34 C
Phnom Penh

មន្ត្រីរដ្ឋបាល​​​ព្រៃឈើ​​​​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​​ជំរិត​​​ទារ​​​ប្រាក់​​ពី​​​កសិករ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​​​សៀមប៉ាង, ខេត្តស្ទឹង​​​ត្រែង- សម្រាប់​​​វរជន​​​​​​មួយ​​​ក្រុម​​​តូច​​​ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​កាប់​​​​​​​​​ឈើ​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​នៃ​​​ខេត្ត​​​ដាច់​​​ស្រយាល​​​នេះ​​​​​​​​​ កាក់​​​កប​​​យ៉ាង​​​ខ្លាំង​​​នៅ​​​ក្នុង​​​ការ​​​​​​រក​​​ស៊ី​​​ឈើ។ហើយ​​​សម្រាប់​​​រដ្ឋបាល​​​ព្រៃឈើ​​​ ជា​​​ស្ថាប័ន​​​មួយ​​​របស់​​​រដ្ឋាភិបាល​​​​​​ដែល​​​ទទួល​​​បន្ទុក​​​ធ្វើ​​​គោល​​​នយោ​​​បាយ​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​កាប់​​​ឈើ​​​វិញ​​​ ក៏កាក់​​​កប​​​ខ្លាំង​​​ណាស់​​​ដែរ​​​។ 

ខណៈដែលឧកញ៉ា​​​​​​ឈ្មួញឈើ​​​ ដូច​​​ជា​​​លោក ទ្រី ភាព​​​ ជាដើម បាន​​​កាប់​​​បំផ្លាញ​​​ព្រៃឈើ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដល់​​​​​​កម្រិត​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភនោះ​​​ អាជ្ញាធរ​​​មូលដ្ឋាន​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​កំពុង​​​ទទួល​​​ផល​​​ប្រយោជន៍​​​​​​ពីការ​​​ជំរិត​​​​​​ទារ​​​ប្រាក់ពី​​​អ្នក​​​កាប់​​​ឈើ​​​តូច​​​តាច​​​ ដែល​​​​​​ពឹង​​​ផ្អែក​​​លើ​​​ព្រៃ​​​ឈើ​​​ដើម្បីរស់​​​រាន​​​ជាយូរ​​​មក​​​ហើយ។

យោងតាម​​​អ្នកភូមិ​​​ក្នុង​​​ស្រុក​​​សៀមប៉ាង បាន​​​ឲ្យ​​​ដឹង​​​ថា មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​កំពុង​​​តែ​​​​​​កាក់​​​កប​​​យ៉ាង​​​ខ្លាំង​​​នៅក្នុង​​​ការ​​​​​​រឹប​​​អូស​​​ឈើ​​​តាមអំពើ​​​ចិត្តពី​​​ប្រជាពល​​​រដ្ឋ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ និង​​​ដក​​​ហូត​​​គ្រឿង​​​យន្ត​​​​​​របស់​​​ពួកគាត់​​​ដើម្បី​​​ជំរិត​​​ទារ​​​ប្រាក់ ហើយ​​​លុះត្រា​​​តែ​​​កសិករ​​​ក្រីក្រ​​​ទាំង​​​នេះ​​​មាន​​​លទ្ធភាព​​​រក​​​ប្រាក់​​​​​​លោះ​​​បាន​​​ ​​ទើប​​​អាជ្ញាធ​រ​​​ប្រគល់​​​ឲ្យ​​​វិញ។

ហើយ​​​​​​មិន​​​មែន​​​មាន​​​តែ​​​អ្នក​​​ភូមិ​​​ទេដែ​​​ល​​​ត្អូញ​​​ត្អែរ​​​ចំពោះ​​​​​​រឿង​​​នេះ។ សូម្បី​​​ព្រះរាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​ និង​​​មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើទាំង​​​នេះ​​​ ដែល​​​ជាញឹក​​​ញាប់​​​គាំទ្រ​​​ដោយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ កំពុង​​​ធ្វើ​​​ប្រតិបត្តិ​​​ការ​​​ក្រៅ​​​ច្បាប់។

​​​​​​​​​​​​​ កសិករ​​​ម្នាក់​​​ឈ្មោះ ណន ណាង អាយុ​​​៣៣​​​ឆ្នាំ​​​មក​​​ពី​​​ឃុំ​​​ស្រែ​​​សម្បូរ បាន​​​ធ្វើ​​​ដំណើរទៅ​​​ការិយាល័យ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្រុក​​​សៀមប៉ាង កាលពីថ្ងៃ​​​ពុធ​​​ដើម្បី​​​បង់​​​ប្រាក់​​​៦០០​​​ដុល្លារ​​​លោះ​​​យក​​​គោយន្ត​​​របស់​​​ខ្លួ​​​ន​​​ ដែល​​​ត្រូវ​​​អាជ្ញាធរ​​​រឹប​​​អូស​​​កាលពី​​​ខែ​​​មករាត្រឡប់​​​មក​​​វិញ។  កសិករ​​​រូប​​​នេះ​​​និយាយ​​​ថា “រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ និង​​​កង​​​រាជអាវុធ​​​ហត្ថ​​​បាន​​​ចាប់​​ខ្លួន​​​ខ្ញុំ​​​ពីបទ​​​ដឹក​​​ឈើ​​​ពីរបីដុំ ហើយ​​​ពួកគេ​​​បាន​​​ដក​​​ហូត​​​គោយន្ត​​​របស់ខ្ញុំ​​​។ ខ្ញុំ​​​គ្រាន់តែ​​​ចង់​​​យកឈើ​​​នោះទៅ​​​ធ្វើ​​​គ្រែ និង​​​ទ្វារ​​​ផ្ទះ​​​របស់​​​ខ្ញុំប៉ុណ្ណោះ”។ លោក​​​ ណន ណាង បាន​​​កាប់​​​ឈើ​​​ធ្នង់​​​ចំនួន​​​០,៧​​​ម៉ែត្រគូប​​​នេះពី​​​ដីចម្ការ​​​របស់​​​គាត់​​​​​​ដែល​​​រូប​​​គាត់​​​ និង​​​គ្រួសារ​​​បាន​​​ដាំ​​​ដំណាំ​​​ជាយូរ​​​មក​​​ហើយ​​​។

ប៉ុន្តែ​​​លោក ស្រស់ សារិន នាយក​​​រង​​​ផ្នែក​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្រុក​​​សៀមបា៉ង ដែល​​​អង្គុយ​​​ជិត​​​លោក ណន ណាង នៅ​​​ការិយាល័យ​​​រដ្ឋបាល​​​ព្រៃឈើ​​​​​​ បានមាន​​​ប្រសាសន៍​​​ថា ពេល​​​វេលា​​​បានផ្លាស់​​​ប្ដូរ​​​ហើយ។ លោក​​​មាន​​​ប្រសាសន៍​​​ថា ដោយ​​​សារ​​​ការ​​​រក​​​ស៊ី​​​ឈើ​​​មាន​​​សន្ទុះកើន​​​ឡើងខ្លាំង​​​​​​ និ​​​ងព្រៃ​​​ឈើ​​​ក្នុង​​​តំបន​​​់​​​នោះ​​​កាន់​​​តែ​​​ហិនហោច​​​ទៅ​​​ៗ​​​ មាន​​​តែ​​​មនុស្ស​​​ប៉ុន្មាន​​​នាក់​​​ប៉ុណ្ណោះ​​​ដែល​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​កាប់​​​ឈើ​​​ប្រណីត​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជាការ​​​លំបាក​​​ណាស់​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋនៅទីនេះ​​​ដែល​​​មិន​​​យល់ដឹងពីច្បាប់។ នៅពេល​​​យើង​​​បង្ក្រាប​​​ពួកគាត់​​​ វា​​​ប៉ះពាល់​​​ដល់​​​ជីវភាព​​​រស់​​​នៅ​​​របស់​​​ពួកគាត់​​​ ប៉ុន្តែ​​​យើង​​​មិន​​​អាច​​​អនុញ្ញា​​​ត​​​ឲ្យ​​​មនុស្ស​​​គ្រប់​​​គ្នា​​​កាប់​​​ឈើ​​​បាន​​​ទេ”។

នៅ​​​ពេល​​​គោយន្ត​​​របស់​​​គាត់​​​ត្រូវ​​​បាន​​​ដកហូត​​​​​​កាលពី​​​ដើម​​​ឆ្នាំ​​​នេះ លោក ណន ណាង ត្រូវ​​​បាន​​​អាជ្ញាធរ​​​ប្រាប់​​​​​​ឲ្យ​​​ផ្ដិត​​​មេដៃ​​​លើ​​​ឯកសារ​​​មួយ​​​ដែល​​​បញ្ជាក់​​​ថា គោយន្ត​​​នោះ​​​​​​ក្លាយ​​​ជា​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​រដ្ឋបាល​​​ព្រៃ​​​ឈើ ហើយលុះ​​​ត្រាតែ​​​គាត់​​​បង់​​​ប្រាក់ពិន័យ​​​រួច ទើ​​​ប​​​គាត់​​​អា​​​ច​​​យក​​​វា​​​ត្រឡប់ទៅវិញ​​​បាន​​​។ នៅទីបំផុត​​​លោក ណន ណាង បាន​​​​​​ប្រមូល​​​ប្រាក់​​​គ្រប់​​​ចំនួន​​​៦០០​​​ដុល្លារ​​​ដើម្បីទៅ​​​លោះ​​​យក​​​គោយន្ត​​​របស​​​់​​​គាត់​​​មក​​​វិញ ប៉ុន្តែ​​​ប្រជា​​​ពល​​​រដ្ឋ​​​ផ្សេង​​​ៗ​​​ទៀត​​​គ្មាន​​​សំណាង​​​ដូច​​​គាត់​​​ទេ។

កាលពីថ្ងៃទី​​​២០ ខែកុម្ភៈ នៅ​​​តំបន់ជាយ​​​ស្រុក​​​សៀមបា៉ង ក្នុង​​​ឃុំព្រែក​​​មាស យុវជន​​​ម្នាក់​​​ឈ្មោះ ធឿន ប៉ាង អាយុ​​​២៣​​​ឆ្នាំ​​​បាន​​​បើក​​​គោយន្ត​​​របស់​​​ខ្លួន​​​ចេញពី​​​ព្រៃ​​​ ដោយ​​​មាន​​​ដឹក​​​ឈើ​​​ធ្នង់​​​ចំនួន​​​ប្រាំមួយ​​​សន្លឹក​​​។

យុវជន​​​ ធឿន បា៉ង និយាយ​​​ថា “អាជ្ញាធរ​​​បាន​​​យក​​​កាំភ្លើង​​​ភ្ជង់​​​ខ្ញុំ ហើយ​​​និយាយ​​​ថា ‘ អា​​​ល្អិត​​​យក​​​ឈើ​​​ទៅ​​​ទុក​​​ [នៅ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​] ហើយ​​​ហ្អែង​​​អាច​​​ទៅ​​​ផ្ទះ​​​បាន​​​។ ប៉ុន្តែ​​​នៅ​​​ពេល​​​ខ្ញុំទៅ​​​ដល់​​​ [ការិយាល័យ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​] ពួកគេ​​​បា​​​ន​​​ដក​​​ហូត​​​គោយន្ត​​​របស់​​​ខ្ញុំ ហើយ​​​បង្ខំ​​​ឲ្យ​​​ខ្ញុំ​​​ផ្ដិត​​​មេដៃ​​​លើ​​​ឯកសារ​​​មួយ​​​”។

យុវជន​​​រូប​​​នេះ​​​និយាយ​​​ទៀត​​​ថា ឯកសារ​​​នោះ​​​បញ្ជាក់​​​ថា គោយន្ត​​​របស់​​​ខ្លួន​​​បាន​​​ក្លាយ​​​ជា​​​កម្មសិទ្ធិ​​​របស់​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ ហើយ​​​លុះ​​​ត្រាតែ​​​រូប​​​គេ​​​បង់​​​ប្រាក់​​​១.៥៨០​​​ដុល្លារ​​​ ទើ​​​ប​​​ខ្លួន​​​អាច​​​យក​​​គោយន្ត​​​នោះ​​​ត្រឡប​​​់​​​ទៅវិញ​​​បាន​​​ ដែល​​​យុវជន​​​រូប​​​នេះ​​​និយាយ​​​ថា ចំនួន​​​ប្រាក់​​​ប៉ុណ្ណឹង​​​គឺ​​​ស្ទើ​រ​តែ​​​ទិញ​​​គោយន្ត​​​ថ្មីមួយគ្រឿង​​​បាន​​​ទៅហើយ​​​។

យុវជន​​​ ធឿន បា៉ង បាន​​​បន្ត​​​ថា ” ពួកគេ​​​បាន​​​និយាយ​​​ថា ​​បើ​​​ខ្ញុំមិន​​​បង់​​​ប្រាក់​​​ទេ ពួកគេ​​​នឹង​​​បញ្ជូន​​​ខ្ញុំទៅ​​​តុលាការ​​​។ ខ្ញុំជា​​​កសិករ​​​ ​​​បើ​​​គ្មាន​​​គោយន្ត​​​ទេ ខ្ញុំ​​​គ្មាន​​​វិធី​​​រក​​​ប្រាក់​​​ដើម្បី​​​លោះ​​​យក​​​គោយន្ត​​​របស់​​​ខ្ញុំ​​​ត្រឡប​​​់​​​មក​​​វិញទេ​”។ យុវជន​​​រូប​​​នេះ​​​បញ្ជាក់​​​ថា ប្រាក់​​​ដែល​​​អាជ្ញាធរ​​​ទាម​​​ទារ​​​ គឺ​​​​​​ច្រើនពេក​​​ ហើយ​​​រូប​​​គេ​​​គ្មាន​​​លទ្ធភាព​​​បង់​​​ទេ​​​​​​។

លោក ប៉ែន សារ៉ាត់ ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​ស្ទឹង​​​ត្រែង បានមាន​​​ប្រសាសន៍​​​ថា បញ្ហា​​​ព្រៃ​​​ឈើ​​​មិន​​​ស្ថិត​​​ក្រោម​​​យុត្តាធិការ​​​របស់​​​លោក​​​ទេ។ លោក ប៉ែន សារ៉ាត់ បានមាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​រដ្ឋបា​​​ល​​​ព្រៃ​​​ឈើ​​​គ្មាន​​​សិទ្ធិ​​​ដក​​​ហូត​​​រថយន្ត​​​ ឬ​​​គោយន្ត​​​ទេ ហើយ​​​លោក​​​ក៏​​​មិន​​​បាន​​​ដឹង​​​ពី​​​ជម្លោះ​​​ណាមួយ​​​ដែរ​​​។  លោក​​​មាន​​​ប្រសាសន៍​​​ថា “យោងតាម​​​ច្បាប់ព្រៃ​​​ឈើ​​​ មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​អាច​​​ត្រឹម​​​តែ​​​ដក​​​ហូត​​​ឈើ​​​ និង​​​ពិន័យ​​​​​ប្រាក់​​​ជន​​​ល្មើស​​​ប៉ុណ្ណោះ​​​។ ពួកគេ​​​គ្មាន​​​សិទ្ធិ​​​ដ​​​ក​​​ហូត​​​គ្រឿង​​​យន្ត​​​ឡើយ”។

ដោយ​​​សារ​​​តែ​​​រឿង​​​បែប​​​នេះ​​​កើត​​​ឡើង​​​កាត់​​​តែ​​​ញឹក​​​ញាប់​​​ បាន​​​ធ្វើ​​​ឲ្យ​​​កសិករ​​​កាន់តែ​​​មាន​​​កំហឹង​​​ខ្លាំង​​​ឡើងៗ​​​។ កាលពី​​​សប្ដាហ៍មុន​​​ អ្នក​​​ភូមិ​​​ប្រហែល​​​២០០​​​នាក់​​​បាន​​​សម្រុក​​​ចូល​​​ការិយាល័យ​​​រដ្ឋបាល​​​ព្រៃឈើ​​​ស្រុក​​​សៀមប៉ាង ហើយ​​​បាន​​​រំដោះ​​​គោយន្ត​​​ពីរ​​​គ្រឿង និង​​​ទូក​​​មួយ​​​គ្រឿង​​​ដែល​​​រដ្ឋបាល​​​ព្រៃឈើ​​​បាន​​​ដក​​​ហូត​​​ត្រឡប់​​​មក​​​វិញ​​​។

ប៉ុន្តែ​​​ទោះបី​​​ជាការ​​​កាប់​​​ឈើ​​​ធ្វើ​​​ឲ្យ​​​ពួកគាត់​​​ប្រឈម​​​នឹង​​​ការ​​​បាត់​​​បង់​​​ទ្រព្យ​​​សម្បត្តិ​​​ផ្ទាល់​​​ខ្លួន​​​ ដូច​​​ជា​​​ គ្រឿង​​​យន្ត​​​ជា​​​ដើម​​​ក្ដី​​​ ក៏​​​អ្នកភូមិ​​​ក្រីក្រ​​​ជាច្រើន​​​នៅតែ​​​ហ៊ាន​​​ប្រថុយ​​​​​​ដែរ​​​គឺ​​​​​​ដើម្បី​​​រក​​​ប្រាក់​​​ចិញ្ចឹម​​​ជីវិត។

កសិករ​​​មួយ​​​ចំនួននិយាយ​​​ថា ពួកគាត់​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្រុម​​​ហ៊ុនទ្រីភាព ហើយ​​​តំណាង​​​របស​​​់​​​ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​ចុះ​​​ទៅ​​​តាមភូមិ​​​យូរៗ​​​ម្ដង​​​ដើម្បី​​​ប្រមូលទិញ​​​ឈើ​​​ធ្នង់ពីអ្នក​​​ភូមិ​​​ ដោយ​​​ឲ្យ​​​តម្លៃ​​​៥០​​​​​​ដុល្លារ​​​ក្នុង​​​មួយ​​​មែ៉ត្រគូប។ នៅ​​​ក្នុង​​​ក្រុង​​​ស្ទឹង​​​ត្រែង​​​ ឈើ​​​ធ្នង់​​​ក្នុង​​​មួយ​​​ម៉ែត្រគូប​​​អាច​​​លក់​​​បាន​​​ថ្លៃ​​​រហូត​​​ដល់​​​ទៅ​​​៨០០​​​ដុល្លារ​​​ឯណោះ​​​។

ក្រុម​​​ហ៊ុនទ្រីភាព ទទួល​​​បាន​​​សិទ្ធិ​​​ផ្ដាច់​​​មុខ​​​ទិញយកឈើ​​​ប្រណីត​​​ទាំង​​​អស់​​​ដែល​​​កាប់​​​នៅក្នុង​​​​​​តំបន់​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ ហើយ​​​តាម​​​សេចក្ដី​​​រាយការណ៍​​​ថា ក្រុម​​​ហ៊ុន​​​នេះ​​​កំពុង​​​ចរចា​​​ជាមួយ​​​អាជ្ញាធរ​​​ខេត្ត​​​​​​ស្ទឹង​​​ត្រែង ដើម្បីទទួល​​​បាន​​​​​​សិទ្ធិ​​​​​​ស្រដៀង​​​គ្នា​​​នេះ។

ក្រុម​​​ហ៊ុន​​​ទ្រីភាព​​​ ក៏មាន​​​ដីសម្បទាន​​​ផ្ទាល់​​​ខ្លួនដែរ​​​នៅ​​​ក្នុង​​​ស្រុក​​​សៀមប៉ាង ដែល​​​គ្រប​​​ដណ្ដប់​​​យ៉ាង​​​ច្រើន​​​នៃ​​​​​​ផ្ទៃដី​​​ក្នុង​​​ឃុំព្រែក​​​មាស។ លោក យុក ម៉េង តំណាង​​​ក្រុ​​​ម​​​ហ៊ុន​​​ទ្រីភាព​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ភូមិ​​​​​​ត្រូវ​​​បាន​​​ជំរុញ​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​កាប់​​​ឈើ​​​នៅ​​​ក្នុង​​​តំបន់​​​ដី​​​សម្បទាន​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “ខ្ញុំមិនដឹង​​​រឿង​​​បង្ក្រាប​​​នេះទេ ប៉ុន្តែ​​​យើង​​​​​ចំណាយ​​​លុយ​​​ឲ្យ​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ដែ​​​ល​​​មក​​​កាប់​​​ឈើ​​​នៅក្នុង​​​ដី​​​សម្បទាន​​​”។

អ្នក​​​ភូមិ​​​ម្នាក់​​​ទៀត​​​ឈ្មោះ នី ឃួន អាយុ​​​៣៣​​​ឆ្នាំ​​​មកពី​​​ឃុំ​​​ព្រែក​​​មាស បានអះអាង​​​ថា ខណៈ​​​ពេល​​​ខ្លួន​​​កំពុង​​​​​​កាប់ឈើ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ទ្រីភាព មន្ត្រីមូល​​​ដ្ឋាន​​​ក៏​​​ចាប់​​​ខ្លួន​​​គាត់​​​។ គាត់​​​និយាយ​​​ថា  “ពួក​​​គេ​​​យក​​​កំាភ្លើង​​​ភ្ជង់​​​ខ្ញុំ​​​ ហើយ​​​បង្ខំ​​​ឲ្យ​​​ខ្ញុំ​​​ប្រគល់ទូរស័ព្ទ​​​ ប្រហែល​​​ជា​​​ពួកគេ​​​ខ្លាច​​​ខ្ញុំ​​​ទូរស័ព្ទ​​​ទៅ​​​ក្រុម​​​ហ៊ុន​​​ឲ្យ​​​អន្តរាគមន៍​​​ហើយ​​​មើល​​​ទៅ”។ គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា “ពេល​​​ខ្លះ​​​ នៅពេលពួកគេ​​​ឃើញ​​​យើង​​​ ពួកគេ​​​និយាយ​​​ថា​​​ប្រសិន​​​បើ​​​យើង​​​ធ្វើការ​​​ឲ្យ​​​ក្រុមហ៊ុន យើង​​​ត្រូវតែ​​​ឲ្យ​​​ប្រាក់ពួកគេ​​​ខ្លះ។ ពេល​​​ខ្លះពួកគេ​​​ដក​​​ហូត​​​ឈើ​​​ និង​​​គោយន្ត​​​យកទៅ​​​រក្សា​​​ទុក​​​នៅ​​​រដ្ឋបាលព្រៃ​​​ឈើ​​​។ ហើយ​​​ពេល​​​នេះ​​​ពួកគេ​​​ទាមទារ​​​ឲ្យ​​​ខ្ញុំបង់​​​ប្រាក់​​​៣,៣​​​លាន​​​រៀល ទើប​​​ខ្ញុំអា​​​ច​​​យកគោយន្ត​​​របស់​​​ខ្ញុំទៅវិញ​​​បាន​​​”។

នៅឯ​​​ការិយាល័យ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ មាន​​​ឈើ​​​ប្រណីត​​​ៗ​​​គរ​​​រាប់រយ​​​ដុំ​​​ និង​​​យាន​​​យន្ត​​​ដក​​​ហូូត​​​បាន​​​ជាង​​​១០​​​គ្រឿង​​​។ ឈើ​​​ទាំង​​​នេះ​​​នឹង​​​ត្រូវ​​​ដាក់​​​ដេញថ្លៃ​​​ ហើយ​​​អ្នក​​​ទិញ​​​ឈើ​​​ទាំង​​​នេះ​​​គ្មាន​​​នរណា​​​ក្រៅពីក្រុម​​​ហ៊ុនទ្រីភាព​​​នោះទេ ដែល​​​កាលពី​​​ឆ្នាំមុន​​​ទទួល​​​បាន​​​សិទ្ធិ​​​ផ្ដាច់​​​មុខ​​​ពី​​​រដ្ឋាភិបាលក្នុង​​​ការ​​​​​​​​​ប្រមូលទិញ​​​ឈើ​​​ប្រណីត​​​ជិត​​​៥.០០០​​​ម៉ែត្រគូប​​​ ដែល​​​ដក​​​ហូត​​​បាន​​​នៅ​​​ទូទាំង​​​ប្រទេស។

លោក ស្រស់ សារិន នាយ​​​រង​​​ផ្នែក​​​រដ្ឋបាល​​​ព្រៃឈើ​​​ស្រុក​​​សៀមប៉ាង បាន​​​ឆ្លើយ​​​ដោយ​​​ស្ទាក់​​​ស្ទើ​រនៅពេល​​​​​គេ​​​សុំ​​​ឲ្យ​​​បក​​​ស្រាយ​​​ថា តើ​​​ការិយាល័យ​​​របស់​​​លោក​​​សម្រេច​​​បែប​​​ណា​​​ក្នុង​​​ការ​​​កំណត់​​​ថា តើ​​​អ្នក​​​ណា​​​អាច​​​កាប់​​​ឈើ​​​បាន និង​​​អ្នក​​​ណាមិន​​​អាច​​​កាប់​​​ឈើ​​​បាន ហើយ​​​មាន​​​ច្បាប់​​​ណា​​​ដែល​​​អនុញ្ញា​​​ត​​​ឲ្យ​​​មន្ត្រី​​​ក្រោម​​​ឱវាទ​​​របស់​​​លោក​​​ដក​​​ហូត​​​គ្រឿង​​​យន្ត​​​​​​ ហើយ​​​ទាមទារ​​​ប្រាក់​​ពិន័យ​​​​​យ៉ាង​​​ច្រើនសន្ធឹក​​​សន្ធាប់​​​​​​បែប​​​នេះ។​​​ លោក​​​បាន​​​មា​​​ន​​ប្រសាសន៍​​​ថា “​​​ខ្ញុំមិន​​​ចង់​​​និយាយ​​​អំពី​​​រឿង​​​នេះទេ។ អស់​​​លោក​​​ទៅ​​​សួរ​​​មេរបស់​​​ខ្ញុំទៅ​​​”។

ទោះបីជា​​​​​​មាន​​ការ​​​ស្នើ​​​សុំ​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ឲ្យ​​​មាន​​​ការ​​​បក​​​ស្រាយ​​​​​​ក្ដី​​​ ក៏​​​លោក លី កន នាយ​​​ផ្នែក​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្រុក​​​​​​សៀមប៉ាង មិនអាច​​​ទាក់​​​ទង​​​សុំការ​​​បំភ្លឺ​​​បាន​​​ទេ។

នៅពេល​​​គេ​​​ប្រាប់​​​ថា កង​​​កម្លាំង​​​របស់​​​លោក​​​បាន​​​ឃុបឃិត​​​គ្នា​​​នៅ​​​ក្នុង​​​ការ​​​ជំរិត​​​ទារ​​​ប្រាក់ពី​​​កសិករ​​​ដែល​​​កាប់​​​ឈើ លោក ឡេង វណ្ឌី មេបញ្ជា​​​ការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ស្ទឹង​​​ត្រែង បានមាន​​​​​​ប្រសាសន៍​​​ថា លោក​​​ក៏ដឹង​​​រឿង​​​ខុស​​​ច្បាប់​​​​​​នេះ​​​ដែរ​​​ ប៉ុន្តែ​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មិន​​​បាន​​​ពាក់​​​ព័ន្ធ​​​នឹ​​​ង​​​រឿង​​​នេះ​​​​​​ទេ។

លោកបានមាន​​​ប្រសាសន៍​​​ថា “កង​​​រាជអាវុធ​​​ហត្ថ​​​គ្មាន​​​បទ​​​​​​បញ្ជា​​​ឲ្យ​​​ពាក់ព័ន្ធ​​​​​​ក្្នុង​​​ការ​​​ដក​​​ហូត​​​ ឬកា​​រ​​​បង្ក្រាប​​​ទេ ការ​​​ងារ​​​របស់ពួកគេ​​​គឺ​​​ត្រូវ​​​ការ​​​ពារ​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ មន្ត្រី​​​តុលាការ​​​ និ​​​ង​​​ប្រជា​​​ពល​​​រដ្ឋ​​​។ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មិនគួរ​​​ដ​​​ក​​​ហូត​​​ឈើ​​​ គ្រឿង​​​យន្ត​​​ ឬអ្វីៗ​​ផ្សេង​​​ពី​​​ជន​​​ល្មើស​​​ឡើុយ។ អ្នកដែលទទួល​​​ផល​​​ប្រយោជន៍​​​ពីការ​​​បង្ក្រាប គឺ​​​រដ្ឋបាលព្រៃឈើ​​​”៕ សុខុម​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស