26 C
Phnom Penh

កសិករ​​​នៅ​​​ខេត្ត​​​ក្រចេះ​​​ទទួល​​​បាន​​​​​​ដី​​​ ចំណែក​​​កសិករ​​​ជាច្រើន​​​ទៀត​​​នៅ​​តែ​មិន​​​ព្រម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​​​មួយ​​​ក្រុម​​​ ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​ពីខេត្ត​​​ក្រចេះ​​​ ដើម្បី​​​បើក​​​​​​ផ្លូវ​​​ឲ្យ​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀតណាម​​​មួយ​​​ ត្រូវ​​​បាន​​​រដ្ឋាភិបាល​​​​​​ផ្ដល់​​​សម្បទាន​​​ដី​​​សង្គម​​​កិច្ច​​​ទំហំ៧៥០​​​ហិកតា​​​ កាល​​​ពី​​​ម្សិលមិញ​​​ ក៏ប៉ុន្តែ​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ទៀតបាន​​និយាយថា ពួក​​​គាត់​​​ចង់​​​បាន​​​​​​​ដី​ច្រើន​ជាង​នេះ​។

លិខិត​​​មួយ​​​ច្បាប់​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក​​​ ស​​​ ចំរុង​​​ អភិបាល​​​ខេត្ត​​​ក្រចេះ​​​ បានបែង​​​​ចែក​​​ដី​​​នៅ​​​ក្នុង​​​ស្រុក​​​ស្នួល​​​​ឲ្យ​​​ដល់​​​ប្រជាជន​​​ចំនួន​​​៤០៥​​​គ្រួសារ ដែល​​​បាន​​​និង​កំពុង​​​តែ​​​ស្នាក់​​​នៅ​​​​​​ក្នុង​​​រាជធានីភ្នំពេញ​​​រយៈ​​​ពេល​​​១០​​​ថ្ងៃ​​​មក​​​ហើយ​​​ ដោយ​​​រស់​នៅ​​​ក្នុង​​​វត្ត​​​មួយ​​​ ខណៈ​​​ដែល​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ទូទាំង​​​រាជធានី​​​ ដោយ ទាម ទារ​​​ឲ្យ​​​រដ្ឋាភិបាល​​​ប្រគល់​​​ដី​​​ឲ្យ​​​ពួក​​​គាត់​​​វិញ​​​។ សាលា​​​រាជធានីភ្នំពេញ​​​បាន​​​ប្រាប់​​​ពួក​​​គាត់​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ថា ពួក​​​គាត់​​​ត្រូវ​​​តែ​​​ចាក​​​ចេញ​​​ពី​​​ភ្នំពេញ​​​ទៅ​​​ស្រុក​​​កំណើត​​​របស់​​​ខ្លួន​​​វិញ។

ការ​​​ផ្ដល់​​​ដីធ្លីរបស់​​​លោក​​​ ចំរុង​​​ កាល​​​ពី​​​ម្សិលមិញ​​​ ធ្វើ​​​ឡើង​​​តែ​​​ក្នុង​​​ករណី​​​អ្នក​​​ភូមិ​​​វិលត្រឡប់​​​​ទៅ​ស្រុក​​​ស្នួល​​​វិញ​​​ជាបន្ទាន់​ ដើម្បី​​​ចុះ​​​ហត្ថលេខា​​​លើ​​​ឯកសារ​​​ទទួល​​​យក​​​សម្បទាន​​​ដី​​​សង្គម​​​កិច្ច​​។ ប៉ុន្តែ​​​កសិករ​​​ជា​​​​​​ច្រើន​​​នាក់​​​ ដែល​​​ភាគ​​​ច្រើនមាន​​​ប្រភព​​មក​​​ពីខេត្ត​​​កំពង់​​​ចាម​​​  ហើយ​​​ទើប​​​តែ​​​​​​ទៅ​​​រស់​​​នៅ​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ក្នុង​​​ឆ្នាំ​​​២០០៨​​​ បាន​​​លើក​​​ឡើង​​​អំឡុង​​​ជំនួប​មួយ​​​ជាមួយ​​​អាជ្ញាធរ​​​នៅ​​​វត្ត​​​សាមគ្គី​​​រង្សី​​​ កាល​​​ពី​​​ម្សិលមិញ​​​ថា ពួក​​​គាត់​​​នឹង​​​មិន​​​ទៅ​​​វិញ​​​ទេ​​​។ កសិករ​​​ឈ្មោះ​​​ លឹម ចាន់ឌី ​បានមាន​ប្រសាសន៍ថា “យើង​​​មិន​​​អាច​​​យក​​​ដី​​​នេះ​​​ទេ​​​ ​ពីព្រោះ​​​​វា​​​មិន​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​យើង​​​ឡើយ​​​។ យើង​​​គួរ​​​តែ​​​ទទួល​​​បាន​​​ដី​​​យ៉ាង​​​តិច​​​បី​​​ហិកតា​​​”។

កសិករ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ព្រម​​​ព្រៀង​​​​​​នេះ​​​នឹង​ធ្វើ​​​ឲ្យ​​​គ្រួសារ​​​នីមួយ​​​ៗ​​​សល់​​​​​​ដី​​​តែ​​​១,៨៥​​​ហិកតា​​​ប៉ុណ្ណោះ។​​​ គាត់​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា កាល​​​​​​ពី​​​មុន​​​​​​គាត់​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​លើ​​​ដី​​​ទំហំ​​​ប្រាំ​​​ហិកតា នៅក្នុង​​​ស្រុក​​​ស្នួល​​​។ លោក​​​ ចាន់ឌី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គាត់​​​បាន​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​របស់​​​គាត់​​​នៅ​​​ខេត្ត​​​កំពង់​​​ចាម​​​ និង​​​​បាន​​​ធ្វើ​​​ចំណាក​​​ស្រុក​​​ទៅ​​​រស់នៅ​​​ស្រុក​​​ស្នួល​​​ បន្ទាប់​​​ពី​​​បង្គោល​​​ព្រំដែន​​​ត្រូវ​​​បាន​​​រំកិល​​​ ហើយ​​​គាត់​​​បាន​​ដឹង​​​ថា ដីស្រែ​​​ចម្ការ​​​​​​ទំហំ​​​បួន​​​ហិកតា​​​របស់​​​គាត់​​​នៅ​​​ម្ខាង​​​ព្រំ​​​ដែន​​​ក្នុង​​​ប្រទេស​​​វៀត​ណាម​​​។

កសិករ​​​ជា​​​ច្រើន​​​នាក់​​​​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​ពី​​​ដី​​​ដែល​​​ពួក​​​គាត់​​​ធ្លាប់​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​នៅ​​​ក្នុង​​​ឃុំ​​​ឃ្សឹម ស្រុក​​​ស្នួល​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ ខែ​​​ឧសភា ដើម្បី​​​បើក​​​​​​ផ្លូវ​​​ឲ្យ​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀតណាម​​​ Binh Phuoc 2។

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​និយាយ​​​ការ​​​ពារ​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ក្នុង​​​ការ​​​គាំទ្រ​​​អ្នក​​​ភូមិ​​​ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​ ​ហើយ​លោក​​​ សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចាត់​​​ទុក​​​ថា ពួក​​​គាត់​​​ជា​​​ “ជន​​​ភៀស​​​ខ្លួន​​​ក្នុង​​​ប្រទេស​​​​​​” និង​អំពាវនាវ​​​ដល់​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ឲ្យ​​​​​​ជួយ​​​សង់​​​លំនៅ​​​ដ្ឋាន​​​ និង​​​ចិញ្ចឹម​​​ពួក​​​គាត់​​។

លោក​​​ រៀល​​​ ខេមរិន្ទ តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ នៅ​​​ឯ​​​វត្ត​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ​​​​​​ថា “ខ្ញុំ​​​​​​មិន​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ជម្លោះ​​​ដីធ្លី​​​របស់​​​ពួក​​​គាត់​​​ទេប៉ុន្តែ​​​ក្នុងនាម​ខ្ញុំ​​​ជា​​​តំណាងរាស្ត្រ​​​ម្នាក់​​​ ​​​ខ្ញុំ​​​មិន​​​អាច​​​ឈរ​​​មើល​​​ នៅ​​​ពេល​​​ដែល​​​ប្រជាពលរដ្ឋ​​​មាន​​​បញ្ហា​​​បែប​​​នេះ​​​ទេ​​​។ ខ្ញុំ​​​ត្រូវ​​​តែ​​​ជួយ​​​ពួក​​​គាត់​​​”។

ឈ្មោះ ស្រ៊ុន ស្រៀក​​​ អាយុ​​​២២​​​ឆ្នាំ​​​ បាន​​​អះអាង​​​ថា អ្នក​​​ភូមិ​​​​​​នឹង​​​មិន​​​ចាក​​​ចេញ​​​បើ​​​​​​គ្មាន​​​ការ​​​សន្យា​​​ថា ឲ្យ​​​ពួក​​​គេ​​​អាច​​​ត្រឡប់​​​ទៅ​​​កាន់​​​ដី​​​ចាស់​​​របស់​​ខ្លួន​​​វិញ​​​នោះ​​​​​​។ គាត់​​​បាន​​​និយាយ​​​ថា “យើង​​​នឹង​​​តតាំងនឹង​​​ក្រុម​​​មន្ត្រី​​​ភ្នំពេញ​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​វាយ​​​ប្រហារ​​​”៕ ប៊ុននី

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស