កាលពីម្សិលមិញ តំណាងក្រុមអ្នកភូមិដែលជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីក្នុងខេត្តមណ្ឌលគិរី បានអំពាវនាវឲ្យរដ្ឋាភិបាលដោះស្រាយការគ្មានកន្លែងរស់នៅរបស់ពួកគាត់ បន្ទាប់ពីជម្រករបស់ពួកគាត់ត្រូវបានបំផ្លាញដោយនគរបាលនិងទាហានអំឡុងការបណ្ដេញចេញដោយបង្ខំកាលពីថ្ងៃច័ន្ទ។
លោក ចាន់ រិទ្ធី បានឈរនៅខាងក្រៅរដ្ឋសភាក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយមានកាន់ញត្តិដែលលោកលើកឡើងថា លោកចង់ប្រគល់ទៅឲ្យលោក ហេង សំរិន ប្រធានរដ្ឋសភាទាមទារឲ្យដោះលែងតំណាងអ្នកភូមិពីរនាក់ដែលលោកលើកឡើងថា ត្រូវបានចាប់ខ្លួនមិនត្រឹមត្រូវនៅថ្ងៃបណ្ដេញចេញ។ លោកបានពន្យល់ថា ការបណ្ដេញចេញនេះបានធ្វើឲ្យសហគមន៍របស់លោកចំនួន៥០០គ្រួសារ ដែលបានមករស់នៅក្នុងតំបន់នេះកាលពីឆ្នាំ២០១២ខ្វះជម្រក ហើយទើបតែត្រូវបានអាជ្ញាធរបណ្ដេញចេញជាលើកដំបូងនៅចុងឆ្នាំនោះ។ បន្ទាប់ពីត្រឡប់មកកាន់តំបន់នេះវិញកាលពីពេលថ្មីៗនេះ ក្រុមអ្នកភូមិត្រូវបានបណ្ដេញចេញម្ដងទៀត។
លោក រិទ្ធី បានពន្យល់ថា “យើងមានឯកសារជាច្រើនពាក់ព័ន្ធនឹងវិវាទដីធ្លី ហើយយើងចង់ឲ្យរដ្ឋសភាដឹងអំពីវិវាទដីធ្លីជាមួយក្រុមហ៊ុននេះ។ អាជ្ញាធរបានសហការជាមួយក្រុមហ៊ុនដើម្បីបណ្ដេញក្រុមអ្នកភូមិចេញពីផ្ទះសំបែងរបស់ពួកគាត់ ហើយបានយកដីទៅឲ្យក្រុមហ៊ុនដោយគ្មានផ្ដល់សំណងអ្វីឡើយ”។ លោកបាននិយាយថា តំណាងអ្នកភូមិម្នាក់ទៀតដែលត្រូវបានចាប់ខ្លួនជាមួយប្ដីរបស់គាត់ត្រូវបានចោទប្រកាន់មិនត្រឹមត្រូវថា បានលក់ដីអ្នកភូមិដោយខុសច្បាប់ស្ថិតនៅលើដីចម្ការកៅស៊ូដែលមានវិវាទនេះ។
លោក ញ៉ែម វណ្ណី ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា ប្ដីប្រពន្ធនេះត្រូវបានដោះលែងវិញហើយ នៅវេលាថ្ងៃត្រង់ម្សិលមិញ “តាមការសម្រេចរបស់សាលាដំបូងខេត្ត”។ លោក វណ្ណី បានបន្ថែមថា “ពួកគាត់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នតែប៉ុណ្ណោះ ដូច្នេះយើងនឹងតាមដានពួកគាត់។ ប្ដីប្រពន្ធនេះមិនអាចត្រឡប់ទៅកាន់តំបន់នោះដើម្បីញុះញង់អ្នកដទៃទៀតឲ្យលក់ដីដោយខុសច្បាប់ទៀតឡើយ”។
អ្នកស្រី សំ ញ៉ តំណាងអ្នកភូមិបាននិយាយថា យ៉ាងហោចណាស់អ្នកភូមិចំនួន១០០គ្រួសារមកពីក្រុមជនជាតិដើមភាគតិចព្នង ព្រៅ ទំពួន និងគ្រឹង ” បានរស់នៅក្នុងតំបន់នេះតាំងពីជំនាន់ដូនតារបស់ពួកគាត់មកម៉្លេះ”។ អ្នកស្រីបាននិយាយថា ”ឥឡូវនេះ យើងបានចាកចេញពីតំបន់នេះ ហើយលំបាករកកន្លែងថ្មីរស់នៅណាស់។ ចាប់តាំងពីពួកគេបានបណ្ដេញយើងចេញមក យើងមិនដឹងទៅរស់នៅឯណាទេ?” ។
លោក អ៊ាង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាជាអង្គការសិទ្ធិដីធ្លីបានមានប្រសាសន៍ថា ការខ្វះជម្រកក្នុងប្រទេសធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារទូទាំងប្រទេស។ លោក វុទ្ធី បានមានប្រសាសន៍ថា “ជនជាតិភាគតិចត្រូវបានកេងប្រវ័ញ្ច ពីព្រោះជួនកាលពួកគាត់មិនចេះភាសា ឬមិនយល់ដឹងអំពីច្បាប់ ហើយលើសពីនេះទៅទៀតពួកគាត់ពឹងផ្អែកលើធនធានធម្មជាតិដ៏សម្បូរបែប ហើយក្រុមហ៊ុននិងអ្នកមានអំណាច សូម្បីតែពលរដ្ឋខ្មែរដូចគ្នា ក៏ចង់បានដីរបស់ពួកគាត់ដែរ ដូច្នេះពួកគាត់ខ្វះកន្លែងរស់នៅ”៕សារុន
(រាយការណ៍បន្ថែមដោយ LaurenCrothers)