28 C
Phnom Penh

អ្នក​ភូមិ​ខេត្ត​កំពង់​ស្ពឺ​ដាក់ពាក្យ​​ប្តឹង​ទាមទារ​ដី​របស់​ពួក​គាត់វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​អ្នក​​​តំណាង​​​ឲ្យ​​​ប្រជាជន​​​​​ប្រហែល​​​២៥០​​​គ្រួសារ​​​ដែល​​​ជាប់ពាក់ព័ន្ធនឹង​​​វិវាទ​​​ដីធ្លី​​​ដ៏អូស​​​បន្លាយពេល​​​​​​ជាមួយ​​​ក្រុម​​​ហ៊ុន​​​កសិពាណិជ្ជកម្ម​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ បាន​​​ដាក់ពាក្យ​​​បណ្ដឹង​​​ទៅ​​​អង្គការ​​​សិទ្ធិ​មនុស្ស​​​អាដ​​​ហុក​​​ និងបាន​​​និយាយ​​​​​ថា ពួកគាត់​​​នឹង​​​ព្យាយា​​​ម​​​យក​​​ដី​​​ដែល​​​ក្រុម​​​ហ៊ុន​​​បាន​​​ប្លន់​​ពីពួក​​​គាត់​​មកវិញ។ 

អ្នក​​​ភូមិ​​​ប្រហែល​​​៦០​​​នាក់​​​បាន​​​ធ្វើ​​​ដំណើរ​​​មក​​​រាជធានីភ្នំពេញ​​​កាលពី​​​ម្សិលមិញ ដើម្បី​​​ឲ្យ​​​គេ​​​ដឹង​​​​​​​​ករណីដីធ្លីរបស់​​​ខ្លួនជាសាធារណៈ​​​តាម​​​រយៈ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ ហើយ​​​បាន​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​នៅ​​​ការិយាល័យ​​​កណ្ដាល​​​របស់​​​អង្គការ​​​អាដហុក​​​។

អ្នកស្រី សោម គង់ ជាអ្នក​​​ភូមិ​​​ម្នាក់​​​បាន​​​និយាយ​​​ថា អ្នកភូមិ​​​ជា​​​ច្រើន​​​គ្រួសារ​​​បាន​​​​​​និង​​​កំពុង​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​នៅ​​​លើ​​​ដី​​​ដែល​​​​មាន​​​វិវា​​ទ​​​ទំហំ​​​៩៥០​​​ហិកតានេះតាំង​​​ពី​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​មក​​​ ហើយ​​​បាន​​​ដាក់ពាក្យ​​​បណ្ដឹង​​​ជា​​​ច្រើនទៅ​​​អាជ្ញាធរ​​​រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់​​​​ តែគ្មាន​​​ប្រយោជន៍ឡើយ​​​ បន្ទាប់​ពី​​​ក្រុម​​​ហ៊ុន​​​​ Master International Corporation Group បាន​​​មក​​​កាន់​​​កាប់​​​​​​ដីនេះ​​​ក្នុង​​​ឆ្នាំ​​​២០០៦។

អ្នកស្រី​​​បាន​​​និយាយ​​​ថា ក្រុមអ្នកភូមិ​​​បាន​​​ប៉ះទង្គិច​​​ជាមួយ​​​កម្លាំង​​​សន្តិសុខ​​​ជុំវិញ​​​វិវាទ​​​ដីធ្លី​​​នេះកាល​​​ពី​​​ពេល​​​មុន​​​ ហើយ​​​ត្រូវ​​​បាន​​​គំរាម​​​ឲ្យ​​​ចាក​​​ចេញវិញ។ ដោយ​​​គ្មាន​​​ការ​​​រួញរា​​​ អ្នកស្រី​​​ សោម គង់ បាននិយាយ​​​ថា ឥឡូវ​​​នេះ​​​ក្រុមអ្នកភូមិ​​​នឹង​​​ព្យាយាមមក​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​លើ​​​ដីនេះ​ជា​ថ្មីម្ដង​​​ទៀត​​​។

អ្នកស្រី​​​បាន​​​និយាយថា “ចាប់ពីពេល​​​នេះទៅ អ្នកភូមិ​​​របស់​​​យើង​​​នឹង​​ត្រឡប់មកធ្វើ​​​ស្រែ​​​ចម្ការ​​​លើ​​​ដីនេះវិញ បើទោះណាជា​​​យើង​​​ប្រថុយ​​​គ្រោះថ្នាក់ដល់​​​អាយុ​​​ជីវិត​​​ ហើយ​​​កម្លាំង​​​ប្រដាប់​អាវុធ​​​ធ្វើ​​​ការ​​​​បង្ក្រាប​​​ពួកយើង​​​ក៏ដោយ។ ប្រជា​​​ជន​​​របស់យើង​​​ត្រូវ​​​តែធ្វើជា​​​ម្ចាស់ដី​​​មិនមែន​ធ្វើ​​​ជាកម្មករ​​​របស់​​​ក្រុម​​​ហ៊ុន​​​ឯកជន​​​លើ​​​ដីដែល​​​យើង​​​បាន​​​ធ្វើ​​​ស្រែចម្ការ​​​​ស្រប​​​ច្បាប់​​​​តំាង​​​​ពី​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​នោះឡើយ”។

ក្រុមអ្នកភូមិ​​​ក៏បាន​​​អះអាង​​​ផង​​​ដែរ​​​ថា លោក អ៊ុំ វណ្ណា ប្រធាន​​​កម្មវិធី​​​ផ្ដល់​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋាភិបាល ​​​បាន​​​សន្យា​​​ផ្ដល់​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីដល់​​​ក្រុមអ្នក​​​ភូមិ​​​ប្រសិន​​​បើ​​​ពួក​គាត់​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាលពី​​​ឆ្នាំមុន​​​។ ពួកគាត់​​​បាន​​​និយាយ​​​​​​ថា ពួកគាត់​​​បាន​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ហើយ​​​ ប៉ុន្តែ​​​ពួកគាត់​មិន​ទទួល​​​បាន​​​អ្វី​​​ជា​​​ថ្នូរឡើយ​។ គេមិន​​​អាច​​​ទាក់ទង​​​លោក វណ្ណា និង​​​ក្រុមមន្ត្រី​​​នៅ​​​ក្រសួង​​​រៀប​ចំ​​​ដែន​​​ដី​​​ដើម្បី​​​សុំការ​អត្ថាធិប្បាយ​​​បាន​​​ទេ។

លោក គង់ សឿន មេឃុំតាំង​​​សំរោង បាន​​​បញ្ជាក់​​​ថា អ្នកភូមិ​​​បាន​​​និង​​​កំពុង​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​លើ​​​ដីនេះ​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ ប៉ុន្តែលោក​​​បាន​​​និយាយ​​​ថា វិវាទដីធ្លី​​​នេះ​​​មិន​​​ស្ថិត​​​ក្រោ​​​ម​​​សមត្ថកិច្ច​​​របស់​​​លោក​​​ទេ។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ក្រុមអ្នកភូមិ​​​បាន​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​លើ​​​ដីនេះ​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ ប៉ុន្តែ​​​ក្រុម​​​ហ៊ុន​​​អះអាង​​​ថា ក្រុម​​​ហ៊ុន​​​មាន​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​បញ្ជាក់​​​ភាព​​​ជា​​​ម្ចាស់​​​លើ​​​ដី​​​នេះ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “ករណីនេះ​​​ធ្ងន់ធ្ងរ​​​ណាស់​​​ ហើយ​​​វា​​​ហួស​​​ពី​​​សមត្ថកិច្ច​​​របស់​​​ខ្ញុំ​​​។ មាន​​​តែ​​​រដ្ឋាភិបាល​​ប៉ុណ្ណោះ​​​ដែល​​​អាច​​​រក​​​ដំណោះ​​​ស្រាយ​​​បាន​​​”។ អង្គការ​​​អាដ​​​ហុក​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​នឹង​​​ស៊ើប​​​អង្កេត​​ករណី​​​នេះ​​​៕ សារុន​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស