ប័ណ្ណសារ

បញ្ញើ​​​រូបិយប័ណ្ណ​​​បរទេស​​​នៅ​​​កម្ពុជា​​​កើន​​​ឡើង​​​ខ្លាំង​​​​គួរ​ឲ្យ​កត់​សម្គាល់

By

May 28, 2014

ធានាគារិក​​​បាន​​​លើក​​​ឡើង​​​នៅ​​​សប្ដាហ៍​​​នេះ​​​ថា បញ្ញើរូបិយប័ណ្ណ​​​បរទេស​​​បាន​​​កើនឡើង​​​យ៉ាង​​​ឆាប់​​​រហ័ស​​​អំឡុង​​​រយៈ​​​ពេល​​​បួន​​​ខែ​​​ដើម​​​ឆ្នាំ​​​នេះ​​ ជា​​​សញ្ញា​​​មួយ​​​បង្ហាញ​​​ថា សាធារណជន​​​មាន​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​ខ្ពស់​​​លើ​​​ស្ថាប័ន​​​ហិរញ្ញវត្ថុ​​​នានា​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ទោះ​​​បី​​​ជា​​​មាន​​​ស្ថានភាព​​​មិន​​​ប្រាកដ​​​ប្រជា​​​ក្រោយ​​​ពី​​​ការ​​​បោះឆ្នោត​​​ជាតិ​​​ដ៏​​​ចម្រូង​​​ចម្រាស​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ក្ដី​​​។

លោក​​​ ជៀម ទៀង នាយក​​​រង​​​ប្រតិបត្តិ​​​នៃ​​​ធនាគារ​​​អេស៊ីលីដា ភីអិលស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា បញ្ញើ​​​រូបិយប័ណ្ណ​​​បរទេស​​​នៅ​​​ធនាគារ​​​នេះ​​​បាន​​​កើន​​​ឡើង​​​ជាង​​​៨៥​​​ភាគរយ​​​ ពី​​​ចំនួន​​​១២០​​​លាន​​​ដុល្លារ​​​ក្នុង​​​រយៈ​​​ពេល​​​បួន​​​ខែ​​​ដើម​​​ឆ្នាំ​​​២០១៣ ​​​ដល់​​​២២៥​​​លាន​​​ដុល្លារ​​​អំឡុង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​ក្នុង​​​ឆ្នាំ​​​នេះ​​​។ ​​​រូបិយ​​​ប័ណ្ណ​​​បរទេស​​​សំខាន់ៗ​​ដែល​​​ត្រូវ​​​បាន​​​ដាក់​​​ផ្ញើ​​​ គឺ​​​​​​ប្រាក់​​​ដុល្លារ​​​​ និង​​​ប្រាក់​​​បាត។

លោក​​​ ជៀម ទៀង​​​ មាន​​​ប្រសាសន៍​​​ថា ការ​​​កើន​​​ឡើង​​​យ៉ាង​​​ឆាប់​​​រហ័ស​​​នូវ​​​ប្រាក់​​​បញ្ញើ​​​នេះ​​​​​​បង្ហាញ​​​ថា អតិថិជន​​​មាន​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​លើ​​​ប្រព័ន្ធ​​​ធនាគារ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​ បន្ទាប់ពី​​​អតិថិជន​​​បាន​​​​​​សម្រុក​​​លើក​​​គ្នា​​​ទៅ​​​ដកប្រាក់​​​ អំឡុង​​​ការ​​​បោះឆ្នោត​​​ជាតិ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ទំនុក​​​ចិត្ត​​​លើ​​​ធនាគារ​​​អេស៊ីលីដា បាន​​​​​​ត្រឡប់​​​មក​​​វិញ​​​ហើយ​​​ ដោយសារ​​​តែ​​​អំឡុង​​​ពេល​​​បោះឆ្នោត ​​​អតិថិជន​​​របស់​​​យើង​​​អាច​​​ដក​​​ប្រាក់​​​បាន​​​យ៉ាង​​ច្រើន​​​តាម​​​ពួក​​​គាត់​​​ចង់​​​បាន​​​អំឡុង​​​ពេល​​​មាន​​​វិបត្តិ។ នោះ​​​ជា​​​មូលហេតុ​​​ ដែល​​​ពេល​​​នេះ​​​ធ្វើ​​​ឲ្យ​​​ពួក​​​គាត់​​​កាន់តែ​​​ជឿទុក​​​ចិត្ត​​​លើ​​​​​​យើង​​​”។

លោក​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា បញ្ញើ​​​​​​ប្រាក់​​​រៀល​​​ខ្មែរ​​​ក៏​​​បាន​​​កើន​​​ឡើង​​​ដែរ​​​​​​​​​ពី​​​​​​ចំនួន​​​២៤​​​លាន​​​ដុល្លារក្នុង​​​រយៈ​​​ពេល​​​បួន​​​ខែ​​​ដើម​​​ឆ្នាំ​​​២០១៣ ដល់​​​៣០​​​លាន​​​ដុល្លារ​​​ក្នុង​​​​​​រយៈ​ពេល​​​​បួន​​​ខែ​​ដើម​​​ឆ្នាំ​​​២០១៤។ នៅ​​​ឯធនាគារ​​​ CIMB Cambodia Bank របស់​​​ម៉ាឡេស៊ី​​​ បញ្ញើ​​​រូបិយប័ណ្ណ​​​បរទេស​​​បាន​​​កើន​​​ឡើង​​​ពី​​​ចំនួន​​​១៥៣​​​លាន​​​ដុល្លារ​​​ក្នុង​​​រយៈ​​​ពេល​​​បួន​​​ខែ​​​ដើម​​​ឆ្នាំ​​​២០១៣ ដល់​​​២២១​​​លាន​​​ដុល្លារ​​​ក្នុង​​​រយៈ​​​ពេល​​​បួន​​​ខែ​​​ដើម​​​ឆ្នាំ​​​នេះ​​​ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​លោក​​​ ហេង​​​ វុទ្ធី​​​ ប្រធាន​​​ផ្នែក​​​យុទ្ធសាស្ត្រ​​​និង​​​ហិរញ្ញវត្ថុ​​​នៅ​​​​​​ធនាគារ​​​នេះ​​​។

លោក​​​ ហេង​​​ វុទ្ធី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រហែល​​​៩៩​​​ភាគ​​​រយ​​​ នៃ​​​​​ប្រាក់​​​បញ្ញើ​​​ទាំង​​​អស់​​​របស់​​​អតិថិជន​​​យើង គឺ​​​ជា​​​ប្រាក់​​​ដុល្លារ​​​”។ លោក​​​បាន​​​បញ្ជាក់​​​ថា  ការ​​​កើនឡើង​​​ខ្លាំង​​​នូវ​​​ប្រាក់បញ្ញើ​​​នេះ​​​ គឺ​​​ដោយ​​​សារ​​​តែ​​​អតិថិជន​​​មាន​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​ជាង​​​មុន​​​លើ​​​ប្រព័ន្ធ​​​ធនាគារ។

នៅ​​​ក្នុង​​​ឧស្សាហកម្ម​​​មីក្រូហិរញ្ញវត្ថុ ក៏​​​មាន​​​ការ​​​កើន​​​ឡើង​​​ស្រដៀង​​​គ្នា​​​នេះ​​​ដែរ​​​នូវ​​​បញ្ញើ​​​រូបិយប័ណ្ណ​​​បរទេស​​​ ស្រប​​​ពេល​​​​​ប្រាក់​​​បញ្ញើ​​​កើន​​​ឡើង​​​សរុប​​​៥៤​​​ភាគរយ​​​ ដល់​​​៥៣៦​​​លាន​​​ដុល្លារ​​​អំឡុង​​​ត្រី​​​មាស​​​ទី១ ដើម​​​ឆ្នាំ​​​នេះ​​​។ ការ​​​បញ្ចេញ​​​ឥណទាន​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​នេះ​​​​​​ក៏​​​បាន​​​កើន​​​ឡើង​​​១៤​​​ភាគរយ​​​ ដល់​​​២០០​​​លាន​​​ដុល្លារ​​​ដែរ​​​។

លោក​​​ ប៊ុន​​​ ថន​​​ នាយក​​​ហិរញ្ញវត្ថុ​​​នៅ​​​ស្ថាប័ន​​​មីក្រូហិរញ្ញវត្ថុស្ថាបនា​​​លីមីធីត ដែល​​​ជា​​​សមាជិក​​​មួយ​​​នៃ​​​សមាគម​​​មីក្រូហិរញ្ញវត្ថុកម្ពុជា និង​​​ជា​​​ស្ថាប័ន​​​មីក្រូហិរញ្ញ​​​វត្ថុ​​​មួយ​​​ក្នុង​​​ចំណោម​​​​​​ស្ថាប័ន​​​មីក្រូហិរញ្ញវត្ថុ​​​ចំនួន​​​ប្រាំពីរ​​​ដែល​​​ទទួល​​​​​​ប្រាក់​​​បញ្ញើ បាន​​​មាន​​​ប្រសាសន៍​​​ថា បញ្ញើ​​​រូបិយប័ណ្ណ​​​បរទេស​​​មាន​​​សន្ទុះ​​​លឿន​​​ជាង។ ប្រាក់​​​បញ្ញើ​​​របស់​​​ស្ថាប័ន​​​មីក្រូហិរញ្ញវត្ថុ​​​បាន​​​កើន​​​ឡើង​​​២៧,៥​​​ភាគរយ​​​ពី​​ចំនួន​​​​​​​៨០​​​លាន​​​ដុល្លារ​​​ក្នុងរយៈ​​​ពេល​​​បួន​​​ខែ​​​ដើម​​​ឆ្នាំ​​​២០១៣ ដល់​​​១០២​​​លាន​​​ដុល្លារ​​​ក្នុងរយៈ​​​ពេល​​​ដូចគ្នា​​​ក្នុង​​​ឆ្នាំ​​​២០១៤។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ស្ថាប័ន​​​របស់​​​យើង​​​ទទួល​​​បាន​​​កំណើន​​​លឿន​​​ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​មុនៗ​​​ ដោយ​​​សារ​​​តែ​​​ពេល​​​នេះ​​​ប្រជាពលរដ្ឋ​​​មាន​​​ការ​​​ជឿ​​​ទុកចិត្ត​​​​ជាង​​​មុន​​​លើ​​​សេវា​​​កម្ម​​​មីក្រូហិរញ្ញវត្ថុ​​​ និង​ដោយ​​​សារ​​​តែ​​​ពួក​​​​​​គាត់​​មាន​​​ជីវភាព​​​ធូរធារ​​​”។

លោក​​​ ចាយអឺន ម៉េណុន​​​ (Jayant Menon) សេដ្ឋ​​​វិទូ​​​ជាន់​​​ខ្ពស់​​​នៅ​​​ការិយាល័យ​​​សមាហរណកម្ម​​​សេដ្ឋកិច្ច​​​ប្រចាំ​​​តំបន់​​​ នៃ​​​ធនាគារ​​​អភិវឌ្ឍន៍​​​អាស៊ី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​កើន​​​ឡើង​​​បញ្ញើ​​​រូបិយប័ណ្ណ​​​បរទេស​​​អាច​​​មាន​​​ផល​​​ល្អ​​​ចំពោះ​​​​​​សេដ្ឋកិច្ច ប្រសិន​​​បើ​​​មាន​​​ការ​​​ពិនិត្យ​​​តាម​​​ដាន​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​កើន​​​ឡើង​​​នូវ​​​កា​​​រផ្គត់​​​ផ្គង់សាច់ប្រាក់​​​អាច​​​ជំរុញ​​​តម្រូវ​​​ការ​​​និង​​​ការ​​​ចំណាយ​​​ ដែល​​​អាច​​​ជំរុញ​​​ឲ្យ​​​មាន​​​កំណើន​​​ ក៏ប៉ុន្តែ​​​វា​​​ក៏​​​អាច​​​ធ្វើ​​​ឲ្យ​​​មាន​​​សម្ពាធ​​អតិផរណា​​​ផង​​​ដែរ​​​ ប្រសិន​​​បើ​គ្មាន​​​ការ​​​ពិនិត្យ​​​តាម​​​ដាន​​​ទេ​​​នោះ​​​”៕ សុខុម​​​

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ George Styllis)