34 C
Phnom Penh

បញ្ញត្តិករ​ព្រមាន​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត​ ឲ្យ​​​ដោះស្រាយ​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ទូរស័ព្ទ​ qb

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​លិខិត​មួយ​ច្បាប់​ពី​បញ្ញត្តិករ​ទូរគមនាគមន៍​​កម្ពុជា​ ហៅកាត់​ TRC ជូន​ចំពោះ​ប្រធាននាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត (Smart)​ ដែល​​​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​ឲ្យដឹង​ថា កាលពី​សប្ដាហ៍​មុន TRC ​បាន​ព្រមានក្រុម​​ហ៊ុនទូរស័ព្ទ​ស្មាត​ថា ក្រុមហ៊ុន​នេះ​អាច​ប្រឈម​នឹង​បណ្ដឹង​​​​ពី​បទ​ព្យាយាម​ទាក់ទាញ​​​​អតិថិជន​ ពី​​​ក្រុម​​​ហ៊ុន​​​​​ qb ដែល​ជា​គូប្រជែង ​និង​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត​ដោះស្រាយ​បញ្ហា​នេះ​ជា​ បន្ទាន់។​

លិខិត ​ចុះ​ថ្ងៃ​ទី​១៩ ខែ​ឧសភា​ និង​ចុះ​ហត្ថលេខា​ដោយ​លោក​ ម៉ូវ ចរិយា ប្រធាន​ TRC ត្រូវ​បាន​បញ្ជូន​នៅ​ថ្ងៃ​ដដែល​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជា​ឲ្យ​និយោជិត​​ និង​ដៃ​គូ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត​ ឈប់​ទាក់​ទង​ជាមួយ​​អតិថិជន​របស់​ក្រុម​ហ៊ុន​ qb និង​ឈប់​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ ដែល​​​មាន​គោល​បំណង​ទាក់​​​ទាញ​​​អតិថិជន​​​ពី​​​ក្រុមហ៊ុន​ qb។

លិខិត ​នេះ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ស្មាត​ ដែល​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ធំបំផុត​ទី២ គិត​​​តាម​​​ចំនួន​​​អតិថិជន​​​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ព្យា​យាម​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ​​​ ​ទាក់​ទាញ​អតិថិជន​​​ពី​​​ ក្រុមហ៊ុន​​​ qb ​ជាក្រុម​ហ៊ុនមួយ​ចំណោមក្រុម​ហ៊ុន​តូច​បំផុតនៅ​ក្នុង​ប្រទេស​​នេះ​។

ក្រុមហ៊ុន ​ qb បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ស្មាត​ពី​បទ​បង្ខូច​​​កិត្តិនាម​​​​និង​ធ្វើ​​​ ឲ្យ​​​ខូច​​​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​បញ្ចប់​កិច្ច​ព្រម​ព្រៀង​​​មាន​​​ យូរ​​​មក​​​ហើយ​​​ ​​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​​​ក្រុមហ៊ុន​ qb ប្រើ​បណ្តាញ​​​របស់​ក្រុម​ហ៊ុន​ស្មាត នៅពេល​ដែល​​​ពួក​​​គេ​​​ប្រើ​​​សេវា​​​រ៉ូមីង (roaming)។ មុន​ពេល​​​មាន​​​ការ​​​បញ្ចប់កិច្ច​ព្រម​ព្រៀង​ ​ក្រុម​ហ៊ុន​​ qb បាន​ចាប់​ផ្ដើម​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​អតិថិជន ​ដែល​​លើក​ឡើង​ថា ក្រុម​ហ៊ុន​ស្មាត​កំពុង​តែ​ទាក់ទង​ពួក​គេ​​​ឲ្យ​​​ប្តូរទៅ​ប្រើ​បណ្ដាញ​ ទូរស័ព្ទ​ស្មាត​វិញ​​​។

លិខិត​នេះ​មាន​ខ្លឹមសារថា “ក្រុមហ៊ុន​ស្មាត​មិន​បាន​ផ្ដល់​ការពិត​និង​មិន​មានការ​អនុញ្ញាត​ពី​ ក្រុម​ហ៊ុន​ Cambodia Advance Communication Co. (CADCOMMS) ស្រប​​​តាម​ច្បាប់​ ដើម្បី​​ទាក់ទាញ​អតិថិជន​ ដោយ​រំលោភ​សិទ្ធិ​បុគ្គល​ ឬ​នីតិបុគ្គល​ដែល​ច្បាប់ការ​​ពារ”​។

ក្រុមហ៊ុន​ស្មាត​ គឺ​ជា​សាខា​ក្រុម​ហ៊ុន​ AxiataGroupBerhad មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី រីឯ​​ក្រុមហ៊ុន​ qb គឺ​ជា​ម៉ាក​របស់​ក្រុម​ហ៊ុន CADCOMMS របស់​ជន​ជាតិ​អារ៉ា​ប៊ីសា​អូឌីត​។

លិខិត​នេះ​បន្ត​ថា ក្រុមហ៊ុន​ស្មាត​បាន​រំលោភ​ផ្នែក​ជាច្រើន​នៃ​​ប្រកាស​​២០៦ ស្តីពី​ការ​ភ្ជាប់​បណ្ដាញ​​ ដែល​ធ្វើ​បញ្ញត្តិកម្ម​​កិច្ច​ព្រម​ព្រៀង​សេវា​ Roaming ក្នុង​ស្រុក​។ លិខិត​នេះ​បាន​ប្រាប់​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​​នូវ ​ការ​បញ្ចុះ​បញ្ចូល​អតិថិជន​របស់​ក្រុមហ៊ុន​ qb និង​បង្ខូច​កិត្តិនាម​ក្រុមហ៊ុន​ qb។

លិខិត​នេះ​ក៏​បាន​ប្រាប់​ ក្រុមហ៊ុន​ស្មាត​ឲ្យ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​​qb និង​ពន្យល់​TRC អំពី​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀងសេវា​រ៉ូមីង។ លិខិត​នេះ​មាន​ខ្លឹមសារ​ថា “សូម​ដោះស្រាយ ជាមួយ​ CADCOMMS នូវសកម្មភាព​មិន​សមស្របជា​បន្ទាន់​ ​ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​ដែល​បាន​ចែង​ និង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​​ជាធរមាន នៅ​ពេល​ក្រុមហ៊ុន​ CADCOMMS ប្ដឹង​ទាមទារ​សិទ្ធិ​​នីតិបុគ្គល​និងសិទ្ធិ​​​អត្រានុកូល​ដ្ឋាន​ ​ដូចដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ក្រម​រដ្ឋប្បវេណីនៃ​ព្រះ​រា​ជា​ ណាចក្រ​កម្ពុជា”។

ប្រភព​មួយ​ ដែល​ដឹងច្បាស់​​អំពី​នីតិវិធីនេះ​ ​ហើយ​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ ដោយសារ​ភាព​រសើប​នៃ​បញ្ហា​នេះ ​បានឲ្យដឹងកាល​ពី​ម្សិលមិញ​ថា ក្រុមហ៊ុន​​ qb នឹង​បន្ត​បណ្ដឹង​​​​​រដ្ឋប្បវេណី​និង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ ស្មាត​ ពីព្រោះ​ក្រុមហ៊ុន​ដ៏​ធំ​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ​កូន​ហ៊ុន​ទាំងអស់​​របស់​ក្រុមហ៊ុន​ qb ​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ជាង​១២០​លាន​ដុល្លារ​។ ប្រភព​នេះ​បាន​ឲ្យ​ដឹង​ថា “ប្រសិន​បើ​ពួក​គេ​នៅតែ​បន្តធ្វើ​ ក្រុមហ៊ុន​ qb នឹង​គ្មាន​អតិថិជន​ ឬ​ចំណូល​ឡើយ​”។

លោក​ ថូម៉ាស ​ហាន​(Thomas Hundt) ប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ស្មាត​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ ធិប្បាយ​កាល​ពី​ម្សិល​មិញ។ លោក​ ម៉ៃឃើល ហ្វីតប៉ាទ្រីក (Michael Fitzpatrick) ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ទូរ​ស័ព្ទ qb បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ qb​ កំពុង​តែ​រង់ចាំ​ព័ត៌មាន​​ពី​ក្រុមហ៊ុនស្មាត​ មុន​ពេល​ធ្វើ​សេចក្តីសម្រេច​នៅពេល​ខាង​មុខ។ លោក​បាន​មាន​ប្រសាសន៍​ថា “តាម​ខ្ញុំ​ដឹង​ យើង​មិន​ទាន់​មាន​​ចម្លើយ​តប​ផ្លូវ​ការ​ពី​ក្រុមហ៊ុន​ស្មាត​ទេ​។ ដូច្នេះ​យើង​ត្រូវ​រង់ចាំ​ពួក​គេ​”។

ក្រុមហ៊ុន​ស្មាត​ បញ្ចូល​ជាមួយ​​ក្រុមហ៊ុន​ ហេឡូ ជា​របស់​ Axiata កាល​ពី​ឆ្នាំមុន​ និង​អះអាង​ថា មាន​អតិថិជន​ជាង​៥លាន​នាក់​។ ក្រុមហ៊ុន​ qb មាន​អតិថិជន​ប្រហែល​៥០០.០០០​នាក់៕ប៊ុន​នី

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស