26 C
Phnom Penh

មនុស្ស​ពីរ​នាក់​ស្លាប់​​ក្នុងករណីបុក​ហើយ​រត់​ដែលពាក់ព័ន្ធ​រថយន្ត​ពាក់ស្លាកលេខ​រដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​​បាន​និយាយ​ថា មនុស្ស​ពីរនាក់​បាន​ស្លាប់និង​អ្នកទី៣ម្នាក់ទៀត​បាន​រង​របួស​កាល​ពី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃសុក្រ​​ នៅពេល​រថយន្ត​​ភីកអាប់​មួយគ្រឿង​ពាក់ស្លាក​​​លេខ​ខេមរ​​ភូមិន្ទ​​បាន​បុក​ម៉ូតូពីរគ្រឿង​នៅ​ចំណុចភ្លើង​ស្តុប​មួយ​កន្លែង​ត្រង់​ចំណុចប្រសព្វ​មហា​វិថីព្រះនរោត្តម និង​មហាវិថីម៉ៅសេទុង ហើយ​​​​អ្នកបើក​បរ​រត់គេច​ពី​កន្លែង​កើត​​ហេតុ​ដោយ​​ថ្មើរជើង។

លោក ទិន វណ្ណស៊ី អនុប្រធាននគរបាល​ចរាចររាជធានីភ្នំពេញបាន​មានប្រសាសន៍ថា​ រថយន្ត​តូយ៉ូតា ទុនដ្រា​បាន​បោះពួយទៅបុក​ម៉ូតូពីរគ្រឿង​នៅ​ម៉ោង​ប្រហែល​៣​រំលង​អធ្រាត្រ​ ខណៈដែល​ម៉ូតូទាំងពីរគ្រឿងបាន​​​រង់ចាំនៅ​ចំណុច​ប្រសព្វ​ ដោយបណ្តាលឲ្យ​ស្ត្រីម្នាក់ស្លាប់​ភ្លាមៗ ចំណែក​និស្សិតម្នាក់​ដែល​ជិះម៉ូតូ​មួយគ្រឿង​ទៀត​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​នៅពេល​បន្តិច​ក្រោយ​មក។ លោក​បានមាន​ប្រសាសន៍ថា “​រថយន្ត​នេះ​បាន​បុក​ម៉ូតូរបស់​​​ស្ត្រីនិង​និស្សិត​រូបនោះ ហើយ​បាន​បន្ត​បើក​ទៅមុខ​រួច​​​ទៅ​​​​បុក​របង​​​​ក្រសួង​កសិកម្ម”។

លោក វណ្ណស៊ី បាន​មានប្រសាសន៍ថា គ្រោះថ្នាក់​ចរាចរណ៍នេះធ្ងន់ធ្ងរណាស់​ដែលរហូត​​​ដល់​​​​បណ្តាល​ឲ្យ​អ្នកស្រី ខៀម នារី អាយុ​៤១ឆ្នាំដាច់ជើង​ ហើយ​ស្លាប់នៅនឹង​កន្លែង​តែម្តង​ដោយសារ​របួសក្បាលធ្ង​ន់ធ្ងរ។

ជន​រងគ្រោះ​ទី២ឈ្មោះ ស៊ាន​ វាសនា ​ជានិស្សិតអាយុ​២៣ឆ្នាំ​​ ចំណែកឯ​ ងួន ឧស្សាហ៍ ជា​អ្នក​រួមដំណើរ​កំពុង​សម្រាកព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។

លោក វណ្ណស៊ី បាន​មាន​ប្រសាសន៍ថា “​យើង​មិន​ទាន់​ចាប់ខ្លួន​បាន​​​នៅឡើយ​ទេ ដោយ​​​សារ​អ្នក​បើក​បរ​រថយន្ត​ភីកអាប់​បាន​រត់គេច​ពី​កន្លែង​កើត​ហេតុ​ដោយ​ថ្មើរ​ជើង”។រថយន្តដែល​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​នគរបាលចរាចររាជធានីនោះ ជា​កម្មសិទ្ធិរបស់​ក្រសួង​ការពារ​ជាត​ិមានស្លាកលេខ០៩.២.១១៣៣។

នេះគឺ​ជាករណី​ថ្មី​មួយទៀត​នៃការ​បុកហើយ​រត់​ពាក់ព័ន្ធ​មន្ត្រី​រដ្ឋាភិបាល​ ដែល​គេចពី​ការ​ដាក់​ទោស​ក្នុង​ករណី​ដែល​មិនដែល​បញ្ជូនទៅ​ត​ុលាការ​។ កាលពី​ខែ​វិច្ឆិកា លោក ជាម យៀប សមាជិកសភាគណបក្ស​ប្រជាជន​កម្ពុជា បាន​គេចពី​កន្លែង​កើត​ហេតុ​ដែល​មាន​មនុស្ស​ស្លាប់ ហើយ​បាន​ឲ្យ​អ្នក​បើក​បរ​របស់លោក​ទទួលខុសត្រូវ ដោយ​ធ្វើការ​ដោះ​ស្រាយ​ជាមួយ​ក្រុម​គ្រួសារ​ជន​រងគ្រោះនៅក្រៅប្រព័ន្ធតុលាការ។

កាលពី​ខែ​មេសា លោក ឯក សុវណ្ណារ៉ា កូនប្រុសលោក ឯក ក្រឹត អតីត​ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ជាប់ពាក់ព័ន្ធករណីគ្រោះថ្នាក់​ចរាចរណ៍ដែលបាន​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​និង​បុរស​ពីរនាក់ទៀត​រង​របួស​ដោយ​ត្រូវ​កាត​់​ជើង​ឆ្វេង​ដូច​គ្នា។ គា​ត់​ក៏បាន​ឲ្យ​អ្នក​បើក​បរ​ទទួលខុសត្រូវ​ផងដែរ ហើយ​ធ្វើការ​ដោះស្រាយជាមួយ​ជន​រងគ្រោះ​នៅ​ក្រៅប្រព័ន្ធតុលា ការ​​។

ប៉ុន្តែ​លោក វណ្ណស៊ី បាន​អះ​អាង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍កាលពី​ថ្ងៃសុក្រ​នឹង​ត្រូវ​ធ្វើការ​ស៊ើប​អង្កេត​។ លោក​បាន​មាន​ប្រសាសន៍ថា “ឥឡូវនេះ យើង​កំពុង​ស៊ើប​អង្កេត​ និង​ស្វែងរក​អ្នក​បើកបរ​តាមរយៈ​ស្លាកលេខ​រថយន្ត​ ហើយ​កំពុងសហការ​ជាមួយ​ក្រសួង​ការ​ពារ​ជាតិចាប់ពី​ថ្ងៃច័ន្ទទៅដើម្បី​ស្វែង​រក​ម្ចាស់​រថយន្ត​”។

យោង​តាម​លោក វណ្ណស៊ី បាន​ឲ្យ​ដឹងថា អ្នកបើក​បរ​បាន​ដោះ​ស្លាកលេខ​ចេញពី​រថយន្ត មុនពេល​គេចខ្លួនពីកន្លែង​កើត​ហេតុ ប៉ុន្តែ​អ្នកថត​រូបឲ្យ​កាសែត​ក្នុងស្រុក​ម្នាក់​ថតបាន​ស្លាក​លេខ​នេះ​មុនទៅហើយ។ លោកបាន​មាន​ប្រសាសន៍ថា អ្នកស្រី ខៀម នារី ជាស្ត្រីម៉េម៉ាយនិង​ជា​ម្តាយ​ដែលមាន​កូនបី​នាក់ស្នាក់នៅ​វត្ត​ស្វាយពពែក្នុង​រាជធានី​ភ្នំពេញ ហើយ​បាន​រក​ប្រាក់​ផ្គត់​ផ្គង់កូន​របស់ខ្លួន​ដែល​រស់​នៅ​ក្នុង​ខេត្ត​តាកែវដោយការ​ទស្សន៍ទាយ​។

លោក​បាន​​បន្ថែម​ថា សា៊ន វាសនា គឺ​ជា​សមាជិក​ម្នាក់​នៃ​សហភាព​សហព័ន្ធយុវជន​កម្ពុជា​ ជា​ក្រុមយុវជន​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ានី កូន​ប្រុសរបស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្រុមគ្រួសារ​បានធ្វើ​បុណ្យ​សព​ជូនជន​រងគ្រោះរួច​ហើយ ប៉ុន្តែ​លោក ស៊ាន ប្រុស អាយុ​២៩​​ឆ្នាំ​ត្រូវ​ជា​បង​ប្រុស​និស្សិត​ដែល​ស្លាប់​នោះ បាននិយាយ​ថា មាន​អ្នក​ដើរតួ​ជាតំណាង​អ្នក​បើក​បរ​មកដល់ផ្ទះ​របស់​ក្រុមគ្រួសារ​លោកអំឡុង​ពិធីបុណ្យ​សព​ ហើយ​បាន​ចូល​​​បុណ្យ​​​ចំនួន​១លាន​រៀល​ និង​​​​បាន​សន្យាមក​ម្ដងទៀតបន្ទាប់ពី​បុណ្យ​ប្រាំពីរ​ថ្ងៃ​រួច​ ដើម្បីពិភាក្សា​អំពីការ​ផ្ដល់​សំណង​។ លោក​បាន​និយាយ​ថា “ពួកគេ​បាន​មក​ដល់ផ្ទះ​ខ្ញុំ ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​អ្នក​បើក​បរទេ។ លោក​បាន​បន្ថែម​ថា ឥឡូវ​នេះ​ក្រុមគ្រួសារ​របស់​លោក​កំពុង​មាន​ទុក្ខ​ក្រៀម​​​ក្រំ​​​ ហើយ​នឹង​ទាម​ទារ​សំណង​ចំពោះការ​បាត់​បង់សមាជិក​គ្រួសារ​របស់ខ្លួន​ជា​ទឹកប្រាក់​មិន​ក្រោម​១០.០០០​ដុល្លារ​ឡើយ​៕ សារុន​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស