ប្រធានខុទ្ទកាល័យលោក អុី ឈាន បាននិយាយកាលពីម្សិលមិញថា លោក អុី ឈានដែលបានបម្រើការជាអភិបាលខេត្តប៉ៃលិនចាប់តាំងពីលោក អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរក្រហមបានដឹកនាំកម្លាំងឧទ្ទាមរបស់លោកនៅក្នុងតំបន់នេះ ផ្ដាច់ខ្លួនមកចូលរួមជាមួយរដ្ឋាភិបាលកាលពីឆ្នាំ១៩៩៦នោះ នឹងលាលែងពីតួនាទីរបស់លោកនៅថ្ងៃសៅរ៍។
យោងតាមលោក សៅ សារ៉ាត់ ប្រធានខុទ្ទកាល័យលោក អុី ឈាន បានឲ្យដឹងថា លោក កើត សុធា ជាអភិបាលរងនឹងកាន់តួនាទីនេះជំនួសលោក អីុ ឈាន នៅពិធីមួយដែលចូលរួមជាអធិបតីដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក សារ៉ាត់ បានមានប្រសាសន៍ថា “យើងទើបតែទទួលបានលិខិតផ្លូវការពីក្រសួងមហាផ្ទៃអំពីការជំនួសតួនាទីលោក អុី ឈាន អភិបាលខេត្តប៉ៃលិននេះ”។ លោកបានបន្ថែមថា មិនទាន់ទទួលបានព្រះរាជក្រឹត្យសម្រាប់ការផ្លាស់ប្ដូរតួនាទីនេះនៅឡើយទេ។
លោក កើត សុធា បានបម្រើការជាអភិបាលរងចាប់តាំងពីលោក អីុ ឈាន ត្រូវបានតែងតាំងជាអភិបាលខេត្ត បន្ទាប់ពីការផ្ដាច់ខ្លួនកាលពីខែកញ្ញា ឆ្នាំ១៩៩៦។
លោក អុី ឈាន អាយុ៦៣ឆ្នាំ ដែលធ្លាប់បានធ្វើជាប្រធានកងសន្តិសុខរបស់ ប៉ុលពត ត្រូវបានតែងតាំងជាអភិបាលខេត្តដ៏តូចនៅតាមព្រំដែនថៃ នៅពេលខេត្តនេះត្រូវបានបំបែកចេញពីខេត្តបាត់ដំបង ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលនាំឲ្យ លោក អៀង សារី ដឹកនាំកងទ័ពជិត៥.០០០នាក់មកចូលរួមជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ។
វាជាការផ្ដាច់ខ្លួនដ៏ធំលើកដំបូងនៃកងទ័ពខ្មែរក្រហមចាប់តាំងពីការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិឆ្នាំ១៩៩៣ ដែលក្រុមឧទ្ទាមបានធ្វើពហិការ ហើយត្រូវបានបាត់សិទ្ធិក្នុងការរកស៊ីត្បូងដ៏កាក់កបនៅប៉ៃលិន ដែលបានផ្គត់ផ្គង់កម្លាំងតស៊ូប្រដាប់អាវុធរបស់ខ្លួនប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាច្រើនឆ្នាំ។
លោក គង់ ដួង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនបានមានប្រសាសន៍ថា លោក អៀង វុធ កូនប្រុសរបស់លោក អៀង សារី ដែលបានបម្រើការជាអភិបាលរងមួយរូបដែរចាប់តាំងពីការផ្ដាច់ខ្លួនមកនោះ នឹងបន្តកាន់តួនាទីនេះដដែល។ លោក គង់ ដួង បានមានប្រសាសន៍ថា លោក អុី ឈាន លាលែងពីតួនាទីនេះដោយសារអាយុចូលនិវត្តន៍ ហើយនឹងត្រូវតែងតំាងជាប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន។ លោកបានមានប្រសាសន៍ថា “លោក អុី ឈាន បានបម្រើការជាអភិបាលខេត្តប៉ៃលិនរយៈពេល១៨ឆ្នាំមកហើយ ហើយអតីតប្រជាជនខ្មែរក្រហមរបស់យើងមានអារម្មណ៍សោកស្ដាយអំពីរឿងនេះនៅពេលដែលពួកគេទទួលបានព័ត៌មានថា លោក អុី ឈាន នឹងត្រូវផ្លាស់ចេញពីតំណែងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕ សារុន