ប្រទេសកម្ពុជាបានចោទកងទ័ពថៃថា បានរាយលួសបន្លាថ្មីនៅលើដីជិតប្រាសាទព្រះវិហារ ដែលភាគីទាំងពីរទាមទារសិទ្ធិកាន់កាប់រៀងៗខ្លួន ហើយបានស្នើឲ្យប្រទេសថៃយកវាចេញ។
ឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៃកងយោធពលខេមរភូមិន្ទ ដែលឈរជើងនៅតំបន់ប្រាសាទព្រះវិហារបានមានប្រសាសន៍ថា កាលពីថ្ងៃពុធ ថៃបានរាយលួសបន្លាប្រវែង១៣០ម៉ែត្រនៅលើដីមានវិវាទ ជាកន្លែងដែលទាហានថៃ និងទាហានខ្មែរបានប៉ះទង្គិចគ្នាដោយអាវុធជាច្រើនលើកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ឧត្តមសេនីយ៍ ស្រី ឌឹក បានមានប្រសាសន៍ថា “យើងបានផ្ញើលិខិតទាមទារឲ្យថៃរុះរើលួសបន្លានោះវិញកាលពីថ្ងៃទី២៩ ខែឧសភា មួយថ្ងៃបន្ទាប់ពីពួកគេបានរាយ ប៉ុន្តែកងទ័ពថៃបានឆ្លើយតបមកយើងឲ្យរង់ចាំទម្រាំមេបញ្ជាការរបស់ពួកគេត្រឡប់មកវិញ”។
លោកឧត្តមសេនីយ៍មិនធ្វើសេចក្តីសន្និដ្ឋានអំពីហេតុផលនៃការបង្ករឿង ដែលលោកបានមានប្រសាសន៍ថា ជាហេតុការណ៍ថ្មីចាប់តាំងពីមានការប្រយុទ្ធគ្នាយូរៗម្ដងនៅតាមខ្សែបន្ទាត់ព្រំដែន ដែលមានវិវាទនៅជិតប្រាសាទព្រះវិហារ ដែលបានផ្ទុះឡើងជាលើកដំបូងកាលពីឆ្នាំ២០០៨នោះទេ។
ប៉ុន្តែបញ្ហានេះបានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងទ័ពថៃបានប្រើច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសរបស់ខ្លួន និងបានទម្លាក់រដ្ឋាភិបាល ហើយបន្ទាប់មកបានបង្កើនសន្តិសុខតាមព្រំដែន ព្រមទាំងបិទច្រករបៀងក្រៅផ្លូវការភាគច្រើនបំផុត។
ឧត្តមសេនីយ៍ ស្រី ឌឹក មិនបញ្ជាក់ឲ្យបានច្បាស់លាស់ថា តើលួសបន្លាថ្មីនេះដាក់រាយនៅកន្លែងណាឡើយ ប៉ុន្តែលោកបានមានប្រសាសន៍ថា វាបំពានសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិកាលពីខែវិច្ឆិកា ដែលបានបញ្ជាក់ពីការអះអាងសិទ្ធិកាន់កាប់របស់ប្រទេសកម្ពុជាចំពោះតំបន់ទាំងមូលនៅជិតប្រាសាទព្រះវិហារ ហើយបានបញ្ជាឲ្យថៃដកកងទ័ពរបស់ខ្លួនចេញទាំងអស់។
គ្មានប្រទេសណានិយាយថា មានកងទ័ពថៃប៉ុន្មាននាក់នៅក្នុងតំបន់នេះទេ ប៉ុន្តែកម្ពុជាបានយល់ព្រមនៅពេលនោះថា នឹងមិនលើកឡើងអំពីបញ្ហានេះរហូតដល់ភាពតានតឹងនយោបាយនៅក្នុងប្រទេសថៃត្រូវបានដោះស្រាយរួចរាល់។
នៅពេលចេញសេចក្ដីសម្រេចនោះ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងរួចទៅហើយឲ្យលាលែងពីតំណែងពីសំណាក់ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងទីក្រុងបាងកក។ ស្ថានភាពក្នុងប្រទេសថៃកាន់តែធ្ងន់ធ្ងរទៅៗចាប់តាំងពីពេលនោះមក ដោយកងទ័ពបានត្រួតត្រាប្រទេសនេះទាំងស្រុងកាលពីចុងខែមុន។
វរសេនីយ៍ឯក វីរ៉ាឈុន សុគន្ថាតប៉ាទីប៉ាក់ (Werachon Sukondhadhpatipak) អ្នកនាំ ពាក្យកងទ័ពថៃបាននិយាយថា លោកមិនដឹងអំពីស្ថានការណ៍វិវឌ្ឍនៅនៅតាមព្រំដែនទេ ពីព្រោះលោកកំពុងតាមដានស្ថានការណ៍ក្នុងទីក្រុងបាងកក។ លោក ផាកឌី ទូឆៃយុទ្ធ (Pakdi Touchayoot) ឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជាមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអះអាងថា ការរាយលួសបន្លានេះមិនត្រឹមតែបំពានសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពានអនុស្សរណៈនៃការយោគយល់គ្នា ដែលថៃនិងកម្ពុជាបានចុះហត្ថលេខាកាលពីឆ្នាំ២០០០ ដោយព្រមព្រៀងគ្នាថា គ្មានភាគីណាមួយអាចសាងសង់អ្វីមួយនៅលើដីដែលមានវិវាទនេះបានឡើយ។
លោកបានមានប្រសាសន៍អំពីការរាយលួសបន្លាថ្មីនោះថា “វាស្ថិតនៅមុខប្រាសាទតែម្ដង។ កងទ័ពកម្ពុជាបានផ្ញើលិខិតទៅភាគីថៃ ពីព្រោះការរាយលួសបន្លានេះបំពានអនុស្ស រណៈនៃការយោគយល់គ្នានៅឆ្នាំ២០០០ ដែលលើកឡើងថា តំបន់នេះត្រូវតែស្ថិតក្នុងស្ថានភាពដដែល មានន័យថា មិនមានការអភិវឌ្ឍណាមួយនៅក្នុងតំបន់នោះឡើយ”។ លោកបានបញ្ជាក់ថា កម្ពុជាកំពុងរង់ចាំការពន្យល់ពីភាគីថៃ៕ សារុន