តំណាងសហជីពម្នាក់និយាយថា កម្មករប្រហែល១.០០០នាក់បានធ្វើការតវ៉ានៅខាងក្រៅរោងចក្រកាត់ដេរ Ocean Garment ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីទាមទារសំណងសម្រាប់ការព្យួរការងារ ខណៈដែលរោងចក្រនេះផ្អាកប្រតិបត្តិការរបស់ខ្លួនរយៈពេលមួយខែ ដោយសារតែតម្រូវការពីក្រុមហ៊ុនបញ្ជាទិញធ្លាក់ចុះ។
កម្មករបានធ្វើការតវ៉ាចាប់តាំងពីថ្ងៃសៅរ៍មកម្លេ៉ះ បន្ទាប់ពីរោងចក្រនេះបានប្រកាសថា ខ្លួននឹងផ្អាកផលិតកម្មចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃទី២៦ ខែមិថុនា។
លោក ហួន វណ្ណា អាយុ៣២ឆ្នាំ ជាតំណាងសម្ព័ន្ធសហជីពចលនាកម្មករដែលបានបម្រើការងារនៅរោងចក្រ OceanGarment បានលើកឡើងថា កម្មករបានច្រានចោលការសន្យារបស់រោងចក្រនេះដែលផ្ដល់ឲ្យកម្មករក្នុងម្នាក់ៗ១៥ដុល្លារក្នុងមួយខែ ខណៈរោងចក្របិទទ្វារ ហើយកំពុងទាមទារ៥០ភាគរយនៃអត្រាប្រាក់ខែធម្មតារបស់ខ្លួន។ លោកនិយាយថា “រោងចក្របានយល់ព្រមឲ្យយើងតែ១៥ដុល្លារប៉ុណ្ណោះក្នុងមួយខែអំឡុងពេលព្យួរការងារ ប៉ុន្តែយើងទាមទារឲ្យរោងចក្រគិតឲ្យពួកយើង៥០ភាគរយនៃអត្រាប្រាក់ខែរបស់យើង ពីព្រោះប្រាក់ប៉ុណ្ណឹងយើងមិនអាចរស់បានទេ”។
លោក ហួន វណ្ណា បាននិយាយថា ដោយសារតែមានការបញ្ជាទិញតិចតួចពីក្រុមហ៊ុនសម្លៀកបំពាក់ធំៗ ដូចជាក្រុមហ៊ុន Gap ជាដើម បានបង្ខំឲ្យរោងចក្រនេះផ្អាកផលិតកម្ម។លោកបានបន្តថា “រោងចក្របាននិយាយថា ពួកគេមិនទទួលបានការបញ្ជាទិញពីអ្នកទិញមួយចំនួន ដូចជាក្រុមហ៊ុន Gap ទេ ចាប់តាំងពីខែកុម្ភៈមក។ ដូច្នេះហើយបានជាពួកគេសម្រេចចិត្តផ្អាក [ប្រតិបត្តិការ] រយៈពេលមួយខែ។ ប្រសិនបើរោងចក្របិទទ្វារ ពួកគេត្រូវតែផ្ដល់សំណងដល់ពួកយើងស្របតាមច្បាប់ការងារ មុនពេលពួកគេបិទរោងចក្ររបស់ខ្លួន”។
ការបិទទ្វាររបស់រោងចក្រ Ocean Garment កើតមានឡើង ខណៈដែលសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានព្រមាននៅសប្ដាហ៍នេះថា ក្រុមហ៊ុនសម្លៀកបំពាក់ធំៗកំពុងកាត់បន្ថយការបញ្ជាទិញ ដោយសារតែស្ថានភាពចលាចលរបស់កម្មករក្នុងវិស័យកាត់ដេរ។ ក្រុមហ៊ុនសម្លៀកបំពាក់ធំៗ និងសហជីពអន្តរជាតិមួយចំនួនដែលធ្វើដំណើរមកកាន់រាជធានីភ្នំពេញនៅសប្ដាហ៍នេះ ដើម្បីជួបពិភាក្សាជាមួយរដ្ឋាភិបាលបានលើកឡើងថា ឧស្សាហកម្មកាត់ដេរនឹងជួបការលំបាក ប្រសិនបើកូដកម្មទាមទារដំឡើងប្រាក់ខែ និងអំពើហិង្សាលើកម្មករនៅតែបន្ត ហើយតាមសេចក្ដីរាយការណ៍ថា ក្រុមហ៊ុនសម្លៀកបំពាក់ខ្នាតអន្តរជាតិមួយបានកាត់បន្ថយការបញ្ជាទិញរបស់ខ្លួនចំនួន៥០ភាគរយរួចទៅហើយ។ ចំណែកឯរោងចក្រ Ocean Garment បានបដិសេធមិនឆ្លើយបំភ្លឺទេពាក់ព័ន្ធនឹងបញ្ហានេះ។
នៅក្នុងករណីដោយឡែកមួយទៀត កម្មករប្រហែល៨០០នាក់បានធ្វើកូដកម្មកាលពីថ្ងៃអង្គារ នៅរោងចក្រអេឡិចត្រូនិក Long Bright របស់តៃវ៉ាន់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ានហាតាន ក្នុងខេត្តស្វាយរៀង ដើម្បីទាមទារឲ្យរោងចក្រនេះទទួលយកតំណាងសហជីពប្រាំនាក់ដែលត្រូវបានបណ្ដេញចេញ ឲ្យចូលធ្វើការវិញ នេះបើតាមការលើកឡើងរបស់តំណាងសហជីពម្នាក់ និងនគរបាល។
លោក ហ៊ុន សាវ័ន្ត អធិការរងក្រុងបាវិត បានមានប្រសាសន៍ថា “មានកម្មករ៨០០នាក់ដែលបានដើរចេញពីរោងចក្ររបស់ខ្លួនដើម្បីទាមទារឲ្យរោងចក្រទទួលយកតំណាងប្រាំនាក់របស់ខ្លួនចូលធ្វើការវិញ ដោយកិច្ចសន្យាការងាររបស់ពួកគេបានផុតសុពលភាពកាលពីឆ្នាំមុន”។
លោក មាស សុខណា តំណាងសម្ព័ន្ធសហជីពចលនាកម្មករប្រចាំរោងចក្រ Long Bright បានលើកឡើងថា កម្មករខឹងយ៉ាងខ្លាំងចំពោះការបណ្ដេញកម្មករចេញជាបន្តបន្ទាប់ដោយគ្មានហេតុផលបូករួមជាមួយនឹងការបណ្ដេញតំណាងសហជីពកាលពីខែសីហាផង។ តំណាងរូបេនះបានបន្តថា “រោងចក្របានបណ្ដេញកម្មករយ៉ាងច្រើន បន្ទាប់ពីពួកគេបណ្ដេញតំណាងរបស់យើង ចំណែកឯតំណាងថ្មីៗមិនខ្វល់ពីពួកយើងទេ”។ រោងចក្រ Long Bright មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពាក់ព័ន្ធនឹងរឿងនេះ៕ សុខុម