កាលពីម្សិលមិញ មន្ត្រីម្នាក់នៅក្រសួងធម្មការនិងសាសនា បានធ្វើសន្និសីទកាសែតបដិសេធពាក្យចចាមអារ៉ាមដែលថា រដ្ឋាភិបាលបានលក់ឬដោះដូរវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៅក្នុងរាជធានីភ្នំពេញទៅឲ្យក្រុមហ៊ុនឯកជន។
មានប្រសាសន៍អំឡុងសន្និសីទកាសែតនៅទីស្តីការក្រសួង លោក សេង សុមុនី អនុរដ្ឋលេខាធិការបានបដិសេធថា ដីដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននេះគ្មានគម្រោងធ្វើជាកន្លែងចតយានយន្តសម្រាប់កាស៊ីណូណាហ្គាវើលទេ។ លោកបានមានប្រសាសន៍ថា “សម្រាប់ដីនេះ យើងមិនមានការជួលឬដោះដូរទេ”។ បច្ចុប្បន្ននេះ កាស៊ីណូណាហ្គាវើលកំពុងស្ថាបនាផ្លូវក្រោមដីពីក្រោមវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដើម្បីភ្ជាប់សណ្ឋាគារនិងកាស៊ីណូបច្ចុប្បន្នរបស់ខ្លួនទៅកន្លែងកម្សាន្តថ្មីនៅក្បែរនោះ ដែលនឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០១៥។
ខ្លោងទ្វារមុខរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យកាលពីពេលថ្មីៗនេះត្រូវបានវាយកម្ទេច ដើម្បីសម្រួលដល់ដំណើរការស្ថាបនាផ្លូវក្រោមដីនេះ ប៉ុន្តែក្រោយមកក្រុមហ៊ុនបានសន្យាថា នឹងសាងសង់ឡើងវិញ។ របងការដ្ឋានក៏បានសង់នៅខាងលើដីផងដែរ ដោយចូលដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យពាក់កណ្ដាល ដែលមជ្ឈដ្ឋានមួយចំនួនលើកឡើងថា ប្រហែលធ្វើជាកន្លែងចតយានយន្ត។
ប៉ុន្តែលោក សេង សុមុនី បានលើកឡើងនៅសន្និសីទកាសែតកាលពីម្សិលមិញថា ការសាងសង់នេះមិនមែនសម្រាប់កន្លែងចតយានយន្តរបស់កាស៊ីណូណាហ្គាវើលទេ ប៉ុន្តែសម្រាប់បណ្ដាញអគ្គិសនីដើម្បីផ្គត់ផ្គង់ថាមពលទៅកោះពេជ្រនៅក្បែរនោះទេ។
លោក សេង សុមុនី បានមានប្រសាសន៍ថា “យើងមានលិខិតអនុញ្ញាតឲ្យរៀបចំបណ្ដាញអគ្គិសនី” ដែលនៅជាប់នឹងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនេះ។ យើងត្រូវដាក់បណ្ដាញអគ្គិសនីដើម្បីតភ្ជាប់ទៅកោះពេជ្រ ជាក្រុងមួយដែលកំពុងអភិវឌ្ឍ និងប្រើប្រាស់អគ្គិសនីច្រើន”។
ព្រះតេជគុណ ប៊ុត ប៊ុនទិញ ដែលជាប្រធានបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បានមានសង្ឃដីកាតាមទូរស័ព្ទថា ព្រះអង្គមិនជឿការបកស្រាយរបស់មន្ត្រីក្រសួងធម្មការរូបនេះដែលថា មិនមានការដោះដូរដីនោះទេ ហើយព្រះអង្គបានមានសង្ឃដីកាទៀតថា ខ្លោងទ្វារវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យត្រូវបានរងការខូចខាតដោយការស្ថាបនានេះ។
ព្រះអង្គបានមានសង្ឃដីកាថា “អាត្មានឹងដឹកនាំព្រះសង្ឃប្រហែល១.០០០អង្គតវ៉ានៅក្រសួងនេះនៅថ្ងៃសុក្រ ដើម្បីអំពាវនាវឲ្យបញ្ឈប់ការស្ថាបនានេះ។ យើងបានទទួលព័ត៌មានថា វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នឹងដោះដូរដីជាមួយក្រុមហ៊ុនមួយ”។
នៅឯសន្និសីទកាសែត លោក សេង សុមុនី បានបដិសេធការរិះគន់របស់ព្រះតេជគុណប៊ុត ប៊ុនទិញ ហើយលោកបានមានប្រសាសន៍ថា រាល់ការខូចខាតណាមួយដែលបណ្ដាលមកពីការស្ថាបនាផ្លូវក្រោមដីរបស់កាស៊ីណូណាហ្គាវើល ក្រុមហ៊ុននេះជាអ្នកជួសជុលឲ្យវិញ។ លោក សេង សុមុនី បានមានប្រសាសន៍ថា “ខ្ញុំមិនចោទព្រះអង្គទេ ប៉ុន្តែជាធម្មតាព្រះអង្គគឺជាមនុស្សម្នាក់ដែលមិនដឹងថាមានអ្វីកើតឡើងពិតប្រាកដទេ ហើយព្រះអង្គបកស្រាយតែតាមអារម្មណ៍ផ្ទាល់របស់ព្រះអង្គ ដោយមិនមានឯកសារណាមួយក្នុងដៃឡើយ”៕ សារុន