ្នក​​​ប្រើប្រាស់​​​ និង​​​កា​​​រ​​​រអាក់រអួល​​​ផ្នែក​​​ផលិត​​​កម្ម​​​ និង​​​កា​​​រដឹក​​​ជញ្ជូន​​​​​​ដោយសារតែ​​​​​​ស្ថានភាព​​​ចលាចលដែលកំពុង​​​កើត​​​មាន​​​ កម្ពុជា​​​ប្រឈម​​​ហានិភ័យ​​​បាត់​​​បង់​​​ឋានៈ​​​របស់​​​ខ្លួន​​​ជា​​​ទីផ្សារ​​​​​​ផ្គត់ផ្គង់​​​យុទ្ធសាស្ត្រ​​​ រួម​​​ជា​​​មួយ​​​នឹង​​​ផល​​​​​​ប៉ះពាល់​​​លើ​​​​​​ការ​​​វិនិយោគ និង​​​កំណើន​​​នាពេល​​​ខាង​​​មុខ​​​ផង​​​ដែរ

ឧស្សាហ​​​កម្ម​​​កាត់​​​ដេរ​​​​​​រក​​​ចំណូល​​​បាន​​​យ៉ាង​​​ច្រើន​​​រហូត​​​ដល់​​​ទៅ​​​៥ពាន់​​​លាន​​​ដុល្លារ​​​ បន្ថែម​​​ពី​​​លើ​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​សរុប​​​ (GDP) របស់​​​ប្រទេស​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។  វា​​​មាន​​​ចំនួ​​​នស្មើ​​​នឹ​​​ង​​៨០​​​ភាគ​​​រយ​​​នៃ​​​កា​​​រនាំចេញ​​​ទាំង​​​អស់​​​ពី​​​កម្ពុជា​​​ ដែល​​​មាន​​​​​​ប្រជា​​​ជន​​​សរុប​​​ប្រមាណ​​​១៥​​​លាននាក់​​​ ហើយ​​​ឧស្សាហកម្ម​​​នេះ​​​ផ្ដល់​​​ការងារ​​​ដល់​​​ប្រជាពលរដ្ឋ​​​ជាង​​​៥០០.០០០​​​នាក់។

នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​ខ្លួន ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ និង​​​សហ​​​ជីព​​​ទាំង​​​នេះ​​​បានលើក​​​ឡើង​​​ថា ពួក​​​គេ​​​បាន​​​ប្រាប់​​​រដ្ឋាភិបាល​​​ថា សាល​​​ក្រម​​​តុលាការ​​​ផ្ដន្ទាទោស​​​បុរស​​​ទាំង​​​២៣​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​មករា ដែល​​​ត្រូវ​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​សុក្រ​​​​​​នេះ​​​ ត្រូវ​​​ផ្អែក​​​លើ​​​ភ័ស្ដុតាង និង​​​ត្រូវ​​​នាំ​​​ខ្លួនជន​​​ដែល​​​បាន​​​បាញ់​​​ស្លាប់​​​កម្មករ​​​កាត់ដេរ​​​កាលពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា មក​​​ផ្ដន្ទាទោស​​​។ 

ពួកគេ​​​បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាលមិន​​​គួរ​​​​​​​​ប្រើ​​​ហិង្សា​​​បង្ក្រាបកូដកម្ម និង​​​បាតុកម្ម​​​អហិង្សា​​​ឡើយ​​​ ហើយ​​​គួរ​​​តែ​​​ដក​​​ពាក្យ​​​បណ្ដឹង​​​ប្រឆាំង​​​សហជីពចេញ​​​វិញ​​​។ ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ទាំង​​​នេះ​​​ក៏​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​ជួយ​​​​​​​​​ដល់រដ្ឋាភិបាល ​​​និង​​​រោងចក្រ​​​ផង​​​ដែរ​​​។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ក្រុមហ៊ុន​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ទាំង​​​នេះ​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​ដំឡើង​​​ថ្លៃ​​​​​​សម្លៀក​​​បំពាក់​​​ដែល​​​ពួកគេ​​​ទិញ​​​ពី​​​​​រោងចក្រ​​ដើម្បី​​​ឲ្យ​​​រោង​​​រោងចក្រ​​​មាន​​​លទ្ធ​​​ភាព​​​​​ដំឡើង​​​ប្រាក់​​​ខែ​​​របស់​​​កម្មករ​​​។

ប៉ុន្តែ​​​បន្ទាប់ពី​​​ជួប​​​ជាមួយ​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ទាំង​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ លោក​​​ កែន​​​ លូ អគ្គលេខាធិការ​​​សមាគមរោងចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ ហៅកាត់​​​ថា GMAC បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ប្ដេជ្ញា​​​ចិត្ត​​​ជួយ​​​របស់​​​ក្រុមហ៊ុន​​​បញ្ជា​​​ទិញ​​​មួយ​​​ចំនួន​​​តូច​​​ គឺ​​​មិន​​​គ្រប់​​​គ្រាន់​​​​​​​​​សម្រាប់​​​ឲ្យ​​​រោង​​​ចក្រ​​​ដំឡើង​​​ប្រាក់ខែ​​​គោល​​​លើស​​​ពី​​​១០០​​​ដុល្លារ​​​​​​នា​​​ពេល​​​បច្ចុប្បន្ន​​​បាន​​​ទេ​​​។

បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នេះ​​​ លោក​​​ កែន លូ បាន​​​មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា ប្រសិន​​​បើ​​​យើង​​​ឲ្យ​​​ប្រាក់​​​ខែ​​​កម្ម​​​ករ​​​១៦០​​​ដុល្លារ​​​ ប៉ុន្តែ​​​ក្រុមហ៊ុន​​​បញ្ជា​​​ទិញ​​​មិន​​​ឲ្យ​​​យើង​​​ចំនួន​​​ស្នើ​​​គ្នា​​​នេះ​​​ តើ​​​យើង​​​បាន​​​ប្រាក់​​​មក​​​ពី​​​ណាតើ​​​មាន​​ក្រុមហ៊ុន​​​បញ្ជា​​​ទិញ​​​ប៉ុន្មាន​​​យល់​​​ព្រម ខ្ញុំ​​​មិន​​​ដឹង​​​ទេ ​​​មានតែ​​​ក្រុមហ៊ុន​​​បញ្ជា​​​ទិញ​​​៤០ទៅ​​​៥០​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​ដែ​​​យល់​​​ព្រម​​​ ហើយ​​​ចុះ​​​អ្នក​​​ផ្សេង​​​ទៀតដូច្នេះ​​​តើ​​​យើង​​​ធ្វើ​​​យ៉ាង​​ម៉េច​​​?”

លោក​​​ កែន លូ បាន​​​មាន​​​ប្រសាសន៍​​​ថា GMAC សូម​​​ស្នើ​​​ឲ្យ​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ទាំង​​​នេះ​​​ដំឡើង​​​ថ្លៃ​​​របស់​​​ខ្លួន​​​ ដែល​​​ខ្លះ​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​ដំឡើង​​​រួច​​​ហើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្លះ​​​និយាយ​​​ថា ពួក​​​គេ​ប្ដេជ្ញាចិត្ត​​​ជួយ​​​កម្ពុជា​​​ ហើយ​​​ខ្លះ​​​ទៀត​​​មិន​​​បាន​​​ផ្ដល់​​​ចម្លើយ​​​ផ្ទាល់​​​ទេ​​​។ ប៉ុន្តែ​​​ដូច​​​ខ្ញុំ​​​លើក​​​ឡើ​​​ងអ៊ីចឹង​​​ ក្រុម​​​នេះ​​​មាន​​​ចំនួន​​​ត្រឹម​​​៥០​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​ ដូច្នេះ​​​សូម្បី​​​តែក្នុង​​​ចំណោម​​​៥០ភាគរយ​​​នេះ​​​ក៏​​​មិន​​​យល់​​​ស្រប​​​ទាំង​​​អស់គ្នាផង​​​ ដូច្នេះ​​​ចុះ​​​អ្នក​​​ផ្សេង​​​ទៀត​​​?”។ យោង​​​តាមសហជីព Industri ALL Global Union ដែល​​​ចាត់​​​ទុក​​​សហជីព​​​ក្នុង​​​ស្រុក​​​មួយ​​​ចំនួន​​ជា​​​សាខា​​​របស់​​​ខ្លួន​​​​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​ក្រុមហ៊ុន​​​មួយ​​​ក្នុង​​​ចំណោម​​ក្រុមហ៊ុន​​​សម្លៀក​​​​​​បំពាក់​​ធំៗ

ដែល​​​មក​​​កាន់​​​កម្ពុជា នៅ​​​​​​​​​សប្ដាហ៍​​​នេះ​​​ បាន​​​កាត់​​​បន្ថយ​​​ការ​​​បញ្ជា​​​ទិញ​​​របស់​​​ខ្លួន​​​ពី​​កម្ពុជា​​​៥០​​​ភាគរយ​​​រួច​​​ទៅ​​​ហើយ​​​ ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​កន្លង​​​មកនេះ​​​ ដោយ​​​សារ​​​តែ​​​អស្ថិរភាព​​​​​​និង​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​។

លោក​​​ កែន លូ បាន​​​បញ្ជាក់​​​ថា ពេល​​​នេះ​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ភាគច្រើន​​​បាន​​​កាត់​​​បន្ថយ​​​ការ​​​បញ្ជា​​​ទិញ​​​​​​របស់​​ខ្លួន​​​ដោយ​​​សារ​​​តែ​​​ការ​​​ផ្គត់​​​ផ្គង​​​គ្មាន​​​ភាព​​​​​ប្រាកដ​​​ប្រជា និ​​​ង​​​ដោយ​​​សារ​​​ការ​​​​​​​​​ព្រួយបារម្ភ​​​ខ្លាច​​​​​​ប៉ះពាល់​​​ដល់​​​កេរ្តិ៍​​​ឈ្មោះ​​​របស់​​​ពួក​​​គេ​​​។ លោក​​​មាន​​​ប្រសាសន៍​​​​​​ថា ខ្ញុំ​​​សូម​​​បញ្ជាក់ថា ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ភាគ​​​ច្រើន​​​បាន​​​កាត់​​​បន្ថយ​​​ការបញ្ជា​​​ទិញហើយ​​​។ នៅ​​​ពេល​​​ខ្ញុំ​​​​​​និយាយ​​​ថា ពួក​​​គេ​​​កាត់​​​បន្ថយ ខ្លះ​​​កាត់​​​បន្ថយ​​​តិច​​​ ខ្លះ​​​កាត់​​​​​​បន្ថយ​​​ច្រើន​​​ ប៉ុន្តែ​​​ប្រាកដ​​​ណាស់​​​ថា ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ភាគ​​​ច្រើន​​​បាន​​​កាត់​​​បន្ថយ​​​ហើយ​​​​​​។ លោក​​​បាន​​​បញ្ជាក់​​​ថា ការ​​​នាំ​​​ចេញ​​​សម្លៀក​​​ពាក់​​​អំឡុង​​​ត្រី​​​មាស​​​ទី១​​​​​​ដើម​​​ឆ្នាំ​​​នេះ​​​​​​បាន​​​ធ្លាក់​​​ចុះ​​​ជិត​​​១៧​​​ភាគ​​​រយ​​​ ដោយសារ​​​តែ​​​ក្រុមហ៊ុន​​​បញ្ជា​​​ទិញ​​​មាន​​​កា​​​រព្រួយ​​​បារម្ភ​​​។ 

ទោះ​​​ជា​​​យ៉ាង​​​ណា​​​តួលេខ​​​របស់​​​លោក​​​ខុស​​​​​​គ្នា​​​ខ្លាំ​​​ង​​​ពី​​​តួលេខ​​​របស់​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ ដែល​​​បង្ហាញ​​​ថា​​​ ការ​​​នាំចេញ​​​សម្លៀក​​​បំពាក់​​​អំឡុង​​​ត្រី​​​មាសទី​​​១បាន​​​កើន​​​ឡើង​​​៧,៤​​​ភាគ​​​រយ​​​​។ យោង​​​តាម​​​ក្រសួង​​​ពាណិជ្ជកម្ម​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​នាំ​​​ចេញ​​​សម្លៀក​​​បំពាក់​​​សម្រាប់​​​​​​ខែ​​​មេសា​​ក៏​​​បាន​​​កើន​​​ឡើង​​​១៨,៣​​​ភាគ​​​រយ​​​ដែរ​​​។

នៅ​​​ពេល​​​សាកសួរ​​​អំពីភាព​​​ខុស​​​គ្នា​​​នេះ លោក​​​ កែន​​​ លូ បាន​​​មាន​​​ប្រសាសន៍​​​ថា តួលេខ​​​របស់​​​លោក​​​ត្រូវ​​​បាន​​​​​​ដក​​​ស្រង​​​់ចេញ​​​ពី​​​តួលេខ​​​នាំ​​​ចេញ​​​របស់​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ ប៉ុន្តែ​​​លោក​​​បាន​​​លើក​​​ឡើ​​​ងថា តួលេខ​​​ដែល​​​លោក​​​ផ្ដល់​​​ឲ្យ​​​ប្រហែល​​​ជា​​​មិន​​​ពេញ​​​ទេ​​​។

លោក​​​ កែន​​​ លូ មិន​​​បាន​​​បញ្ចេញ​​​​​​ឈ្មោះ ក្រុមហ៊ុន​​សម្លៀក​​​បំពាក់​​​ដែល​​​បាន​​​កាត់​​បន្ថយ​​​​​​ការ​​​បញ្ជាទិញ​​ ឬក្រុមហ៊ុន​​​ដែល​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​ដំ​​​ឡើង​​​ថ្លៃ​​​​​​​​​សម្លៀក​​​បំពាក់​​​ដែល​​​ពួកគេទិញ​​​ដើម្បី​​​​​​ឲ្យ​​​រោង​​​ចក្រ​​​​​​មាន​​​លទ្ធ​​​ភា​​ព​​​ដំឡើង​​​ប្រាក់ខែ​​​គោល​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​នោះ​​​ទេ​​​។

លោក​​​ ជី​​គី រ៉ៃ​​​ណា (Jyrki Raina) អគ្គលេខាធិការ​​សហជីព​​​​​ IndustriALL ដែល​​​បាន​​​មក​​​កាន់​​​​​​កម្ពុជា​​​ នៅ​​​សប្ដាហ៍​​​នេះ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រោងចក្រ​​​នានា​គួរ​​​តែ​​​​​​សហ​​​ការ​​​គ្នា​​​​​​ដោះ​​​ស្រាយ​​​ទំនាក់​​​ទំនង​ប្រេះ​​​​​​ឆា​​​ក្នុងឧ​​​ស្សាហកម្ម​​​កាត់​​​ដេរ​​​​​។ 

លោក​​​បានមាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល​​​មិញ​​​ បន្ទាប់​​​ពី​​​​ជួប​​​​​​ដាច់ដោយ​​​ឡែក​​​ជាមួយ​​​ GMAC សហជីព​​​ក្នុង​​​ស្រុក​​ថា ​​​សម្រាប់​​​រឿ​​ង​​​នោះ ​​​អស់​​​លោក​​​ត្រូវ​​​កសាង​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​ ហើយ​​​​​​អស់​​​លោក​​​​​​នឹង​​​​​​មិន​​​ទទួលបានការ​​​ជឿ​​​ទុក​​​ចិត្ត​​​ឡើយប្រសិន​​​បើ​​​ GMAC គាំទ្រ​​​សំណុំ​​​រឿង​​​តុលាការ​​​ ដែល​​​​​​មានគោល​​​បំណង​​​បំភិតបំភ័យ​​​កម្មករ​និង​​​មេដឹកនាំ​​​របស់​​​ពួក​​​គេ​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា សារ​​​ពី​​​ក្រុមហ៊ុន​​​​​​សម្លៀក​​​បំពាក់​​​ និង​​​សហជីព​​​កម្មករ​​​ពិភពលោក​​​ទាំង​​​នេះ​​​ទៅ​​​កាន់​​ GMAC គឺ​​​ថា ពេល​​​នេះ​​​សូម​​​សហការ​​​គ្នា​​​ ចរចា​​​ជាមួយ​​​សហ​​​ជីព​​​ គិត​​​ពិចារណា​​​រឿង​​​នេះ​​​ឲ្យ​​​បាន​​ហ្មត់​​​ចត់​​​  ព្រោះ​​​ក្រុមហ៊ុន​​​ទាំង​​​នេះ​​​គិត​​​គូរ​​​ខ្លាំង​​​ណាស់​​​អំពី​​​អនាគត​​​របស់​​​ពួក​​​គេ​​​នៅ​​​កម្ពុជា​​​៕ សុខុម 

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ ហ៊ុល រស្មី)​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស