30 C
Phnom Penh

អ្នក​​​ភូមិ​​​បំពាន​​​នឹង​​​បម្រាម​​​មិន​​​ឲ្យ​​​ដង្ហែ​​​ក្បួន​​​របស់សាលា​​​រាជធានីភ្នំពេញ​​​ ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ជាង​​​១.៥០០​​​នាក់​​​មាន​​​គម្រោង​​​​​​ដើរ​​​ក្បួន​​​ទៅ​​​កាន់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​រលួយ​​​ និង​​​រដ្ឋ​​​សភា ​​​ក្នុង​​​រាជធានីភ្នំពេញ​​​នៅ​​​ថ្ងៃ​​​នេះ​​​ ជាការ​ផ្គើននឹង​បម្រាម​​​ថ្មីមួយ​​​​​​ចេញ​​​ដោយ​​​សាលា​​​រាជធានីភ្នំពេញ​​​ ​​​មិនឲ្យពួក​​​គេ​​​​​​ធ្វើ​​​ការ​​​ដើរ​​​ក្បួន​​​។

អ្នក​​​ភូមិ​​ទាំង​​​នេះ​​​បង្កើត​​​ក្រុម​​​មួយ​​​មាន​​​ឈ្មោះ​​​ថា សហគម​​​ន៍ដីធ្លី​​​សម្រាប់​​​សន្ដិភាព​​​ និង​​​​និយាយ​​​ថា ពួក​​​គាត់​​​ចង់​​​ដាក់​​​ញត្តិ​​​ទៅ​​​ស្ថាប័ន​​​ទាំង​​​ពីរនេះ​​​ ដើម្បី​​​ឲ្យ​​​មាន​​​ការ​​​យក​​​ចិត្ត​​​ទុកដាក់​​​ចំពោះ​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃឈើ​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ ជម្លោះ​​​ដីធ្លី​​​ និង​​​បញ្ហា​​​ទាក់​​​ទង​​​នឹ​​​ង​​​ការ​​​ផ្ដល់​​​សម្បទាន​​​ដី​​​សង្គម​​​កិច្ច​​​។

ក្រុម​​​អ្នក​​​តំណាង​​​បាន​​​ជួប​​​ជាមួយ​​​លោក​​​ ឃួង ស្រេង អភិបាល​​​រង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃច័ន្ទ​​​ នៅ​​​ក្នុង​​​រាជធាន​​​ី​​​ភ្នំពេញ​​​ ដើម្បី​​​ជូន​​​ដំណឹង​​​ប្រាប់​​​លោក​​​​​​អំពី​​​គម្រោង​​​​​​របស់​​​ពួក​​​គាត់​​​។​​​ បន្ទាប់​​​នោះ​​​ លោក​​​ ឃួង ស្រេង​​​ បាន​​​ចេញ​​​សេចក្ដី​​​ជូន​​​ដំណឹង​​​មួយ​​​មាន​​​ខ្លឹម​​​សារ​​​ថា សាលា​​​រាជធានី​​​ “មិន​​​អាច​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​ប្រមូលផ្ដុំ​​​គ្នា​​​នៅ​​​ឯ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​ និង​​​កា​​​រ​ដើរ​​​ក្បួ​​ន​​​ទៅ​​​កាន់​​​រដ្ឋ​​​សភា​​​ និង​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​ឡើយ​​​ ដើម្បី​​ចៀសវាង​​​ការ​​​ប៉ះពាល់​​​ដល់​​​សន្ដិសុខ​​​ សុវត្ថិភាព​​​ និង​​​សណ្ដាប់ធ្នាប់​​​សាធារណៈ​​​ ជាពិសេស​​​ការ​​​កកស្ទះ​​​ចរាចរណ៍​​​​​តាម​​ដងផ្លូវ​​​”។

ក៏ប៉ុន្តែ​​​លោក​​​ ឃួង ស្រេង​​​ បាន​​​ប្រាប់ឲ្យ​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​​​​បញ្ជូន​​​តំណាង​​​ចំនួន​​​ប្រាំ​​​ពីរ​​​រូប​​​ទៅ​​​កាន់​​​សាលា​​​រាជធានី​​​ ដើម្បី​​​ឲ្យ​​​ក្រុមមន្ត្រី​​​សាលា​​​រាជធានី​​​អាច​​​ជួយ​​​ពួក​​​គាត់ក្នុង​​​ការ​​​ដាក់​​​​​​ញត្តិ​។ ក៏ប៉ុន្តែ​​​អ្នក​​​ភូមិ​​​ម្នាក់​​​ឈ្មោះ​​​ សេង សុខហេង​​​ ដែល​​​រស់​​​នៅ​​​ក្នុង​​​ខេត្ត​​​ឧត្តរមាន​​​ជ័យ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ដើរ​​​ក្បួន​​​នេះ​​​នឹង​​​បន្ត​​​ដូច​​​បាន​​​គ្រោង​​​ទុក​​​។

លោក សុខហេង បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ចាំបាច់​​​ត្រូវ​​​ប្រើ​​​សិទ្ធិ​​​សេរីភាព​​​របស់​​​យើង​​​ក្នុង​​​ការ​​​ប្រមូលផ្ដុំ​​​គ្នា​​​ និង​​​ការ​​​បញ្ចេញ​​​មតិ​​​។ យើង​​​ត្រូវ​​​ការ​​​ឲ្យ​​​មេដឹកនាំ​​​រដ្ឋាភិបាល​​​ឮ​​​អំពី​​​ការលើកឡើង​របស់​​​យើង​​​ ពីព្រោះ​​​មាន​​​មន្ត្រី​​​មាន​​​អំណាច​​​និង​​​អ្នក​​​មាន​​​ជាច្រើន​​​ ​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​ប្រព្រឹត្តអំពើ​​​ពុករលួយ​​​តាម​​​រយៈ​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​ ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​​​​លំនៅ​​​ដ្ឋាន​​​ព្រម​​​ទាំង​​​ការ​​​ទន្ទ្រាន​​​យក​​​ដី​​​”។

លោក​​​ សុខហេង​​​ បាន​​​បន្ថែម​​​ថា ពេល​​​នេះ​​​មាន​​​កា​​​រព្រួយ​​​បារម្ភ​​​ថា ការ​​​ដើរ​​​ក្បួន​​​នឹង​​​ជួប​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ពី​​​សំណាក់​​​អាជ្ញាធរ​​​​​ដែល​​​កើត​​​ឡើង​​​ជាទូទៅ​​​ទៅ​​​ហើយ​​​ ចាប់​​​តាំង​ពី​​​រដ្ឋាភិបាល​​​បាន​​​ហាម​​​ប្រាម​​​មិន​​​ឲ្យ​​​មានការប្រមូល​​​ផ្ដុំ​​​គ្នា​​​ជា​​​សាធារណៈកាល​​​ពី​​​ក្នុង​​​ខែ​​​មករាមក​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ដឹង​​​ថា យើង​​​នឹង​​​ត្រូវ​​​គេ​​​វាយ​​​ប្រហារ​​​ ពីព្រោះ​​​សាលា​​​រាជធានី​​​​​​បាន​​​ហាម​​​ប្រាម​​​យើង​​​ហើយ​​​។ ប៉ុន្តែ​​​យើង​​​​​​ទ្រាំ​​​នឹង​​​ការ​​​ឈឺចាប់​​​ ការ​​​បាត់​​​បង់​​​លំនៅដ្ឋាន​​​ ដី​​​ធ្លី ព្រៃ​​​ និង​​​ធនធាន​​​ធម្មជាតិ​​​របស់​​​យើងលែង​​​បាន​​​ទៀត​​​ឡើយ​​​​”។

លោក​​​ ចាន់​​​ សុវ៉េត ប្រធាន​​​ផ្នែក​​​សើុប​​​អង្កេត​​​របស់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​មិន​​​ដែល​​​គោរព​​​​​​សិទ្ធិ​​​របស់​​​ប្រជាពលរដ្ឋ​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាស ន៍​​​ថា “ប្រជាពលរដ្ឋដែល​​​ជា​​​ជន​​​រងគ្រោះដោយ​​​សារ​​​ការ​​​រំលោភបំពាន​​​​តាម​​​បែប​​​ណាមួយ ​​​ចង់​​​ឲ្យ​​​គេ​​​ស្ដាប់​​​ការ​​​លើក​​​ឡើង​​​របស់​​​ពួក​​​គាត់​​​ ហើយ​​​ពួក​​​គាត់​​​ចង់​​​បង្ហាញ​​​មេដឹកនាំ​​​ទាំង​​​ឡាយ​​​ តាម​​​រយៈ​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​ដោយ​​​សន្ដិវិធី​​​ ដើម្បី​​​ទាមទារ​​​អ្វី​​​មួយ​​​។ ក៏​​​ប៉ុន្តែ​​​ពួក​​​គេ​​​មិន​​​អាច​​​ធ្វើ​​​បាន​​​ ដូច្នេះ​​​វា​​​មិន​​​មែន​​​ជា​​​ការ​​​អនុវត្ត​​​លទ្ធិប្រជាធិបតេយ្យ​​​នោះ​​​ទេ។
វា​​​ជា​​​ភាព​​​ផ្ដាច់​​​ការ​​​​​​”៕​​​ប៊ុននី

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស