37 C
Phnom Penh

​​​អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​ជប៉ុន​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថាជា​​​ជន​​​បោក​​​ប្រាស់​​​ប្រកាស​​​គម្រោង​​​វិនិយោគ​​​ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​ជប៉ុនដែល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ជាសាធារ​​​ណៈ​​​ក្នុង​​​សប្តាហ៍​​​នេះ​​​ ថាបាន​​​បោក​​​ប្រាស់​​​យក​​​ប្រាក់ជាច្រើន​​​លានដុល្លារ​​​ពី​​​ជន​​​រួមជាតិ​​​របស់ខ្លួន​​​ជិត​​​១០០​​​នាក់​​​ ក្នុងគម្រោង​​​អច​​​ល​​​នទ្រព្យ​​​នៅប្រទេស​​​កម្ពុជានោះ ​​​កាលពីម្សិលមិញ​​​ បាន​​​ប្រកាស​​​ដាក់ចេញ​​​នូវ​​​គម្រោង​​​បច្ចេក​​​វិទ្យា​​​ថ្មីមួយ នៅខេត្ត​​​បន្ទាយមានជ័យ។

លោក អុីគូអូ កុនណូ (Ikuo Konno) ដែល​​​បាន​​​និយាយថា ​​លោកជាទីប្រឹក្សា​​​លោក​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​ កែ គឹមយ៉ាន នោះ បាន​​​ប្រកាស​​​នៅ​​​ក្នុង​​​សន្និសីទ​​​សារព័ត៌មាន​​កាលពីម្សិលមិញថា ​​​គម្រោ​​​ង​​​វិនិយោគ​​​រួម​​​រវាង​​​ក្រុម​​​ហ៊ុន តៃតិច សូលូសិន (Taitech Solutions) ដែលមានមូលដ្ឋាន​​​នៅ​​​ទី​​​ក្រុង​​​តូក្យូ ​​​និង​​​ក្រុម​​​ហ៊ុន​​​ អេអេភី អុីនធើណេសិនណល ខេមបូឌា (AAP International Cambodia)​​ របស់​​​លោក ​​​នឹងចាប់ផ្តើម​​​ផលិត​​​អេក្រង់ទូរស័ព្ទដៃ​​​នៅឆ្នាំក្រោយ។

លោក​​​ កុណូ បាន​​​មានប្រសាសន៍ថា “យើង​​​កំពុងរៀបចំផែនការ​​​បោះទុនវិនិយោគ​​​ចំនួន​​​៤លាន​​​ដុល្លារ​​​ ដើម្បី​​​សាងសង់​​​រោងចក្រ​​​មួយ​​​នៅ​​​ខេត្ត​​​បន្ទាយមានជ័យ នៃប្រទេស​​​កម្ពុជា​​​ ដើម្បី​​​ផលិត​​​អេក្រង់​​​ទូរស័ព្ទដៃ ពីព្រោះ​​​ខ្ញុំគិតថា ​​​ថ្លៃដើម​​​ពលកម្មនៅ​​​ប្រទេស​​​នេះ​​​មាន​​​កម្រិត​​​ទាប បើ​​​ធៀ​​​ប​​​នឹង​​​ប្រទេស​​​ដទៃទៀត ដូចជា ​​​ប្រទេស​​​ចិន និង​​​ប្រទេស​​​វៀតណាមជាដើម​​​”។

ក្នុងសន្និសីទ​​​សារព័ត៌មាន​​ប្រារព្ធនៅ​​​អគារ​​​ការិយាល័យ​​​ ភ្នំពេញ​​​ថៅវើ (Phnom Penh Tower) លោក កុនណូ ដែលមាន​​​ឈ្មោះ​​​មួយទៀតថា ​​​កុណូ កក្កដា (Konno Kakada) ផងដែរ​​​នោះ បាន​​​​​​ឲ្យដឹងថា ​​​ក្រុម​​​ហ៊ុន អេអេភី ដែល​​​មានលោក​​​ជា​​​ប្រធាននាយកប្រតិបត្តិ​​​ នឹង​​​បោះទុន​​​៥១​​​ភាគ​​​រយ​​​នៃចំនួនដើម​​​ទុន​​​សរុប​​​ ចំណែកឯ​​​សល់​​​ប៉ុន្មានទៀត​​​គឺជាចំណែក​​​ទុនរបស់​​​ក្រុម​​​ហ៊ុន តៃតិច​​​ សូលូសិន។

លោក​​​បាន​​​ឲ្យដឹង​​​បន្ថែម​​​ទៀត​​​ថា ​​​គម្រោង​​​វិនិយោគរួមគ្នានេះ​​​នឹង​​​បង្កើត​​​រោងចក្រ​​​ថ្មីរបស់ខ្លួន​​​មួយនៅ​​​លើដីទំហំ​​​ពីរហិកតា ក្នុង​​​ខេត្ត​​​បន្ទាយ​​​មានជ័យ ដោយ​​​សារតែ​​​ថ្លៃដើម​​​កម្លាំងពល​​​កម្ម​​​នៅក្នុងប្រទេស​​​កម្ពុជា​​​មាន​​​កម្រិតទាប ​​​ហើយ​​​ប្រទេស​​​ផ្សេងៗទៀត​​​នៅក្នុង​​​តំបន់​​​កំពុង​​ស្ថិត​​​ក្នុង​​​ស្ថានភាព​​​ចលាចល​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​ចាប់អារម្មណ៍​​​បោះទុន​​​នៅក្នុងប្រទេស​​​កម្ពុជា ​​​ក៏ដោយ​​​សារ​​​តែ​​​ប្រទេស​​​ថៃ​​​កំពុងប្រឈម​​​នឹង​​​ភាពចលាចល​​​នយោ​​​បាយ​​​ ហើយ​​​ប្រទេស​​​វៀត​​​ណាម និ​​​ង​​​ប្រទេស​​​ចិន​​​កំពុង​​​ស្ថិតក្នុង​​ស្ថានភាពតាន​​​តឹង​​​”។

លោក កក្កដា បាន​​​ឲ្យដឹង​​​បន្ថែម​​​ទៀតថា ​​​ក្រុម​​​ហ៊ុន​​​ដែលនឹង​​​ត្រូវបាន​​​បង្កើត​​ថ្មី​​​ឆាប់ៗ​​​នាពេល​​​ខាង​​​មុខ​​​នេះ​​​នឹង​​​ផ្តល់​​​ប្រាក់ឈ្នួល​​​ប្រចាំខែ​​​ចំនួន​​​១៦០​​​ដុល្លារ​​​ និងគ្រោង​​​ជ្រើស​​​រើសបុគ្គលិក​​​​កម្ម​​​ករ​​​ប្រហែល​​​២០០​​​នាក់​​​ នៅពេល​​​ប្រតិបត្តិការ​​​រោងចក្រ​​​ចាប់​​​ផ្តើមនៅដំណាច់ឆ្នាំ​​​២០១៥។

កាលពីថ្ងៃព្រហស្បតិ៍ ​​​មេធាវីមួយក្រុម​​​មកពីប្រទេស​​​ជប៉ុនបាន​​​ធ្វើសន្និសីទ​​​សារព័ត៌​​​មាន​​​មួយ ដើម្បីអំពាវ​​​នាវឲ្យ​​​មានការចាប់ខ្លួន​​​លោក កក្កដា ​​​ដោយ​​បាន​​​​អះអាង​​​ថា ​​ប្រតិបត្តិការ​​​សើុបអង្កេត​​​​​​​​​នៅប្រទេស​​​ជប៉ុន​​​រកឃើញថា ​​​លោក​​​គឺជា​​​មេក្រុម​​​ទុច្ចរិត​​​ដែល​​​បានបោក​​​ប្រាស់​​​ជន​​​រួម​​​ជាតិ​​​របស់​​​លោក​​​ចំនួន​​​៩៩​​​នាក់ ដែលភាគច្រើន​​​មានវ័យចំណាស់​​​ ដោយ​​​បាន​​​លក់​​​អចលន​​​ទ្រព្យ​​​ដែល​​​មិន​​​មានជាក់ស្តែង​​​។ ​ដើម​​​បណ្តឹង​​​អះអាង​​​ថា ​​​ខ្លួន​​​ខាតបង់​​​ប្រាក់អស់ចំនួន​​​២០,១​​​លាន​​​ដុល្លារ​​​។

ជា​​​ការឆ្លើយតប​​​វិញ ​​​លោក កក្កដា ​​​ដែល​​​សព្វថ្ងៃ​​​រស់នៅក្នុងប្រទេស​​កម្ពុជា ​​បាន​​​ដាក់​​​ពាក្យ​​​​​​ប​​​ប្តឹង​​​មេធាវី​​​មួយក្រុម​​​នោះ​​​ពីបទ​​​បរិហារកេរ្តិ៍ ដោយអះអាងថា ​​​ដី​​​និង​​អាប់ផាតឺមិន ទាំងនោះ​​​ពិត​​​ជា​​​មាន​​​មែន​​​។

ក្នុងពេល​​​នោះដែរ​​​ ​​​លោក កក្កដា បានអះអាង​​​ថា ​​​លោក​​​មិនអាច​​​ជាប់ទោស​​​ពីបទ​​​ឧក្រិដ្ឋ​​​ទាំង​​​នេះទេ​​​ ពីព្រោះ​​​លោក​​​មានតំណែង​​​ផ្លូវការជាច្រើន​​​នៅក្នុង​​​ជួររ​​​ដ្ឋាភិបាល​​​ ដូចជា ​​​តំណែង​​​ជា​​​ទី​​​ប្រឹក្សា​​​អាជ្ញាធរជាតិ​​​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​​​ ​​​និង​​​តំណែង​​​ជា​​​ទីប្រឹក្សាបច្ចេកទេស​​​​​​​បណ្ឌិត្យ​​​សភា​​​នគរ​​​បាល​​​កម្ពុជា​​​ជាដើម។

​​​​​​ទោះបីជា​​​បច្ចុប្បន្ន​​​ស្ថិតក្នុងសមរភូមិ​​​ច្បាប់​​​ក៏ដោយ​​​ ​​​នៅ​ក្នុង​​​សន្និសីទសារព័ត៌​​​មាន​​​កាលពីម្សិល​​​មិ​​​ញ​​​ ​​​លោក​​​ កក្កដា លើកឡើងថា ​​​លោក​​​ច្បាស់​​​ក្នុងចិត្ត​​​ណាស់ថា ​​​គម្រោងវិនិយោគថ្មីនេះ​​​នឹង​​​ដំ​​​ណើរការទៅ​​​មុខ​​​។ លោកបាន​​​មានប្រសាសន៍ថា “យើង​​​គ្មាន​​​ការព្រួយបារម្ភ​​​អំពី​​​គម្រោង​​​នេះទេ​​​ ពីព្រោះ​​​យើង​​​ប្តេជ្ញា​​​ចិត្តខ្ពស់​​​ណាស់​​​ចំពោះការអនុវត្ត​​​គម្រោង​​​នេះឲ្យទទួលបាន​​​ជោគជ័យ​​​”។

ទោះជាយ៉ាងណា​​​ក៏ដោយ ​​​លោក អ៊ុង អឿន អភិបាលខេត្ត​​​បន្ទាយ​​​មានជ័យ​​​ បាន​​​លើកឡើង​​​ថា ​​​លោក​​​មិនបានដឹង​​​អំពី​​​គម្រោង​​​របស់​​​ក្រុម​​​ហ៊ុនទាំងពីរនេះ នៅ​​​ក្នុង​​​ខេត្ត​​​នេះទេ​​​។ លោក​​​បានមានប្រសាសន៍ថា “​​​ខ្ញុំ​​​មិនដឹង​​​អំពី​​​គម្រោង​​​នេះទេ​​​”៕ ប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស