ធានាគារិកបានលើកឡើងនៅសប្ដាហ៍នេះថា បញ្ញើរូបិយប័ណ្ណបរទេសបានកើនឡើងយ៉ាងឆាប់រហ័សអំឡុងរយៈពេលបួនខែដើមឆ្នាំនេះ ជាសញ្ញាមួយបង្ហាញថា សាធារណជនមានការជឿទុកចិត្តខ្ពស់លើស្ថាប័នហិរញ្ញវត្ថុនានាក្នុងប្រទេសកម្ពុជា ទោះបីជាមានស្ថានភាពមិនប្រាកដប្រជាក្រោយពីការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីឆ្នាំមុនក្ដី។
លោក ជៀម ទៀង នាយករងប្រតិបត្តិនៃធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា បញ្ញើរូបិយប័ណ្ណបរទេសនៅធនាគារនេះបានកើនឡើងជាង៨៥ភាគរយ ពីចំនួន១២០លានដុល្លារក្នុងរយៈពេលបួនខែដើមឆ្នាំ២០១៣ ដល់២២៥លានដុល្លារអំឡុងរយៈពេលដូចគ្នាក្នុងឆ្នាំនេះ។ រូបិយប័ណ្ណបរទេសសំខាន់ៗដែលត្រូវបានដាក់ផ្ញើ គឺប្រាក់ដុល្លារ និងប្រាក់បាត។
លោក ជៀម ទៀង មានប្រសាសន៍ថា ការកើនឡើងយ៉ាងឆាប់រហ័សនូវប្រាក់បញ្ញើនេះបង្ហាញថា អតិថិជនមានការជឿទុកចិត្តលើប្រព័ន្ធធនាគារក្នុងប្រទេសកម្ពុជា បន្ទាប់ពីអតិថិជនបានសម្រុកលើកគ្នាទៅដកប្រាក់ អំឡុងការបោះឆ្នោតជាតិ។
លោកបានមានប្រសាសន៍បន្តថា “ទំនុកចិត្តលើធនាគារអេស៊ីលីដា បានត្រឡប់មកវិញហើយ ដោយសារតែអំឡុងពេលបោះឆ្នោត អតិថិជនរបស់យើងអាចដកប្រាក់បានយ៉ាងច្រើនតាមពួកគាត់ចង់បានអំឡុងពេលមានវិបត្តិ។ នោះជាមូលហេតុ ដែលពេលនេះធ្វើឲ្យពួកគាត់កាន់តែជឿទុកចិត្តលើយើង”។
លោកក៏បានលើកឡើងដែរថា បញ្ញើប្រាក់រៀលខ្មែរក៏បានកើនឡើងដែរពីចំនួន២៤លានដុល្លារក្នុងរយៈពេលបួនខែដើមឆ្នាំ២០១៣ ដល់៣០លានដុល្លារក្នុងរយៈពេលបួនខែដើមឆ្នាំ២០១៤។ នៅឯធនាគារ CIMB Cambodia Bank របស់ម៉ាឡេស៊ី បញ្ញើរូបិយប័ណ្ណបរទេសបានកើនឡើងពីចំនួន១៥៣លានដុល្លារក្នុងរយៈពេលបួនខែដើមឆ្នាំ២០១៣ ដល់២២១លានដុល្លារក្នុងរយៈពេលបួនខែដើមឆ្នាំនេះ នេះបើយោងតាមការឲ្យដឹងពីលោក ហេង វុទ្ធី ប្រធានផ្នែកយុទ្ធសាស្ត្រនិងហិរញ្ញវត្ថុនៅធនាគារនេះ។
លោក ហេង វុទ្ធី បានមានប្រសាសន៍ថា “ប្រហែល៩៩ភាគរយ នៃប្រាក់បញ្ញើទាំងអស់របស់អតិថិជនយើង គឺជាប្រាក់ដុល្លារ”។ លោកបានបញ្ជាក់ថា ការកើនឡើងខ្លាំងនូវប្រាក់បញ្ញើនេះ គឺដោយសារតែអតិថិជនមានការជឿទុកចិត្តជាងមុនលើប្រព័ន្ធធនាគារ។
នៅក្នុងឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ ក៏មានការកើនឡើងស្រដៀងគ្នានេះដែរនូវបញ្ញើរូបិយប័ណ្ណបរទេស ស្របពេលប្រាក់បញ្ញើកើនឡើងសរុប៥៤ភាគរយ ដល់៥៣៦លានដុល្លារអំឡុងត្រីមាសទី១ ដើមឆ្នាំនេះ។ ការបញ្ចេញឥណទាននៅក្នុងរយៈពេលដូចគ្នានេះក៏បានកើនឡើង១៤ភាគរយ ដល់២០០លានដុល្លារដែរ។
លោក ប៊ុន ថន នាយកហិរញ្ញវត្ថុនៅស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីធីត ដែលជាសមាជិកមួយនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាស្ថាប័នមីក្រូហិរញ្ញវត្ថុមួយក្នុងចំណោមស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួនប្រាំពីរដែលទទួលប្រាក់បញ្ញើ បានមានប្រសាសន៍ថា បញ្ញើរូបិយប័ណ្ណបរទេសមានសន្ទុះលឿនជាង។ ប្រាក់បញ្ញើរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុបានកើនឡើង២៧,៥ភាគរយពីចំនួន៨០លានដុល្លារក្នុងរយៈពេលបួនខែដើមឆ្នាំ២០១៣ ដល់១០២លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤។
លោកមានប្រសាសន៍ទៀតថា “ស្ថាប័នរបស់យើងទទួលបានកំណើនលឿន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ដោយសារតែពេលនេះប្រជាពលរដ្ឋមានការជឿទុកចិត្តជាងមុនលើសេវាកម្មមីក្រូហិរញ្ញវត្ថុ និងដោយសារតែពួកគាត់មានជីវភាពធូរធារ”។
លោក ចាយអឺន ម៉េណុន (Jayant Menon) សេដ្ឋវិទូជាន់ខ្ពស់នៅការិយាល័យសមាហរណកម្មសេដ្ឋកិច្ចប្រចាំតំបន់ នៃធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា ការកើនឡើងបញ្ញើរូបិយប័ណ្ណបរទេសអាចមានផលល្អចំពោះសេដ្ឋកិច្ច ប្រសិនបើមានការពិនិត្យតាមដានឲ្យបានត្រឹមត្រូវ។
លោកមានប្រសាសន៍ថា “ការកើនឡើងនូវការផ្គត់ផ្គង់សាច់ប្រាក់អាចជំរុញតម្រូវការនិងការចំណាយ ដែលអាចជំរុញឲ្យមានកំណើន ក៏ប៉ុន្តែវាក៏អាចធ្វើឲ្យមានសម្ពាធអតិផរណាផងដែរ ប្រសិនបើគ្មានការពិនិត្យតាមដានទេនោះ”៕ សុខុម
(រាយការណ៍បន្ថែមដោយ George Styllis)