ប៉ាង វណ្ណី និយាយថា នៅមុនឆ្នាំនេះ គាត់មិនដែលគិតអំពីការចូលរួមការតវ៉ា ឬការតស៊ូដើម្បីសិទ្ធិកម្មករឡើយ ប៉ុន្តែការជាប់ពន្ធនាគារប្រាំខែបានផ្លាស់ប្ដូរការគិតបែបនេះ។លោក វណ្ណី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមករា នៅពេលដែលកងរាជអាវុធហត្ថបង្ក្រាបទៅលើបាតុកម្មហិង្សានៅតាមផ្លូវវេងស្រេង ដែលជាប់ពាក់ព័ន្ធនឹងការតវ៉ារបស់កម្មកររោងចក្រកាត់ដេរទូទាំងប្រទេសដើម្បីទាមទារប្រាក់ខែគោលចំនួន១៦០ដុល្លារ។

យ៉ាងហោចណាស់មនុស្សប្រាំនាក់ត្រូវបានបាញ់សម្លាប់ និងជាង៤០នាក់ទៀតបានរងរបួសអំឡុងពេលប៉ះទង្គិចគ្នានោះ ដែលលោក វណ្ណី បានបដិសេធថាមិនបានចូលរួម។លោក វណ្ណី អាយុ៣៨ឆ្នាំ ដែលបានធ្វើការនៅក្នុងវិស័យកាត់ដេរអស់រយៈពេល១០ឆ្នាំបាននិយាយថា “វាអយុត្តិធម៌អ្វីដែលពួកគេបានធ្វើមកលើយើង។ ខ្ញុំនឹងចូលរួមការតវ៉ានៅពេលអនាគត ដោយសារតែរឿងដែលបានកើតឡើងចំពោះខ្ញុំ”។
លោក វណ្ណី ស្ថិតក្នុងចំណោមមនុស្ស២៣នាក់ដែលបានជាប់ពន្ធនាគារ និងត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនា និងបំផ្លាញទ្រព្យសម្បត្តិ អំឡុងការតវ៉ាកាលពីខែមករា ដែលធ្វើឡើងស្របពេលនឹងការធ្វើបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។
សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាលពីថ្ងៃសុក្រ ចោទបុរសទាំង២៣នាក់ ដោយការព្យួរទោសដើម្បីអនុញ្ញាតឲ្យពួកគេចាកចេញពីតុលាការក្នុងនាមជាមនុស្សមានសេរីភាពជាមួយប្រវត្តិជាប់ទោស។
គាត់បាននិយាយថា មុនពេលចាប់ខ្លួនគាត់ លោក វណ្ណី មិនដឹងថា តើគាត់ជាប់ពាក់ព័ន្ធនឹងសហជីពឬអត់ទេ។ នៅក្នុងពន្ធនាគារគាត់បានជួបមិត្តរួមទោស គឺលោក វន់ ពៅ ដែលជាមេដឹកនាំសហជីពដ៏ធំមួយ និងជាប្រធានសមាគមអ្នករត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉កម៉ូតូកង់បី។ លោក វណ្ណី បាននិយាយថា “យើងបាននិយាយជាច្រើនដងហើយ។ គាត់បានបង្ហាញខ្ញុំអំពីភាពអយុត្តិធម៌ទាំងអស់។ គាត់បង្ហាញខ្ញុំថា យើងអាចតស៊ូឡើងវិញ”។
កាលពីម្សិលមិញ លោក វណ្ណី បានចូលរួមជាមួយលោក វន់ ពៅ ជាមួយអតីតអ្នកទោសផ្សេងទៀត និងព្រះសង្ឃដើម្បីនិមន្តលោកសូត្រមន្ត និងបរិភោគអាហារពេលល្ងាចនៅផ្ទះរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា ដែលគណបក្សរបស់លោកបាត់មុខគួរឲ្យកត់សម្គាល់ពីការតវ៉ាទាមទារឲ្យមានការដោះលែងអ្នកទោសទាំងនេះបានមានប្រសាសន៍ថា គ្រួសាររបស់លោកជាអ្នករៀបចំពិធីនេះ មិនមែនគណបក្សរបស់លោកជាអ្នករៀបច់ទេ។
ក្នុងរយៈពេលប៉ុន្មានខែដែលមនុស្សទាំងនេះបានជាប់ពន្ធនាគារ លោក កឹម សុខា បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិមិនសូវបានចូលរួមតវ៉ាទាមទារឲ្យដោះលែងមនុស្សទាំងនេះទេ ដើម្បីកុំឲ្យគេយកករណីនេះធ្វើនយោបាយទៀត។ រដ្ឋាភិបាលអះអាងថា ការតវ៉ាដោយហិង្សានៅខាងក្រៅរោងចក្រនៅចុងឆ្នាំមុនជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅក្នុងទីលានប្រជាធិបតេយ្យ។
លោក កឹម សុខា បានប្រាប់អ្នកយកព័ត៌មានដែលមកជួបជុំគ្នានៅផ្ទះរបស់លោកថា “តាងនាមឲ្យមេដឹកនាំគណបក្ស យើងមិនចង់ទៅទេ ពីព្រោះយើងមិនចង់ឲ្យអ្នកផ្សេងចោទយើងថា នៅពីក្រោយបញ្ហានេះ”។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននិយាយថា ផែនការភ្លាមៗរបស់លោកគឺត្រូវប្ដឹងជំទាស់សាលក្រមប្រឆាំងរូបលោក និងអ្នកតវ៉ាផ្សេងទៀត ព្រមទាំងដាក់ពាក្យបណ្ដឹងជាផ្លូវការប្ដឹងកងរាជអាវុធហត្ថដែលបានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំនាក់។ លោកបាននិយាយថា “យើងប្ដេជ្ញានិងស្បថនៅចំពោះមុខព្រះសង្ឃថា ទោះបីជាយើងបានជាប់ពន្ធនាគារប្រាំខែហើយក៏ដោយ ក៏យើងមិនបាក់ស្មារតីដែរ។ បេសកកម្មរបស់យើងមិនទាន់ចប់ទេ ឲ្យតែនៅមានការរំលោភសិទ្ធិមនុស្ស សិទ្ធិកម្មករ និងប្រទេសជាតិនៅតែមិនមានលទ្ធិប្រជាធិបតេយ្យ”។
ផ្អោ សារ៉ាត់ អាយុ២៦ឆ្នាំដែលបានជាប់ពន្ធនាគារអស់រយៈពេលប្រាំខែដែរនោះ គឺជាសន្តិសុខនៅកន្លែងកម្សាន្តមួយមុនពេលកងរាជអាវុធហត្ថធាក់ទម្លាយទ្វារគាត់កាលពីថ្ងៃទី៣ ខែមករា។ គាត់ក៏បដិសេធថា មិនបានជាប់ពាក់ព័ន្ធនៅក្នុងការតវ៉ាដែលនាំឲ្យមានការចាប់ខ្លួនគាត់ និងចោទប្រកាន់ពីបទព្រហ្មទណ្ឌនេះទេ។ ប្រពន្ធរបស់លោក សារ៉ាត់ ដែល ជាកម្មកររោងចក្រកាត់ដេរបានសម្រាលកូនដំបូងរបស់ពួកគាត់ បួនថ្ងៃមុនការចាប់ខ្លួនប្ដីគាត់។ គាត់បាននិយាយថា “ខ្ញុំយំក្នុងពន្ធនាគារជារៀងរាល់ថ្ងៃ។ ខ្ញុំនឹកប្រពន្ធនិងកូនខ្ញុំ”។
លោក សារ៉ាត់ បាននិយាយថា គាត់ក៏មានបំណងចូលរួមការតវ៉ារបស់កម្មករផងដែរជាពិសេសការខំប្រឹងប្រែងដើម្បីកែលម្អលក្ខខណ្ឌការងារសម្រាប់កម្មករកាត់ដេរប្រហែល៦០០.០០០នាក់នៅទូទាំងប្រទេសដែលភាគច្រើនជាស្ត្រីវ័យក្មេងដូចជាប្រពន្ធរបស់គាត់អ៊ីចឹងដែរ។ លោក សារ៉ាត់ បាននិយាយថា “ខ្ញុំខឹងណាស់។ ខ្ញុំមិនដឹងអីទេ ហើយគេបានចាប់ខ្ញុំដាក់ពន្ធនាគារ។ ចាប់ពីពេលនេះទៅ ប្រសិនបើមានការតវ៉ាណាមួយខ្ញុំនឹងចូលរួម។ ថៅកែខ្ញុំដឹងថា ខ្ញុំមិនខុសទេ ហើយបាននិយាយថា ខ្ញុំនឹងទទួលបានការងារខ្ញុំធ្វើវិញ។ ប៉ុន្តែខ្ញុំនឹងមិនទទួលបានប្រាក់ប្រាំខែនោះមកវិញទេ”៕ គឹមហឿន