38.1 C
Phnom Penh

អង្គ​ការ​សិទ្ធិមនុស្ស​សុំ​ឲ្យ​ប្រទេស​ចិន​ និង​ក្រុម​ហ៊ុន​បញ្ឈប់​ការ​សាងសង់​ទំនប់​វា​រីអគ្គិសនី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​និងអន្តរ​ជាតិ​មួយ​ក្រុម​មាន​ចំនួន​១៥​​អង្គការ​កាល​ពីថ្ងៃ​​អង្គារ​​បាន​ផ្ញើ​លិខិតមួយ​ចំនួន​​ទៅ​រដ្ឋាភិបាល​​ចិន​និងក្រុមហ៊ុន​ចិន​ដែល​​ជាប់​ពាក់​ព័ន្ធ​នឹង​ទំនប់​​វារី​អគ្គិសនី​សេសាន​២​ នៅក្នុងខេត្ត​ស្ទឹងត្រែង​ ​ដោយ​​សុំឲ្យ​បញ្ឈប់​​ការ​សាងសង់​​​ទំនប់នេះ​ ដោយសារ​ផល​ប៉ះ​​ពាល់​បរិស្ថាន​និងសង្គម​ធ្ងន់ធ្ងរ​ ដែល​សហគមន៍​ក្នុងស្រុក​​គិត​ទុក​រួចហើយ។

លិខិត​ចំនួន​ប្រាំបួននេះ​ធ្វើឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំមួយ​​នៅក្នុង​ប្រទេស​ចិន​កាល​ពីសប្តាហ៍​មុន​​រវាង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ​ប្រធានក្រុម​ហ៊ុន​ Huaneng​ Group ​​ជាដៃ​គូ​​វិនិយោគ​ចិន​ក្នុងគម្រោង​នេះ។ នៅអំឡុងកិច្ច​ប្រជុំនេះ លោក​ ហ៊ុន សែន បាន​ជំរុញ​​ឲ្យ​ក្រុម​ហ៊ុននេះ​​​ធ្វើយ៉ាងណា​​ឲ្យ​ផល​ប៉ះពាល់់​ដោយ​សារ​​ទំនប់នេះ​មាន​កម្រិត​​អប្បបរមា និងទទួល​ខុស​ត្រូវ​​ចំពោះ​​សហ​គមន៍​ក្នុង​ស្រុក​​ដែល​រង​ប៉ះ​​ពាល់​ដោយសារ​​ការ​​​សាងសង់​ទំនប់​នេះ​។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ​ដែល​ឲ្យ​ដឹង​​​ថា លិខិត​ទាំង​នេះ​បាន​បញ្ជូន​រួចហើយ​ លោក​ ​អាមេ៉ ត្រាន់​ដឹម (Ame Trandem) ​នាយក​កម្មវិធី​សម្រាប់​​ទន្លេអន្តរជាតិ​នៅអាស៊ី​​អាគ្នេយ៍ ​បាន​លើកឡើង​ថា “ដូច​ដែល​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ដៃ​ទន្លេ​​​ដែល​បង្ក​ការ​ខូចខាត​បំផុត​​នៅក្នុងអាង​ទន្លេមេគង្គ​ ផល​ប៉ះ​​ពាល់​​របស់​​ទំនប់​សេសាន២ លើ​​​ជីវ​ចម្រុះ​ សន្តិសុខ​ស្បៀង​ ​​ជីវ​ភាព​​​រស់​​នៅ​និង​កសិកម្ម​នឹង​​កើតមាន​មិនត្រឹម​តែ​នៅក្នុង​ប្រទេស​កម្ពុជា​​ទេ​ ប៉ុន្តែ​ថែម​ទាំង​នៅក្នុង​តំបន់​មេគង្គក្រោម​​​ទាំង​មូល​”។

លោក មៀច មៀន ​​អ្នកសម្របសម្រួល​​របស់​​អង្គការ​​បណ្តាញការពារ​​​ទន្លេ​​​3S បានមាន​ប្រសាសន៍ថា មានការ​ព្រួយ​​បារម្ភ​យ៉ាង​ខ្លាំង​​ថា ការ​កាប់ឈើ​ខុស​ច្បាប់​កាន់​តែ​រីករាលដាល​និង​សកម្មភាព​​នេសាទ​គ្មាន​ច្បាប់​​ទម្លាប់​ កំពុង​កើតឡើង​​ហួស​ពីតំបន់​សាងសង់​​ដែល​បាន​គ្រោងទុក​សម្រាប់​​ទន្លេសេសាន២។ លោកបាន​​បន្ថែម​​ថា លិខិត​កន្លងមក​​ដែល​ត្រូវបានផ្ញើ​ទៅ​ស្ថានទូត​ចិន​និង​​ក្រុម​ហ៊ុនចិន​​​ដែល​​ពាក់​​ព័ន្ធ មិនមាន​ចម្លើយតបទេ។

លោក មៀន ​បានមាន​ប្រសាសន៍ថា លោក​មាន​ទុទិដ្ឋិនិយម​ថា សេចក្តី​ថ្លែងការណ៍​របស់​លោក ហ៊ុន សែន ​​អំឡុងការ​​​បំពេញ​ទស្សនកិច្ច​​របស់​លោក​នៅក្នុងប្រទេស​ចិន​ ស្តីពី​​ផលប៉ះ​ពាល់​​លើ​បរិស្ថាន​​និង​សង្គម​​ដោយសារ​ទំនប់នេះ​ នឹងមិនមាន​ឥទ្ធិពល​​ណាមួយ​ទៅលើ​​គម្រោង​ទំនប់​​វារី​អគ្គិសនី​​នេះ​ទេ​។ លោកបានមាន​ប្រសាសន៍ថា “ប្រសិនបើ​​ពួកគេ​​ពិតជាចាប់អារម្មណ៍​​ក្នុងបញ្ហា​​ទាំង​​​នេះពិត​មែន​​ ពួកគេ​គួរ​​តែឈប់​សាងសង់​​​ទំនប់​​នេះ ហើយ​​ចាប់​ផ្តើម​​សិក្សា​​ឡើងវិញ​​​អំពី​ផល​ប៉ះពាល់​​​របស់​វា”៕​​ប៊ុននី​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស