កញ្ញា រស់ ស្រីពេជ្រ មានអាយុ១៩ឆ្នាំ នៅពេលនាងចុះកិច្ចសន្យាជាមួយទីភ្នាក់ងារជ្រើសរើសពលករមួយ ដែលបានបញ្ជូននាងទៅធ្វើការជាស្ត្រីបម្រើការងារតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី។
ទីភ្នាក់ងារជ្រើសរើសពលករ ចប អាស៊ី (JobAsia) បាននាំស្ត្រីវ័យក្មេងរូបនេះមកពីស្រុកត្បូងឃ្មុំ ដែលពេលនេះក្លាយជាខេត្តត្បូងឃ្មុំ ដោយប្រាប់គ្រួសារក្រីក្ររបស់នាងថា នាងនឹងធ្វើការក្រោមលក្ខខណ្ឌល្អនៅក្នុងប្រទេសអភិវឌ្ឍន៍ ហើយនាងនឹងទទួលបានប្រាក់ខែសមរម្យដែលនាងអាចមានលទ្ធភាពផ្ញើមកផ្ទះវិញបាន។
តែទោះជាយ៉ាងណា ចាប់តាំងពីនាងបានធ្វើដំណើរតាមជើងហោះហើរពីប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១០មក គ្រួសាររបស់នាងមិនដែលទទួលបានប្រាក់ពីនាងសូម្បីមួយដុល្លារ ហើយពួកគាត់ក៏មិនដែលទទួលបានដំណឹងពីនាងដែរ។
បុរសកសិករម្នាក់ឈ្មោះ ឡាច ស៊ាង អាយុ៦០ឆ្នាំ ដែលមានកូនប្រាំបួននាក់ រួមទាំងកញ្ញា រស់ ស្រីពេជ្រ ផង និយាយថា “ចាប់តាំងពីនាងទៅទីនោះមក គឺគ្មានអ្វីទាំងអស់ សូម្បីតែព័ត៌មានពីនាងក៏គ្មានដែរ។ ខ្ញុំបានប្តឹងទៅអង្គការក្រៅរដ្ឋាភិបាល និងនគរបាលឃុំ ប៉ុន្តែ ពួកគេមិនអាចនាំកូនស្រីរបស់ខ្ញុំត្រឡប់មកវិញបានឡើយ”។
គាត់បាននិយាយទៀតថា ការទូរស័ព្ទជាច្រើនលើកទៅទីភ្នាក់ងារជ្រើសរើសពលករ JobAsia រយៈពេលប៉ុន្មានខែក្រោយពីកូនស្រីរបស់គាត់បានបាត់ខ្លួន មិនទទួលបានផលអ្វីទាំងអស់។ ពេលនេះលេខទូរស័ព្ទតែមួយខ្សែគត់ដែលគាត់មានសម្រាប់ទាក់ទងទៅទីភ្នាក់ងារជ្រើសរើសកម្មករនេះ មិនអាចទាក់ទងបានឡើយ។ គាត់និយាយថា “នាងបានបាត់ខ្លួន ស្ងាត់ដំណឹងឈឹង គ្មាននរណាម្នាក់អាចជួយខ្ញុំបានទេ”។
សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ហៅកាត់ថា ACRA បានចុះបញ្ជីទីភ្នាក់ងារជ្រើសរើសពលករ JobAsiaជាសមាជិកនៅក្នុងគេហទំព័ររបស់ខ្លួន និងមានផ្តល់ព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនង។ តែទោះជាយ៉ាងណា នៅពេលអ្នកយកព័ត៌មានព្យាយាមទូរស័ព្ទទៅអ្នកនាំពាក្យក្រុមហ៊ុននេះតាមការចុះបញ្ជីដោយ ACRA ត្រូវបានបុរសម្នាក់ដែលអះអាងថា ខ្លួនជាកសិករនៅក្នុងខេត្តតាកែវ ជាអ្នកទទួលទូរស័ព្ទទៅវិញ។
មិនមែនមានតែករណីកញ្ញា រស់ ស្រីពេជ្រ មួយនោះទេ។ សូម្បីនៅពេលរដ្ឋាភិបាលកម្ពុជាបង្ហើយផែនការដើម្បីបន្តបញ្ជូនស្ត្រីបម្រើការងារតាមផ្ទះទៅប្រទេសម៉ាឡេស៊ីក្តី ក៏គ្រួសារមួយចំនួនកំពុងស្រាវជ្រាវរកអ្នកជាទីស្រឡាញ់របស់ខ្លួននៅឡើយ ដែលបានទៅធ្វើការនៅទីនោះ ប៉ុន្តែ មិនដែលវិលត្រឡប់មកវិញ។
នៅពេលមានការបញ្ជូនស្ត្រីបម្រើការងារតាមផ្ទះច្រើនបំផុតទៅប្រទេសម៉ាឡេស៊ី ស្ត្រីកម្ពុជារាប់រយនាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសកាន់សាសនាអីុស្លាមភាគច្រើននេះក្នុងខែនីមួយៗតាមការសន្យាដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារល្អ។
នៅខែតុលា ឆ្នាំ២០១១ នៅពេលករណីរំលោភបំពានធ្ងន់ធ្ងរពីសំណាក់ថៅកែ និងទីភ្នាក់ងារជ្រើសរើសពលករឯកជនកើតមានកាន់តែខ្លាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសថា ការបញ្ជូនស្ត្រីកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ីគឺខុសច្បាប់។
ទោះជាយ៉ាងណា យោងតាមលោកស្រី លី វីជុតា ប្រធានអង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្ត្រី ហៅកាត់ថា LSCW ដែលបានជួយស្ត្រីកម្ពុជាជាច្រើនដែលរងការបំពានពីសំណាក់ទីភ្នាក់ងារជ្រើសរើសពលករនៅក្នុងប្រទេសកម្ពុជា ឬថៅកែនៅក្នុងប្រទេសម៉ាឡេស៊ី ពាក្យបណ្តឹងពាក់ព័ន្ធនឹងការបាត់ខ្លួន ឬការរំលោភបំពានស្ត្រីបម្រើការងារតាមផ្ទះនៅតែបន្តគ្មានអ្នកដោះស្រាយ។ ក្នុងរយៈពេលពីរឆ្នាំមកនេះ LSCW ទទួលបានសំណុំរឿងចំនួន១៤ករណីស្តីពីស្ត្រីបាត់ខ្លួន ដែលនៅមិនទាន់មានការដោះស្រាយនៅឡើយ។
ម្នាក់ក្នុងចំណោមស្ត្រីបាត់ខ្លួនទាំងនោះមានឈ្មោះ ពន់ ញ៉ាញ់ អាយុ២៩ឆ្នាំ មកពីស្រុកពារាំង ខេត្តព្រៃវែង ដែលបានចុះកិច្ចសន្យាការងារជាមួយ ទីភ្នាក់ងារជ្រើសរើសពលករ T&P ដើម្បីទៅធ្វើការឲ្យថៅកែម៉ាឡេស៊ីម្នាក់កាលពីខែឧសភាឆ្នាំ២០១០។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបិទទីភ្នាក់ងារជ្រើសរើសពលករ T&P កាលពីខែតុលាឆ្នាំ២០១០តាមបញ្ជារបស់ក្រសួងមហាផ្ទៃ បន្ទាប់ពីរកឃើញថា ទីភ្នាក់ងារជ្រើសរើសពលករមួយនេះបាននាំយកក្មេងស្រីអនីតិជនមកបណ្តុះបណ្តាល និងចាប់បង្ខាំងពួកគេនៅតាមមណ្ឌលបណ្តុះបណ្តាលរបស់ខ្លួន។
តែទោះជាយ៉ាងណា ស្ត្រីឈ្មោះ ពន់ ញ៉ាញ់ បានបាត់ដំណឹងឈឹងទៅហើយ។ ស្ត្រីឈ្មោះ ពន់ ផាត អាយុ២៧ឆ្នាំដែលត្រូវជាប្អូនស្រីរបស់ស្ត្រី ឈ្មោះ ពន់ ញ៉ាញ់ និយាយថា “គាត់បានទូរស័ព្ទមកខ្ញុំ [កាលពីខែមិថុនា ឆ្នាំ២០១៣] ហើយបានប្រាប់ខ្ញុំថា ការរស់នៅរបស់គាត់នៅម៉ាឡេស៊ីវេទនាណាស់។ គាត់បានប្រាប់ខ្ញុំថា គាត់ហូបបាយបានតែមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ និងអាចដេកបានប្រហែលពីរម៉ោង[ ក្នុងមួយយប់ៗ] ។ គាត់ត្រូវធ្វើការយ៉ាងធ្ងន់ ហើយថៅកែរបស់គាត់វៃ៉ក្បាលគាត់នឹងអំបោស”។
ស្ត្រីរូបនេះបាននិយាយទៀតថា ពេលនិយាយគ្នាតាមទូរស័ព្ទ នាងបានប្រាប់បងស្រីរបស់នាងអំពីរឿងរា៉ាវរបស់ស្ត្រីបម្រើការងារតាមផ្ទះផ្សេងៗទៀតដែលរងការរំលោភបំពាននៅក្នុងប្រទេសម៉ាឡេស៊ី ហើយបានបញ្ចុះបញ្ចូលឲ្យនាងវិលត្រឡប់មកស្រុកវិញ។ដំបូងឡើយថៅកែរបស់បងស្រីនាងបានយល់ព្រមបញ្ចប់កិច្ចសន្យាការងាររបស់បងស្រីនាងដោយមានលក្ខខណ្ឌថា បងស្រីរបស់នាងត្រូវសងប្រាក់តែ១.០០០ដុល្លារប៉ុណ្ណោះក្នុងចំណោមប្រាក់ចំនួន១.៩០០ដុល្លារដែលបងស្រីរបស់នាងបានជំពាក់នៅពេលនោះ។បងស្រីរបស់នាងបានយល់ព្រមតាមការព្រមព្រៀងនោះ ប៉ុន្តែ ថៅកែបានប្តូរចិត្តវិញ។
ស្ត្រីឈ្មោះ ពន់ ផាត និយាយបន្តថា “បងស្រីរបស់ខ្ញុំបានយល់ព្រមថា ១.០០០ដុល្លារគ្មានបញ្ហាទេ គាត់ចង់មកស្រុកវិញ។ ប៉ុន្តែ ថៅកែដែលបានដកហូតលិខិតឆ្លងដែនរបស់គាត់ទុកនិយាយថា គេនឹងមិនឲ្យប្រាក់គាត់ទៀតឡើយ ហើយគេនឹងដុតលិខិតឆ្លងដែនរបស់គាត់ចោល”។នៅពេលនិយាយទូរស័ព្ទជាមួយគ្នាលើកក្រោយ ស្ត្រីឈ្មោះ ពន់ ញ៉ាញ់ បានប្រាប់ប្អូនស្រីរបស់ខ្លួនថា ខ្លួនមិនអាចនិយាយបានឡើយ។ នោះគឺជាលើកចុងក្រោយបង្អស់ដែលគ្រួសារបានទទួលដំណឹងពីស្ត្រីរូបនេះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍កាលពីម្សិលមិញថា ក្រសួងនេះកំពុងសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីស្វែងរកស្ត្រីកម្ពុជាដែលបានបាត់ខ្លួននៅទីនោះ។ មុនពេលបដិសេធមិនឆ្លើយបំភ្លឺបន្ថែមទៀត លោក កុយ គួង បានមានប្រសាសន៍ថា “យើងកំពុងស្រាវជ្រាវរកពួកគេតាមរយៈ [ទីភ្នាក់ងារជ្រើសរើសពលករ] ដែលបាននាំពួកគេ [ ទៅម៉ាឡេស៊ី]”។
កាលពីខែធ្នូឆ្នាំ២០១៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលទទួលបានជំនួយពីអង្គការពលកម្មអន្តរជាតិ ILO ដែលជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ បានចេញប្រកាសថ្មីៗចំនួនប្រាំបីក្នុងគោលបំណងផ្តល់ការការពារស្ត្រីបម្រើការងារតាមផ្ទះឲ្យបានល្អតាមរយៈការផ្ទេរការគ្រប់គ្រងភាគច្រើននៃឧស្សាហកម្មនេះទៅក្រសួងការងារ។
បណ្តាអង្គការសិទ្ធិការងារ និងអង្គការសិទ្ធិមនុស្សលើកឡើងថា ប្រកាសទាំងនេះផ្តល់ការការពារតិចតួចណាស់ដល់ស្ត្រីបម្រើការងារតាមផ្ទះ ដោយសារនៅតែមានទំនាក់ទំនងគ្រួសារជិតស្និទ្ធនៅឡើយរវាងម្ចាស់ទីភ្នាក់ងារជ្រើសរើសពលករ និងមន្ត្រី ឃ្លាំមើលពួកគេ។
កាលពីខែមុន លោក សេង កក្កដា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូមួួយក្រុមទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីអនុស្សរណៈនៃការយោគយល់ដែលបើកផ្លូវសម្រាប់ការបញ្ចូនស្ត្រីកម្ពុជាទៅធ្វើការជាអ្នកបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ជាថ្មីម្តងទៀត។
នៅក្នុងខែនេះ គណៈប្រតិភូម៉ាឡេស៊ី មួយក្រុមនឹងមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញដោយសង្ឃឹមថា នឹងបង្ហើយកិច្ចព្រមព្រៀងនេះ នេះបើយោងតាមលោក អូស្មាន់ ហាស្សាន់ ជារដ្ឋលេខាធិការមួយរូបទៀតនៅក្រសួងការងារ ដែលបានមានប្រសាសន៍កាលម្សិលមិញថា អនុស្សរណៈនៃការយោគយល់នេះនឹងត្រូវចុះហត្ថលេខានៅដំណាច់ខែកក្កដា។
លោក អូស្មាន់ ហាស្សាន់ បានមានប្រសាសន៍ថា “រឿងសំខាន់គឺថា យើងមានច្បាប់ដែលធានាការពារសុវត្ថិភាពរបស់ពួកគេ។ យើងនឹងបង្កើតប្រព័ន្ធមួយដើម្បីឲ្យយើងអាចស្រាវជ្រាវរកអាសយដ្ឋានរបស់ពួកគេបានតាមរយៈក្រុមហ៊ុនដែលពួកគេទៅ”។
លោកស្រី លី វីជុតា ប្រធានអង្គការ LSCW ដែលធ្លាប់បានដោះស្រាយករណីស្ត្រីកម្ពុជាបម្រើការងារតាមផ្ទះ ដែលបានរងការរំលោភបំពានជាច្រើន បានលើកឡើងតាមអីុម៉េលថា កិច្ចព្រមព្រៀងកន្លងមករវាងប្រទេសទាំងពីរដែលមិនបានផ្តល់ការការពារដល់ស្ត្រីបម្រើការងារតាមផ្ទះនោះ នៅតែធ្វើឲ្យលោកស្រីព្រួយបារម្ភ។
លោកស្រីបានមានប្រសាសន៍ថា “យើងជឿថា ប្រសិនបើយើងមានកិច្ចព្រមព្រៀងទ្វេភាគី ឬMoU រវាងកម្ពុជា និងម៉ាឡេស៊ី វាប្រហែលជាមានវិធីវិជ្ជមានខ្លះ ដើម្បីការពារ និងជួយដល់ស្ត្រីបម្រើការងារតាមផ្ទះ។ទោះជាយ៉ាងណា វាអាស្រ័យលើខ្លឹមសារនៃ MoU នោះដែលខ្ញុំមានការព្រួយបារម្ភបំផុត”។
លោកស្រី មានប្រសាសន៍ថា លោកស្រីសង្ឃឹមថា រដ្ឋាភិបាលនឹងជួយនាំខ្លួនស្ត្រីបាត់ខ្លួនទាំង១៤នាក់ ដែលលោកស្រីកំពុងស្រាវជ្រាវរកនៅឡើយ មកកាន់ប្រទេសកម្ពុជាវិញ មុនពេលចុះកិច្ចព្រមព្រៀងថ្មីៗណាមួយ។ លោកស្រីបន្តថា “យើងគិតថា ករណីស្ត្រីបម្រើការងារតាមផ្ទះទាំងអស់គួរតែត្រូវបានដោះស្រាយសិន មុនពេលបញ្ជូនស្ត្រីបម្រើការងារតាមផ្ទះផ្សេងៗទៀត”៕សុខុម