34 C
Phnom Penh

កម្ពុជា​នឹង​ទទួលយក​តែ​​​ជន​ភៀសខ្លួន​ដែល​ស្ម័គ្រចិត្ត​មក​តាំងទីលំនៅ​នៅ​កម្ពុជា​ប៉ុណ្ណោះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ​​​ លោក​​​ ហោ ណាំហុង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​បញ្ជាក់​​​ឡើង​​​វិញ​​​ថា រដ្ឋាភិបាល​​​នឹង​​​ទទួល​​​យក​​​តែ​​​ជន​​​ភៀសខ្លួន​​​ពី​​​​​​ប្រទេស​​​អូស្ត្រាលី​​​ ដែល​​​ស្ម័គ្រ​​​ចិត្ត​​​មក​​​តាំង​​​ទីលំនៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ប៉ុណ្ណោះ​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កំពុង​​​ធ្វើ​​​ការ​​​សិក្សាដើម្បី​​​រក​​​កន្លែង​​​តាំង​​​ទីលំនៅ​សម្រាប់​​​ពួក​​​គេ​​​នៅ​​​ក្នុង​​​ប្រទេស​​​របស់​​​យើង​​​នៅ​​​ឡើយ។

មាន​​​ប្រសាសន៍​​​នៅ​​​ពិធី​​​មួយ​​​នៅ​​​ក្រសួង​​​ការបរទេស​​​ លោក ហោ ណាំហុង​​​ បាន​​​បញ្ជាក់​​​ថា ការ​​​ពិភាក្សា​​​ជាមួយ​​​រដ្ឋាភិបាល​​​អូស្ដ្រាលីគឺ​​​ផ្ដោត​​​ជា​​​ពិសេស​​​ទៅ​​​លើ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ ដែល​​​កំពុង​​​ត្រូវ​​​ឃាត់​​​​​​ខ្លួន​​​នៅ​​​មណ្ឌល​​​ឃុំ​​​ខ្លួន​​​ ដែល​​​មាន​​​កេរ្តិ៍ឈ្មោះ​​​អសោច​​​មួយ​​​នៅ​​​ប្រទេស​​ណូ​​​រូ ជា​ប្រទេសដែនកោះនៅ​​​មហា​​​សមុទ្រ​​​ប៉ាស៊ីហ្វិក​​​ខាង​​​ត្បូង​​​។

លោក​​​ ហោ ណាំ​​​ហុង​​​ បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្រៅ​​​ពិធី​​​នោះ​​​ថា “កា​​​របញ្ជូន​​​ជន​​​ភៀស​​​ខ្លួន​​​លើ​​​​​​កោះ​​​ប្រទេ​​​សណូរូ ​ពី​​​ប្រទេស​​​អូស្ត្រាលី​​​​​​​ គឺ​​​ជា​​​គម្រោង​​​មួយ​​​ដែល​​​ស្នើ​​​ឡើង​​​ដោយ​​​ប្រទេស​​​អូស្ត្រាលី​​​។ សម្ដេច​​​តេជោ​​​ ហ៊ុន​​​ សែន​​​ នាយក​​​រដ្ឋមន្ត្រី​​​នៃ​ព្រះរាជាណាចក្រកម្ពុជា​​​បាន​​​ទទួល​​​យក​​​សំណើ​​​នោះ​​​ដើម្បី​​​ពិនិត្យ​​​មើល​​​ ហើយ​​​យើង​​​កំពុង​​​ពិនិត្យ​​​មើល​​ហើយ​​​”។

លោក​​​ ហោ ណាំហុង បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​បង្កើត​​​ក្រុម​​​ការងារ​​​ដើម្បី​​​ពិនិត្យ​​​មើល​​​បញ្ហា​​​នេះ​​​សម្រាប់​​​​​​យកទៅ​​​ពិភាក្សា​​​ជាមួយ​​​ភាគី​​​អូស្ត្រាលី ពីព្រោះបើ​​​ទោះ​​​ណា​​​ជា​​​យើង​​​ទទួល​​​យក​​​ក៏​​​ដោយ​​​ គឺ​​​តែ​​​ក្នុង​​​ករណី​​​មាន​​​ការ​​​ព្រម​​​ព្រៀង​​​ពី​​​ជន​​​ភៀសខ្លួន​​​​​​​​​ ​ដោយ​​​គ្មាន​​​ការ​​​បង្ខិតបង្ខំ​​​ពី​​​សំណាក់​​​​​​​​រដ្ឋាភិបាល​​​អូស្ត្រាលី​​​ឲ្យ​​​មក​​​នោះ​​​ឡើយ​​​”។​​ លោក​​​បាន​​​បញ្ជាក់​​​ឡើង​​​វិញ​​​ថា “ប្រទេស​​​កម្ពុជា​​​មិន​​​ចេះ​​​​​​តែ​​​ទទួល​​​យក​​​សំណើ​​​​​នេះ​​​​ទេ គឺ​​​ទាល់​​​តែ​​​ជនភៀសខ្លួន​​​​យល់​​​ព្រម​​​មក​​​ប្រទេស​​​កម្ពុជា​​​ដែរ​​​​​​។ នេះ​​​ជា​​​ចំណុច​​​សំខាន់​​​បំផុត​​​”។

លោក​​​ ហោ ណាំ​​​ហុង​​​ ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា រដ្ឋាភិបាល​​​មិន​​​ទាន់​​​បាន​​​ពិចារណា​​​រកទីកន្លែង​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះ​​ដែលត្រូវ​មក​​​តាំង​​​ទីលំនៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ឡើយ​​​ទេ​​​ ប្រសិន​​​បើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ត្រូវ​​​បាន​​​សម្រេច​​​​​​នោះ។ រដ្ឋមន្ត្រី​​​ការបរទេស​​​រូបនេះ​​​បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា “ទី​​​កន្លែងគឺ​​​ជា​​​បញ្ហា​​​បច្ចេក​​​ទេស។ យើង​​​នឹង​​​ពិភាក្សា​​​នៅពេល​​​ក្រោយ​​​”។

ក្រុមមន្ត្រី​​​ក្រសួង​​​ការបរទេស​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ពេល​​​ថ្មីៗ​​​នេះ​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​ជាមួយ​​​រដ្ឋាភិបាល​​​អូស្ត្រាលី​​​ក្នុង​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ជន​​​ភៀសខ្លួន​​​​​​ អាច​​​ធ្វើ​​​​​​​ឡើង​​​នៅ​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​។

យោង​​​តាម​​​តួលេខ​​​​​​ដែល​​​ត្រូវ​​​បាន​​​ចេញ​​​ផ្សាយទៀង​ទាត់​​​ដោយ​​​រដ្ឋាភិបាល​​​អូស្ត្រាលី​​​បាន​​​ឲ្យ​​​ដឹង​​​ថា មាន​​​មនុស្ស​​​១.១៦២​​​នាក់​​​ កំពុង​​​ត្រូវ​​​ឃាត់​​​ខ្លួន​​​នៅ​​​មណ្ឌល​​​ឃុំ​​​ខ្លួន​​​ជន​​​ភៀស​​​ខ្លួន​​​ក្នុង​​​ប្រទេស​​​ណូរូ គិត​​​មក​​​ដល់​​​ថ្ងៃ​​​សុក្រ​​​​​​សប្ដាហ៍​​​មុន​​​។

សេចក្ដី​​​រាយការណ៍​​​ព័ត៌មាន​​​ដែល​​​មិន​​​បញ្ជាក់​​​ប្រភព​​​​​​បាន​​​អះអាង​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​ជិត​​​សម្រេច​​​​​​ជាមួយ​​​រដ្ឋាភិបាល​​​អូស្ត្រាលី​​​​​​នេះ​​​​​​ ​​​ប្រទេស​​​កម្ពុជា​​​នឹង​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​១០០​​​នាក់​​​ ដែល​​​ព្យាយាម​​​ទៅ​​​​​​ប្រទេស​​​អូស្ត្រាលី​​​ ជាថ្នូរ​​​នឹង​​​ទឹក​​​ប្រាក់​​​៤០​​​លាន​​​ដុល្លារ​​​៕​​​សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស