34 C
Phnom Penh

អ្នក​ភូមិ​ពាក់​ព័ន្ធ​វិ​វាទ​ដីធ្លី​នៅ​ខេត្ត​មណ្ឌល​គិរី​ធ្វើ​ដំណើរ​មក​ដាក់​ញត្តិ​នៅ​រដ្ឋសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ តំណាង​ក្រុម​អ្នកភូមិ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​ដោះ​ស្រាយ​ការ​​​គ្មាន​​​កន្លែង​​​រស់​​​នៅ​​​របស់​​​ពួកគាត់​ បន្ទាប់ពី​ជម្រក​របស់​ពួកគាត់​ត្រូវ​បាន​បំផ្លាញ​ដោយ​នគ​រ​បាលនិងទាហាន​អំឡុង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​កាលពី​ថ្ងៃច័ន្ទ។

លោក ចាន់ រិទ្ធី បាន​ឈរ​នៅ​ខាង​​ក្រៅ​រដ្ឋសភា​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ដោយ​​មាន​កាន់​ញត្តិ​​ដែល​លោក​លើក​ឡើង​ថា លោក​ចង់​ប្រគល់ទៅ​​​ឲ្យ​​​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​ទាម​​​ទារ​​​ឲ្យ​ដោះ​លែង​តំណាង​អ្នកភូមិ​ពីរ​នាក់​ដែល​លោក​លើក​ឡើង​ថា ត្រូវ​បាន​ចាប់​ខ្លួន​មិន​ត្រឹម​ត្រូវ​នៅ​​ថ្ងៃបណ្ដេញ​ចេញ​។​ លោក​បាន​ពន្យល់​ថា ការ​បណ្ដេញ​ចេញនេះ​បានធ្វើ​ឲ្យ​​​សហគមន៍​របស់​លោក​​​ចំនួន​​​៥០០​គ្រួសារ ដែល​​​បាន​មក​រស់​​​នៅ​ក្នុងតំបន់​នេះ​កាល​ពីឆ្នាំ​២០១២​​​ខ្វះ​​​ជម្រក ហើយ​ទើប​​​តែ​​​ត្រូវ​បាន​​​អាជ្ញាធរ​បណ្ដេញ​ចេញ​ជា​លើក​ដំបូង​នៅ​ចុង​ឆ្នាំ​​​នោះ។ បន្ទាប់​ពី​ត្រឡប់​មក​កាន់​តំបន់​នេះវិញ​កាលពីពេល​ថ្មីៗ​នេះ ក្រុម​អ្នក​ភូមិ​ត្រូវ​​បានបណ្ដេញចេញ​ម្ដង​ទៀត​។

លោក រិទ្ធី​ បាន​ពន្យល់​ថា “យើង​មាន​ឯកសារ​ជាច្រើន​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី ហើយ​យើង​ចង់​ឲ្យ​រដ្ឋសភា​ដឹង​អំពីវិវាទ​ដីធ្លីជាមួយ​ក្រុមហ៊ុន​​​នេះ។ អាជ្ញាធរ​បាន​សហការ​ជាមួយ​ក្រុម​​​ហ៊ុន​ដើម្បី​បណ្ដេញ​ក្រុម​អ្នកភូមិ​ចេញពី​ផ្ទះ​សំបែង​របស់​​​ពួក​​​គាត់ ហើយ​បាន​យក​ដីទៅ​ឲ្យ​ក្រុម​ហ៊ុន​ដោយ​គ្មាន​ផ្ដល់​សំណង​អ្វីឡើយ​”។ លោក​បាន​និយាយ​ថា តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួនជាមួយ​ប្ដីរបស់​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ​ថា បាន​លក់​ដី​អ្នកភូមិ​ដោយ​ខុស​ច្បាប់​ស្ថិត​នៅ​លើ​ដី​ចម្ការ​កៅស៊ូ​ដែល​មាន​វិវាទ​នេះ​។

លោក ញ៉ែម វណ្ណី ស្នង​ការ​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ប្ដីប្រពន្ធនេះ​ត្រូវ​បាន​ដោះ​លែង​​វិញ​​​ហើយ ​នៅ​​​​វេលា​ថ្ងៃត្រង់​ម្សិលមិញ “តាម​ការ​​​សម្រេច​​​របស់​សាលា​ដំបូង​ខេត្ត​”។ លោក វណ្ណី បាន​បន្ថែម​ថា “ពួកគាត់​ត្រូវបាន​ដោះ​លែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ​ ដូច្នេះ​យើង​នឹង​តាម​ដាន​ពួកគាត់​។ ប្ដីប្រពន្ធ​​​នេះ​មិនអាច​​ត្រឡប់ទៅ​កាន់​តំបន់​នោះដើម្បីញុះញង់​អ្នកដទៃទៀត​ឲ្យ​លក់​ដីដោយ​ខុស​ច្បាប់​​​ទៀត​ឡើយ​”។

អ្នកស្រី សំ ញ៉ តំណាងអ្នកភូមិ​បាន​​និយាយ​ថា យ៉ាង​ហោច​ណាស់​អ្នកភូមិ​ចំនួន​១០០​គ្រួសារ​មកពី​ក្រុមជនជាតិ​ដើម​ភាគតិច​ព្នង ព្រៅ ទំពួន និង​គ្រឹង ” បាន​រស់​នៅ​ក្នុង​តំបន់​នេះ​តាំង​ពី​ជំនាន់​ដូន​តា​របស់​ពួកគាត់​មក​ម៉្លេះ”។ អ្នកស្រី​បាន​និយាយ​ថា ​”ឥឡូវ​នេះ យើង​បាន​ចាក​ចេញពី​តំបន់​នេះ​ ហើយ​លំបាក​រក​កន្លែង​ថ្មីរស់​នៅ​ណាស់​។ ចាប់​តាំងពី​ពួកគេ​បាន​បណ្ដេញយើង​ចេញ​មក យើង​មិន​ដឹង​ទៅ​រស់​នៅ​ឯណាទេ?” ។

លោក អ៊ាង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌កម្ពុជា​ជា​អង្គការ​សិទ្ធិ​ដីធ្លី​បាន​មាន​ប្រសាសន៍​ថា ការ​​​ខ្វះ​​​ជម្រក​​​ក្នុង​ប្រទេស​​​ធ្វើ​​​ឲ្យ​​​​ប៉ះពាល់​​​ដល់​ប្រជាពល​រដ្ឋ​រាប់​ម៉ឺន​គ្រួសារ​ទូទាំង​ប្រទេស​។ លោក វុទ្ធី ​បាន​មាន​ប្រសាសន៍​ថា “ជន​ជាតិ​ភាគតិច​ត្រូវ​បាន​កេង​ប្រវ័ញ្ច​ ពីព្រោះ​ជួន​កាល​ពួកគាត់​មិន​ចេះភាសា​ ឬមិន​យល់​ដឹង​អំពី​ច្បាប់​ ហើយ​លើស​ពីនេះទៅ​ទៀត​ពួកគាត់​ពឹងផ្អែក​​​លើ​​​ធនធាន​ធម្មជាតិដ៏សម្បូរបែប ហើយ​ក្រុម​ហ៊ុននិង​អ្នកមាន​អំណាច​ សូម្បីតែ​ពល​រដ្ឋខ្មែរដូច​គ្នា ​ក៏ចង់បានដី​របស់ពួកគាត់ដែរ ដូច្នេះ​ពួកគាត់​​​ខ្វះកន្លែង​​​រស់​​​នៅ”៕សារុន​

(រាយការណ៍​បន្ថែម​ដោយ LaurenCrothers)​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស