អ្នកភូមិ២០៤នាក់ដែលត្រូវបានបណ្តេញចេញពីដីរបស់ខ្លួនដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមនោះ បានត្រឡប់មកស្រុកស្នួល ខេត្តក្រចេះវិញកាលពីម្សិលមិញបន្ទាប់ពីទទួលបានដីសម្បទានសង្គមកិច្ចនៅក្នុងស្រុកតែមួយដែលពួកគាត់ត្រូវបានបណ្តេញចេញនោះ។
លោក ខាន់ ចំណាន អភិបាលរងខេត្តបានមានប្រសាសន៍ថា ឥឡូវនេះការិយាល័យរបស់លោកកំពុងរៀបចំដីសម្បទានសង្គមកិច្ច។ លោកបានមានប្រសាសន៍ថា “យើងអនុញ្ញាតឲ្យអ្នកភូមិជាច្រើនគ្រួសាររស់នៅលើដីចម្ការនេះ ហើយឥឡូវនេះ យើងកំពុងជីកព្រំប្រទល់ដីទំហំ៧៥០ហិកតា ហើយកំពុងជីកកកាយដីនេះ។ យើងក៏បានរកដីមួយកន្លែងសម្រាប់សាងសង់សាលារៀន មណ្ឌលសុខភាពនិងវត្តអារាមសម្រាប់គ្រួសារទាំងនេះផងដែរពេលដែលភូមិនេះនឹងក្លាយជាភូមិមួយនៅពេលអនាគត”។
លោក ចំណាន បានបន្ថែមថា ក្រុមអ្នកភូមិនឹងត្រូវអនុញ្ញាតឲ្យរើសដីតាមរយៈការចាប់ឆ្នោត ប៉ុន្តែលោកបានមានប្រសាសន៍ថា អ្នកភូមិនឹងមិនអាចពង្រីកដីនេះបានឡើយ។ លោកបានមានប្រសាសន៍ថា “យើងបានអនុញ្ញាតឲ្យគ្រួសារទាំងនេះត្រឡប់មកកាន់ដីនេះវិញ ដោយសារពួកគាត់បានសន្យាថា នឹងមិនកាប់ឆ្ការព្រៃរបស់រដ្ឋ ពង្រីក និងរានដីទៀតឡើយ”។
អ្នកភូមិដែលត្រូវបានបណ្តេញចេញពីឃុំឃ្សឹម ស្រុកស្នួលកាលពីថ្ងៃទី២ ខែឧសភា ដោយក្រុមហ៊ុនប៊ិញភួក ២ (Binh Phuoc 2) របស់វៀតណាមនោះ បានមកស្នាក់នៅវត្តសាមគ្គីរង្សី ក្នុងរាជធានីភ្នំពេញចាប់តាំងពីថ្ងៃទី៥ ខែឧសភាមក ហើយបានធ្វើការតវ៉ាជាច្រើនលើករួមមានការតវ៉ាមួយដែលពួកគាត់ត្រូវបានរារាំងមិនឲ្យដាក់ញត្តិទៅកាកបាទក្រហមកម្ពុជាជាដើម។
លោក កៅ ម៉ាលីឡែន ប្រធានមន្ទីររៀបចំដែនដីខេត្តបានមានប្រសាសន៍ថា បុគ្គលិករបស់លោកបានចាប់ផ្តើមស្រង់ព័ត៌មាន ថាតើនរណាខ្លះមានសិទ្ធិសង់លំនៅដ្ឋានលើដីសម្បទានសង្គមកិច្ច។ លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “យើងនឹងដាក់សំណើទៅអភិបាលខេត្តនៅថ្ងៃស្អែក ហើយយើងនឹងជួបជាមួយអ្នកភូមិដើម្បីជម្រាបពួកគាត់ក្នុងរយៈពេលពីរបីថ្ងៃក្រោយនេះ”។
លោកបានបន្ថែមថា “ខ្ញុំរំពឹងថា ការងារនេះនឹងបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍ ហើយប្រសិនបើគ្រួសារទាំងនេះយល់ព្រមតាមសំណើរបស់យើង បន្ទាប់មកយើងនឹងចាប់ផ្តើមវាស់វែងដីសម្រាប់ពួកគាត់តែម្តង”។ អ្នកភូមិភាគច្រើនមានប្រភពនៅខេត្តកំពង់ចាម ហើយបានផ្លាស់មករស់នៅលើដីក្នុងខេត្តក្រចេះនេះតាំងពីឆ្នាំ២០០៨។
លោក លឹម ចាន់ឌី អាយុ៥៦ឆ្នាំដែលមកពីខេត្តកំពង់ចាមមុនពេលផ្លាស់មកនៅក្នុងឃុំឃ្សឹមកាលពីឆ្នាំ២០១០ បានកាន់កាប់ដីទំហំ៥ហិកតាមុនពេលត្រូវបានបណ្តេញចេញដើម្បីបើកផ្លូវសម្រាប់ក្រុមហ៊ុនចម្ការកៅស៊ូនេះ បាននិងកំពុងរង់ចាំដីទំហំ៧៥០ហិកតាជាមួយអ្នកភូមិ១០០គ្រួសារទៀតចាប់តាំងពីថ្ងៃសៅរ៍មក។ លោកបាននិយាយថា “យើងមិនទាន់ដឹងថាតើអាជ្ញាធរបានចាប់ផ្តើមស្រង់ព័ត៌មានសម្រាប់ក្រុមអ្នកភូមិឬនៅទេ ប៉ុន្តែពួកគេបានសុំឲ្យប្រជាជនទាំងអស់រង់ចាំនៅទីនេះ ខណៈដែលអាជ្ញាធរវាស់វែងដីសម្រាប់ពួកយើង”៕សារុន