29 C
Phnom Penh

នគរបាល​​​ការ​​​ពារ​​​ព្រំដែន​​​រារាំង​​​កសិករ​​​ថៃ​​​មិន​​​ឲ្យ​​​ចូល​​​ភ្ជួរ​​​ស្រែ​​​ក្នុង​​​ដី​​​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ខេត្ត​​​បន្ទាយមាន​​​ជ័យ​​​បាន​​​និយាយ​​​ថា កសិករ​​​ថៃ​​​មួយ​​​ក្រុម​​​បាន​​​ព្យាយាម​​​ម្ដង​​​ទៀត​​​ដើម្បី​​​ភ្ជួរ​​​ដីស្រែ​​​ចូល​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​​​​រាប់​​​រយ​​​ម៉ែត្រ​​​​កាលពីថ្ងៃអាទិត្យ ប៉ុន្តែ​​​ត្រូវ​​​បាន​​​នគរ​​​បាល​​​ព្រំដែន​​​បញ្ជូន​​ត្រឡប់​​​ទៅវិញ។

លោក​​​ ប្រាក់ សារ៉ាត់ អនុ​​​ប្រធាន​​​អង្គភាព​​​នគរ​​​បាល​​​ការ​​​ពារ​​​ព្រំដែន​​​លេខ​​​៩១១​ ​​បាន​​​និយាយ​​​ថា កសិករ​​​ទាំង​​​នោះ​​​បាន​​​បើក​​​ត្រាក់​​​ទ័រ​​​១០​​​គ្រឿង​​​ ចូល​​​មក​​​ក្នុង​​​ស្រុក​​​អូរជ្រៅ​​​ប្រហែល​​​៣០០​​​ម៉ែត្រ និង​​​បាន​​​ភ្ជួរ​​​ដីស្រែប្រហែល​​​១០​​​ហិកតា​​​ដើម្បី​​​ធ្វើ​​​ស្រូវ​​​មុន​​​ពេល​​​អង្គភាព​​​របស់​​​លោក​​​ទៅដល់​​​ និង​​​បាន​​​បញ្ជូនពួកគេ​​​ត្រឡប់ទៅ​​​ប្រទេស​​​ថៃវិញ ដោយ​​​គ្មាន​​​ការ​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​ឡើុយ។

លោក សារ៉ាត់ បាន​​​និយាយ​​​ថា “មាន​​​ត្រាក់ទ័រ​​​កសិករ​​​ថៃ​​​១០​​​គ្រឿង​​​ភ្ជួរ​​​ស្រែ​​​ក្នុង​​​ទឹក​​​ដីកម្ពុជា​​​ ប៉ុន្តែ​​​យើង​​​បាន​​​បញ្ឈប់​​​ពួកគេ​​​ ហើយ​​​បាន​​​បញ្ជូន​​​ត្រាក់ទ័រ​​​ទាំង​​​នោះ​​​ត្រឡប់​​​ទៅវិញ”។

លោក សួង មឿន មេឃុំ​អូរបីជាន់​​​បាន​​​និយាយ​​​ថា ពីដំបូង​​ ​​​ពួកថៃ​​​បាន​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​កសិកម្ម​​​នៅ​​​លើ​​​ដី​​​នេះ​​​ក្នុង​​​ដើម​​​ទសវត្សរ៍ឆ្នាំ​​​១៩៨០​​​ បន្ទាប់ពី​​​ពួក​​​ឧទ្ទាម​​​ខ្មែរ​​​ក្រហម​​​នៅ​​​​​​តំបន់​​​នេះ​​​ធ្វើ​​​សមាហរណកម្ម​​​ចូលរួមជាមួយ​​​កង​​​ទ័ព​​​កម្ពុជា​​​។ ប៉ុន្តែលោក​​​បាន​​​និយាយ​​​ថា ការ​​​វាស់​​​វែង​​​តំបន់​​​នៅ​​​ជិត​​​បង្គោល​​​ព្រំដែន​​​លេខ​​​៤៣​​​កាលពី​​​ឆ្នាំ​​​២០១១​​​ ដោយ​​​គណៈកម្មាធិការ​​​ព្រំដែនរួម​​​កម្ពុជា​​​-ថៃ​​​បាន​​​កំណត់​​​ថា តំបន់​​​នេះ​​​គឺ​​​ជា​​​ដី​​​របស់​​​កម្ពុជា​​​។

លោក មឿន បាន​​​និយាយ​​​ថា ការ​​​លុក​​​លុយ​ចូល​​កាលពី​​​ម្សិលមិញ​​​នេះ “កសិករ​​​ថៃ​​​បាន​​​បំពាន​​​ចូល​​​ទឹកដីកម្ពុជា​​​ ពីព្រោះ​​​គណៈកម្មាធិការ​​​រួម​​​បាន​​​បញ្ជាក់​​​ច្បាស់​​​ថា តំបន់នេះជា​​​ទឹក​​​ដី​​​របស់​​​កម្ពុជា​​​”។

លោក​​​បាន​​​និយាយ​​​ថា ប្រទេស​​​ទាំង​​​ពីរ​​​បានចុះ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគយល់គ្នា​​​កាលពី​​​ឆ្នាំ​​​២០០៧ដែល​​​អនុញ្ញាត​​​ឲ្យ​​​កសិករ​​​ថៃ​​​ប្រើ​​​ប្រាស់​​​ដី​​​ប្រហែល​​​២០០​​​ហិកតា​​​នៅ​​​ក្នុង​​​ស្រុក​​​នេះ ប៉ុន្តែ​​​បាន​​​លុប​​​ចោល​​​វិញ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១១ បន្ទាប់ពី​​​មាន​​​ជម្លោះ​​​នៅ​​​តំបន់​​​នេះ​​​រវាង​​​ទាហាន​​​ថៃ​​​ និង​​​ទាហាន​​​កម្ពុជា​​​។

គាត់​​​បាន​​​និយាយ​​​ថា បន្ទាប់​​​មក​​​កសិករ​​​ថៃ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ត្រឡប់​​ទៅ​​​វិញ​​​បាន​​​មួយ​​​ឆ្នាំ​​​កាលពីឆ្នាំ​​​២០១២​​​ ប៉ុន្តែ​​​ចេះ​​​តែ​​​​​​ត្រឡប់​​​មក​​​វិញ​​​យូរៗ​​​ម្ដង​​​បន្ទាប់ពីកិច្ច​​​ព្រម​​​ព្រៀង​​​អស់​​​សុពលភាព​​​។

លោក វ៉ា គឹមហុង ដែលជា​​​ប្រធាន​​​គណៈកម្មាធិការ​​​ព្រំដែនរួម​​​បាន​​​និយាយ​​​ថា ព្រំដែន​​​អន្តរជាតិ​​​នៅ​​​តំបន់​​​នោះ​​​ ត្រូវ​​​បាន​​​ដោះស្រាយ​​​រួច​​​ហើយ​​​តាំងពីដើម​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩០០​ពេល​​​កម្ពុជា​​​ស្ថិត​​​នៅ​​​ក្រោម​​​អាណានិគម​​​បារំាង​​​។

ប៉ុន្តែ​​​លោក​​​បាន​​​និយាយ​​​ថា បង្គោល​​​ព្រំដែន​​​នៅ​​​កន្លែង​​​នោះ​​​ត្រូវ​​​បាន​​​គេ​​​ដក​​​ចេញ​​​អំឡុង​​​សម័យ​​​សង្គ្រាម​​​ស៊ីវិល​​​ក្រោយ​​​ការ​​​ដួល​​​រលំ​​​របស់​​​របប​​​ខ្មែរ​​​ក្រហម​​​ក្នុ​​​ង​​​ឆ្នាំ​​​១៩៧៩​​​ ហើយ​​​ថា ប្រទេស​​​ថៃ​​​និង​​​កម្ពុជា​​​បាន​​​ព្រម​​​ព្រៀង​​​សិក្សា​​​ច្បាស់​​​លាស់​​​អំព​​​ីកន្លែង​​​បោះ​​​បង្គោល​​​ព្រំដែន​​​ថ្មី​​​កាល​​​ពី​​​ពីរ​​​បីឆ្នាំមុន។

ទោះជា​​​យ៉ាង​​​ណា លោក វ៉ា គឹមហុង បាននិយាយ​​​ថា រដ្ឋប្រហារ​​​នាពេល​​​ថ្មីៗ​​​េនះ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​បាន​​​ធ្វើ​​​ឲ្យ​​​រាំង​​​ស្ទះ​​​ដល់​​​ការ​​​ខំប្រឹង​​​ប្រែង​​​ដោយ​​​គ្មាន​​កំណត់​​​ឡើយ​​​។ ឯកអគ្គរាជទូត​​​ថៃប្រចាំកម្ពុជា​​​លោក ផាក់ឌី ទូឆៃយុទ្ធ មិនអាច​​​ទាក់​​​ទង​​​សុំការ​​​អត្ថាធិប្បាយ​​​បានទេ៕ គឹមហឿន​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស