30 C
Phnom Penh

កម្មករ​​​ជិត​​​១០០​​​នាក់​​​ដួល​​​សន្លប់​​​នៅ​​​ឯរោងចក្រ​​​កាត់​​​ដេរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​គណៈគ្រប់​​​គ្រង​​​​​​ម្នាក់​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរមួយកន្លែង​​​បាន​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​កាត់​​​ដេរ​​​ប្រមាណ​​​១០០​​​នាក់​​​បាន​​​ដួល​​​សន្លប់​​​នៅ​​​ក្នុង​​​រោងចក្រ​​​កាត់​​​ដេរ​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ពោធិ៍សែន​​​ជ័យ​​​រាជ​ធានី​​​ភ្នំពេញ​​​ បន្ទាប់​​​ពី​​​កម្មករ​​​ម្នាក់​​​​​ថប់​​​ដង្ហើម​​​ ហើយ​​​បាន​​​ដួល​​​ទៅ​​​លើ​​​កម្រាល​​​ឥដ្ឋ​​​។

យោង​​​តាម​​​លោក​​​ វ៉ាន់ ឡុង​​​ ប្រធាន​​​បុគ្គលិក​​​នៅ​​​ឯ​​​រោងចក្រ​​​កាត់​​​ដេរ​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករដួល​​​សន្លប់​​​ដ៏​​​ច្រើន​​​នេះ​​​បាន​​​ចាប់ផ្ដើម​​​នៅ​​​ម៉ោង​​​ប្រហែល​​​ជា​​​២និង​​​៣០នាទី​​​រសៀល​​​ នៅ​​​ឯរោងចក្រ​​​កាត់​​​ដេរ​​​ Woorie Garment នៅ​​​ពេល​​​​​​កម្មករ​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​គេ​​​ជឿ​​​ថា មាន​​​​​​​​​​​ជំងឺ​​​តេតាណូស​​​ បាន​​​ដួល​​​សន្លប់​​​។ លោក​​​បាន​​​​​​បន្ត​​​ថា កម្មករ​​ប្រហែល​​​ប្រាំបី​​​នាក់​ទៀត​​​​នៅ​​​ជុំវិញ​​​នាង​​​​​​ពេល​​​នោះ​​​បាន​​​ចាប់​​​ផ្ដើម​​​ដួល​​​សន្លប់​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់​​​ពី​​​កម្មករ​​​​​​រួម​​​ការងារ​​​បាន​​​ឃើញ​​​នាង​​​ដួល​​​សន្លប់​​​ ពួក​​​គេ​​​ក៏​​​ចាប់​​​ផ្ដើម​​​ភ័យ​​​ស្លន់​​​ស្លោ​​​ ហើយ​​ក៏​​​​ដួល​​​សន្លប់​​​ អ្នក​​​ខ្លះ​​​ស្រែក​​​ហើយ​​​ក៏​​​​​​ដួល​​​សន្លប់​​​។សម្រែក​​​​​​ខ្លាំងៗ​​​បាន​​​ធ្វើឲ្យ​​​កម្មករ​​​ផ្សេង​​​ទៀត​​​នៅ​​​ជុំ​​​វិញ​​​នាង​​​​ស្លន់​ស្លោ”។

លោក​​​ វ៉ាន់ ឡុង បាន​​​មាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​នោះ​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​បាន​​​ប្រាប់​​​​​​ឲ្យ​​​កម្មករ​​​​​​ចេញ​​​ក្រៅ​​​អគារ​​​ដើម្បី​​​ដក​​​ស្រូប​​​​​​ខ្យល់​​​បរិសុទ្ធ។លោក​​​បាន​​​បន្ត​​​ថា ខណៈ​​​ដែល​​​កម្មករ​​​កំពុង​​​ឈរ​​​នៅ​​​ខាង​​​ក្រៅ​​​អគារ​​​ អ្នក​​​ដែល​​​ដួល​​​សន្លប់​​​ត្រូវ​​​បាន​​​ដឹក​​​តាម​​រថយន្ត​​​សង្គ្រោះ​​​បន្ទាន់​​​ចំនួន​បី​​​គ្រឿង​​​ដែល​​​នៅ​​​រង់ចាំ​​​ទី​​​នោះ​​​ ដោយមានស៊ីរ៉ែន​​​លាន់​រំពង​​​នៅ​​​​កន្លែង​​​កើត​​​ហេតុ​​​ ដែល​​​បណ្ដាល​​​ឲ្យ​​​កម្មករ​​​១០០នាក់ទៀត​​​ដួល​​​សន្លប់។

លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា “​​​ពួក​​​គេ​​​ឮ​​​​​​សំឡេង​​​ស៊ីរ៉ែន​​​ បន្ទាប់​​​នោះ​​​ពួក​​​គេ​​​បាន​​​ចាប់​​​ផ្ដើម​​​ដួល​​​សន្លប់​​​ជា​​​បន្ត​​​បន្ទាប់​​​ទៀត។ ពួក​​​គេ​​​ទាំង​​​អស់​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​តាម​​​មន្ទីរព្យាបាលរោគ​ផ្សេងៗ​​​គ្នា​​​នៅ​​​ក្បែរ​​​រោងចក្រ​​​នោះ​​​”។

លោក​​​វេជ្ជបណ្ឌិត​​​ សៀង មុនីវុធ​​​ ដែល​​​កំពុង​​​តែ​​​ព្យាបាល​​​កម្មករ​​​ប្រហែល​​​៥០​​​នាក់​​​នៅ​​​មន្ទីរ​ព្យាបាល​រោគ​ សៀង មុនី​​​វុធ ​​​ដែល​​​​​​​​​​​​ត្រូវ​​​បាន​​​បញ្ជូនទៅ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ច្បាស់​​​អំពី​​​មូលហេតុ​​​ដែល​​​នាំ​​​ឲ្យ​​​កម្មករ​​​ដួល​​​សន្លប់​​​​​​ច្រើនយ៉ាង​នេះ​​​ទេ​​”។​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ពិត​​​ជា​​​​​​​​​មិន​​​ដឹង​​​មូល​​​ហេតុ​​​​​​ ដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ដួល​​​សន្លប់​​​នេះ​​​ទេ​​​។ យើង​​​កំពុង​​​ព្យាបាល​​​ពួក​​​គេ​​​នៅ​​​ឡើយ​​​ ដោយ​​ឲ្យ​​​ថ្នាំ​​​ពួកគេ​​​លេប​​​ និង​​​ព្យួរ​​​​​​សេរ៉ូម”។

លោក​​​ មឿន តុលា ប្រធាន​​​កម្មវិធី​​​សិទ្ធិការងារ​​​នៃ​​​មជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់សម្រាប់​​​​សហគមន៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ថានភាព​​​រស់​​​នៅ​​​​​​និង​​​ស្ថានភាព​​​ការងារ​​​មិន​​​ល្អ​​​បាន​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​កាត់​​​ដេរ​​ងាយ​​​នឹង​​​​​​ដួល​​​សន្លប់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អាហារ​​​​​​គ្មាន​​​ជីវជាតិ​​​ ​​​ធ្វើ​​​ការ​​​ច្រើន​​​ម៉ោង​​​ បរិស្ថាន​​​មិន​​​ល្អ​ ហើយ​​​ពួក​​​គេ​​​ដេក​​​មិន​​​គ្រប់​​​គ្រាន់​​​ផង​​​ដែរ​​​។​ ដូច្នេះ​​​នៅ​​​ពេល​​​ពួក​​​គេ​​​ឃើញ​​​មនុស្ស​​​ម្នាក់​​​ដួល​​​សន្លប់​​​ វា​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​ដួល​​​សន្លប់​​​ដែរ​​​ទៅ​​​”។ លោក​​​ វ៉ាន់ ឡុង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រំពឹង​​​ថា កម្មករ​​​នឹង​​​វិល​​​ត្រឡប់​​​ទៅធ្វើ​ការ​​នៅ​​​រោងចក្រ​​​ Woorie វិញ​​​នៅ​​​ថ្ងៃ​​​នេះ​​​៕ ប៊ុននី

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស