41.3 C
Phnom Penh

អង្គការ​សិទ្ធិមនុស្ស​ផ្តោតលើ​កុមារ​​ក្នុង​ពន្ធនា​គារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មុនការប្រារព្ធ​ទិវាកុមារ​​អន្តរជាតិ​​​ ដែល​​ធ្វើឡើង​​នៅ​ថ្ងៃ​​អាទិត្យ​ អង្គការ​សិទ្ធិ​​មនុស្ស​លីកាដូ ​កាល​​ពីថ្ងៃសុក្រ​បាន​រំលេច​បញ្ហា​​​​​​​អ្នក​​ទោស​​​អនីតិជន​និងកុមារ​​ដែលជាប់​​ពន្ធនាគារ​​ជាមួយ​ម្តាយ​​របស់​​ខ្លួន​​​នៅ​​ទូទាំង​ប្រទេស។

នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ អង្គការ​សិទ្ធិមនុស្ស​​នេះ​​​បាន​កត់​សម្គាល់ថា អនីតិជន​ចំនួន​២៨០នាក់​​ ជាប់​​​ក្នុង​ពន្ធនាគារ​​​១៨​កន្លែង​ ​ដែល​​ខ្លួន​​ពិនិត្យតាម​ដាន​​នៅ​​ទូទាំង​ប្រទេស​ និងរក​ឃើញ​ថា​ មានការ​​ “ធ្លាក់​ចុះ​​​ជាង​៥០​ភាគ​រយ​​​នៃចំនួន​​​អ្នក​​ទោស​​អនីតិជន​​ ចាប់​តាំង​ពីឆ្នាំ​២០០១​មក​​​”។

​​អង្គការលីកាដូ​​​បាន​លើកឡើងថា “បន្ថែម​ពីលើនោះ មាន​ស្ត្រី​មាន​គ័ភ៌​ចំនួន​១៣នាក់​ និង​កុមារ​​ចំនួន​​៤០នាក់​​ ដែល​រស់​នៅ​​ជា​មួយ​ម្តាយរបស់​ខ្លួន​ដែល​​​​ជាប់​ពន្ធ​នាគារ។”

ប៉ុន្តែ បើទោះ​ជាមាន​កា​រ​​ធ្លាក់​ចុះ​​​នៃចំនួន​​​អ្នក​​ទោស​​​ជា​អនីតិជន​​ក៏ដោយ ក៏​​អង្គការ​លីកាដូ​​បាន​ឲ្យដឹងថា ​ខ្លួននៅតែ​បារម្ភ​​​អំពី​ស្ថានភាព​​លំបាក​​​របស់​​ពួកគេ​ និងបា​ន​លើកឡើង​ថា ច្បាប់​ដែល​ត្រូវបាន​អនុម័តនាពេល​​ថ្មីៗ​នេះ​​ស្តីពីកុមារ ចាំ​បាច់​ត្រូវតែ​​​អនុវត្ត​​កាន់​​តែ​ឆាប់​កាន់​តែ​ប្រសើរ។

អង្គការលីកាដូ​​បាន​ឲ្យដឹងថា “សក្ខីកម្ម​ដែល​ត្រូវបាន​ទទួល​​ដោយអង្គការ​លីកាដូ ​បង្ហាញ​​នូវ​​ភាព​​បន្ទាន់​​នៃការ​​អនុវត្ត​​​បញ្ញត្តិ​​នៃ​ច្បាប់​ថ្មីនេះ​​ដោយ​មិន​​ពន្យារ​​ពេល។ បច្ចុប្បន្ន ​អនីតិជន​​ដែល​​​ជាប់​ក្នុ​ង​មន្ទីរ​​ឃុំឃាំង​ ស្ថិត​ក្នុង​ស្ថានភាពរង​ការបំពាន​ដូច​​ក្មេង​​​ជំទង់​ និ​ងត្រូវបាន​ប្រព្រឹត្តលើ​ដូចគ្នាដែរ ​ទៅតាមស្ថាន​ភាព​​ហិរញ្ញវត្ថុ​​​របស់​​ពួកគេ ​​ជាង​អាយុ​របស់​​ពួកគេ​”។

អង្គការ​​នេះ​​បាន​លើកឡើងថា ចំណែក​​វត្តមាន​​​របស់​កុមារ ​ឬ​ទារក​​នៅក្នុងពន្ធនាគារវិញ “ការ​វាយ​តម្លៃ​​លម្អិត​​​មិនដែល​បានធ្វើឡើង​ទេ​នៅក្នុងប្រទេស​កម្ពុជា​ និងផ្លូវ​ជីវិត​នៅ​ក្នុងពន្ធនាគារសម្រាប់​កុមារ​ កម្រត្រូវគេពិចារណាណាស់​”។

លោក គុយ ប៊ុនសន ​អគ្គនាយក​ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ នៃក្រសួងមហាផ្ទៃ​ ​បាន​លើក​ឡើងថា ​ចំនួន​កុមារ​រស់នៅ​ជាមួយ​ម្តាយ​ក្នុងពន្ធនាគារ​បាន​ធ្លាក់ចុះ​ ប៉ុន្តែ”តួលេខនេះ​គឺជាអ្វី​ដែល​អាជ្ញា​ធរ​មិនចង់ឃើញ​”។​ លោក​បានមានប្រសាសន៍ថា “មានកុមារតែ​១២​នាក់ប៉ុណ្ណោះដែលមានអាយុ​ក្រោម​៦ឆ្នាំ​រស់​នៅ​ក្នុងពន្ធនាគារជាមួយ​ម្តាយរបស់ពួកគេ​”៕ ប៊ុននី​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស