27 C
Phnom Penh

ជនបរទេស​​​ប្រាំ​​​នាក់​​​ជាប់​​​ពន្ធនាគារ​​​ដោយ​​​សារ​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​ហេរ៉ូអីុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​សម្រេច​​​ផ្ដន្ទាទោសជន​​​បរទេស​​​ចំនួន​​​​​​ប្រាំ​​​នាក់​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ពី​​​២៣ឆ្នាំ​​​ ទៅ​​​២៧​​​ឆ្នាំ​​​ តាម​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​សម​​​គំនិត​​​គ្នា​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន២,២គីឡូក្រាម​​​ពី​​​ប្រទេស​​​កម្ពុជា​​​ ទៅ​​​កាន់ប្រទេស​​​អូស្ត្រាលី​​​។

លោក កោ វណ្ឌី ចៅក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​សាលា​​​ដំបូង​​​រាជធានី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​ទាំង​​​នេះ ​​​រួមមាន​​​បុរស​​​ជនជាតិ​​​នីហ្សេរីយ៉ា ចំនួន​​​បីនាក់​​​ ដែល​​​ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​នោះ​​​កំពុង​​​តែ​​​រត់​​​គេច​​​ខ្លួន​​​ និង​​​ត្រូវ​​​បាន​​​កាត់​​​ទោស​​​កំបាំង​​​មុខ​​​ ព្រម​​​ទាំង​​​ស្ត្រី​​​ជនជាតិ​​​បារាំង​​​ម្នាក់​​​ និង​​​ស្ត្រី​​​ជនជាតិ​​​អូស្ត្រាលី​​​ម្នាក់​​​។ ទណ្ឌិត​​​ទាំង​​​ប្រាំ​​​នាក់​​​នេះ​​​ក៏​​​ត្រូវ​​​បាន​​​ពិន័យ​​​​​​ម្នាក់ៗជា​​​ប្រាក់​​ពី១២.៥០០​​​ដុល្លារ​​​ទៅ​​​២០.០០០​​​ដុល្លារ​​​ផងដែរ។

ស្ត្រីជនជាតិ​​​បារំាង​​​ឈ្មោះ​​​ ចាឡែន សាវ៉ារីណូ (Charlene Savarino) អាយុ​​​១៩​​​ឆ្នាំ​​​ និង​​​ស្ត្រី​ជន​​​ជាតិ​​​អូស្ត្រាលី​​​ឈ្មោះ​​​ យូ៉ស៊ី អាន ថាយ​​​ល័រ (Yoshe Ann Taylor) អាយុ​​​៤១​​​ឆ្នាំ​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​កញ្ញា នៅ​​​​​​អាកាស​​​យានដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ​​​ ជាមួយ​​​នឹង​​​គ្រឿង​​​ញៀន​​​ហេរ៉ូអីុន​​​ ដែល​​​លាក់​​​នៅ​​​ក្នុង​​​សម្ពាយ​​​មួយ​​​ ដែល​​​អ្នក​​​ស្រី​​​ ថាយ​​​ល័រ ស្ពាយ​​​។

បុរសជនជាតិ​​​នីហ្សេរីយ៉ា ឈ្មោះ​​​ ព្រីសឺស ជីណឺមី អិន វូ៉កូ (Precious Chineme Nwoko) អាយុ​​​២៣​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​តាម​​​ក្រោយ​​​ក្នុង​​​ថ្ងៃ​​​ដដែល​​​នោះ​​​ ដោយ​​​នគរបាល​​ចាត់ទុក​​​ជន​​​នេះ​​​ថា ជា​​​មេខ្លោង​​​​​​ក្នុង​​​ប្រតិ​បត្តិការ​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀននេះ​​​។

បុរស​​​ជនជាតិ​​​នីហ្សេរីយ៉ា​​​ពីរ​​​នាក់​​​ទៀត​​​ ដែល​​​តុលាការ​​​គ្រាន់​​​តែ​​​ប្រាប់​​​ឈ្មោះ​​​ថា អាន់តូ និង​​​ឈ្មោះ អាស៊ីតា បានរត់​​​គេច​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​ និង​​​មិន​​​ទាន់​​​ចាប់​​​ខ្លួន​​​បាន​​​​​​នៅ​​​ឡើយ​​​​​​ទេ​​​។

លោក​​​ចៅ​​​ក្រម​​​ វណ្ឌី  បាន​​​ផ្ដន្ទាទោស​​​បុរស​​​ទាំង​​​ពីរ​​​រូប​​​នេះ​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​២៧​​​ឆ្នាំ​​​ រួម​​​ជាមួយឈ្មោះ​​​ វូ៉កូ ផង​​​ដែរ​​​។ អ្នក​​​ស្រី​​​ សាវ៉ារីណូ ត្រូវ​​​ជាប់​​​ពន្ធនាគារ​​រយៈពេល​​​២៥​​​ឆ្នាំ​​​ ហើយ​​​អ្នក​​​ស្រី​​​ ថាយ​​​ល័រ ត្រូវ​​​បាន​​​ផ្ដន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​២៣​​​ឆ្នាំ​​​។

លោក​​​ចៅ​​​ក្រម វណ្ឌី បាន​​​ប្រាប់​​​អ្នក​​​ទាំង​​​បី​​​នៅ​​​ក្នុង​​​តុលាការ​​​ថា “តុលាការ​​​បាន​​​ផ្ដន្ទា​​​ទោស​​​​​​​អ្នកឯង​​​​​​ បន្ទាប់ពី​​​រក​​​ឃើញ​​​ពិរុទ្ធភាព​​​របស់​​​អ្នក​​​ឯង ហើយ​​​អ្នកឯង​​​មាន​​​សិទ្ធិ​​​ប្ដឹង​​​ឧទ្ធរណ៍​​​ប្រសិន​​​បើ​​​អ្នក​​​ឯងមិន​​​ទទួល​​​យក​​​ការ​​​ផ្ដន្ទាទោស​​​ទេនោះ​​​”។ បន្ទាប់ពី​​​សាល​​​ក្រម​​​ត្រូវ​​​បាន​​​ប្រកាស​​​ អ្នក​​​ស្រី​​​ ថាយល័រ បាន​​​ចាប់​​​ផ្ដើម​​​យំ​​​។

នគរបាល​​​បាន​​​លើក​​​ឡើង​​​ កាល​​​ពី​​​ខែ​​​កញ្ញា ថា​​​ ឈ្មោះ​​​ វូ៉កូ និង​​​អ្នកស្រី​​​ សាវ៉ា​​​រីណូ បាន​​​រួម​​​​​​គ្នា​​​វិច​​​ខ្ចប់​​​គ្រឿង​​​ញៀន សម្រាប់​​​ឲ្យ​​​​​​អ្នក​​​ស្រី​​​ ថាយ​​​ល័រ នាំ​​​យក​​​ទៅ​​​កាន់​ប្រទេស​​​អូស្ត្រាលី។ អំឡុង​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ទោសជន​​​ទាំង​​​នេះ​​​កាលពី​​​ខែ​​​មុន​​​ ទាំង​​​អ្នក​​​ស្រី​​​ ថាយល័រ​​​ និង​​​អ្នកស្រី​​​ សាវ៉ារីណូ បាន​​​អះអាង​​​ថា ខ្លួន​​​មិនបានធ្វើអ្វីខុសទេ ដោយ​​​ថា ពួក​​​គាត់​​​បាន​​​យល់​​​ព្រម​​​​​​ជួយ​​​កាន់​​​សម្ពាយ​​​​​​នេះ​​​បន្ទាប់​​​ពី​​​​​​ឈ្មោះ​​​ វូ៉កូ ដែល​​​ជា​​​មិត្ត​​​ប្រុស​​​របស់​​​អ្នក​​​ស្រី​​​ សាវ៉ារីណូ ស្នើ​​​សុំ​​​ឲ្យ​​​ជួយ​​​ ក៏​​​ប៉ុន្តែ​​​ថា ពួក​​​គាត់​​​មិន​​​បាន​​​ដឹង​​​ថា សម្ពាយ​​​នេះ​​​មាន​​​គ្រឿង​​​ញៀន​​​ឡើយ​​​។

នៅ​​​ក្រៅ​​​តុលាការ​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ ហេង​​​ ផេង​​​ មេធាវី​​​របស់​​​ វូ៉កូ បាន​​​បញ្ជាក់​​​​​​ថា កូន​​​ក្ដី​​​របស់​​​លោក​​​គ្មាន​​​កំហុស​​​ទេ​​​ ហើយ​​​ថា សម្ពាយ​​​​​​ដាក់​​​គ្រឿងញៀន​​​ពិត​​​ជា​​​របស់​​​ឈ្មោះ​​​ អាន់តូ និង ​​​អាស៊ីតា ​​​មែន​​​។ លោក ផេង​​​ មាន​​​ប្រសាសន៍​​​ថា “នេះ​​​ជា​​​ការ​​​ផ្តន្ទាទោស​​​ ដែល​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​ពីព្រោះ​​​តុលាការ​​​មិន​​​បាន​​​រក​​​ឃើញ​​​គ្រឿង​​​ញៀន​​​នៅ​​​នឹង​​​ខ្លួន​​​​​​កូន​​​ក្ដី​​​របស់​​​ខ្ញុំ​​​គឺលោក​​​ ព្រីសឺស ជីណឺមី វ៉ូកូ ទេ។ នគរបាល​​​បាន​​​ចាប់​​​ខ្លួន​​​កូន​​​ក្ដី​​​របស់​​​ខ្ញុំ​​​នៅ​​​ក្នុង​​​ផ្ទះ​​​ជួល​​​របស់​​​គាត់​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន ប៉ុន្តែ​​​នគរបាល​​​មិន​​​បាន​​​រក​​​ឃើញ​​​គ្រឿង​​​ញៀន​​​នៅ​​​ជាមួយ​​​គាត់​​​ឡើយ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ វូ៉កូ នឹងប្ដឹង​​​ឧទ្ធរណ៍​​​ជំទាស​​​់​​​នឹង​​​ការ​​​ផ្តន្ទាទោស​​​នេះ៕ ប៊ុននី

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស