សហជីព កម្មកររោងចក្រនិងអ្នកឈរមើលទាំង២៥នាក់ត្រូវបានតុលាការក្រុងភ្នំពេញកាត់ឲ្យជាប់ទោសកាលពីព្រឹកថ្ងៃ សុក្រ ពីបទជាប់ពាកព័ន្ធនឹង ការធ្វើបាតុកម្មតវ៉ាបីកន្លែងផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ ប៉ុន្តែទោសរបស់ពួកគេត្រូវព្យួរ។ ជនជាប់ចោទទាំង២២នាក់ដែលតុលាការបដិសេធមិនឲ្យនៅក្រៅឃុំ មុននឹងសវនាការរបស់ពួកគេ ក៏ត្រូវបានដោះលែងពីពន្ធនាគារផងដែរ។

ករណីទីមួយទាក់ទងនិងការតវ៉ាថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ២០១៣នៅពេលក្មេងវ័យជំទង់ពីរនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីពួកគេដើរក្បែការតវ៉ារបស់ក្រុមកម្មកររោងចក្រអេស អិល(SL) នៅស្ទឹងមានជ័យ។ នៅដើមខែមករា សហជីពនិងកម្មកររោងចក្រ២៣នាក់ ដែលចូលរួមធ្វើកូដកម្មត្រូវបានចាប់ខ្លួននិងជាប់ពន្ធនាគារផងដែរ។
សវនការរបស់ជនជាប់ចោទដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែមករា បានធ្វើឡើងជាពីរក្រុមផ្សេងគ្នា។ ជនជាប់ចោទ១០នាក់ដែលសមត្ថកិច្ចចាប់ខ្លួននៅខាងក្រៅរោងចក្រ យ៉ាកជីន របស់កូរ៉េខាងត្បូងនោះ ត្រូវតុលាការបើកសវនការរួមគ្នា។ ចំណែកឯជនជាប់ចោទ១៣នាក់ផ្សេងទៀតត្រូវតុលាការបានបើកសវនការបន្ទាប់ពីត្រូវបានចាប់ខ្លួនលើផ្លូវវេង ស្រេងជាយក្រុងភ្នំពេញ។
លោក កែវ មុនី ចៅក្រមកាត់ក្តីបានលើកលែងបទចោទដល់ជនជាប់ចោទ៦នាក់ក្នុងចំណោម ជនជាប់ចោទ១០នាក់នៅឯរោងចក្រ យ៉ាកជីន ឲ្យរួចពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិមានស្ថានទម្ងន់ទោស ប៉ុន្តែបានរក្សាបទចោទប្រើអំពើហឹង្សាដល់ពួកគេ។ ចៅក្រមរូបនេះបានកាត់ឲ្យពួកគេជាប់ពន្ធនាគារចន្លោះពី ២ឆ្នាំកន្លះ ទៅ៤ឆ្នាំកន្លះ។ ជនជាប់ចោទ៤នាក់ត្រូវបាន ពិន័យឲ្យបង់ប្រាក់ចំនួន ៨លានរៀលក្នុងម្នាក់។ ក្នុងសវនការករណីនៅផ្លូវវេងស្រេងវិញលោក លាង សំណាត់ ចៅក្រមកាត់ក្តីបានរក្សាបទចោទប្រកាន់លើពួកគេទាំងអស់ ប៉ុន្តែព្យួរទោសពួកគេពី១ឆ្នាំ ទៅ៤ឆ្នាំ ។ សុខ ស៊ីដន