នៅពេលកម្មករកាត់ដេររាប់រយនាក់មកពីរោងចក្រ SL គប់ដុំថ្មទៅលើនគរបាលអំឡុងបាតុកម្មមួយជិត វត្តស្ទឹងមានជ័យ កាលពីខែវិច្ឆិកា ក្មេងប្រុសរើសអេតចាយ ម្នាក់ឈ្មោះ ម៉ែន សុខសម្បត្តិ អាយុ១៤ឆ្នាំក៏បានចូលរួមជាមួយក្រុម បាតុករដែរ។

កាលពីម្សិលមិញ ខណៈពេលអង្គុយនៅខាងមុខផ្ទះតូចរបស់ខ្លួនក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ក្មេងប្រុសនេះបាននិយាយអំពីហេតុការណ៍នោះថា “ពេលខ្ញុំឃើញគេគប់ដុំថ្មដាក់ឡាន [នគរបាល] ខ្ញុំក៏គប់បីដុំដែរទៅ ហើយបន្ទាប់មកបានត្រឡប់ចូលទៅក្នុងវត្តវិញ” ។
ការប៉ះទង្គិចរវាងបាតុករ និងនគរបាល ដែលបានរារាំងកម្មករមិនឲ្យហែក្បួនទៅកាន់ភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បានធ្វើឲ្យស្ត្រីម្នាក់បាត់បង់ជីវិតដោយសារគ្រាប់កំាភ្លើងរបស់នគរបាល និងមនុស្សយ៉ាងហោចណាស់ប្រាំបួននាក់រងរបួស ព្រមទាំង៣៩នាក់ទៀតត្រូវចាប់ខ្លួន។
ប៉ុន្តែមានតែពីរនាក់ប៉ុណ្ណោះក្នុងចំណោមអ្នកត្រូវចាប់ខ្លួន ដែលទីបំផុតត្រូវបានតុលាការចោទប្រកាន់ រួមទាំងក្មេងប្រុស ម៉ែន សុខសម្បត្តិ ដែលកំពុងប្រឈមការជាប់ពន្ធនាគាររយៈពេល១១ឆ្នាំផងដែរ ប្រសិនបើតុលាការសម្រេចឲ្យក្មេងប្រុសនេះជាប់ពិរុទ្ធភាពពីបទប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបទប្រមាថមន្ត្រីរាជការដោយសារទង្វើរបស់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ។ សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមនៅថ្ងៃសុក្រ។
អំឡុងសវនាការជំនុំជម្រះ ភ័ស្តុតាងតែមួយគត់សម្រាប់ដាក់បន្ទុកលើក្មេងប្រុស ម៉ែនសុខសម្បត្តិ ដែលមានជំងឺខ្សោយបញ្ញាស្មារតី និងជំងឺស្កន់ គឺវីដេអូមួយដែលបង្ហាញពីសកម្មភាពក្មេងប្រុសនេះរើសដែកអេតចាយពីសំណល់ម៉ូតូមួយគ្រឿងដែលត្រូវភ្លើងឆេះខ្ទេច។
ក្មេងប្រុស ម៉ែន សុខសម្បត្តិ ដែលពេលនេះមានអាយុ១៥ឆ្នាំ និងដែលបានរើសអេតចាយ និងសំរាមយកទៅលក់ចាប់តាំងពីអាយុ៥ឆ្នាំមកនោះ និយាយថា ” ខ្ញុំមិនបានដុតម៉ូតូនោះទេ ខ្ញុំគ្រាន់តែទៅរើសសំណល់អេតចាយពីម៉ូតូនោះប៉ុណ្ណោះ”។
បន្ទាប់មកក្មេងប្រុសនេះបានដើរចេញពីកន្លែងកើតហេតុ មុនពេលត្រឡប់ទៅវត្តស្ទឹងមានជ័យវិញក្នុងថ្ងៃដដែល ហើយខ្លួនត្រូវបាននគរបាលវាយដំ និងចាប់អូសចេញពីទីនោះ។ ក្មេងប្រុសនេះនិយាយថា “ពួកគេប្រើដំបងឆក់វ៉ៃខ្ញុំ ប៉ុន្តែមិនបានឆក់ខ្ញុំទេ គ្រាន់តែវ៉ៃខ្ញុំប៉ុណ្ណោះ។ ពួកគេបានទាត់ខ្ញុំជាច្រើនជើង នៅពេលចាប់ខ្លួនខ្ញុំ។ ខ្ញុំភ័យខ្លាច និងស្រឡាំងកាំងយ៉ាងខ្លាំង នៅពេលគេចាប់ខ្លួនខ្ញុំ។ នៅខណ្ឌ គេក៏បានវ៉ៃខ្ញុំ ដាល់និងទះមុខខ្ញុំបួនប្រាំកំផ្លៀងដែរ”។
ក្មេងប្រុស ម៉ែន សុខសម្បត្តិ ដែលរកចំណូលបានប្រហែល៥.០០០រៀលក្នុងមួយថ្ងៃពីការដើររើសសំរាម ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី១០ ខែមករា បន្ទាប់ពីអនុវត្តទោសបានជិតពីរខែនៅពន្ធនាគារព្រៃស។
អង្គុយក្បែរកូនប្រុសរបស់ខ្លួនកាលពីម្សិលមិញ អ្នកស្រី អួន ពៅ ជាស្ត្រីេមម៉ាយ និងត្រូវជាម្ដាយរបស់ក្មេងប្រុស ម៉ែន សុខសម្បត្តិ ដែលមានរបរជាអ្នកលាងចានឲ្យគេដើម្បីចិញ្ចឹមគ្រួសារ បានរៀបរាប់ពីកុមារភាពដ៏លំបាករបស់កូនប្រុសគាត់។ អ្នកស្រីនិយាយថា ” វាកម្រមានមិត្តភក្ដិណាស់ វាតែងតែដើរម្នាក់ឯង វាខុសពីក្មេងដទៃ វាមិនសូវជាមានសុខភាពល្អប៉ុន្មានទេ វាធ្វើអី្វចម្លែកៗជាញឹកញាប់”។
ក្រុមគ្រួសារតែងតែដាស់តឿនក្មេងប្រុស ម៉ែន សុខសម្បត្តិ ឲ្យចៀសឆ្ងាយពីកន្លែងបាតុកម្ម ប៉ុន្តែអ្នកស្រី អួន ពៅ និយាយថា ការចង់ដឹងចង់ឃើញរបស់កូនប្រុសគាត់បានបណ្ដាលឲ្យក្មេងនេះជាប់ពាក់ព័ន្ធនៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាកាលពីខែវិច្ឆិកា។
អ្នកស្រីនិយាយថា “យើងបានព្យាយាមប្រាប់វាកុំឲ្យទៅ នៅពេលយើងឮថាមានការបង្ក្រាប។ យើងបានប្រាប់វាថា នៅពេលវារើសសំរាម ‘ កុំទៅកន្លែងណាផ្ដេសផ្ដាស ព្រោះមានការវ៉ៃគ្នានៅចំណុចស្ពាន’ ប៉ុន្តែវាក៏បានបាត់ខ្លួននៅពេលនោះ”។
ក្រោយមក ពេលបើកទូរទស្សន៍មើលនៅយប់នោះ គាត់ក៏ឃើញកូនប្រុសរបស់គាត់ត្រូវសមត្ថកិច្ចចាប់ខ្លួន។ យោងតាមក្មេងប្រុស ម៉ែន សុខសម្បត្តិ បានឲ្យដឹងថា ខ្លួនបានជាប់ឃុំពីរថ្ងៃនៅអធិការដ្ឋាននគរបាលខណ្ឌ មុនពេលត្រូវបញ្ជូនខ្លួនទៅពន្ធនាគារព្រៃស ហើយនៅទីនោះក្មេងប្រុសនេះត្រូវបានឃុំខ្លួននៅក្នុងបន្ទប់មួយជាមួយបុរសប្រហែល៣០នាក់ផ្សេងទៀត។ ក្រៅពីត្រូវគេដាល់មុខអំឡុងពេលមានជម្លោះមួយនៅពន្ធនាគារ ក្មេងប្រុស ម៉ែន សុខសម្បត្តិនិយាយថា ឆ្មាំពន្ធនាគារល្អចំពោះគេណាស់ និងថែមទាំងអនុញ្ញាតឲ្យគេលេងបាល់ទាត់ទៀតផង។
ប៉ុន្តែនៅពេលម្ដាយរបស់ខ្លួនទៅសួរសុខទុក្ខ ក្មេងប្រុសនេះហាក់ដូចជាមិនសប្បាយចិត្តទេ។ អ្នកស្រី អួន ពៅ និយាយថា “វាឈឺចុកចាប់ដើមទ្រូងរហូត បន្ទាប់ពីការចាប់ខ្លួន។ រាល់ពេលដែលខ្ញុំទៅមើលវា វាយំហើយនិយាយថា ខ្ញុំនឹកម៉ែ“។
ក្រោយការចាប់ខ្លួនក្មេងប្រុសនេះ បណ្ដាអង្គការសិទ្ធិមនុស្សនិយាយថា ក្មេងប្រុស ម៉ែន សុខសម្បត្តិ រួមជាមួយនឹងយុវជនឈ្មោះ វណ្ណី វ៉ាន់ណន អាយុ១៧ឆ្នាំ ដែលជាចុងចោទម្នាក់ទៀតនៅក្នុងសំណុំរឿងេនះ ត្រូវបានបដិសេធមិនឲ្យទទួលបានការគាំពារតាមផ្លូវច្បាប់ដែលសមស្របសម្រាប់កុមារដែលស្របតាមច្បាប់អន្តរជាតិឡើយ។
លោកស្រី ណាលី ពីឡូក នាយកអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍កាលពីម្សិលមិញថា តុលាការគួរតែដកបទចោទប្រកាន់លើក្មេងប្រុស ម៉ែន សុខសម្បត្តិ។ លោកស្រីមានប្រសាសន៍ទៀតថា “បើគិតពីអាយុ និងកម្រិតសមត្ថភាពផ្នែកបញ្ញាស្មារតី តុលាការគួរតែដកការចោទប្រកាន់លើជនសង្ស័យវ័យក្មេងនេះ ពីព្រោះវាបង្ហាញច្បាស់ណាស់ថាក្មេងនេះមិនបានយល់ដឹងពីស្ថានភាព ឬទង្វើរបស់ខ្លួនទេ អំឡុងហេតុការណ៍នោះ”។
ទន្ទឹមនឹងការប្រឈមបទចោទប្រកាន់ព្រហ្មទណ្ឌ នគរបាលរាជធានី និងមន្ត្រីអង្គភាពពន្លត់អគ្គិភ័យចំនួន១៤នាក់ក៏កំពុងប្ដឹងក្មេងប្រុសទាំងពីរនាក់េនះដែរ ដោយទាមទារសំណងពីពួកគេក្នុងម្នាក់ៗរហូតដល់ទៅ៥ម៉ឺនដុល្លារចំពោះការរងរបួសរបស់ពួកគេកាលពីថ្ងៃទី១២ ខែវិច្ឆិកា។
អ្នកស្រី អួន ពៅ និយាយថា “អាជ្ញាធរព្យាយាមទាមទារសំណង ប៉ុន្តែយើងរកប្រាក់បានត្រឹមតែចិញ្ចឹមខ្លួនឯងប៉ុណ្ណោះ តើពួកយើងបានប្រាក់ពីណាបង់សំណងទៅ?”។
ក្មេងប្រុស ម៉ែន សុខសម្បត្តិ និយាយថា ប្រសិនបើខ្លួនជាប់ពន្ធនាគារម្ដងទៀត ខ្លួននឹងនឹកដល់រឿងធម្មតាមួយចំនួននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ក្មេងនេះនិយាយថា “ខ្ញុំនៅផ្ទះពិតជាសប្បាយចិត្តណាស់ ពីព្រោះខ្ញុំអាចមើលទូរទស្សន៍បាន លេងហ្គេមបាន និងធ្វើអ្វីៗបានតាមដែលខ្ញុំចង់។ ខ្ញុំអាចដើរលេងបានពេញមួយថ្ងៃ”។ ក្មេងប្រុសនេះនិយាយទៀតថា នៅថ្ងៃណាមួយខ្លួនសង្ឃឹមថា នឹងចាប់អាជីពជាជាងជួសជុលម៉ូតូដើម្បីចិញ្ចឹមជីវិត។
ចំណែកឯអ្នកស្រី អួន ពៅ បាននិយាយទាំងទឹកភ្នែករលីងរលោងថា អ្នកស្រីមានសង្ឃឹមតិចណាស់ចំពោះកូនប្រុសរបស់គាត់ ប្រសិនបើពួកគាត់បែកគ្នា។ គាត់និយាយថា ” បើគ្មានខ្ញុំទេនោះ ជីវិតរបស់វានឹងជួបការលំបាកខ្លាំង”៕ សុខុម