យោងតាមលោក ចក្រភព ផែនខែ សមាជិកស្ថាបនិកនៃក្រុមនិរទេសបានឲ្យដឹងថា ក្រុមមេដឹកនាំនៃចលនា “អាវក្រហម” និយមប្រជាធិបតេយ្យថៃ នៅខែនេះនឹងបង្កើតអង្គការមួយលើទឹកដីបរទេសដើម្បីប្រឆាំងក្រុមយោធាកាន់អំណាចចុងក្រោយនេះនៅក្រុងបាងកក ប៉ុន្តែនឹងមិនស្ថិតនៅលើទឹកដីប្រទេសកម្ពុជាទេ។
លោក ចក្រភព បានធ្វើជាអ្នកនាំពាក្យឲ្យនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា មុនការបណ្ដេញលោក ថាក់ស៊ីន ក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦ ហើយបានស្ថិតនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីការបង្ក្រាបដ៏ហិង្សាពីសំណាក់យោធាលើការតវ៉ារបស់ក្រុមអាវក្រហមនៅទូទាំងក្រុងបាងកក និងក្រុងប៉ាតាយ៉ា កាលពីខែមេសា ឆ្នាំ២០០៩។
លោកបាននិយាយនៅហាងកាហ្វេមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ថា ការបង្កើតអង្គការនិរទេសមួយដើម្បីប្រឆាំងក្រុមយោធាកាន់អំណាច នឹងត្រូវប្រកាសឲ្យដឹងក្នុងពេលឆាប់ៗ បន្ទាប់ពីយោធាផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជាប្អូនស្រីរបស់លោក ថាក់ស៊ីន។
លោក ចក្រភព បានឲ្យដឹងក្នុងអុីម៉េលមួយថា “គោលបំណងសំខាន់របស់យើងក្នុងការបង្កើតក្រុមតស៊ូនេះ គឺដើម្បីបញ្ជាក់ថា របបយោធាថ្មីនៅប្រទេសថៃ [គឺ] ខុសច្បាប់ ប្រឆាំងលទ្ធិប្រជាធិបតេយ្យ និងបំផ្លិចបំផ្លាញដល់ប្រទេសថៃ និងសហគមន៍អន្តរជាតិ។ សកម្មភាពនឹងមានចាប់ពីនយោបាយ-ការទូតដល់ការសម្របសម្រួលក្រុមក្នុងស្រុក”។ លោកបានបន្ថែមថា ក្រុមតស៊ូនេះនឹងមានមូលដ្ឋាននៅប្រទេសលោកខាងលិចសម្រាប់ហេតុផលការទូត ហើយអាចនាំឲ្យមានរដ្ឋាភិបាលនិរទេសមួយ។
លោក ចក្រភព បានពន្យល់នៅក្នុងអុីម៉េលរបស់លោកថា “ចំពោះយើង រដ្ឋាភិបាលនិរទេសគឺជាដំណើរការធម្មតា។ ពេលណាក្រុមរបស់យើងត្រូវគេទទួលយកត្រឹមត្រូវជាអន្តរជាតិហើយ វត្តមាននៃរដ្ឋាភិបាលបែបនេះនឹងដំណើរការស្ទើរតែស្វ័យប្រវត្តិ”។
រដ្ឋប្រហារកាលពីខែមុន គឺជាការបញ្ចប់ការតវ៉ារយៈពេលប្រាំមួយខែ ដែលមានបំណងជំនួសរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ដោយក្រុមប្រឹក្សាមួយដែលមិនមានការបោះឆ្នោត ក៏ដូចជាភាពតានតឹងកាន់តែខ្លាំងឡើងជាច្រើនឆ្នាំ ពាក់ព័ន្ធទៅនឹងការស្នងរាជ្យ នៅពេលណាព្រះមហាក្សត្រ ភូមិពល អាតុល្យតេជ ព្រះជន្ម៨៦វស្សាដែលកំពុងប្រឈួននោះចូលទិវង្គតទៅ។
ការតវ៉ាត្រូវបានដឹកនាំដោយអតីតអគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យ ដែលមិនបានឈ្នះឆ្នោតជាតិម្ដងណាទេតាំងពីឆ្នាំ១៩៩២មក ប៉ុន្តែបានគ្រប់គ្រងនៅចន្លោះឆ្នាំ២០០៨ ដល់២០១១ បន្ទាប់ពីមានសេចក្ដីសម្រេចរបស់តុលាការដែលមានលក្ខណៈនយោបាយយ៉ាងខ្លាំង។
លោក ចក្រភព បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកក្រុមអាវក្រហមរាប់រយនាក់បានភៀសខ្លួនមកប្រទេសកម្ពុជា អំឡុងអំពើហិង្សានៅចុងទសវត្សរ៍ឆ្នាំ២០០០ ប៉ុន្តែភាគច្រើនបំផុតនៃអ្នកទាំងនោះបានត្រឡប់ទៅវិញបន្ទាប់ពីលោកស្រី យីងឡាក់ បានជាប់ឆ្នោតឡើងកាន់អំណាចនៅឆ្នាំ២០១១។
លោក ចក្រភព បាននិយាយថា រណសិរ្សបង្រួបបង្រួមដើម្បីប្រជាធិបតេយ្យប្រឆាំងភាពផ្ដាច់ការ ជាដៃគូរបស់ក្រុមអាវក្រហម នៅពេលនេះមិនលើកទឹកចិត្តក្រុមអ្នកគាំទ្រឲ្យមកកាន់ប្រទេសកម្ពុជាទេ ដើម្បីចៀសវាងបញ្ហាការទូត។ មេដឹកនាំអាវក្រហមខ្លួនឯងរស់នៅនិរទេសដោយសារការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ជាទោសមួយដែលអាចជាប់ពន្ធនាគារពី៣ឆ្នាំដល់១៥ឆ្នាំ។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាសម្ពន្ធមិត្តដ៏យូរនិងជាមិត្តភក្ដិលោក ថាក់ស៊ីន ផងដែរ បានលើកឡើងក្នុងសុន្ទរកថាមួយថា លោកនឹងមិនអនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រីថៃ ឬអ្នកគាំទ្ររបស់គាត់បង្កើតរដ្ឋាភិបាលនិរទេសនៅក្នុងប្រទេសកម្ពុជាឡើយ។
លោក ហ៊ុន សែន បានណែនាំលោក ថាក់ស៊ីន ថា ត្រូវរង់ចាំ “មួយឆ្នាំកន្លះ ឬពីរឆ្នាំ” ជាពេលវេលាដែលក្រុមយោធាកាន់អំណាចនិយាយថា ខ្លួននឹងរៀបចំឲ្យមានការបោះឆ្នោតថ្មី។
លោក ចក្រភព បាននិយាយថា ឥឡូវនេះការពិភាក្សាកំពុងធ្វើឡើងជាមួយក្រុមមន្ត្រីមកពីប្រទេសលោកខាងលិចមួយចំនួនអំពីការបង្កើតក្រុមតស៊ូប្រឆាំងនឹងក្រុមយោធា។
លោក ចក្រភព បានឲ្យដឹងក្នុងអុីម៉េលរបស់លោកថា ” យើងកំពុងទាក់ទងជាមួយអាជ្ញាធរមួយចំនួន ហើយមិនអាចលាតត្រដាងបានទេ ដើម្បីជាការគោរពពួកគេ។គេមានជំនឿថានឹងមានការទទួលស្គាល់ជាទូទៅ។ វាច្បាស់ណាស់ថា ប្រទេស/អាជ្ញាធរកាន់លទ្ធិប្រជាធិបតេយ្យស្ទើរតែទាំងអស់ខកចិត្តដូចគ្នាចំពោះការកាន់អំណាចដោយយោធានេះ”។
លោក ចក្រភព ក៏បាននិយាយដែរថា លោករំពឹងថា លោកនឹងត្រូវតែងតាំងជាអគ្គលេខាធិការនៃក្រុមដែលមិនទាន់មានឈ្មោះនៅឡើយនេះ ហើយថា លោក ថាក់ស៊ីននឹងមិនដើរតួនាទីផ្ទាល់ទេ។
ថាតើអតីតនាយករដ្ឋមន្ត្រី នឹងមានមុខតំណែងជាផ្លូវការក្នុងក្រុមតស៊ូនៅក្រៅប្រទេសប្រឆាំងក្រុមយោធាកាន់អំណាចឬយ៉ាងណា លោក ចក្រភព បាននិយាយថា ” ទេ។ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ត្រូវគេចាត់ទុកជាសម្ពន្ធមិត្តមួយសម្រាប់សកម្មភាពប្រជាធិបតេយ្យនៅប្រទេសថៃ”៕ មានិត