28.4 C
Phnom Penh

ប្រជាពលរដ្ឋនៅ​​​ក្រុង​​​ខេមរភូមិន្ទ​​​ខេត្ត​​​កោះ​​​កុង​​​ខ្វះ​​​ទឹក​​​ស្អាត​​​ប្រើប្រាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​​​ក្រុម​​​ហ៊ុន​​​ផ្គត់​​​ផ្គង់​​​ទឹក​​​បាន​​​ឲ្យ​​​ដឹង​​​ថា ប្រជាពល​​​រដ្ឋ​​​នៅ​​​ក្រុង​​​ខេមរភូមិន្ទ​​​ ខេត្ត​​​កោះកុង ខ្វះ​​​ទឹក​ស្អាត​​ប្រើ​​​ប្រាស់​​​​​ទៀត​​​ហើយ​​​ដោយ​​​សារ​​​ការ​​​រីង​​​ស្ងួត​​​នៅ​​​រដូវ​​​ប្រាំង​​​។ ក្រុម​​​ហ៊ុន​​​ LYP Group ដែល​​​ជា​​​ក្រុម​​​ហ៊ុន​​​របស់​​​លោក លី យ៉ុង​​​ផាត់ សមាជិក​​​ព្រឹទ្ធសភា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា បូម​​​ទឹក​​​ពី​​​អាង​​​ស្តុក​​​ទឹក​​​ចាំ​​​យាម​​​ក្នុង​​​​​​​​​ស្រុក​​​មណ្ឌល​​​សីមា​​​​​សម្រាប់​​​ផ្គត់​​​ផ្គង់​​​ដល់​​​សង្កាត់​​​ចំនួន​​​បី​​​នៅ​​​ក្នុង​​​ក្រុង​​​ខេមរភូមិន្ទ។

នៅ​​​ក្នុង​​​លិខិត​​​មួយ​​​ដែល​​​ក្រុម​​​ហ៊ុន​​​ផ្ញើទៅ​​​មន្ត្រីមូល​​​ដ្ឋាន ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​ផ្អាក​​​​​​ការ​​​ផលិត​​​ទឹក​​​ស្អាត​​​ជាបណ្ដោះ​​​អាសន្ន​​​រហូត​​​ដល់​​​អាង​​​ស្តុក​​​ទឹក​​​នេះ​​​មាន​​​ទឹក​​​វិញ។ ការ​​​ខ្វះ​​​ទឹក​​​ស្រដៀង​​​គ្នា​​​នេះ​​​ក៏​​​បាន​​​កើត​ឡើង​​​ផង​​​ដែរ​​​កាលពី​​​ខែ​​​ឧសភា​​​ ឆ្នាំ​​​២០១៣។

លោក អ៊ូច ទូច ប្រធាន​​​រដ្ឋបាល​​​សាលា​​​ខេត្ត​​​កោះកុង បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា លោក​​​សង្ឃឹម​​​ថា ការ​​​ខ្វះខាត​​​ទឹក​​​នេះ​​​នឹង​​​មាន​​​រយៈ​​​ពេល​​​តែ​​​ពីរ​​​បីថ្ងៃតែប៉ុណ្ណោះ​​​ ប៉ុន្តែ​​​ការ​​​ខ្វះ​​​ទឹក​​​នេះ​​​មាន​​​រយៈ​​​ពេល​​​ជិត​​​មួយ​​​សប្ដាហ៍​​​ហើយ​​​។ លោក​​​បាននិយាយ​​​ថា “កាលពី​​​ឆ្នាំមុន យើង​​​ក៏​​​មាន​​​ការ​​​ខ្វះខាត​​​ទឹក​​​ដែរ ប៉ុន្តែ​​​ខ្វះ​​​តែ​​​មួយ​​​រយៈ​​​ពេល​​​ខ្លី​​​ប៉ុណ្ណោះ”។ លោក​​​បាន​​​បន្ថែម​​​ថា អ្នកភូមិ​​​នៅ​​​សង្កាត់​​​នីមួយៗ​​​ក្នុង​​​ក្រុង​​​ខេមរភូមិន្ទ​​​ ដូច​​​ជា​​​សង្កាត់​​​ស្មាច់​​​មាន​​​ជ័យ ដង​​​ទង់ និង​​​ស្ទឹង​​​វែង កំពុង​​​ខ្វះ​​​ទឹក​​​។

លោក ខ្លឹម គគីរ ប្រធានមន្ទីរ​​​ឧស្សាហកម្ម និង​​​សិប្បកម្ម​​​ខេត្ត​​​បាន​​​និយាយ​​​ថា គេ​​​កំពុង​​​បូម​​​ទឹក​​​ខ្លះ​​​ចូល​​​ទៅ​​​ក្រុង​​​ខេមរភូមិន្ទ។ ប៉ុន្តែ​​​លោក អុិន គង់ចិត្រ អ្នក​​​សម្រប​​​សម្រួល​​​របស់​​​អង្គការ​​​លីកាដូ​​​ប្រចាំខេត្ត​​​នេះ​​​បាន​​​និយាយ​​​ថា ទឹក​​​នោះមិនមាន​​​អនាម័យទេ។

លោក នាម យ៉ុង ចៅសង្កាត់​​​ស្មាច់​​​មាន​​​ជ័យ​​​បាន​​​និ​​​យាយ​​​ថា ទឹក​នោះ​​កាន់​​​តែ​​​កខ្វក់​​​ទៅ​​​ៗ​​​មាន​​​រយៈពេល​​​ពីរ​​​ខែមក​​​ហើយ។ លោក​​​បាន​​​និយាយ​​​ថា “វា​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់ដល់​​​មនុស្ស​​​ជា​​​ច្រើន​​​។ យើង​​​ប្រើ​​​ទឹក​​​នោះ​​​សម្រាប់​​​ងូត​​​ ហើយ​​​វា​​​ធ្វើ​​​ឲ្យ​​​រមាស់​​​ស្បែក​​​។ យើង​​​ត្អូញ​​​ត្អែរ​​​អំពី​​​បញ្ហា​​​នេះ​​​ ប៉ុន្តែ​​​គ្មាន​​​នរណា​​​ម្នាក់​​​ស្ដាប់​​​យើង​​​ទេ”។

ប្រជាជន​​​ម្នាក់​​​ឈ្មោះ ប៊ុន ខេង នៅសង្កាត់​​​ស្មាច់​​​មាន​​​ជ័យ បាន​​​និយាយ​​​ថា ទឹក​​​នៅ​​​ផ្ទះ​​​គាត់​​​មាន​​​ក្លិន​​​មិន​​​ល្អ​​​ និង​​​មាន​​​ពណ៌​​​ក្រហម​​​ព្រឿងៗ​​​ លោក​ ខេង​ អាយុ​​​៤២​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា “វា​​​ធ្វើ​​​ឲ្យ​​​ស្បែក​​​យើង​​​រមាស់​​​នៅ​​​ពេល​​​ងូត​​​ទឹក​​​នោះ​​​។ ខ្ញុំ​​​បាន​​​ចំណាយ​​​លុយ​​​ទិញ​​​ទឹក​​​សម្រាប់សុវត្ថិភាព​​​​​​កូន​​​ខ្ញុំ​​​”។

លោក​ ខេង បាននិយាយ​​​ថា មិន​​​មាន​​​ទឹក​​​ស្អាត​​​គ្រប់គ្រាន់​​​​​​បីឆ្នាំ​​​ហើយ ហើយ​​​គាត់​​​ចង់​​​ឲ្យ​​​ក្រុមហ៊ុន​​​ LYP Group ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​។ គាត់​​​បាន​​​និយាយ​​​ថា “ក្រុម​​​ហ៊ុន​​​នេះ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ផ្គត់​​​ផ្គង់​​​ទឹក​​​ស្អាត។ គេ​​​មិន​​​ត្រូវ​​​បន្ទោស​​​​​អាកាស​​​ធាតុ​​​ទេ”។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​ក្រុមហ៊ុន​​​ LYP សុំការ​​​អត្ថាធិប្បាយ​​​បា​​​នទេ​​​៕ គឹមហឿន​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស