27 C
Phnom Penh

ភ្ញៀវរត់ចោលបន្ទប់ខារ៉ាអូខេ ​ពេល​អគ្គិភ័យ​កើតឡើង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីមូលដ្ឋាន​បានឲ្យដឹងថា អគ្គិភ័យ​​បាន​ឆាប​ឆេះ​បន្ទប់​ខារ៉ាអូខេ​អស់​ចំនួន​១០បន្ទប់​នៅ​ក្នុងខណ្ឌមាន​ជ័យ​ នៅជិតពាក់កណ្តាល​​អធ្រាត្រកាល​ពីថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែភ្ញៀវ​និងបុគ្គលិក​មិន​រងរបួស​ទេ​ ហើយនៅពេល​នោះ ​អគ្គិភ័យក៏ត្រូវបា​ន​ពន្លត់​ទាន់​ពេល​វេលា។

​​អគ្គិភ័យនេះ កើតឡើង​ដោយសារតែ​ទុស្សេខ្សែភ្លើង​ ​ហើយបាន​ចាប់ផ្តើម​ឆាបឆេះ​ក្លិប​ខារ៉ាអូខេ១៦៨ នៅ​វេលាម៉ោង​១១​និង​១៥នាទីយប់​ និងត្រូវបាន​ពន្លត់​អស់​នៅវេលាម៉ោង​ប្រហែល​១​រំលង​អធ្រាត្រ នេះបើយោងតាម​លោក កែវ សាវឿន ចៅសង្កាត់​ចាក់​អង្រែ​លើ។

លោក សាវឿន បានមាន​ប្រសាសន៍​​ថា ” នៅពេល​​ទទួល​បាន​​ដំណឹងពីមន្ត្រី​​ប្រចាំការ​ក្នុង​មូលដ្ឋាន​​​របស់យើង អាជ្ញាធរ​ក៏បាន​ចាត់​វិធានការ​ភ្លាមៗ ដោយមាន​ជំនួយ​ពីប្រជាជន​”។

លោកបានមានប្រសាសន៍បន្ថែម​ទៀតថា ” ដើម្បីពន្លត់​អគ្គិភ័យនេះ ក្រុមការ​ងារ​បាន​ប្រើ​ប្រាស់​រថយន្ត​​ពន្លត់​​អគ្គិភ័យ​ចំនួន​២០គ្រឿង ដោយមានការ​គាំទ្រ​​ពីប្រជាជន​មូល​ដ្ឋាន​​ដែល​ប្រើ​ម៉ាស៊ីន​​ពីរគ្រឿង​សម្រាប់​បូម​ទឹក​​បាញ់ចេញពីទន្លេ ដែល​នៅពីក្រោយ​ក្លិប​ខារ៉ា​​​អូខេ​នោះ”។

អ្នកនាង​ នៅ សាវី ​​មេការ​នារីអង្គុយ​កំដរភ្ញៀវ ​​នៅ​ក្លិបខារ៉ាអូខេនេះ ​បាន​ឲ្យដឹងថា ក្លិបនេះ​បាន​ខាតបង់​ប្រាក់​អស់​​ជាង​៤.០០០​ដុល្លារ​ ដោយសារតែ​ភ្ញៀវរត់​ចេញ​ដោយមិនបង់​ប្រាក់​ឲ្យ​ក្លិប​ ក៏ប៉ុន្តែអ្នក​​នាង​មិន​អាចប៉ាន់​ស្មាន​ពីទំហំ​​​​ខាត​​បង់ និង​ខូចខាត​​ទ្រព្យសម្បត្តិ​​​ទេ។​ អ្នកនាង​បាននិយាយថា “​នៅ​​ពេលមានផ្សែង​​ហុយ ហើយភ្លើងឆេះ ភ្ញៀវស្ទើរ​​តែទាំង​​អស់​​បាននាំគ្នា​រត់​ចេញពីបន្ទប់​ ដោយមិនបង់ប្រាក់ឲ្យ​ពួក​យើង​”៕ ប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស