កាលពីម្សិលមិញ អ្នកតវ៉ាជាង១០០នាក់រួមទាំងព្រះសង្ឃប្រហែល៦០អង្គផងបានប្រមូលផ្តុំគ្នានៅមុខក្រសួងធម្មការនិងសាសនាដើម្បីតវ៉ាចំពោះពាក្យចចាមអារ៉ាមថា មានការលក់ដីនៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យទៅឲ្យកាស៊ីណូណាហ្គាវើលក្បែរនោះ។

លោក សេង សុមុនី អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានធ្វើសន្និសីទកាសែតកាលពីដើមសប្តាហ៍នេះ បដិសេធការសន្និដ្ឋានដែលថា ការវាយកម្ទេចខ្លោងទ្វារមុខរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យគឺជាដំណាក់កាលទី១នៃគម្រោងដើម្បីប្រែក្លាយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យទៅជាកន្លែងចតយានយន្តរបស់កាស៊ីណូនិងសណ្ឋាគារ។
ដោយគ្មានការជឿជាក់ កាលពីម្សិលមិញ ក្រុមអ្នកតវ៉ាបានហែក្បួនតាមតីរវិថីព្រះស៊ីសុវត្ថិឆ្ពោះទៅវិទ្យាសា្ថានពុទ្ធសាសនបណ្ឌិត្យស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនដើម្បីដាក់ញត្តិស្នើសុំឲ្យមានការធានាថា ដីនេះពិតជាត្រូវបានការពារ។ ប៉ុន្តែ អ្នកតវ៉ាទាំងនោះត្រូវបានរារាំងមិនឲ្យបន្តដំណើររបស់ខ្លួនដោយសារមន្ត្រីកងរាជអាវុធហត្ថចំនួន២០០នាក់បានដាក់របាំងបិទផ្លូវ។
នៅកន្លែងដាក់របាំងនោះ ព្រះតេជគុណ ប៊ុត ប៊ុនទិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមដែលឥតសំចៃមាត់បានមានសង្ឃដីកាថា ប្រសិនបើដីនេះត្រូវបានដោះដូរឬលក់មែននោះ វាស្មើនឹងការក្បត់ប្រជាជនខ្មែរ។ ព្រះតេជគុណបានមានសង្ឃដីកាមុនពេលប្រគល់ញត្តិទៅលោក សេង សុមុនី ថា “យើងចង់ឃើញមុខលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដែលក្បត់ជាតិយើង”។
លោក សេង សុមុនី បានបញ្ជាក់ឡើងវិញថា ការសង់របងក្នុងពេលថ្មីៗនេះនៅក្នុងដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនោះគឺដើម្បីរៀបចំបណ្តាញអគ្គិសនីរបស់កាស៊ីណូណាហ្គាវើលប៉ុណ្ណោះ ហើយក្រុមហ៊ុននេះនឹងធានាសាងសង់ខ្លោងទ្វារមុខនេះឡើងវិញនៅពេលស្ថាបនាផ្លូវក្រោមដីរួចរាល់។ លោកបានមានប្រសាសន៍ថា “[វិទ្យាសា្ថនពុទ្ធសាសនបណ្ឌិត្យ] មិនមែនសម្រាប់លក់ឬជួលឡើយ។ វាមិនដូចការចោទប្រកាន់ទេ”។
វេលាព្រឹកថ្ងៃនោះ លោក សេង សុមុនី បានមកជួបសមណសិស្សប្រហែល២០០អង្គដែលបានសិក្សានៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ហើយបានសុំកុំឲ្យព្រះសង្ឃនិមន្តចូលរួមការតវ៉ានៅពេលរសៀលនិងការហែក្បួនលើកទី២ ដែលគ្រោងធ្វើនៅថ្ងៃនេះ។
ព្រះេតជគុណ សុខ ពិសិដ្ឋ ព្រះជន្ម១៧វស្សា បានមានសង្ឃដីកាថា “ឯកឧត្តម សេង សុមុនី បាននិយាយទៅកាន់ព្រះសង្ឃ២០០អង្គនៅម៉ោង៧ និង៤០នាទីព្រឹក ហើយបានទូលកុំឲ្យទៅចូលរួមការតវ៉ារបស់បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម”។
ព្រះតេជគុណបានមានសង្ឃដីកាថា “យើងបារម្ភពីការដែលអាចបាត់បង់ដីនោះ ប៉ុន្តែវិទ្យាសា្ថានពុទ្ធសាសនបណ្ឌិត្យមិនបានបាត់បង់ទេ”។ ព្រះអង្គបន្ថែមថា ព្រះអង្គជឿលើការពន្យល់របស់លោក សេង សុមុនី ហើយគិតថា ការរារាំងការហែក្បួនកាលពីម្សិលមិញមិនឲ្យទៅកាន់កន្លែងនោះគឺជាការសម្រេចចិត្តត្រឹមត្រូវ។ ព្រះតេជគុណបានមានសង្ឃដីកាថា “ព្រះ សង្ឃគឺជាអ្នកដែលត្រូវប្រព្រឹត្តតាមធម៌វិន័យព្រះពុទ្ធ”។
ព្រះតេជគុណ យឹម ហឿន ព្រះជន្ម២៥វស្សា ជាសមណសិស្សមួយអង្គទៀតមិនយល់ស្របដូច្នេះឡើយ។ ព្រះអង្គមានសង្ឃដីកាថា “ក្រសួងគ្មានសិទ្ធិទូលព្រះសង្ឃមិនឲ្យនិមន្តចូលរួមការតវ៉ា ឬហាមឃាត់ព្រះសង្ឃមិនឲ្យនិមន្តចូលរួមឡើយ ពីព្រោះព្រះសង្ឃមានការបារម្ភ ហើយគ្រាន់តែចង់ដាក់ញត្តិដើម្បីសុំការពន្យល់តែប៉ុណ្ណោះ។ អាត្មាគិតថា ពួកគេបានលក់ដីនេះហើយ”៕សារុន