32 C
Phnom Penh

​​​អគ្គនាយក​​​ទូរទស្សន៍​​​ជាតិ​​​កម្ពុជាវិល​​​មក​​​កាន់​​​តួនាទី​​​វិញ បន្ទាប់ពី​​​​​​លាលែង​​​ពី​​​តំណែង​​​អស់១១​​​ថ្ងៃ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​សេចក្ដី​​​ប្រកាស​​​មួយ​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក​​​ ខៀវ កាញារីទ្ធ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ កឹម គុណវឌ្ឍន៍ បាន​​​ចូល​​​បម្រើ​​​ការងារ​​​វិញ​​​ជា​​​អគ្គនាយក​​​នៃ​​​ទូរទស្សន៍​​​ជាតិ​​​កម្ពុជា​​​ (ទទក​​​) របស់​​​រដ្ឋ​​​កាល​​​ពីម្សិលមិញ​​​ រយៈ​​​ពេល​​​មិន​​​ដល់​​​ពីរ​​​សប្ដាហ៍​​​ផង​​​ បន្ទាប់​​​ពី​​​ការ​​​លាលែង​​​ពី​​​តំណែង​​​ ដែល​​​ត្រូវ​​​បាន​​​ផ្សព្វផ្សាយ​​​ជា​​​សាធារណៈ​​​ ដោយ​​​សារ​​​​​​មិន​​​បាន​​​ផ្សាយ​​​បន្ត​​​ផ្ទាល់​​​នូវ​​​ព្រះរាជពិធី​​​បុណ្យ​​​ច្រត​​​់ព្រះ​​​នង្គ័ល​​​ប្រចាំ​​​ឆ្នាំ​​​។

លោក​​​ ប៉ាង ណាត អគ្គនាយក​​​ស្ដីទី​​​បាន​​​បដិសេធ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា អតីត​​​ប្រធាន​​​របស់​​​លោក​​​មិន​​​បាន​​​វិល​​​ត្រឡប់​​​មក​​​គ្រប់​​​គ្រង​​​ស្ថានីយ​​​ទូរទស្សន៍​​​នេះ​​​វិញ​​​ទេ​​​ និង​​​បាន​​​មាន​​​​​ប្រសាសន៍​​​ថា លោក​​​បាន​​​វិល​​​ត្រឡប់​​​មក​​​ធ្វើ​​​ការ​​​ក្នុង​​​តួនាទី​​​ផ្សេង​​​​​​​​។ ក៏​​​ប៉ុន្តែ​​​សេចក្ដី​​​ប្រកាស​​​ចេញ​​​ដោយ​​​ក្រសួង​​​ព័ត៌មាន​​​កាល​​​ពី​​​ម្សិលមិញ​​​មាន​​​ខ្លឹមសារ​​​ថា ការ​​​លាលែង​​​របស់​​​លោក​​​ គុណ​​​វឌ្ឍន៍ ត្រូវ​បាន​​​ច្រាន​​​ចោល​​​ ហើយ​​​ថា លោក​​​នឹង​​​វិល​​​ត្រឡប់​​​មក​​​កាន់​​​តួនាទី​​​របស់​​​លោក​​​វិញ​។

លោក​​​ កាញារីទ្ធ បាន​​​លើក​​​ឡើង​​​ក្នុង​​​សេចក្ដី​​​ប្រកាស​​​ថា “បន្ទាប់ពី​​​ទទួល​​​លិខិត​​​សុំលាលែង​​​ពី​​​តួនាទី​​​របស់​​​លោក​​​ គុណវឌ្ឍន៍​​​ កាល​​​ពី ថ្ងៃ​​​ទី​​​១៧ ខែ​​ឧសភា ខ្ញុំ​​​បាន​​​អញ្ជើញ​​​ក្រុម​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ក្រសួង​​​នេះ​​​ឲ្យ​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​មួយ​​​ ហើយ​​​ម្នាក់​​​ៗ​​​​​​បាន​​​ច្រាន​​​ចោល​​​ដាច់ខាត​​​ចំពោះ​​​ការ​​​លាលែង​​​ពី​​​តួនាទី​​​របស់​​​លោក​​​ជា​​​អគ្គនាយក​​​នៃ​​​ទូរទស្សន៍​​​ទទក។

កាល​​​ពី​​​ម្សិលមិញ​​​ លោក គុណវឌ្ឍន៍ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រីក​​​រាយ​​​ដែល​​​ថ្នាក់​​​ដឹកនាំ​​​របស់​​​លោក​​​បាន​​​​​​ច្រាន​​​ចោល​​​សេចក្ដី​​​សម្រេច​​​លាលែង​​​ពី​​​តួនាទី​​​របស់​​​លោក​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក​​​ ខៀវ កាញារីទ្ធ​​​ បានសម្រេច​​​​​​ថា ខ្ញុំ​​​គួរ​​​តែ​​​បន្ត​​​ការ​​​ងារ​​​ ដើម្បី​​​បម្រើ​​​ទស្សនិកជន​និង​​​ស្ថានីយ​​​ទូរទស្សន៍​​​ជាតិ​​​កម្ពុជា​​របស់​​​យើង​​​”។

លោក​​​បាន​​បន្ត​​​ថា “ថ្ងៃ​​​នេះ​​​ ខ្ញុំ​​​សូម​​ថ្លែង​​​អំណរ​​​គុណ​​​ចំពោះ​​​ថ្នាក់​​​ដឹកនាំ​​​របស់​​​យើង​​​នៅ​​​ក្រសួង​​​ព័ត៌មាន​​​ចំពោះ​​​ការ​​​លើក​​​ទឹក​​​ចិត្ត​​​របស់​​​ពួក​​​គាត់​​​ និង​​​សូម​​​ថ្លែង​​​អំណរ​​​គុណ​​​ចំពោះ​​​ឯក​​​ឧត្តម​​​រដ្ឋ​​​មន្ត្រី​​​ និង​​​សហសេវិក​​​ទូរទស្សន៍​​​ទទក​​​របស់​​​យើង​​​ ដែល​​​បាន​​​គាំទ្រ​​​ការ​​​វិល​​​ត្រឡប់​​​របស់​​​ខ្ញុំ​​​មក​​​កាន់​​​ស្ថានីយទូរទស្សន៍​​​នេះ​​​ ដើម្បី​​​ធ្វើ​​​ការ​​​ក្នុង​​​​​តួនាទី​​​ដដែល​​​”៕ប៊ុននី

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស