29 C
Phnom Penh

គណៈ​​កម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត ​ចេញលទ្ធផល​ផ្លូវការ​នៃការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីយប់មិញ ​គណៈ​​កម្មាធិការ​​ជាតិ​រៀប​ចំការ​បោះឆ្នោត​​ហៅកាត់ គ.ជ.ប. បាន​ចេញ​​​​ផ្សាយ​​​​លទ្ធផល​ផ្លូវការ​​​នៃ​​​​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​​រាជធានី​​​ ខេត្ត​​​-ក្រុង​​​ ស្រុក-ខណ្ឌ ​​ដោយ​​​គណ​បក្សប្រជាជន​កម្ពុជា​​គ្រប់គ្រង​អំណាច​ទទួលបាន​​​​អាសនៈ​ចំនួន​២.៥៤០​ ឬ​៧៦,៤​ភាគ​រយ នៃ​ចំនួន​៣.៣២៤អាសនៈ​​​ ​នៅទូទាំង​ប្រទេស​។

តួលេខនេះ​ស្ទើរតែ​​​ដូច​​​គ្នា​​​​​ទាំង​​​ស្រុង​​​ទៅ​​​​នឹង​​តួលេខ​ចេញដោយ​​គណបក្សប្រជាជន​​កម្ពុជា នៅ​​​ថ្ងៃ​បន្ទាប់​​ពី​ការ​​​​​​បោះឆ្នោត ដែល​​​បង្ហាញ​​ថា ​គណបក្ស​ប្រជា​​ជនកម្ពុជា​​​ទទួលបា​នចំនួន​២.៥៤៣​​អាសនៈ​។ ​ក្នុងចំណោម​​អាសនៈ​សរុបចំនួន​២.២៣៤​បាន​​ទៅ​ក្រុម​ប្រឹក្សា​ស្រុក​ ខណ្ឌ និង​ចំនួន​៣០៦​អាសនៈ​​បាន​​ទៅ​ក្រុម​ប្រឹក្សា​​ខេត្ត ក្រុង​ និង​​រាជធានី។

យោងតាម​តួលេខ​​នេះ គណបក្ស​ប្រជាជន​កម្ពុជា​​ទទួលបាន​​សំឡេងភាគ​ច្រេើន​​​គ្រប់​​​កន្លែង​​​ទាំង​​​អស់​​​លើក​​​លែងតែ​​​​ក្រុម​​​ប្រឹក្សា​​​ពីរ​​នៃ​ក្រុម​ប្រឹក្សា​ស្រុក​ ខណ្ឌចំនួន​៣.០១៨​​នៅទូទាំង​ប្រទេស​ ហើយ​​​ក៏​​​ឈ្នះ​​​ដែរ​​​នៅ​​​ក្នុង​​​​ក្រុម​ប្រឹក្សា​២៤​​​រាជធានី​​​ខេត្ត។ ​​សំឡេងភាគ​ច្រើន​​នេះ​នឹង​ធ្វើ​ឲ្យគណ​បក្សគ្រប់គ្រងអំ​ណាច​អាច​​គ្រប់គ្រង​​​ថវិកា​​ចែកចាយ​ឲ្យ​ក្រុម​ប្រឹក្សា​​នានា​ ព្រមទាំង​​តំណែង​​ប្រធាន​​ក្រុម​ប្រឹក្សាផង​​​។

​គណ​បក្ស​សង្គ្រោះ​​ជាតិ​​​ទទួលបា​ន​​៧៦៥អាសនៈ​​​នៅ​​​ទូទាំង​ក្រុមប្រឹក្សា​ផ្សេងៗ​ ដោយ​ទទួល​បាន​​តួនាទី​ក្រុម​ប្រឹក្សា​ស្រុក ខណ្ឌ ​ចំនួន​៦៧៩​​​អាសនៈ​ និង​តំណែង​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង និងរាជធានីចំនួន​​៨៦អាសនៈ​។ ​​គណបក្សនេះ​​​ទទួល​បាន​សំឡេង​ភាគច្រើន​​នៅតាម​ក្រុម​ប្រឹក្សា​​ស្រុក​ ខណ្ឌ​​ នីមួយៗ​នៅក្នុងខេត្ត​ព្រៃ​វែង និងខេត្ត​ត្បូង​ឃ្មុំ។

តួលេខនៃតំណែង​ក្រុម​ប្រឹក្សា​ ស្រុក ខណ្ឌ ចំនួន​៦៧៩អាសនៈ​ គឺ​ខ្ពស់​​ជាង​​​ពីរ​​​ដង​​​បើ​​​ធៀប​​​នឹង​​​​​ចំនួន​៦៧៧​​អាសនៈ​ ​ដែល​លោក សម រង្ស៊ី ​មេដឹកនាំគណ​បក្ស​ប្រឆាំង​​បាន​អះអាង​ថា ​ទទួលបា​ន​​កាល​​ពី​ល្ងាច​​​​​ថ្ងៃ​បោះ​ឆ្នោត​ ប៉ុន្តែ​​តិចជាង​​ចំនួន​៦៨៣អាសនៈ​ ដែលលទ្ធផលបឋម​កាល​​ពីថ្ងៃទី​១៩ ខែ​​​ឧសភា ​របស់​គណ​បក្ស​​​​គ្រប់​គ្រងអំណាច​​​​​បាន​បង្ហាញ​​ថា ​គណបក្ស​សង្គ្រោះជាតិ​​​ទទួល​បាន។

គណបក្ស​ផ្សេងទៀត​​ដែល​ទទួលបា​នអាសនៈ​ គឺ​គណបក្សហ៊្វុនស៊ីនបុិច និង​​​គណបក្សសម្ព័ន្ធ​​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) ។ ​គណបក្ស​ LDP ​​ទទួលបា​ន​​​អាសនៈ​ក្រុម​ប្រឹក្សា​ស្រុក​​​តែមួយ​គត់​នៅក្នុងខេត្ត​សៀមរាប។ គណបក្ស​រាជា​និយមហ៊្វុន​ស៊ីនបុិច ​​ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ស្រុក​​ចំនួន​១៧​​អាសនៈ​​​នៅទូទាំង​​ខេត្តចំនួន​ប្រាំពីរ ​និងមួយ​​អាសនៈ​​ក្នុងក្រុម​ប្រឹក្សា​​ខេត្ត​បន្ទាយមាន​​​ជ័យ​។

ការបោះឆ្នោត​ក្រុម​ប្រឹក្សា​កាល​​ពីថ្ងៃទី​១៨ ខែ​ឧសភា​ គឺជា​​ការ​បោះឆ្នោត​ប្រយោល​ ​ជា​មួយនឹង​ក្រុម​ប្រឹក្សា​​ឃុំ សង្កាត់​ ដែល​​ជាប់ឆ្នោត​​ដោយសំឡេងឆ្នោត​ប្រជាជន​​​​កាល​​ពីក្នុង​ខែ​មិថុនាឆ្នាំ​២០១២ ​ជាការ​​បោះឆ្នោត​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​​សម្រាប់​ក្រុម​ប្រឹក្សា​​ខេត្ត​ស្រុក ខណ្ឌ និង​ខេត្តរបស់​ខ្លួន។

សំឡេងឆ្នោត​​លើសលប់​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​នៅក្នុងការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​​ឃុំ សង្កាត់​​ទាំងនោះ ​​ដែលបាន​កើតឡើង​​រយៈពេល​មួយខែ មុនការ​បង្កើត​គណ​បក្ស​សង្គ្រោះជាតិ​ ត្រូវបា​ន​ឆ្លុះបញ្ចាំងក្នុង​​​ជ័យ​​​ជម្នះ​​​យ៉ាង​​​ច្រើន​​​​នៃ​​​ការ​បោះឆ្នោត​​កាល​ពីថ្ងៃ​ទី១៨ ខែ​ឧសភា៕ ប៊ុននី​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស